ពាក្យតបឆ្លើយដោយស្រទន់ នោះរមែងរំងាប់សេចក្ដីក្រោធទៅ តែពាក្យគំរោះគំរើយ នោះបណ្តាលឲ្យមានសេចក្ដីកំហឹងវិញ។ អណ្តាតរបស់មនុស្សប្រាជ្ញ រមែងធ្វើឲ្យចំណេះបានពីរោះស្តាប់ តែមាត់របស់មនុស្សល្ងីល្ងើបង្ហូរចេញជាសេចក្ដីចំកួតវិញ។ ព្រះនេត្រនៃព្រះយេហូវ៉ានៅគ្រប់អន្លើ ក៏យាមមើលឃើញទាំងអស់ ទោះទាំងអាក្រក់នឹងល្អផង។ ឯអណ្តាតដ៏លំហើយ នោះជាដើមឈើនៃជីវិត តែបើមានសេចក្ដីវៀចវិញ នោះនាំឲ្យវិញ្ញាណបាក់បែកទៅ។ មនុស្សល្ងីល្ងើតែងតែស្អប់សេចក្ដីប្រៀនប្រដៅរបស់ឪពុក តែអ្នកណាដែលស្តាប់តាមសេចក្ដីបន្ទោស នោះនឹងបានគំនិតវាងវៃវិញ។ នៅក្នុងផ្ទះមនុស្សសុចរិតមានទ្រព្យសម្បត្តិច្រើន តែក្នុងកំរៃនៃមនុស្សអាក្រក់ តែងតែមានសេចក្ដីវេទនាវិញ។ បបូរមាត់របស់មនុស្សប្រាជ្ញ រមែងផ្សាយចេញជាចំណេះ តែចិត្តរបស់មនុស្សល្ងីល្ងើមិនមែនដូច្នោះទេ។ យញ្ញបូជារបស់មនុស្សអាក្រក់ ជាសេចក្ដីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែសេចក្ដីអធិស្ឋាននៃមនុស្សទៀងត្រង់ ជាទីគាប់ព្រះហឫទ័យដល់ទ្រង់វិញ។ ផ្លូវប្រព្រឹត្តរបស់មនុស្សអាក្រក់ ជាសេចក្ដីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែទ្រង់ស្រឡាញ់ចំពោះអ្នកណាដែលដើរតាមសេចក្ដីសុចរិតវិញ។ មានសេចក្ដីផ្ចាញ់ផ្ចាលយ៉ាងសហ័ស បំរុងទុកសំរាប់អ្នកណាដែលបោះបង់ចេញពីផ្លូវ ហើយអ្នកណាដែលស្អប់សេចក្ដីបន្ទោស នោះនឹងត្រូវស្លាប់។ ស្ថានឃុំព្រលឹងមនុស្សស្លាប់ នឹងទីវិនាស នោះប្រាកដច្បាស់នៅចំពោះព្រះយេហូវ៉ាទៅហើយ ចំណង់បើចិត្តនៃអស់ទាំងមនុស្សជាតិ តើច្បាស់ជាជាងអំបាលម៉ានទៅទៀត។ មនុស្សដែលចំអកមើលងាយ គេមិនចូលចិត្តឲ្យអ្នកណាបន្ទោសខ្លួនឡើយ ក៏មិនដែលរកអ្នកប្រាជ្ញដែរ។ ចិត្តរីករាយតែងតែបណ្តាលឲ្យមានទឹកមុខផូរផង់ តែវិញ្ញាណត្រូវបាក់បែកដោយកើតមានទុក្ខព្រួយក្នុងចិត្ត។ ចិត្តរបស់អ្នកណាដែលមានយោបល់ហើយ នោះរមែងស្វែងរកចំណេះ តែមាត់របស់មនុស្សល្ងីល្ងើតែងតែចិញ្ចឹមខ្លួន ដោយសេចក្ដីចំកួតវិញ។ អស់ទាំងថ្ងៃនៃមនុស្សរងទុក្ខវេទនា នោះសុទ្ធតែអាក្រក់ទាំងអស់ តែអ្នកណាដែលមានចិត្តជាសុខ នោះប្រៀបដូចជាមានការស៊ីលៀងនៅជានិច្ច។ មានទ្រព្យសម្បត្តិតិច ហើយមានសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះវិសេសជាងមានច្រើន ហើយមានសេចក្ដីទុក្ខវិញ។ ស៊ូឲ្យមានតែបន្លែជាម្ហូប នៅកន្លែងណាដែលមានសេចក្ដីស្រឡាញ់ ជាជាងមានសាច់គោដែលបំប៉នឲ្យធាត់ ហើយមានសេចក្ដីសំអប់វិញ។
អាន សុភាសិត 15
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សុភាសិត 15:1-17
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ