សុភាសិត 15:1-17
សុភាសិត 15:1-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពាក្យតបឆ្លើយដោយស្រទន់ នោះរមែងរម្ងាប់សេចក្ដីក្រោធទៅ តែពាក្យគំរោះគំរើយ នោះបណ្ដាលឲ្យមានសេចក្ដីកំហឹងវិញ។ អណ្ដាតរបស់មនុស្សមានប្រាជ្ញា ថ្លែងប្រាប់ពីចំណេះដឹង តែមាត់របស់មនុស្សខ្លៅ បង្ហូរចេញជាសេចក្ដីចម្កួត។ ព្រះនេត្រនៃព្រះយេហូវ៉ានៅគ្រប់អន្លើ ក៏យាមមើលឃើញទាំងអស់ ទោះទាំងអាក្រក់ និងល្អផង។ ឯអណ្ដាតដ៏លំហើយ នោះជាដើមឈើនៃជីវិត តែបើមានសេចក្ដីវៀចវិញ នោះនាំឲ្យវិញ្ញាណបាក់បែកទៅ។ មនុស្សល្ងីល្ងើតែងតែស្អប់ សេចក្ដីប្រៀនប្រដៅរបស់ឪពុក តែអ្នកណាដែលស្តាប់តាមសេចក្ដីបន្ទោស នោះនឹងបានគំនិតវាងវៃវិញ។ នៅក្នុងផ្ទះមនុស្សសុចរិតមានទ្រព្យសម្បត្តិច្រើន តែក្នុងកម្រៃនៃមនុស្សអាក្រក់ តែងតែមានសេចក្ដីវេទនាវិញ។ បបូរមាត់របស់មនុស្សមានប្រាជ្ញា រមែងផ្សាយចេញជាចំណេះ តែចិត្តរបស់មនុស្សល្ងីល្ងើមិនមែនដូច្នោះទេ។ យញ្ញបូជារបស់មនុស្សអាក្រក់ ជាសេចក្ដីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែសេចក្ដីអធិស្ឋាននៃមនុស្សទៀងត្រង់ ជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គវិញ។ ផ្លូវប្រព្រឹត្តរបស់មនុស្សអាក្រក់ ជាសេចក្ដីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែព្រះអង្គស្រឡាញ់ចំពោះអ្នកណា ដែលដើរតាមសេចក្ដីសុចរិតវិញ។ មានសេចក្ដីផ្ចាញ់ផ្ចាលយ៉ាងសហ័ស បម្រុងទុកសម្រាប់អ្នកណា ដែលបោះបង់ចេញពីផ្លូវ ហើយអ្នកណាដែលស្អប់សេចក្ដីបន្ទោស នោះនឹងត្រូវស្លាប់។ ស្ថានឃុំព្រលឹងមនុស្សស្លាប់ នឹងទីវិនាស នោះប្រាកដច្បាស់នៅចំពោះ ព្រះយេហូវ៉ាទៅហើយ ចំណង់បើចិត្តនៃមនុស្សទាំងអស់ជាតិ តើច្បាស់ជាជាងអម្បាលម៉ានទៅទៀត។ មនុស្សដែលចំអកមើលងាយ គេមិនចូលចិត្តឲ្យអ្នកណាបន្ទោសខ្លួនឡើយ គេក៏មិនដែលរកអ្នកប្រាជ្ញដែរ។ ចិត្តរីករាយតែងតែបណ្ដាលឲ្យ មានទឹកមុខផូរផង់ តែវិញ្ញាណត្រូវបាក់បែក ដោយកើតមានទុក្ខព្រួយក្នុងចិត្ត។ ចិត្តរបស់អ្នកណាដែលមានយោបល់ហើយ នោះរមែងស្វែងរកចំណេះ តែមាត់របស់មនុស្សល្ងីល្ងើតែងតែចិញ្ចឹមខ្លួន ដោយសេចក្ដីចម្កួតវិញ។ អស់ទាំងថ្ងៃនៃមនុស្សរងទុក្ខវេទនា នោះសុទ្ធតែអាក្រក់ទាំងអស់ តែអ្នកណាដែលមានចិត្តជាសុខ នោះប្រៀបដូចជាមានការស៊ីលៀងនៅជានិច្ច។ មានទ្រព្យសម្បត្តិតិច ហើយមានសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះវិសេសជាងមានច្រើន ហើយមានសេចក្ដីទុក្ខវិញ។ ស៊ូឲ្យមានតែបន្លែជាម្ហូបនៅកន្លែងណា ដែលមានសេចក្ដីស្រឡាញ់ ជាជាងមានសាច់គោដែលបំប៉នឲ្យធាត់ ហើយមានសេចក្ដីសម្អប់វិញ។
សុភាសិត 15:1-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចម្លើយទន់ភ្លន់រមែងបន្ថយកំហឹង រីឯសម្ដីគំរោះគំរើយតែងតែធ្វើឲ្យច្រឡោតខឹង។ សម្ដីរបស់អ្នកមានប្រាជ្ញា រមែងធ្វើឲ្យអ្នកដទៃចង់ចេះដឹង រីឯមាត់របស់មនុស្សខ្លៅ សាបព្រោះតែសេចក្ដីល្ងីល្ងើ។ ព្រះអម្ចាស់ទតឃើញសព្វអន្លើ ព្រះអង្គសង្កេតមើលទាំងមនុស្សល្អ ទាំងមនុស្សអាក្រក់។ ពាក្យលើកទឹកចិត្តប្រៀបដូចជាដើមឈើផ្ដល់ជីវិត រីឯសម្ដីទ្រគោះបោះបោកនាំឲ្យធ្លាក់ទឹកចិត្ត។ មនុស្សល្ងីល្ងើតែងតែមើលងាយការប្រៀនប្រដៅរបស់ឪពុក រីឯអ្នកដែលស្ដាប់តាមពាក្យស្ដីប្រដៅជាមនុស្សឆ្លាត។ ផ្ទះរបស់មនុស្សសុចរិតតែងសម្បូណ៌សប្បាយ រីឯទ្រព្យដែលរកបានដោយអំពើអាក្រក់ រមែងនាំឲ្យកើតទុក្ខ។ សម្ដីរបស់អ្នកមានប្រាជ្ញារមែងបណ្ដុះបណ្ដាលចំណេះ រីឯមនុស្សខ្លៅវិញ មិនអាចបណ្ដុះបណ្ដាលបានទេ។ ព្រះអម្ចាស់មិនសព្វព្រះហឫទ័យនឹងយញ្ញបូជារបស់មនុស្សអាក្រក់ឡើយ តែព្រះអង្គទទួលពាក្យទូលអង្វររបស់មនុស្សទៀងត្រង់។ ព្រះអម្ចាស់មិនសព្វព្រះហឫទ័យនឹងផ្លូវរបស់មនុស្សអាក្រក់ទេ តែព្រះអង្គស្រឡាញ់អ្នកដែលស្វែងរកសេចក្ដីសុចរិត។ អ្នកដែលងាកចេញពីមាគ៌ាល្អរមែងទទួលទោសជាទម្ងន់ រីឯអ្នកដែលស្អប់ការស្ដីប្រដៅតែងតែស្លាប់។ ព្រះអម្ចាស់ជ្រាបអ្វីៗនៅស្ថានមច្ចុរាជ និងនៅនរកអវិចី ចំណែកឯចិត្តមនុស្សវិញ ព្រះអង្គរឹតតែជ្រាបយ៉ាងច្បាស់ទៅទៀត។ មនុស្សវាយឫកខ្ពស់មិនចូលចិត្តឲ្យនរណាស្ដីប្រដៅទេ ហើយក៏មិនទៅសួរយោបល់ពីអ្នកមានប្រាជ្ញាដែរ។ ចិត្តសប្បាយធ្វើឲ្យទឹកមុខរីករាយ រីឯចិត្តព្រួយធ្វើឲ្យទឹកមុខស្រងូតស្រងាត់។ អ្នកចេះពិចារណាតែងតែស្វែងរកចំណេះ រីឯមនុស្សខ្លៅចូលចិត្តភាពល្ងីល្ងើ។ ចំពោះមនុស្សកម្សត់ទុគ៌ត ថ្ងៃណាក៏ជាថ្ងៃអាក្រក់ដែរ រីឯមនុស្សសប្បាយចិត្ត ថ្ងៃណាក៏ជាថ្ងៃបុណ្យដែរ។ ក្រទ្រព្យតែគោរពកោតខ្លាចព្រះអម្ចាស់ ប្រសើរជាងមានទ្រព្យច្រើន ហើយកើតទុក្ខកង្វល់។ កន្លែងណាមានតែបន្លែបរិភោគ ហើយមានសេចក្ដីស្រឡាញ់ នោះប្រសើរជាងកន្លែងមានសាច់បរិភោគយ៉ាងឆ្ងាញ់ តែមានការស្អប់គ្នា។
សុភាសិត 15:1-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ពាក្យតបឆ្លើយដោយស្រទន់ នោះរមែងរំងាប់សេចក្ដីក្រោធទៅ តែពាក្យគំរោះគំរើយ នោះបណ្តាលឲ្យមានសេចក្ដីកំហឹងវិញ។ អណ្តាតរបស់មនុស្សប្រាជ្ញ រមែងធ្វើឲ្យចំណេះបានពីរោះស្តាប់ តែមាត់របស់មនុស្សល្ងីល្ងើបង្ហូរចេញជាសេចក្ដីចំកួតវិញ។ ព្រះនេត្រនៃព្រះយេហូវ៉ានៅគ្រប់អន្លើ ក៏យាមមើលឃើញទាំងអស់ ទោះទាំងអាក្រក់នឹងល្អផង។ ឯអណ្តាតដ៏លំហើយ នោះជាដើមឈើនៃជីវិត តែបើមានសេចក្ដីវៀចវិញ នោះនាំឲ្យវិញ្ញាណបាក់បែកទៅ។ មនុស្សល្ងីល្ងើតែងតែស្អប់សេចក្ដីប្រៀនប្រដៅរបស់ឪពុក តែអ្នកណាដែលស្តាប់តាមសេចក្ដីបន្ទោស នោះនឹងបានគំនិតវាងវៃវិញ។ នៅក្នុងផ្ទះមនុស្សសុចរិតមានទ្រព្យសម្បត្តិច្រើន តែក្នុងកំរៃនៃមនុស្សអាក្រក់ តែងតែមានសេចក្ដីវេទនាវិញ។ បបូរមាត់របស់មនុស្សប្រាជ្ញ រមែងផ្សាយចេញជាចំណេះ តែចិត្តរបស់មនុស្សល្ងីល្ងើមិនមែនដូច្នោះទេ។ យញ្ញបូជារបស់មនុស្សអាក្រក់ ជាសេចក្ដីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែសេចក្ដីអធិស្ឋាននៃមនុស្សទៀងត្រង់ ជាទីគាប់ព្រះហឫទ័យដល់ទ្រង់វិញ។ ផ្លូវប្រព្រឹត្តរបស់មនុស្សអាក្រក់ ជាសេចក្ដីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែទ្រង់ស្រឡាញ់ចំពោះអ្នកណាដែលដើរតាមសេចក្ដីសុចរិតវិញ។ មានសេចក្ដីផ្ចាញ់ផ្ចាលយ៉ាងសហ័ស បំរុងទុកសំរាប់អ្នកណាដែលបោះបង់ចេញពីផ្លូវ ហើយអ្នកណាដែលស្អប់សេចក្ដីបន្ទោស នោះនឹងត្រូវស្លាប់។ ស្ថានឃុំព្រលឹងមនុស្សស្លាប់ នឹងទីវិនាស នោះប្រាកដច្បាស់នៅចំពោះព្រះយេហូវ៉ាទៅហើយ ចំណង់បើចិត្តនៃអស់ទាំងមនុស្សជាតិ តើច្បាស់ជាជាងអំបាលម៉ានទៅទៀត។ មនុស្សដែលចំអកមើលងាយ គេមិនចូលចិត្តឲ្យអ្នកណាបន្ទោសខ្លួនឡើយ ក៏មិនដែលរកអ្នកប្រាជ្ញដែរ។ ចិត្តរីករាយតែងតែបណ្តាលឲ្យមានទឹកមុខផូរផង់ តែវិញ្ញាណត្រូវបាក់បែកដោយកើតមានទុក្ខព្រួយក្នុងចិត្ត។ ចិត្តរបស់អ្នកណាដែលមានយោបល់ហើយ នោះរមែងស្វែងរកចំណេះ តែមាត់របស់មនុស្សល្ងីល្ងើតែងតែចិញ្ចឹមខ្លួន ដោយសេចក្ដីចំកួតវិញ។ អស់ទាំងថ្ងៃនៃមនុស្សរងទុក្ខវេទនា នោះសុទ្ធតែអាក្រក់ទាំងអស់ តែអ្នកណាដែលមានចិត្តជាសុខ នោះប្រៀបដូចជាមានការស៊ីលៀងនៅជានិច្ច។ មានទ្រព្យសម្បត្តិតិច ហើយមានសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះវិសេសជាងមានច្រើន ហើយមានសេចក្ដីទុក្ខវិញ។ ស៊ូឲ្យមានតែបន្លែជាម្ហូប នៅកន្លែងណាដែលមានសេចក្ដីស្រឡាញ់ ជាជាងមានសាច់គោដែលបំប៉នឲ្យធាត់ ហើយមានសេចក្ដីសំអប់វិញ។