សុភាសិត 16:1-16

សុភាសិត 16:1-16 ពគប

គំនិត​ដែល​ចាត់‌ចែង​ក្នុង​ចិត្ត នោះ​ស្រេច​នៅ​មនុស្ស តែ​គឺ​ព្រះ‌យេហូវ៉ា​ដែល​ឆ្លើយ​សំរេច​ការ​នោះ​វិញ។ គ្រប់​ទាំង​ផ្លូវ​របស់​មនុស្ស សុទ្ធ​តែ​ស្អាត​នៅ​ភ្នែក​ខ្លួន តែ​គឺ​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​ថ្លឹង​អស់​ទាំង​ទឹក​ចិត្ត​វិញ។ ចូរ​ទុក​ដាក់​អស់​ទាំង​ការ​ឯង នៅ​នឹង​ព្រះ‌យេហូវ៉ា​ចុះ នោះ​អស់​ទាំង​គំនិត​របស់​ឯង​នឹង​បាន​សំរេច។ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ធ្វើ​គ្រប់​របស់​ទាំង​អស់ ឲ្យ​សម​នឹង​ប្រយោជន៍​នៃ​របស់​នោះ​ឯង អើ ទោះ​ទាំង​មនុស្ស​អាក្រក់​ក៏​បាន​កើត​មក​សំរាប់​ថ្ងៃ​នៃ​សេចក្ដី​អាក្រក់​ដែរ។ អស់​អ្នក​ណា​ដែល​មាន​ចិត្ត​ឆ្មើង‌ឆ្មៃ នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា ទោះ​បើ​ព្រួត​ដៃ​គ្នា គង់​តែ​គេ​មិន​រួច​ពី​ទោស​ឡើយ។ ឯ​អំពើ​កំហុស នោះ​នឹង​បាន​ជ្រះ​ស្អាត ដោយ‌សារ​សេចក្ដី​មេត្តា នឹង​សេចក្ដី​ពិត ហើយ​មនុស្ស​នឹង​រួច​ពី​សេចក្ដី​អាក្រក់​បាន ដោយ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា។ កាល​ណា​ផ្លូវ​ប្រព្រឹត្ត​របស់​មនុស្ស​ណា​ជា​ទី​គាប់​ដល់​ព្រះ‌ហឫទ័យ​នៃ​ព្រះ‌យេហូវ៉ា នោះ​ទ្រង់​ក៏​បណ្តាល​ឲ្យ​ទាំង​ពួក​ខ្មាំង​សត្រូវ​បាន​ជា​មេត្រី​នឹង​អ្នក​នោះ​ដែរ។ បើ​មាន​ទ្រព្យ​តិច ហើយ​មាន​សេចក្ដី​សុចរិត នោះ​វិសេស​ជាង​មាន​កំរៃ​ច្រើន តែ​មាន​សេចក្ដី​ទុច្ចរិត​វិញ។ ចិត្ត​របស់​មនុស្ស​រមែង​គិត​សំរេច​ផ្លូវ​របស់​ខ្លួន តែ​គឺ​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​ដំរង់​ជំហាន​គេ​វិញ។ មាន​ពាក្យ​ទំនាយ​នៅ​ព្រះ‌រឹម​នៃ​ស្តេច ហើយ​ព្រះ‌ឱស្ឋ​ទ្រង់​នឹង​មិន​សំរេច​ខុស​ក្នុង​ការ​វិនិច្ឆ័យ​ឡើយ។ ជញ្ជីង ហើយ​នឹង​ត្រាជូ​ត្រឹម‌ត្រូវ នោះ​ជា​របស់​ផង​ព្រះ‌យេហូវ៉ា ឯ​អស់​ទាំង​កូន​ជញ្ជីង​នៅ​ក្នុង​ថង់​ក៏​ជា​ស្នាដៃ​របស់​ទ្រង់​ដែរ។ បើ​ស្តេច​ប្រព្រឹត្ត​អំពើ​អាក្រក់ នោះ​ជា​ទី​គួរ​ស្អប់​ខ្ពើម​ហើយ ដ្បិត​រាជ្យ​បាន​តាំង​នៅ​ជាប់ ដោយ‌សារ​តែ​សេចក្ដី​សុចរិត​ទេ។ ឯ​បបូរ​មាត់​សុចរិត នោះ​ជា​ទី​គាប់​ដល់​ព្រះ‌ទ័យ​នៃ​ស្តេច​ណាស់ ហើយ​ទ្រង់​ក៏​ស្រឡាញ់​ដល់​អ្នក​ណា​ដែល​ពោល​ដោយ​ត្រឹម‌ត្រូវ។ សេចក្ដី​ក្រោធ​របស់​ស្តេច ប្រៀប​ដូច​ជា​អ្នក​បំរើ​នៃ​សេចក្ដី​ស្លាប់ មនុស្ស​មាន​ប្រាជ្ញា​នឹង​ខំ​រំងាប់​សេចក្ដី​ក្រោធ​នោះ​ទៅ។ កាល​ណា​ស្តេច​មាន​ព្រះ‌ភក្ត្រ​រីក‌រាយ នោះ​ឯង​បាន​ជីវិត​គង់​នៅ​ហើយ ឯ​ព្រះ‌គុណ​ទ្រង់​ក៏​ដូច​ជា​ពពក​នៅ​ចុង​រដូវ​ភ្លៀង។ ការ​ដែល​បាន​ប្រាជ្ញា នោះ​វិសេស​ជាង​បាន​មាស​តើ​អំបាល‌ម៉ាន​ទៅ អើ ការ​ដែល​បាន​យោបល់ នោះ​គួរ​រើស​យក​ជា​ជាង​ប្រាក់​ទៅ​ទៀត។

អាន សុភាសិត 16