សុភាសិត 16:1-16
សុភាសិត 16:1-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គំនិតដែលចាត់ចែងក្នុងចិត្ត នោះស្រេចនៅមនុស្ស តែគឺព្រះយេហូវ៉ាដែលឆ្លើយ សម្រេចការនោះវិញ។ គ្រប់ទាំងផ្លូវរបស់មនុស្ស សុទ្ធតែស្អាតនៅភ្នែកខ្លួន តែគឺព្រះយេហូវ៉ាដែលព្រះអង្គថ្លឹង អស់ទាំងទឹកចិត្តវិញ។ ចូរទុកដាក់អស់ទាំងការឯង នៅនឹងព្រះយេហូវ៉ាចុះ នោះអស់ទាំងគំនិតរបស់ឯង នឹងបានសម្រេច។ ព្រះយេហូវ៉ាបានធ្វើគ្រប់របស់ទាំងអស់ ឲ្យសមនឹងប្រយោជន៍នៃរបស់នោះឯង ទោះទាំងមនុស្សអាក្រក់ក៏បានកើតមក សម្រាប់ថ្ងៃនៃសេចក្ដីអាក្រក់ដែរ។ អស់អ្នកណាដែលមានចិត្តឆ្មើងឆ្មៃ នោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា ទោះបើព្រួតដៃគ្នា គង់តែគេមិនរួចពីទោសឡើយ។ ឯអំពើកំហុស នោះនឹងបានជ្រះស្អាត ដោយសារសេចក្ដីមេត្តា និងសេចក្ដីពិត ហើយមនុស្សនឹងរួចពីសេចក្ដីអាក្រក់បាន ដោយកោតខ្លាចដល់ព្រះយេហូវ៉ា។ កាលណាផ្លូវប្រព្រឹត្តរបស់មនុស្សណា ជាទីគាប់ដល់ព្រះហឫទ័យនៃព្រះយេហូវ៉ា ព្រះអង្គក៏បណ្ដាលឲ្យទាំងពួកខ្មាំងសត្រូវ បានជាមេត្រីនឹងអ្នកនោះដែរ។ បើមានទ្រព្យតិច ហើយមានសេចក្ដីសុចរិត នោះវិសេសជាងមានកម្រៃច្រើន តែមានអំពើទុច្ចរិតវិញ។ ចិត្តរបស់មនុស្សរមែងគិតសម្រេចផ្លូវរបស់ខ្លួន តែគឺព្រះយេហូវ៉ាដែលព្រះអង្គតម្រង់ជំហានគេវិញ។ មានពាក្យទំនាយនៅព្រះរឹមនៃស្តេច ហើយព្រះឧស្ឋរបស់ព្រះអង្គ នឹងមិនសម្រេចខុសក្នុងការវិនិច្ឆ័យឡើយ។ ជញ្ជីង និងត្រាជូត្រឹមត្រូវ នោះជារបស់ព្រះយេហូវ៉ា ឯអស់ទាំងកូនជញ្ជីងនៅក្នុងថង់ ក៏ជាស្នាព្រះហស្តរបស់ព្រះអង្គដែរ។ បើស្តេចប្រព្រឹត្តអំពើអាក្រក់ នោះជាទីគួរស្អប់ខ្ពើមហើយ ដ្បិតរាជ្យបានតាំងនៅជាប់ ដោយសារតែសេចក្ដីសុចរិតទេ។ ឯបបូរមាត់សុចរិត នោះជាទីគាប់ ដល់ព្រះហឫទ័យនៃស្តេចណាស់ ហើយព្រះអង្គក៏ស្រឡាញ់ដល់អ្នកណា ដែលពោលដោយត្រឹមត្រូវ។ សេចក្ដីក្រោធរបស់ស្តេច ប្រៀបដូចជាអ្នកបម្រើនៃសេចក្ដីស្លាប់ មនុស្សមានប្រាជ្ញា នឹងខំរម្ងាប់សេចក្ដីក្រោធនោះទៅ។ កាលណាស្តេចមានព្រះភក្ត្ររីករាយ នោះឯងបានជីវិតគង់នៅហើយ ឯព្រះគុណព្រះអង្គក៏ដូចជាពពកនៅចុងរដូវភ្លៀង។ ការដែលបានប្រាជ្ញា នោះវិសេសជាងបានមាសតើអម្បាលម៉ានទៅ ការដែលបានយោបល់ នោះគួររើសយកជាជាងប្រាក់ទៅទៀត។
សុភាសិត 16:1-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មនុស្សគិតគូរគម្រោងការរបស់ខ្លួន តែការសម្រេចស្ថិតនៅលើព្រះអម្ចាស់។ មនុស្សរមែងនឹកស្មានថា អំពើទាំងអស់ដែលខ្លួនប្រព្រឹត្តសុទ្ធតែត្រូវ ប៉ុន្តែ ព្រះអម្ចាស់ឈ្វេងយល់ចិត្តគំនិតរបស់មនុស្ស។ ចូរថ្វាយកិច្ចការដែលអ្នកធ្វើទៅព្រះអម្ចាស់ នោះគម្រោងការរបស់អ្នកមុខជាបានសម្រេច។ អ្វីៗដែលព្រះអម្ចាស់ធ្វើសុទ្ធតែមានគោលដៅ គឺសូម្បីតែមនុស្សអាក្រក់ក៏ព្រះអង្គបានគ្រោងទុកសម្រាប់ទទួលទណ្ឌកម្ម នៅថ្ងៃព្រះអង្គវិនិច្ឆ័យទោសដែរ។ ព្រះអម្ចាស់មិនសព្វព្រះហឫទ័យនឹងមនុស្សវាយឫកខ្ពស់ទេ ព្រះអង្គពិតជាដាក់ទោសគេមិនខាន។ ព្រះជាម្ចាស់លើកលែងទោសឲ្យអ្នកដែលមានចិត្តសប្បុរស និងចិត្តស្មោះត្រង់។ អ្នកគោរពកោតខ្លាចព្រះអម្ចាស់រមែងចៀសផុតពីអំពើបាប។ កាលណាព្រះអម្ចាស់សព្វព្រះហឫទ័យនឹងកិរិយាមារយាទរបស់អ្នកណាម្នាក់ សូម្បីតែខ្មាំងសត្រូវរបស់គេក៏ព្រះអង្គផ្សះផ្សាឲ្យជានាគ្នាវិញដែរ។ រកបានប្រាក់តិចដោយយុត្តិធម៌ ប្រសើរជាងរកបានប្រាក់ច្រើនដោយអយុត្តិធម៌។ មនុស្សគិតគូរពីផ្លូវដែលខ្លួនត្រូវដើរ តែព្រះអម្ចាស់ជាអ្នកណែនាំផ្លូវ។ ស្ដេចតែងតែមានរាជឱង្ការក្នុងនាមព្រះជាម្ចាស់ ទ្រង់ជំនុំជម្រះក្ដីដោយឥតលម្អៀង។ ជញ្ជីង និងកូនទម្ងន់ត្រឹមត្រូវជាទីគាប់ព្រះហឫទ័យរបស់ព្រះអម្ចាស់ ហើយព្រះអង្គក៏សព្វព្រះហឫទ័យនឹងការលក់ដូរទៀងត្រង់ដែរ។ ស្ដេចមិនត្រូវប្រព្រឹត្តអំពើអាក្រក់ទេ ដ្បិតរាជសម្បត្តិអាចរឹងមាំបាន ដោយសារសេចក្ដីសុចរិត។ ស្ដេចសព្វព្រះហឫទ័យនឹងអ្នកនិយាយត្រង់ ហើយស្រឡាញ់អ្នកនិយាយការពិត។ សេចក្ដីក្រោធរបស់ស្ដេចប្រៀបបាននឹងពេជ្ឈឃាតនាំគេយកទៅសម្លាប់ តែមនុស្សមានប្រាជ្ញាអាចទប់កំហឹងរបស់ស្ដេច។ ព្រះភ័ក្ត្ររីករាយរបស់ស្ដេចរមែងផ្ដល់ជីវិត ហើយព្រះហឫទ័យសប្បុរសរបស់ស្ដេចប្រៀបបាននឹងទឹកភ្លៀងនៅដើមរដូវ។ ស្វែងរកប្រាជ្ញាប្រសើរជាងរកមាស ស្វែងរកការចេះដឹងប្រសើរជាងរកប្រាក់។
សុភាសិត 16:1-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គំនិតដែលចាត់ចែងក្នុងចិត្ត នោះស្រេចនៅមនុស្ស តែគឺព្រះយេហូវ៉ាដែលឆ្លើយសំរេចការនោះវិញ។ គ្រប់ទាំងផ្លូវរបស់មនុស្ស សុទ្ធតែស្អាតនៅភ្នែកខ្លួន តែគឺព្រះយេហូវ៉ាដែលទ្រង់ថ្លឹងអស់ទាំងទឹកចិត្តវិញ។ ចូរទុកដាក់អស់ទាំងការឯង នៅនឹងព្រះយេហូវ៉ាចុះ នោះអស់ទាំងគំនិតរបស់ឯងនឹងបានសំរេច។ ព្រះយេហូវ៉ាទ្រង់បានធ្វើគ្រប់របស់ទាំងអស់ ឲ្យសមនឹងប្រយោជន៍នៃរបស់នោះឯង អើ ទោះទាំងមនុស្សអាក្រក់ក៏បានកើតមកសំរាប់ថ្ងៃនៃសេចក្ដីអាក្រក់ដែរ។ អស់អ្នកណាដែលមានចិត្តឆ្មើងឆ្មៃ នោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា ទោះបើព្រួតដៃគ្នា គង់តែគេមិនរួចពីទោសឡើយ។ ឯអំពើកំហុស នោះនឹងបានជ្រះស្អាត ដោយសារសេចក្ដីមេត្តា នឹងសេចក្ដីពិត ហើយមនុស្សនឹងរួចពីសេចក្ដីអាក្រក់បាន ដោយកោតខ្លាចដល់ព្រះយេហូវ៉ា។ កាលណាផ្លូវប្រព្រឹត្តរបស់មនុស្សណាជាទីគាប់ដល់ព្រះហឫទ័យនៃព្រះយេហូវ៉ា នោះទ្រង់ក៏បណ្តាលឲ្យទាំងពួកខ្មាំងសត្រូវបានជាមេត្រីនឹងអ្នកនោះដែរ។ បើមានទ្រព្យតិច ហើយមានសេចក្ដីសុចរិត នោះវិសេសជាងមានកំរៃច្រើន តែមានសេចក្ដីទុច្ចរិតវិញ។ ចិត្តរបស់មនុស្សរមែងគិតសំរេចផ្លូវរបស់ខ្លួន តែគឺព្រះយេហូវ៉ាដែលទ្រង់ដំរង់ជំហានគេវិញ។ មានពាក្យទំនាយនៅព្រះរឹមនៃស្តេច ហើយព្រះឱស្ឋទ្រង់នឹងមិនសំរេចខុសក្នុងការវិនិច្ឆ័យឡើយ។ ជញ្ជីង ហើយនឹងត្រាជូត្រឹមត្រូវ នោះជារបស់ផងព្រះយេហូវ៉ា ឯអស់ទាំងកូនជញ្ជីងនៅក្នុងថង់ក៏ជាស្នាដៃរបស់ទ្រង់ដែរ។ បើស្តេចប្រព្រឹត្តអំពើអាក្រក់ នោះជាទីគួរស្អប់ខ្ពើមហើយ ដ្បិតរាជ្យបានតាំងនៅជាប់ ដោយសារតែសេចក្ដីសុចរិតទេ។ ឯបបូរមាត់សុចរិត នោះជាទីគាប់ដល់ព្រះទ័យនៃស្តេចណាស់ ហើយទ្រង់ក៏ស្រឡាញ់ដល់អ្នកណាដែលពោលដោយត្រឹមត្រូវ។ សេចក្ដីក្រោធរបស់ស្តេច ប្រៀបដូចជាអ្នកបំរើនៃសេចក្ដីស្លាប់ មនុស្សមានប្រាជ្ញានឹងខំរំងាប់សេចក្ដីក្រោធនោះទៅ។ កាលណាស្តេចមានព្រះភក្ត្ររីករាយ នោះឯងបានជីវិតគង់នៅហើយ ឯព្រះគុណទ្រង់ក៏ដូចជាពពកនៅចុងរដូវភ្លៀង។ ការដែលបានប្រាជ្ញា នោះវិសេសជាងបានមាសតើអំបាលម៉ានទៅ អើ ការដែលបានយោបល់ នោះគួររើសយកជាជាងប្រាក់ទៅទៀត។