គំនិតដែលចាត់ចែងក្នុងចិត្ត នោះស្រេចនៅមនុស្ស តែគឺព្រះយេហូវ៉ាដែលឆ្លើយ សម្រេចការនោះវិញ។ គ្រប់ទាំងផ្លូវរបស់មនុស្ស សុទ្ធតែស្អាតនៅភ្នែកខ្លួន តែគឺព្រះយេហូវ៉ាដែលព្រះអង្គថ្លឹង អស់ទាំងទឹកចិត្តវិញ។ ចូរទុកដាក់អស់ទាំងការឯង នៅនឹងព្រះយេហូវ៉ាចុះ នោះអស់ទាំងគំនិតរបស់ឯង នឹងបានសម្រេច។ ព្រះយេហូវ៉ាបានធ្វើគ្រប់របស់ទាំងអស់ ឲ្យសមនឹងប្រយោជន៍នៃរបស់នោះឯង ទោះទាំងមនុស្សអាក្រក់ក៏បានកើតមក សម្រាប់ថ្ងៃនៃសេចក្ដីអាក្រក់ដែរ។ អស់អ្នកណាដែលមានចិត្តឆ្មើងឆ្មៃ នោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា ទោះបើព្រួតដៃគ្នា គង់តែគេមិនរួចពីទោសឡើយ។ ឯអំពើកំហុស នោះនឹងបានជ្រះស្អាត ដោយសារសេចក្ដីមេត្តា និងសេចក្ដីពិត ហើយមនុស្សនឹងរួចពីសេចក្ដីអាក្រក់បាន ដោយកោតខ្លាចដល់ព្រះយេហូវ៉ា។ កាលណាផ្លូវប្រព្រឹត្តរបស់មនុស្សណា ជាទីគាប់ដល់ព្រះហឫទ័យនៃព្រះយេហូវ៉ា ព្រះអង្គក៏បណ្ដាលឲ្យទាំងពួកខ្មាំងសត្រូវ បានជាមេត្រីនឹងអ្នកនោះដែរ។ បើមានទ្រព្យតិច ហើយមានសេចក្ដីសុចរិត នោះវិសេសជាងមានកម្រៃច្រើន តែមានអំពើទុច្ចរិតវិញ។ ចិត្តរបស់មនុស្សរមែងគិតសម្រេចផ្លូវរបស់ខ្លួន តែគឺព្រះយេហូវ៉ាដែលព្រះអង្គតម្រង់ជំហានគេវិញ។ មានពាក្យទំនាយនៅព្រះរឹមនៃស្តេច ហើយព្រះឧស្ឋរបស់ព្រះអង្គ នឹងមិនសម្រេចខុសក្នុងការវិនិច្ឆ័យឡើយ។ ជញ្ជីង និងត្រាជូត្រឹមត្រូវ នោះជារបស់ព្រះយេហូវ៉ា ឯអស់ទាំងកូនជញ្ជីងនៅក្នុងថង់ ក៏ជាស្នាព្រះហស្តរបស់ព្រះអង្គដែរ។ បើស្តេចប្រព្រឹត្តអំពើអាក្រក់ នោះជាទីគួរស្អប់ខ្ពើមហើយ ដ្បិតរាជ្យបានតាំងនៅជាប់ ដោយសារតែសេចក្ដីសុចរិតទេ។ ឯបបូរមាត់សុចរិត នោះជាទីគាប់ ដល់ព្រះហឫទ័យនៃស្តេចណាស់ ហើយព្រះអង្គក៏ស្រឡាញ់ដល់អ្នកណា ដែលពោលដោយត្រឹមត្រូវ។ សេចក្ដីក្រោធរបស់ស្តេច ប្រៀបដូចជាអ្នកបម្រើនៃសេចក្ដីស្លាប់ មនុស្សមានប្រាជ្ញា នឹងខំរម្ងាប់សេចក្ដីក្រោធនោះទៅ។ កាលណាស្តេចមានព្រះភក្ត្ររីករាយ នោះឯងបានជីវិតគង់នៅហើយ ឯព្រះគុណព្រះអង្គក៏ដូចជាពពកនៅចុងរដូវភ្លៀង។ ការដែលបានប្រាជ្ញា នោះវិសេសជាងបានមាសតើអម្បាលម៉ានទៅ ការដែលបានយោបល់ នោះគួររើសយកជាជាងប្រាក់ទៅទៀត។
អាន សុភាសិត 16
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សុភាសិត 16:1-16
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ