សុភាសិត 18

18
1អ្នក​ណា​ដែល​ញែក​ខ្លួន​ចេញ​ពី​អ្នក​ដទៃ នោះ​ជា​អ្នក​រក​បំពេញ​តែ​ចិត្ត​ខ្លួន​ឯង​ទេ ហើយ​ក៏​មាន​ចិត្ត​គ្នាន់‌ក្នាញ់​ទាស់​នឹង​អស់​ទាំង​សេចក្ដី​ដែល​មាន​ទំនង។
2ចំណែក​មនុស្ស​ល្ងី‌ល្ងើ​គេ​ឥត​មាន​សេចក្ដី​រីក‌រាយ​ក្នុង​យោបល់​ទេ គឺ​ចូល​ចិត្ត​តែ​នឹង​សំដែង​គំនិត​ក្នុង​ចិត្ត​ខ្លួន​ឯង​ចេញ​វិញ។
3កាល​ណា​មនុស្ស​អាក្រក់​មក​ដល់ នោះ​សេចក្ដី​មើល‌ងាយ​មាន​ជាប់​តាម​មក​ដែរ ហើយ​សេចក្ដី​ត្មះ‌តិះដៀល​ក៏​រមែង​មក​ជា​មួយ​នឹង​សេចក្ដី​អាប់‌យស​ផង។
4ពាក្យ​សំដី​ដែល​ចេញ​ពី​មាត់​មនុស្ស ធៀប​ដូច​ជា​ទឹក​ជ្រៅ ហើយ​ទី​បញ្ចេញ​ប្រាជ្ញា​ក៏​ដូច​ជា​ជ្រោះ​ទឹក​ហូរ។
5ការ​ដែល​យោគ‌យល់​ដល់​មនុស្ស​អាក្រក់ ហើយ​ការ​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌​ក្នុង​ការ​វិនិច្ឆ័យ នោះ​មិន​ល្អ​ទេ។
6បបូរ​មាត់​មនុស្ស​ល្ងី‌ល្ងើ តែង‌តែ​ស៊ក​ចូល​ក្នុង​សេចក្ដី​ឈ្លោះ​ប្រកែក​គ្នា ហើយ​មាត់​វា​តឿន​តែ​រំពាត់​ទេ។
7មាត់​របស់​មនុស្ស​ល្ងី‌ល្ងើ​ជា​ហេតុ​នាំ​ឲ្យ​ខ្លួន​ត្រូវ​វិនាស​ទៅ ហើយ​បបូរ​មាត់​ក៏​ជា​អន្ទាក់​ដល់​ព្រលឹង​ខ្លួន​ដែរ។
8ពាក្យ​សំដី​របស់​មនុស្ស​បេះ‌បួយ ធៀប​ដូច​ជា​ម្ហូប​យ៉ាង​ឆ្ងាញ់​១​ម៉ាត់ ដែល​លេប​ចុះ​ទៅ​ក្នុង​ពោះ។
9អ្នក​ណា​ដែល​ធ្វេស​ប្រហែស​នឹង​ការ​របស់​ខ្លួន នោះ​ឈ្មោះ​ថា​ជា​បង​ប្អូន​នឹង​អ្នក​ដែល​បំផ្លាញ។
10ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ជា​ប៉ម​មាំ‌មួន មនុស្ស​សុចរិត​រត់​ចូល​ទៅ​ពឹង​ជ្រក ហើយ​មាន​សេចក្ដី​សុខ។
11ឯ​មនុស្ស​អ្នក​មាន​វិញ ទ្រព្យ​សម្បត្តិ​របស់​គេ​ជា​ទី​ក្រុង​មាំ‌មួន ហើយ​តាម​គំនិត​របស់​គេ ក៏​យល់​ថា​ជា​កំផែង​យ៉ាង​ខ្ពស់​ដែរ។
12មុន​នឹង​ត្រូវ​វិនាស នោះ​ចិត្ត​របស់​មនុស្ស​កើត​មាន​សេចក្ដី​ឆ្មើង‌ឆ្មៃ ឯ​សេចក្ដី​រាបសា នោះ​រមែង​តែ​នាំ​មុខ​កិត្តិយស​វិញ។
13អ្នក​ណា​ដែល​ឆ្លើយ​មុន​ដែល​បាន​ស្តាប់​រឿង នោះ​រាប់​ជា​ការ​ចំកួត​ហើយ ក៏​ជា​សេចក្ដី​ខ្មាស​ដល់​ខ្លួន​ផង។
14វិញ្ញាណ​នៃ​មនុស្ស​នឹង​ទប់‌ទល់​ខ្លួន​ក្នុង​គ្រា​មាន​ធុរៈ​ឈឺ តែ​ឯ​វិញ្ញាណ​បាក់​បែក តើ​អ្នក​ណា​នឹង​ទ្រាំ​បាន។
15ចិត្ត​របស់​មនុស្ស​វាង‌វៃ​តែង‌តែ​ចំរើន​ចំណេះ​ឡើង ហើយ​ត្រចៀក​របស់​មនុស្ស​ដែល​មាន​ប្រាជ្ញា ក៏​ស្វះ‌ស្វែង​រក​ចំណេះ​ដែរ។
16ជំនូន​របស់​មនុស្ស រមែង​បើក​ផ្លូវ​ឲ្យ​ដល់​ខ្លួន ក៏​នាំ​ចូល​ទៅ​ដល់​ចំពោះ​អ្នក​ធំ​ផង។
17អ្នក​ណា​ដែល​និយាយ​មុន​គេ​ក្នុង​ការ​ក្តី នោះ​មើល​ទៅ​ដូច​ជា​ត្រឹម‌ត្រូវ​ហើយ តែ​គូ​ក្តី​របស់​អ្នក​នោះ​មក​បើក​សំដែង​ឲ្យ​ឃើញ​កំហុស​វិញ។
18ការ​ចាប់​ឆ្នោត តែង​នឹង​ធ្វើ​ឲ្យ​សេចក្ដី​ទាស់‌ទែង​គ្នា​បាត់​ទៅ ហើយ​នឹង​ញែក​មនុស្ស​ដែល​មាន​អំណាច​ចេញ​ពី​គ្នា​ដែរ។
19បង​ប្អូន​ណា​ដែល​បាន​អន់​ចិត្ត​ហើយ នោះ​ពិបាក​ពង្រាប​ជា​ជាង​ទី​ក្រុង​យ៉ាង​មាំ‌មួន ហើយ​សេចក្ដី​ទាស់‌ទែង​គ្នា​យ៉ាង​នោះ ធៀប​ដូច​ជា​រនុក​ទ្វារ​បន្ទាយ។
20មនុស្ស​នឹង​បាន​ឆ្អែត​ពោះ ដោយ​ផល​នៃ​មាត់​ខ្លួន គឺ​នឹង​បាន​ស្កប់​ចិត្ត ដោយ​ផល​ចំរើន​នៃ​បបូរ​មាត់។
21ទោះ​ទាំង​សេចក្ដី​ស្លាប់ ហើយ​នឹង​ជីវិត​ក៏​នៅ​ក្នុង​អំណាច​នៃ​អណ្តាត​ដែរ អ្នក​ណា​ដែល​ចូល​ចិត្ត​ប្រើ នោះ​នឹង​ស៊ី​ផល​នៃ​អណ្តាត​នោះ​ឯង។
22អ្នក​ណា​ដែល​រក​បាន​ប្រពន្ធ នោះ​ឈ្មោះ​ថា​បាន​របស់​ល្អ ហើយ​បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ព្រះ‌យេហូវ៉ា​ដែរ។
23មនុស្ស​ក្រ​គេ​ពោល​ពាក្យ​អង្វរ តែ​មនុស្ស​អ្នក​មាន​តប​ដោយ​ពាក្យ​គំហក​វិញ។
24អ្នក​ណា​ដែល​មាន​មិត្រ​ភក្តិ​ច្រើន នោះ​នាំ​ឲ្យ​វិនាស​ខ្លួន​ទេ ប៉ុន្តែ មាន​មិត្រ​សំឡាញ់​ម្យ៉ាង ដែល​នៅ​ជាប់​ជាង​បង​ប្អូន​ទៅ​ទៀត។

ទើបបានជ្រើសរើសហើយ៖

សុភាសិត 18: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល