សុភាសិត 27:1-14

សុភាសិត 27:1-14 ពគប

កុំ​ឲ្យ​អួត​ខ្លួន​ពី​ថ្ងៃ​ស្អែក ដ្បិត​ឯង​មិន​ដឹង​ជា​ថ្ងៃ​ណា​នឹង​កើត​មាន​ការ​អ្វី​ទេ។ ទុក​ឲ្យ​មនុស្ស​ឯ​ទៀត​សរសើរ​ឯង​ចុះ កុំ​ឲ្យ​មាត់​ឯង​សរសើរ​ខ្លួន​ឡើយ គឺ​ជា​អ្នក​ដទៃ មិន​មែន​ជា​បបូរ​មាត់​របស់​ឯង​ឡើយ។ ដុំ​ថ្ម​ជា​របស់​ធ្ងន់ ហើយ​ខ្សាច់​ក៏​មាន​ទំងន់​ដែរ តែ​សេចក្ដី​កំហឹង​របស់​មនុស្ស​ល្ងី‌ល្ងើ នោះ​ធ្ងន់​ជាង​ទាំង​២​មុខ​នោះ​ទៅ​ទៀត។ សេចក្ដី​ឃោរ‌ឃៅ ជា​សេចក្ដី​ដែល​សាហាវ​ណាស់ ហើយ​សេចក្ដី​កំហឹង​ក៏​ខ្លាំង‌ក្លា​ដែរ តែ​ឯ​សេចក្ដី​ប្រចណ្ឌ តើ​អ្នក​ណា​នឹង​ទប់‌ទល់​បាន។ ការ​ដែល​ត្រូវ​បន្ទោស​នៅ​កណ្តាល​ជំនុំ នោះ​វិសេស​ជាង​សេចក្ដី​ស្រឡាញ់​លាក់​កំបាំង។ របួស​ដែល​មិត្រ​សំឡាញ់​ធ្វើ​ដល់​យើង នោះ​តែង​ធ្វើ​ដោយ​ស្មោះ‌ត្រង់​ទេ តែ​ឯ​ការ​ថើប​របស់​ខ្មាំង​សត្រូវ នោះ​ជា​សេចក្ដី​បញ្ឆោត​វិញ។ អ្នក​ណា​ដែល​ឆ្អែត​ហើយ ទោះ​ទាំង​សំណុំ​ឃ្មុំ​ក៏​ណាយ​ចិត្ត​ដែរ តែ​ឯ​អ្នក​ណា​ដែល​ឃ្លាន ទោះ​ទាំង​របស់​ជូរ​ល្វីង​ក៏​ផ្អែម​ដល់​គេ​វិញ។ មនុស្ស​ណា​ដែល​វង្វេង​ឆ្ងាយ​ពី​ទី​លំនៅ​ខ្លួន នោះ​ប្រៀប​ដូច​ជា​សត្វ​ហើរ ដែល​វង្វេង​ឆ្ងាយ​ពី​សំបុក​វា​ដែរ។ ប្រេង​លាបនឹង​ទឹក​អប់ នោះ​នាំ​ឲ្យ​ចិត្ត​រីក‌រាយ​ឡើង ឯ​សេចក្ដី​ផ្អែម‌ល្ហែម​នៃ​សេចក្ដី​ដាស់‌តឿន ដ៏​អស់​ពី​ចិត្ត​របស់​ភឿន‌មិត្រ ក៏​ដូច្នោះ​ដែរ។ ឯ​មិត្រ‌ភក្តិ​របស់​ខ្លួន នឹង​មិត្រ‌ភក្តិ​របស់​ឪពុក នោះ​កុំ​ឲ្យ​បោះ‌បង់​ចោល​ឡើយ ក៏​កុំ​ឲ្យ​ចូល​ផ្ទះ​របស់​បង​ប្អូន​ឯង​ក្នុង​គ្រា​ដែល​ឯង​កើត​មាន​សេចក្ដី​ទុក្ខ​ព្រួយ​ដែរ អ្នក​មួយ​ដែល​នៅ​ជិត​ខាង​ខ្លួន នោះ​វិសេស​ជាង​បង​ប្អូន​ដែល​នៅ​ឆ្ងាយ​វិញ។ កូន​អើយ ចូរ​ឲ្យ​ឯង​មាន​ប្រាជ្ញា​ឡើង ហើយ​ឲ្យ​ចិត្ត​អញ​បាន​រីក‌រាយ​ចុះ ដើម្បី​ឲ្យ​អញ​អាច​តប​ឆ្លើយ​ចំពោះ​មនុស្ស​ដែល​ដៀល‌ត្មះ​ដល់​អញ។ មនុស្ស​ដែល​មាន​គំនិត​ឆ្លៀវ‌ឆ្លាត គេ​ឃើញ​ការ​អាក្រក់​មក ក៏​ពួន​ខ្លួន តែ​មនុស្ស​ល្ងង់‌ខ្លៅ គេ​ចេះ​តែ​ដើរ​ទៅ ហើយ​ក៏​ត្រូវ​មាន​ទុក្ខ។ ចូរ​ទទួល​បញ្ចាំ​អាវ​របស់​អ្នក​ដែល​ធានា​ឲ្យ​មនុស្ស​ដទៃ ហើយ​ទទួល​របស់​បញ្ចាំ​ពី​អ្នក​ដែល​សន្យា​ជំនួស​អ្នក​ក្រៅ​ចុះ។ បើ​អ្នក​ណា​ក្រោក​ពី​ព្រលឹម​ស្រាង នឹង​ឲ្យ​ពរ​ដល់​មិត្រ​សំឡាញ់​ដោយ​សំឡេង​ខ្លាំង នោះ​នឹង​បាន​រាប់​ជា​ពាក្យ​ជេរ​ដល់​គេ​វិញ។

អាន សុភាសិត 27