សុភាសិត 27:1-14
សុភាសិត 27:1-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កុំឲ្យអួតខ្លួនពីថ្ងៃស្អែក ដ្បិតឯងមិនដឹងជាថ្ងៃណានឹងកើតមានការអ្វីទេ។ ទុកឲ្យមនុស្សឯទៀតសរសើរឯងចុះ កុំឲ្យមាត់ឯងសរសើរខ្លួនឡើយ គឺជាអ្នកដទៃ មិនមែនជាបបូរមាត់ របស់ឯងឡើយ។ ដុំថ្មជារបស់ធ្ងន់ ហើយខ្សាច់ក៏មានទម្ងន់ដែរ តែសេចក្ដីកំហឹងរបស់មនុស្សល្ងីល្ងើ នោះធ្ងន់ជាងទាំងពីរមុខនោះទៅទៀត។ សេចក្ដីឃោរឃៅ ជាសេចក្ដីដែលសាហាវណាស់ ហើយសេចក្ដីកំហឹងក៏ខ្លាំងក្លាដែរ តែឯសេចក្ដីប្រចណ្ឌ តើអ្នកណានឹងទប់ទល់បាន។ ការដែលត្រូវបន្ទោសនៅកណ្ដាលជំនុំ នោះវិសេសជាងសេចក្ដីស្រឡាញ់លាក់កំបាំង។ របួសដែលមិត្តសម្លាញ់ធ្វើដល់យើង នោះតែងធ្វើដោយស្មោះត្រង់ទេ តែឯការថើបរបស់ខ្មាំងសត្រូវ នោះជាសេចក្ដីបញ្ឆោតវិញ។ អ្នកណាដែលឆ្អែតហើយ ទោះទាំងសំណុំឃ្មុំក៏ណាយចិត្តដែរ តែឯអ្នកណាដែលឃ្លាន ទោះទាំងរបស់ជូរល្វីងក៏ផ្អែមដល់គេវិញ។ មនុស្សណាដែលវង្វេងឆ្ងាយពីទីលំនៅខ្លួន នោះប្រៀបដូចជាសត្វហើរ ដែលវង្វេងឆ្ងាយពីសម្បុកវាដែរ។ ប្រេងលាប និងទឹកអប់ តែងធ្វើឲ្យចិត្តរីករាយ តែទុក្ខលំបាក តែងហែកហួរព្រលឹងមនុស្ស ។ កុំឲ្យបោះបង់ចោលមិត្តភក្តិរបស់ខ្លួន និងមិត្តភក្តិរបស់ឪពុកឡើយ ក៏កុំចូលក្នុងផ្ទះរបស់បងប្អូនរបស់អ្នកក្នុងគ្រា ដែលអ្នកមានទុក្ខព្រួយ។ អ្នកជិតខាងដែលនៅក្បែរ នោះវិសេសជាងបងប្អូនដែលនៅឆ្ងាយ។ កូនអើយ ចូរឲ្យឯងមានប្រាជ្ញាឡើង ហើយឲ្យចិត្តយើងបានរីករាយចុះ ដើម្បីឲ្យយើងអាចតបឆ្លើយចំពោះមនុស្ស ដែលដៀលតិះដល់យើង។ មនុស្សដែលមានគំនិតឆ្លៀវឆ្លាត គេឃើញការអាក្រក់មក ក៏ពួនខ្លួន តែមនុស្សល្ងង់ខ្លៅ គេចេះតែដើរទៅ ហើយក៏ត្រូវមានទុក្ខ។ ចូរយកអាវរបស់អ្នកដែលធានាឲ្យមនុស្សដទៃ ទុកជារបស់បញ្ចាំ ហើយទារយករបស់បញ្ចាំពីអ្នក ដែលសន្យាជំនួសអ្នកក្រៅចុះ។ បើអ្នកណាក្រោកពីព្រលឹមស្រាង និងឲ្យពរដល់មិត្តសម្លាញ់ដោយសំឡេងខ្លាំង នោះនឹងបានរាប់ជាពាក្យជេរដល់គេវិញ។
សុភាសិត 27:1-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កុំអួតអំពីរឿងថ្ងៃស្អែកឡើយ ដ្បិតអ្នកមិនដឹងថា ថ្ងៃនេះមានរឿងអ្វីកើតឡើងផង។ កុំសរសើរខ្លួនឯងឡើយ ត្រូវទុកឲ្យអ្នកដទៃសរសើរពីអ្នកវិញ គឺដាច់ខាតកុំសរសើរខ្លួនឯង។ ថ្មក៏ធ្ងន់ ហើយដីខ្សាច់ក៏ធ្ងន់ដែរ ប៉ុន្តែ កំហឹងរបស់មនុស្សល្ងីល្ងើរឹតតែធ្ងន់លើសនេះទៅទៀត។ កំរោលរបស់មនុស្សឃោរឃៅណាស់ ហើយកំហឹងរបស់មនុស្សប្រៀបបាននឹងទឹកជន់បាក់ទំនប់ រីឯចិត្តប្រច័ណ្ឌវិញ តើនរណាអាចទប់ទល់បាន។ រិះគន់ដោយចំហប្រសើរជាងលាក់សេចក្ដីស្រឡាញ់។ ពាក្យស្ដីបន្ទោសរបស់មិត្តសម្លាញ់ ផុសចេញពីចិត្តភក្ដីភាព រីឯពាក្យស្និទ្ធស្នាលរបស់សត្រូវ ផុសចេញពីចិត្តបោកបញ្ឆោត។ អ្នកឆ្អែតឃើញទឹកឃ្មុំក៏ណាយដែរ រីឯអ្នកឃ្លាន អ្វីៗដែលល្វីងជូរចត់ក៏ផ្អែមដែរ។ មនុស្សវង្វេងឆ្ងាយពីស្រុកកំណើត ប្រៀបដូចជាសត្វចាបហើរវង្វេងសំបុក។ ប្រេងក្រអូប និងទឹកអប់ រមែងធ្វើឲ្យចិត្តរីករាយ រីឯយោបល់របស់មិត្តសម្លាញ់ដ៏ស្លូតបូតរឹងរឹតតែប្រសើរលើសនេះទៅទៀត។ កុំបោះបង់មិត្តរបស់អ្នក ឬមិត្តរបស់ឪពុកអ្នកចោលឡើយ។ នៅថ្ងៃមានអាសន្ន កុំរត់ទៅពឹងបងប្អូនបង្កើត របស់អ្នកឲ្យសោះ ដ្បិតអ្នកជិតខាងដែលស្និទ្ធស្នាលប្រសើរជាងបងប្អូនបង្កើតដែលនៅឆ្ងាយទៅទៀត។ កូនអើយ ចូរមានប្រាជ្ញាឡើង នោះឪពុកនឹងសប្បាយចិត្ត ហើយបើមាននរណាដៀលឪពុក នោះឪពុកអាចនឹងឆ្លើយវិញបាន។ កាលមនុស្សឆ្លាតឃើញគ្រោះកាចមកដល់ គេលាក់ខ្លួន រីឯមនុស្សឥតគំនិតឱនក្បាលដើរទៅមុខ ហើយត្រូវបង់ខាតធ្ងន់។ បើមានគេមកធានាសងបំណុលជំនួសនរណាម្នាក់ ចូរទារយកអាវធំរបស់គេទុកជារបស់បញ្ចាំ ព្រោះគេបានធានាមនុស្សដែលអ្នកមិនស្គាល់។ បើមាននរណាម្នាក់ស្រែកឲ្យពរអ្នកជិតខាងរបស់ខ្លួន តាំងពីព្រឹកព្រលឹម គេចាត់ទុកពរបែបនេះជាបណ្ដាសាទៅវិញ។
សុភាសិត 27:1-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កុំឲ្យអួតខ្លួនពីថ្ងៃស្អែក ដ្បិតឯងមិនដឹងជាថ្ងៃណានឹងកើតមានការអ្វីទេ។ ទុកឲ្យមនុស្សឯទៀតសរសើរឯងចុះ កុំឲ្យមាត់ឯងសរសើរខ្លួនឡើយ គឺជាអ្នកដទៃ មិនមែនជាបបូរមាត់របស់ឯងឡើយ។ ដុំថ្មជារបស់ធ្ងន់ ហើយខ្សាច់ក៏មានទំងន់ដែរ តែសេចក្ដីកំហឹងរបស់មនុស្សល្ងីល្ងើ នោះធ្ងន់ជាងទាំង២មុខនោះទៅទៀត។ សេចក្ដីឃោរឃៅ ជាសេចក្ដីដែលសាហាវណាស់ ហើយសេចក្ដីកំហឹងក៏ខ្លាំងក្លាដែរ តែឯសេចក្ដីប្រចណ្ឌ តើអ្នកណានឹងទប់ទល់បាន។ ការដែលត្រូវបន្ទោសនៅកណ្តាលជំនុំ នោះវិសេសជាងសេចក្ដីស្រឡាញ់លាក់កំបាំង។ របួសដែលមិត្រសំឡាញ់ធ្វើដល់យើង នោះតែងធ្វើដោយស្មោះត្រង់ទេ តែឯការថើបរបស់ខ្មាំងសត្រូវ នោះជាសេចក្ដីបញ្ឆោតវិញ។ អ្នកណាដែលឆ្អែតហើយ ទោះទាំងសំណុំឃ្មុំក៏ណាយចិត្តដែរ តែឯអ្នកណាដែលឃ្លាន ទោះទាំងរបស់ជូរល្វីងក៏ផ្អែមដល់គេវិញ។ មនុស្សណាដែលវង្វេងឆ្ងាយពីទីលំនៅខ្លួន នោះប្រៀបដូចជាសត្វហើរ ដែលវង្វេងឆ្ងាយពីសំបុកវាដែរ។ ប្រេងលាបនឹងទឹកអប់ នោះនាំឲ្យចិត្តរីករាយឡើង ឯសេចក្ដីផ្អែមល្ហែមនៃសេចក្ដីដាស់តឿន ដ៏អស់ពីចិត្តរបស់ភឿនមិត្រ ក៏ដូច្នោះដែរ។ ឯមិត្រភក្តិរបស់ខ្លួន នឹងមិត្រភក្តិរបស់ឪពុក នោះកុំឲ្យបោះបង់ចោលឡើយ ក៏កុំឲ្យចូលផ្ទះរបស់បងប្អូនឯងក្នុងគ្រាដែលឯងកើតមានសេចក្ដីទុក្ខព្រួយដែរ អ្នកមួយដែលនៅជិតខាងខ្លួន នោះវិសេសជាងបងប្អូនដែលនៅឆ្ងាយវិញ។ កូនអើយ ចូរឲ្យឯងមានប្រាជ្ញាឡើង ហើយឲ្យចិត្តអញបានរីករាយចុះ ដើម្បីឲ្យអញអាចតបឆ្លើយចំពោះមនុស្សដែលដៀលត្មះដល់អញ។ មនុស្សដែលមានគំនិតឆ្លៀវឆ្លាត គេឃើញការអាក្រក់មក ក៏ពួនខ្លួន តែមនុស្សល្ងង់ខ្លៅ គេចេះតែដើរទៅ ហើយក៏ត្រូវមានទុក្ខ។ ចូរទទួលបញ្ចាំអាវរបស់អ្នកដែលធានាឲ្យមនុស្សដទៃ ហើយទទួលរបស់បញ្ចាំពីអ្នកដែលសន្យាជំនួសអ្នកក្រៅចុះ។ បើអ្នកណាក្រោកពីព្រលឹមស្រាង នឹងឲ្យពរដល់មិត្រសំឡាញ់ដោយសំឡេងខ្លាំង នោះនឹងបានរាប់ជាពាក្យជេរដល់គេវិញ។