សុភាសិត 7

7
1កូន​អើយ ចូរ​រក្សា​អស់​ទាំង​ពាក្យ​របស់​អញ ហើយ​ប្រមូល​អស់​ទាំង​បណ្តាំ​អញ​ទុក​នៅ​នឹង​ឯង​ចុះ 2ត្រូវ​ឲ្យ​រក្សា​បណ្តាំ​អញ​ទាំង​ប៉ុន្មាន ដើម្បី​ឲ្យ​បាន​រស់​នៅ ព្រម​ទាំង​ឱវាទ​អញ ដូច​ជា​រក្សា​ប្រស្រី​ភ្នែក​ឯង​ដែរ 3ចូរ​ចង​ភ្ជាប់​នៅ​ម្រាម​ដៃ ហើយ​កំណត់​ទុក​នៅ​ក្នុង​ដួង​ចិត្ត​ឯង​ផង 4ចូរ​និយាយ​ដល់​ប្រាជ្ញា​ថា ឯង​ជា​បង​ស្រី​របស់​អញ ហើយ​ត្រូវ​ហៅ​យោបល់​ថា​ជា​សំឡាញ់​ឯង 5ដើម្បី​ឲ្យ​សេចក្ដី​ទាំង​២​នោះ បាន​រក្សា​ឯង​ឲ្យ​រួច​ពី​ស្ត្រី​ដទៃ គឺ​ពី​ស្ត្រី​ក្រៅ​ដែល​និយាយ​ប្រលោម ដោយ​ពាក្យ​ផ្អែម‌ល្ហែម 6ដ្បិត​អញ​បាន​មើល​ពី​បង្អួច ហើយ​តាម​តារាង​ផ្ទះ​អញ​ទៅ 7ក៏​ពិចារណា​ក្នុង​ពួក​មនុស្ស​ឆោត​ល្ងង់ ឃើញ​ក្នុង​ពួក​កំឡោះៗ​មាន​ម្នាក់​ដែល​ឥត​យោបល់ 8កំពុង​តែ​ដើរ​ទៅ​តាម​ជ្រុង​ផ្លូវ​របស់​ស្ត្រី​នោះ ក៏​ដំរង់​ទៅ​ឯ​ផ្ទះ​នាង 9គឺ​នៅ​ពេល​ព្រលប់ កាល​ពន្លឺ​នៅ​ព្រិលៗ​នៅ​ឡើយ ឬ​នៅ​ពេល​ពាក់​កណ្តាល​អធ្រាត្រ កាល​ងងឹត​សូន្យ​ទៅ​ហើយ 10នោះ​ឃើញ​មាន​ស្ត្រី​ម្នាក់​មក​ជួប​នឹង​វា នាង​នោះ​តែង​ខ្លួន​របៀប​ជា​ស្រី​សំផឹង ហើយ​មាន​ចិត្ត​ចេះ​ឧបាយ 11នាង​ធ្វើ​សំឡេង​ឡូៗ ហើយ​ក៏​មាន​ក្បាល​រឹង ជា​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​មិន​ជាប់ 12ចួន‌កាល​នាង​នៅ​ឯ​ផ្ទះ ចួន‌កាល​នៅ​ទី​ផ្សារ ហើយ​ក៏​លប​ចាំ​នៅ​គ្រប់​ទាំង​ជ្រុង​ផ្លូវ​ផង 13គឺ​យ៉ាង​នោះ ដែល​នាង​ចាប់ ហើយ​ថើប​វា ក៏​និយាយ​នឹង​វា​ដោយ​មុខ​ក្រាស់​ថា 14នៅ​ថ្ងៃ​នេះ ខ្ញុំ​បាន​ត្រូវ​ថ្វាយ​យញ្ញ‌បូជា​ជា​ដង្វាយ​មេត្រី ក៏​បាន​លា​បំណន់​នោះ​ស្រេច​ហើយ 15ហេតុ​នោះ​បាន​ជា​ខ្ញុំ​ចេញ​មក​ទទួល​អ្នក ដើម្បី​ខំ​រក​ឲ្យ​ឃើញ​មុខ​អ្នក ក៏​បាន​ឃើញ​ហើយ 16ខ្ញុំ​បាន​ក្រាល​កំរាល​ប៉ាក់​នៅ​លើ​គ្រែ​ខ្ញុំ ព្រម​ទាំង​សំពត់​ពណ៌ ធ្វើ​ពី​អំបោះ​ស្រុក​អេស៊ីព្ទ​ផង 17ខ្ញុំ​បាន​ប្រោះ​ដំណេក​ដោយ​គ្រឿង​ក្រអូប គឺ​ដោយ​ជ័រ​ល្វីង‌ទេស ក្រឹស្នា នឹង​សម្បុរ​ល្វែង 18ចូរ​មក យើង​នឹង​បាន​ឆ្អែត​ចិត្ត​ដោយ​សេចក្ដី​ស្នេហា​ដរាប​ដល់​ភ្លឺ ចូរ​យើង​មាន​ចិត្ត​ត្រេក‌ត្រអាល​ក្នុង​សេចក្ដី​ស្រឡាញ់​ចុះ 19ដ្បិត​ប្ដី​ខ្ញុំ​មិន​នៅ​ផ្ទះ​ទេ គេហ៍​បាន​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ​ហើយ 20ក៏​យក​ថង់​ប្រាក់​ជាប់​នឹង​ខ្លួន​ទៅ​ដែរ ដល់​ពេញ​បូណ៌​ទើប​ត្រឡប់​មក​វិញ 21គឺ​ដោយ​ពាក្យ​ផ្អែម‌ល្ហែម​ជា​ច្រើន នាង​បាន​បបួល​ឲ្យ​វា​ព្រម​តាម ហើយ​ដោយ​ពាក្យ​បញ្ចើច​នៃ​បបូរ​មាត់​នាង ក៏​បង្ខំ​ឲ្យ​វា​ទៅ​ផង 22យ៉ាង​នោះ វា​ក៏​តាម​ជា​១​រំពេច ប្រៀប​ដូច​ជា​គោ​ដែល​ទៅ​ឯ​ទី​សំឡាប់ ឬ​ដូច​ជា​មនុស្ស​ជាប់​ចំណង​ដែល​នាំ​ទៅ​ឯ​ទី​វាយ‌ផ្ចាល​មនុស្ស​ចំកួត 23ទាល់​តែ​មាន​ព្រួញ​ទំលុះ​ថ្លើម​ខ្លួន ឬ​ដូច​សត្វ​ស្លាប​ហើរ​ដំរង់​ទៅ​ជាប់​លប់ ឥត​ដឹង​ថា​នឹង​ចាប់​យក​ជីវិត​ខ្លួន​ទេ។
24ដូច្នេះ កូន​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​អញ​ឥឡូវ ហើយ​ផ្ចង់​ចិត្ត​ចំពោះ​ពាក្យ​ដែល​ចេញ​ពី​មាត់​អញ​ចុះ 25កុំ​ឲ្យ​ចិត្ត​ឯង​ងាក​ទៅ​តាម​ផ្លូវ​របស់​ស្រី​យ៉ាង​នោះ​ឡើយ ក៏​កុំ​ឲ្យ​វង្វេង​ទៅ​តាម​ផ្លូវ​ច្រក​របស់​វា​ដែរ 26ដ្បិត​វា​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ត្រូវ​របួស​ដួល អើ ពួក​អ្នក​ដែល​វា​បាន​សំឡាប់ នោះ​មាន​សន្ធឹក​ណាស់ 27ផ្ទះ​របស់​វា គឺ​ជា​ផ្លូវ​នាំ​ចុះ​ទៅ​ឯ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ គឺ​នាំ​ចុះ​ទៅ​ដល់​លំនៅ​របស់​សេចក្ដី​ស្លាប់។

ទើបបានជ្រើសរើសហើយ៖

សុភាសិត 7: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល