ទំនុកដំកើង 132
132
ទំនុកច្រៀងតាមថ្នាក់។
1ឱព្រះយេហូវ៉ាអើយ
សូមទ្រង់នឹកចាំពីដាវីឌ
ហើយពីគ្រប់ទាំងសេចក្ដីទុក្ខព្រួយរបស់លោក
2ដែលលោកបានស្បថនឹងព្រះយេហូវ៉ា
ហើយបន់ដល់ព្រះដ៏ខ្លាំងពូកែនៃយ៉ាកុបថា
3ពិតប្រាកដជាទូលបង្គំនឹងមិនចូលទៅក្នុងផ្ទះ
ជាទីលំនៅរបស់ទូលបង្គំ ឬឡើងទៅដេក
នៅលើគ្រែឡើយ
4ក៏មិនព្រមឲ្យភ្នែកទូលបង្គំដេកលក់
ឬឲ្យត្របកភ្នែកធ្មេចឡើយ
5ដរាបដល់ទូលបង្គំរកបានទីកន្លែងសំរាប់ព្រះយេហូវ៉ា
គឺជាពន្លាសំរាប់ព្រះដ៏ខ្លាំងពូកែនៃយ៉ាកុប
6មើល យើងខ្ញុំបានឮនិយាយនៅភូមិអេប្រាតា
ក៏ប្រទះឃើញនៅវាលយ៉ាអើរ
7យើងខ្ញុំនឹងចូលទៅក្នុងពន្លារបស់ទ្រង់
យើងខ្ញុំនឹងក្រាបថ្វាយបង្គំ
នៅមុខទីកំណល់កល់ព្រះបាទទ្រង់
8សូមក្រោកឡើង ឱព្រះយេហូវ៉ាអើយ
សូមយាងចូលទៅក្នុងទីសំរាករបស់ទ្រង់
គឺទ្រង់ ព្រមទាំងហឹបដ៏ជាព្រះចេស្តានៃទ្រង់ផង
9សូមឲ្យពួកសង្ឃរបស់ទ្រង់បានប្រដាប់ខ្លួន
ដោយសេចក្ដីសុចរិត
ហើយឲ្យពួកអ្នកបរិសុទ្ធទាំងប៉ុន្មានរបស់ទ្រង់
ស្រែកឡើងដោយអំណរ
10សូមកុំបំបែរមុខនៃអ្នក ដែលទ្រង់បានចាក់ប្រេងតាំង
ចេញឡើយ
គឺដោយយល់ដល់ដាវីឌ ជាអ្នកបំរើទ្រង់
11ព្រះយេហូវ៉ាទ្រង់បានស្បថនឹងដាវីឌដោយសេចក្ដីពិត
ទ្រង់ក៏មិនព្រមប្រែចេញវិញឡើយ
គឺថា អញនឹងយកម្នាក់ ជាផលដែលកើតពីខ្លួនឯង
តាំងឡើងឲ្យអង្គុយលើបល្ល័ង្ករបស់ឯង
12បើសិនជាកូនចៅរបស់ឯងរក្សាសេចក្ដីសញ្ញារបស់អញ
នឹងសេចក្ដីបន្ទាល់ដែលអញនឹងបង្រៀនដល់គេ
នោះកូនចៅគេនឹងអង្គុយលើបល្ល័ង្កឯងជាដរាបតរៀងទៅ
13ដ្បិតព្រះយេហូវ៉ាទ្រង់បានរើសក្រុងស៊ីយ៉ូន
ទ្រង់សព្វព្រះហឫទ័យចង់បាន
សំរាប់ជាលំនៅរបស់ទ្រង់
14នេះជាទីសំរាករបស់អញនៅអស់កល្បជានិច្ច
អញនឹងអាស្រ័យនៅទីនេះ
ដ្បិតអញមានចិត្តចង់បានហើយ
15អញនឹងឲ្យពរជាបរិបូរ ដល់ស្បៀងអាហាររបស់ក្រុងនេះ
ហើយនឹងចំអែតមនុស្សក្រនៅក្រុងនេះ
ដោយអាហារដ៏គ្រប់គ្រាន់
16ឯពួកសង្ឃ អញនឹងតាក់តែង ដោយសេចក្ដីសង្គ្រោះ
ហើយពួកបរិសុទ្ធនឹងស្រែកហ៊ោដោយអំណរ
17នៅទីនេះ អញនឹងធ្វើឲ្យស្នែងរបស់ដាវីឌប៉ិចឡើង
អញបានចាត់ចែងចង្កៀង១ សំរាប់អ្នកដែលអញ
បានចាក់ប្រេងតាំងឲ្យ
18អញនឹងយកសេចក្ដីខ្មាស តាក់តែងឲ្យពួកខ្មាំងសត្រូវ
របស់លោក
តែនៅលើក្បាលលោកវិញ
នោះនឹងមានមកុដដ៏រុងរឿង។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 132: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.