ទំនុកដំកើង 137
137
1យើងបានអង្គុយចុះ
នៅមាត់ទន្លេស្រុកបាប៊ីឡូន
អើ យើងបានយំ ដោយនឹករឭកដល់ក្រុងស៊ីយ៉ូន
2យើងបានពាក់ព្យួរស៊ុងរបស់យើងនៅដើមចាក
នាកណ្តាលស្រុកនោះ
3ដ្បិតនៅទីនោះ ពួកអ្នកដែលនាំយើងទៅជាឈ្លើយ
គេបង្ខំឲ្យយើងច្រៀងបទ
គឺពួកអ្នកដែលបំផ្លាញយើង
គេឲ្យយើងលេង ឲ្យគេបានអរសប្បាយ
ដោយពាក្យថា ចូរច្រៀងបទ១របស់ក្រុងស៊ីយ៉ូនមក
ឲ្យយើងស្តាប់មើល
4តែយើងនឹងច្រៀងបទនៃព្រះយេហូវ៉ា
នៅក្នុងប្រទេសដទៃដូចម្តេចបាន
5ឱក្រុងយេរូសាឡិមអើយ បើសិនជាខ្ញុំភ្លេចឯង
នោះសូមឲ្យដៃស្តាំខ្ញុំភ្លេចថ្វីដៃទៅផង
6បើសិនជាខ្ញុំមិនរឭកដល់ឯង
គឺបើខ្ញុំមិនចូលចិត្តនឹងក្រុងយេរូសាឡិម
ជាជាងសេចក្ដីអំណរយ៉ាងសំខាន់របស់ខ្ញុំ
នោះសូមឲ្យអណ្តាតខ្ញុំជាប់នៅក្រអូមមាត់ចុះ
7ឱព្រះយេហូវ៉ាអើយ
សូមទ្រង់នឹកចាំពីពួកជនជាតិអេដំមថា
នៅថ្ងៃលំបាកនៃក្រុងយេរូសាឡិម នោះគេបានស្រែកថា
ចូររំលំវា ចូររំលំវាទៅ រហូតដល់ឫសជញ្ជាំងផង
8ឱកូនស្រីនៃបាប៊ីឡូនអើយ ឯងនឹងត្រូវបំផ្លាញហើយ
សប្បាយហើយ អ្នកណាដែលសងដល់ឯង
តាមការដែលឯងបានប្រព្រឹត្តនឹងយើង
9សប្បាយហើយ អ្នកណាដែលនឹងចាប់កូនតូចរបស់ឯង
ទៅបោកនឹងថ្មផង។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 137: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.