ទំនុកដំកើង 138
138
ទំនុកនៃស្តេចដាវីឌ ។
1ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់
អស់អំពីចិត្ត
ទូលបង្គំនឹងច្រៀងសរសើរទ្រង់
នៅចំពោះមុខនៃអស់ទាំងព្រះ
2ទូលបង្គំនឹងក្រាបថ្វាយបង្គំ
ដំរង់ទៅឯព្រះវិហារបរិសុទ្ធនៃទ្រង់
ព្រមទាំងអរព្រះគុណដល់ព្រះនាមទ្រង់ផង
ដោយព្រោះសេចក្ដីសប្បុរស នឹងសេចក្ដីពិតរបស់ទ្រង់
ដ្បិតទ្រង់បានដំកើងព្រះបន្ទូលទ្រង់
ឲ្យធំលើព្រះនាមទ្រង់ទៅទៀត
3នៅថ្ងៃដែលទូលបង្គំបានអំពាវនាវ
នោះទ្រង់បានឆ្លើយតបមកទូលបង្គំ
ទ្រង់បានកំឡាចិត្តទូលបង្គំ
ដោយចំរើនកំឡាំងនៃព្រលឹងទូលបង្គំ
4ឱព្រះយេហូវ៉ាអើយ អស់ទាំងស្តេចនៅផែនដីនឹងអរ
ព្រះគុណដល់ទ្រង់
ដ្បិតគេបានឮព្រះបន្ទូល
ដែលចេញពីព្រះឱស្ឋទ្រង់មកហើយ
5អើ គេនឹងច្រៀងពីអស់ទាំងផ្លូវនៃព្រះយេហូវ៉ា
ពីព្រោះសិរីល្អនៃព្រះយេហូវ៉ា នោះធំក្រៃលែង
6ដ្បិតទោះបើព្រះយេហូវ៉ាទ្រង់ខ្ពស់
គង់តែទ្រង់យល់ដល់ពួកអ្នករាបសាដែរ
តែឯមនុស្សឆ្មើងឆ្មៃ ទ្រង់ស្គាល់គេពីចំងាយហើយ
7ទោះបើទូលបង្គំដើរនៅកណ្តាលសេចក្ដីទុក្ខវេទនា
គង់តែទ្រង់នឹងចំរើនកំឡាំងដល់ទូលបង្គំផង
ទ្រង់នឹងលើកព្រះហស្តឡើង
ទាស់នឹងសេចក្ដីក្រេវក្រោធរបស់ពួកខ្មាំងសត្រូវទូលបង្គំ
ហើយព្រះហស្តស្តាំនៃទ្រង់នឹងជួយសង្គ្រោះទូលបង្គំដែរ
8ព្រះយេហូវ៉ាទ្រង់នឹងធ្វើឲ្យជំនឿនរបស់ទូលបង្គំបាន
ពេញខ្នាតឡើង
ឱព្រះយេហូវ៉ាអើយ សេចក្ដីសប្បុរសរបស់ទ្រង់
ស្ថិតស្ថេរនៅជាដរាប
សូមទ្រង់កុំបោះបង់ចោលអស់ទាំងស្នាដៃនៃព្រះហស្ត
ទ្រង់ឡើយ។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 138: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.