ទំនុកដំកើង 139
139
ទំនុកនៃស្តេចដាវីឌ ដែលទ្រង់លើកសំរាប់មេភ្លេង។
1ឱព្រះយេហូវ៉ាអើយ
ទ្រង់បានពិនិត្យមើល
ហើយបានស្គាល់ទូលបង្គំផង
2ទ្រង់ជ្រាបការដែលទូលបង្គំអង្គុយចុះ
នឹងការដែលទូលបង្គំក្រោកឡើងផង
ទ្រង់ក៏យល់គំនិតរបស់ទូលបង្គំពីចំងាយដែរ
3ទ្រង់ពិនិត្យពិចារណាផ្លូវច្រក នឹងទីដេករបស់ទូលបង្គំ
ក៏ស្គាល់អស់ទាំងផ្លូវប្រព្រឹត្តរបស់ទូលបង្គំដែរ
4ដ្បិត ឱព្រះយេហូវ៉ាអើយ
ពាក្យសំដីមិនទាន់មាននៅអណ្តាតទូលបង្គំនៅឡើយ
នោះទ្រង់ក៏ជ្រាបគ្រប់ជំពូកហើយ
5ទ្រង់បានព័ទ្ធទូលបង្គំជិតពីមុខពីក្រោយ
ហើយបានដាក់ព្រះហស្តលើទូលបង្គំ
6ការដឹងច្បាស់យ៉ាងនេះ ក៏អស្ចារ្យហួសល្បត់ទូលបង្គំ
ហើយខ្ពស់ដល់ម៉្លេះ បានជាទូលបង្គំ
ឈោងមិនដល់សោះ
7តើទូលបង្គំនឹងទៅឯណា ឲ្យរួចពីព្រះវិញ្ញាណទ្រង់
តើនឹងរត់ទៅឯណា ឲ្យរួចពីព្រះភក្ត្រទ្រង់
8ទោះបើទូលបង្គំនឹងឡើងទៅឯស្ថានសួគ៌
ក៏មានទ្រង់សណ្ឋិតនៅទីនោះ
ទោះបើទូលបង្គំនឹងរៀបដំណេកនៅស្ថានឃុំ
ព្រលឹងមនុស្សស្លាប់
នោះក៏ឃើញមានទ្រង់សណ្ឋិតនៅដែរ
9ទោះបើទូលបង្គំនឹងយកស្លាបនៃបច្ចូសកាល
ហោះទៅនៅឯទីបំផុតនៃសមុទ្រ
10គង់តែព្រះហស្តទ្រង់នឹងនាំទូលបង្គំនៅទីនោះ
ហើយព្រះហស្តស្តាំទ្រង់នឹងក្តាប់ទូលបង្គំដែរ
11បើទូលបង្គំថា សេចក្ដីងងឹតនឹងគ្របបាំង
ទូលបង្គំជាប្រាកដ
ហើយពន្លឺដែលភ្លឺនៅជុំវិញទូលបង្គំនឹងត្រឡប់ទៅជាយប់វិញ
12ដូច្នេះ ទាំងសេចក្ដីងងឹតនោះឯង មិនលាក់ពីទ្រង់ឡើយ
ទោះទាំងយប់ក៏ភ្លឺដូចជាពេលថ្ងៃដែរ
ឯសេចក្ដីងងឹត នឹងពន្លឺភ្លឺ នោះស្មើគ្នានៅចំពោះទ្រង់
13ដ្បិតគឺទ្រង់ដែលបានបង្កើតចិត្តថ្លើមនៃទូលបង្គំ
ហើយបានផ្សំគ្រឿងនៃទូលបង្គំនៅក្នុងផ្ទៃម្តាយ
14ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់
ដ្បិតទ្រង់បានបង្កើតទូលបង្គំមកយ៉ាងគួរកោត គួរអស្ចារ្យ
ឯស្នាដៃនៃទ្រង់ ក៏សុទ្ធតែអស្ចារ្យទាំងអស់
ព្រលឹងទូលបង្គំក៏ដឹងច្បាស់ហើយ
15កាលទូលបង្គំកើតមាននៅទីកំបាំង
ហើយបានសូនធ្វើបែបចំឡែកៗនៅទីទាបនៃផែនដី
នោះគ្រោងកាយរបស់ទូលបង្គំមិនកំបាំងនឹងទ្រង់ទេ
16ព្រះនេត្រទ្រង់បានឃើញធាតុនៃទូលបង្គំ
ក្នុងកាលដែលមិនទាន់មានរូបរាងនៅឡើយ
ទាំងអស់បានកត់ទុកក្នុងបញ្ជីរបស់ទ្រង់
គឺអស់ទាំងថ្ងៃអាយុ ដែលបានដំរូវឲ្យទូលបង្គំរស់នៅ
ក្នុងកាលដែលមិនទាន់មានថ្ងៃណាមួយនោះនៅឡើយ
17ឱព្រះអង្គអើយ ព្រះដំរិះរបស់ទ្រង់មានដំឡៃវិសេស
ដល់ទូលបង្គំណាស់ហ្ន៎
ក៏មានចំនួនច្រើនណាស់ផង
18បើសិនជាទូលបង្គំនឹងខំរាប់ចំនួន
នោះមានច្រើនជាងគ្រាប់ខ្សាច់ទៅទៀត
កាលណាទូលបង្គំភ្ញាក់ឡើង
នោះទូលបង្គំនៅជាមួយនឹងទ្រង់នៅឡើយ
19ឱព្រះអង្គអើយ ទ្រង់នឹងប្រហារពួក
មនុស្សអាក្រក់ជាមិនខាន
នែ ពួកមនុស្សដែលកំចាយឈាមអើយ
ចូរថយចេញពីអញទៅ
20ដ្បិតគេពោលយ៉ាងអាក្រក់ទាស់នឹងទ្រង់
ហើយពួកខ្មាំងសត្រូវរបស់ទ្រង់ គេចេញព្រះនាម
ទ្រង់ជាអសារឥតការ
21ឱព្រះយេហូវ៉ាអើយ ទូលបង្គំស្អប់ដល់ពួកអ្នក
ដែលស្អប់ទ្រង់
ក៏ខ្ពើមដល់ពួកអ្នកដែលលើកគ្នាទាស់នឹងទ្រង់ដែរទេតើ
22គឺទូលបង្គំស្អប់គេពេញទីហើយ
គេបានត្រឡប់ជាខ្មាំងសត្រូវដល់ទូលបង្គំដែរ
23ឱព្រះអង្គអើយ សូមពិនិត្យមើល
ឲ្យបានស្គាល់ចិត្តទូលបង្គំផង
សូមល្បងលឲ្យបានជ្រាបអស់ទាំងគំនិតនៃទូលបង្គំចុះ
24សូមទតមើលបើមានអំពើអាក្រក់ណានៅក្នុងទូលបង្គំ
ហើយនាំទូលបង្គំតាមផ្លូវដ៏នៅអស់កល្បជានិច្ច។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 139: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.