ទំនុកដំកើង 17:1-15

ទំនុកដំកើង 17:1-15 ពគប

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ស្តាប់​សេចក្ដី ដែល​ទៀង​ត្រង់ សូម​ប្រុង​ស្តាប់​សំរែក​នៃ​ទូលបង្គំ​ផង សូម​ផ្ទៀង​ព្រះ‌កាណ៌ ស្តាប់​សេចក្ដី​អធិស្ឋាន​របស់​ទូលបង្គំ ជា​សេចក្ដី​អធិស្ឋាន ដែល​មិន​ចេញ​ពី​បបូរ​មាត់​មាន​ពុត​ទេ សូម​ឲ្យ​ការ​សំរេច​ក្តី​របស់​ទូលបង្គំ បាន​ចេញ​ពី​ចំពោះ​ទ្រង់​មក សូម​ឲ្យ​ព្រះ‌នេត្រ​ទ្រង់​ទត​ចំពោះ​សេចក្ដី​ទៀង​ត្រង់ ទ្រង់​បាន​សាក​ល​ចិត្ត​ទូលបង្គំ​ហើយ ទ្រង់​បាន​ពិចារណា​ទូលបង្គំ​នៅ​វេលា​យប់ ទ្រង់​បាន​ពិនិត្យ​រឿង​ទូលបង្គំ ឥត​ឃើញ​កំហុស​អ្វី​សោះ ទូលបង្គំ​បាន​សំរេច​ចិត្ត​ថា មិន​ឲ្យ​មាត់​រំលង​ច្បាប់​ឡើយ ឯ​ត្រង់​ការ​ប្រព្រឹត្ត​របស់​មនុស្ស នោះ​ទូលបង្គំ​បាន​រវាំង​ខ្លួន ឲ្យ​រួច​ពី​ផ្លូវ​នៃ​មនុស្ស​ច្រឡោត ដោយ‌សារ​ព្រះ‌បន្ទូល ពី​ព្រះ‌ឱស្ឋ​ទ្រង់ ទូលបង្គំ​បាន​ឈាន​ជាប់​ទៅ​តាម​ផ្លូវ​ច្រក​របស់​ទ្រង់ ជើង​ទូលបង្គំ​មិន​បាន​រឥល​ឡើយ ឱ​ព្រះ‌អង្គ​អើយ ទូលបង្គំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់ ដ្បិត​ទ្រង់​នឹង​មាន​បន្ទូល​ឆ្លើយ​មក​ទូលបង្គំ សូម​ទ្រង់​ផ្អៀង​ព្រះ‌កាណ៌ មក​ស្តាប់​ពាក្យ​របស់​ទូលបង្គំ​ផង ឱ​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ដោយ​ព្រះ‌ហស្ត​ស្តាំ ចំពោះ​អស់​អ្នក​ដែល​ពឹង​ទ្រង់ ឲ្យ​គេ​បាន​រួច​ពី​អ្នក​តតាំង​អើយ សូម​ទ្រង់​សំដែង​សេចក្ដី​សប្បុរស​ដ៏​ប្រាកដ​ច្បាស់​មក​ផង សូម​ការ‌ពារ​រក្សា​ទូលបង្គំ ដូច​ជា​ប្រស្រី​ភ្នែក សូម​បាំង​ទូលបង្គំ នៅ​ក្រោម​ម្លប់​ចំអេង​ស្លាប​របស់​ទ្រង់ ឲ្យ​ទូលបង្គំ​បាន​រួច​ពី​មនុស្ស​អាក្រក់ ដែល​សង្កត់‌សង្កិន​ទូលបង្គំ ជា​ពួក​សត្រូវ​យ៉ាង​សាហាវ ដែល​ឡោម‌ព័ទ្ធ​ទូលបង្គំ​ជុំវិញ គេ​បិទ​ភ្ជិត​ជុំវិញ ដោយ​ខ្លាញ់​របស់​គេ ហើយ​មាត់​គេ​ពោល​តែ​ពាក្យ​ព្រហើន ឥឡូវ​នេះគេ​បាន​ព័ទ្ធ​យើង​ខ្ញុំ​ជុំវិញ នៅ​អស់​ទាំង​ជំហាន របស់​យើង​ខ្ញុំ​ហើយ គេ​ផ្តោត​ភ្នែក​ជាប់​នឹង​យើង​ខ្ញុំ ដើម្បី​ផ្តួល​ដល់​ដី គេ​ដូច​ជា​សត្វ​សិង្ហ ដែល​រវះ‌រវាម​នឹង​ហែក​ស៊ី ហើយ​ដូច​ជា​កូន​សិង្ហ ដែល​លប​ចាំ​នៅ​ទី​ស្ងាត់​កំបាំង ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ក្រោក​ឡើង​រាំង​ផ្លូវ​គេ សូម​ផ្តួល​គេ​ចុះ ហើយ​ជួយ​ព្រលឹង​ទូលបង្គំ​ឲ្យ​រួច​ពី​មនុស្ស​អាក្រក់ ដោយ‌សារ​ដាវ​នៃ​ទ្រង់ ឲ្យ​រួច​ពី​មនុស្ស​ដោយ​ព្រះ‌ហស្ត​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ គឺ​ឲ្យ​រួច​ពី​មនុស្ស​នៅ​លោកីយ​នេះ ដែល​មាន​ចំណែក របស់​គេ​នៅ​តែ​ក្នុង​ជីវិត​នេះ​ប៉ុណ្ណោះ ហើយ​ដែល​ពោះ​គេ​បាន​ឆ្អែត ដោយ‌សារ​ទ្រព្យ​របស់​ទ្រង់ គេ​បាន​ស្កប់​ចិត្ត​ដោយ​មាន​កូន​ច្រើន ហើយ​ក៏​ចែក​សំណល់​នៃ​សម្បត្តគេ​ដល់​កូន‌ង៉ែត​របស់​ខ្លួន ឯ​ទូលបង្គំ​វិញ ទូលបង្គំ​នឹង​រំពឹង​មើល​ព្រះ‌ភក្ត្រ​ទ្រង់ ដោយ​សេចក្ដី​សុចរិត កាល​ណា​ទូលបង្គំ​ភ្ញាក់​ឡើង នោះ​នឹង​បាន​ស្កប់​ចិត្ត ដោយ​ឃើញ​រូប​អង្គ​ទ្រង់។