ទំនុកតម្កើង 17:1-15
ទំនុកតម្កើង 17:1-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គទ្រង់ព្រះសណ្ដាប់ សេចក្ដីដែលទៀងត្រង់ សូមប្រុងស្តាប់សម្រែករបស់ទូលបង្គំ សូមផ្ទៀងព្រះកាណ៌ ស្តាប់ពាក្យអធិស្ឋានរបស់ទូលបង្គំ ដែលចេញពីបបូរមាត់គ្មានពុតនេះផង។ សូមការសម្រេចក្ដីរបស់ទូលបង្គំ ចេញពីព្រះអង្គមក សូមព្រះនេត្រព្រះអង្គទតមើល សេចក្ដីទៀងត្រង់។ ព្រះអង្គបានល្បងមើលចិត្តទូលបង្គំ ព្រះអង្គបានពិចារណាមើល ទូលបង្គំនៅពេលយប់ ព្រះអង្គបានពិនិត្យមើលទូលបង្គំ ឥតឃើញមានបំណងអាក្រក់ឡើយ ទូលបង្គំបានសម្រេចចិត្តថា មិនឲ្យមាត់ទូលបង្គំមានបាបឡើយ។ ចំណែកឯការប្រព្រឹត្តរបស់មនុស្ស ទូលបង្គំបានចៀសចេញ ពីផ្លូវរបស់មនុស្សឃោរឃៅ ដោយសារព្រះបន្ទូល ពីព្រះឱស្ឋរបស់ព្រះអង្គ។ ទូលបង្គំបោះជំហានតាមផ្លូវច្រក របស់ព្រះអង្គជាប់ ជើងទូលបង្គំមិនបានរអិលឡើយ។ ឱព្រះអើយ ទូលបង្គំបានអំពាវនាវរកព្រះអង្គ ដ្បិតព្រះអង្គនឹងឆ្លើយតបមកទូលបង្គំ សូមផ្អៀងព្រះកាណ៌ស្តាប់ទូលបង្គំ សូមព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យទូលបង្គំផង! ឱព្រះសង្គ្រោះនៃអស់អ្នក ដែលស្វែងរកទីពឹងជ្រក ក្រោមព្រះហស្តស្តាំរបស់ព្រះអង្គ ឲ្យរួចពីពួកបច្ចាមិត្តអើយ សូមសម្ដែងព្រះហឫទ័យសប្បុរស ដ៏អស្ចារ្យរបស់ព្រះអង្គផង។ សូមការពាររក្សាទូលបង្គំដូចប្រស្រីភ្នែក សូមបាំងទូលបង្គំក្រោមម្លប់ នៃចំអេងស្លាបរបស់ព្រះអង្គ ឲ្យទូលបង្គំបានរួចពីមនុស្សអាក្រក់ ដែលសង្កត់សង្កិនទូលបង្គំ ជាសត្រូវយ៉ាងសាហាវ ដែលឡោមព័ទ្ធជុំវិញទូលបង្គំ។ ចិត្តរបស់គេគ្មានសេចក្ដីអាណិតអាសូរទេ មាត់របស់គេពោលពាក្យយ៉ាងព្រហើន។ ឥឡូវនេះ គេហ៊ុមព័ទ្ធជំហានយើងខ្ញុំ គេសម្លក់សម្លឹងដើម្បីផ្ដួលយើងខ្ញុំឲ្យរាបដល់ដី។ គេដូចជាសត្វសិង្ហ ដែលប្រុងតែនឹងហែកស៊ី ដូចជាកូនសិង្ហ ដែលលបចាំចាប់រំពា។ ឱព្រះយេហូវ៉ាអើយ សូមក្រោកឡើង! សូមប្រឈមមុខនឹងគេ សូមផ្ដួលគេ ហើយរំដោះជីវិតទូលបង្គំ ឲ្យរួចពីមនុស្សអាក្រក់ ដោយសារដាវរបស់ព្រះអង្គ ឲ្យរួចពីមនុស្សដោយព្រះហស្តរបស់ព្រះអង្គ ឱព្រះយេហូវ៉ាអើយ គឺឲ្យរួចពីមនុស្សលោកីយ៍នេះ ដែលចំណែករបស់គេ មានតែនៅក្នុងជីវិតនេះប៉ុណ្ណោះ។ ពោះគេបានឆ្អែតដោយសារទ្រព្យសម្បត្តិ របស់ព្រះអង្គ គេបានស្កប់ចិត្តដោយមានកូនច្រើន ហើយគេចែកទ្រព្យសម្បត្តិ ដល់កូនង៉ែតរបស់គេទៀតផង។ ឯទូលបង្គំវិញ ទូលបង្គំនឹងរំពឹងមើលព្រះភក្ត្រព្រះអង្គ ដោយសេចក្ដីសុចរិត កាលណាទូលបង្គំភ្ញាក់ឡើង ទូលបង្គំនឹងបានស្កប់ចិត្ត ដោយឃើញរូបអង្គទ្រង់។
ទំនុកតម្កើង 17:1-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះអម្ចាស់អើយ! សូមទ្រង់ព្រះសណ្ដាប់សំណូមពរ ដ៏ត្រឹមត្រូវរបស់ទូលបង្គំ សូមយកព្រះហឫទ័យទុកដាក់នឹង សម្រែករបស់ទូលបង្គំ សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យទូលអង្វររបស់ ទូលបង្គំដែលហូរចេញពីដួងចិត្តដ៏ស្មោះត្រង់។ សូមរកយុត្តិធម៌ឲ្យទូលបង្គំផង ដ្បិតព្រះអង្គទតឃើញយ៉ាងច្បាស់នូវអ្វីៗ ដែលត្រឹមត្រូវ។ ព្រះអង្គស្គាល់ចិត្តទូលបង្គំច្បាស់ហើយ ព្រះអង្គបានពិនិត្យមើលចិត្តទូលបង្គំនៅពេលយប់ ព្រះអង្គបានល្បងចិត្តទូលបង្គំ តែពុំឃើញមានបំណងអាក្រក់អ្វីទេ ទូលបង្គំមិនបានពោលពាក្យអ្វីខុសឡើយ ។ ទូលបង្គំយកចិត្តទុកដាក់នឹងព្រះបន្ទូល របស់ព្រះអង្គ ហើយប្រយ័ត្នខ្លួនមិនប្រព្រឹត្តអំពើឃោរឃៅ ដូចមនុស្សឯទៀតៗនោះឡើយ។ ទូលបង្គំដើរតាមមាគ៌ារបស់ព្រះអង្គយ៉ាងខ្ជាប់ខ្ជួន ទូលបង្គំបោះជំហានតាមឥតលម្អៀងទេ។ ឱព្រះជាម្ចាស់អើយ ទូលបង្គំអង្វររកព្រះអង្គ ដ្បិតព្រះអង្គតែងតែឆ្លើយតបនឹងទូលបង្គំ! សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំ សូមទ្រង់ព្រះសណ្ដាប់ពាក្យរបស់ទូលបង្គំផង!។ ព្រះអង្គតែងតែសង្គ្រោះអស់អ្នក ដែលមកជ្រកកោនក្រោមម្លប់បារមីរបស់ព្រះអង្គ ឲ្យរួចពីពួកអ្នកសង្កត់សង្កិនគេ ដូច្នេះ សូមសម្តែងព្រះហឫទ័យសប្បុរសដ៏អស្ចារ្យរបស់ព្រះអង្គផង។ សូមរក្សាទូលបង្គំដូចរក្សាប្រស្រីភ្នែក សូមការពារទូលបង្គំដូចសត្វស្លាបក្រុងកូនរបស់វា សូមកុំឲ្យមនុស្សពាលធ្វើទុក្ខបៀតបៀនទូលបង្គំ កុំឲ្យខ្មាំងសត្រូវមកឡោមព័ទ្ធប្រល័យ ជីវិតទូលបង្គំបានឡើយ។ អ្នកទាំងនោះគ្មានចិត្តត្រាប្រណីទេ មាត់គេពោលចេញមកនូវពាក្យអួតបំប៉ោង ពួកគេដេញតាមទូលបង្គំទាន់ ហើយឡោមព័ទ្ធទូលបង្គំទៀតផង គេសម្លក់សម្លឹងមកទូលបង្គំ បម្រុងនឹងប្រហារជីវិតទូលបង្គំ ពួកគេប្រៀបបីដូចជាសត្វសិង្ហ ដែលរង់ចាំតែហែកស៊ី និងដូចជាសត្វសាហាវ ដែលពួនចាំចាប់រំពា។ ឱព្រះអម្ចាស់អើយ សូមតើនឡើង! សូមយាងទៅប្រឈមមុខនឹងពួកគេ ឲ្យពួកគេបរាជ័យ! សូមយកព្រះខ័នរបស់ព្រះអង្គមករំដោះ ទូលបង្គំឲ្យរួចពីកណ្ដាប់ដៃរបស់ជនពាល។ ឱព្រះអម្ចាស់អើយ សូមដេញពួកគេចេញពីចំណោម មនុស្សលោក ដោយឫទ្ធិបារមីរបស់ព្រះអង្គ សូមដាក់ទោសពួកគេ ឲ្យជីវិតពួកគេ រងទុក្ខវេទនាយ៉ាងខ្លាំង តាំងពីកូនរហូតដល់ចៅ។ ចំពោះទូលបង្គំវិញ ដោយទូលបង្គំប្រព្រឹត្តតាមសេចក្ដីសុចរិត ទូលបង្គំនឹងបានឃើញព្រះភ័ក្ត្រព្រះអង្គ ពេលទូលបង្គំក្រោកពីដំណេក ទូលបង្គំបានស្កប់ចិត្ត ដោយព្រះអង្គគង់ជាមួយ។
ទំនុកតម្កើង 17:1-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះយេហូវ៉ាអើយ សូមស្តាប់សេចក្ដី ដែលទៀងត្រង់ សូមប្រុងស្តាប់សំរែកនៃទូលបង្គំផង សូមផ្ទៀងព្រះកាណ៌ ស្តាប់សេចក្ដីអធិស្ឋានរបស់ទូលបង្គំ ជាសេចក្ដីអធិស្ឋាន ដែលមិនចេញពីបបូរមាត់មានពុតទេ សូមឲ្យការសំរេចក្តីរបស់ទូលបង្គំ បានចេញពីចំពោះទ្រង់មក សូមឲ្យព្រះនេត្រទ្រង់ទតចំពោះសេចក្ដីទៀងត្រង់ ទ្រង់បានសាកលចិត្តទូលបង្គំហើយ ទ្រង់បានពិចារណាទូលបង្គំនៅវេលាយប់ ទ្រង់បានពិនិត្យរឿងទូលបង្គំ ឥតឃើញកំហុសអ្វីសោះ ទូលបង្គំបានសំរេចចិត្តថា មិនឲ្យមាត់រំលងច្បាប់ឡើយ ឯត្រង់ការប្រព្រឹត្តរបស់មនុស្ស នោះទូលបង្គំបានរវាំងខ្លួន ឲ្យរួចពីផ្លូវនៃមនុស្សច្រឡោត ដោយសារព្រះបន្ទូល ពីព្រះឱស្ឋទ្រង់ ទូលបង្គំបានឈានជាប់ទៅតាមផ្លូវច្រករបស់ទ្រង់ ជើងទូលបង្គំមិនបានរឥលឡើយ ឱព្រះអង្គអើយ ទូលបង្គំបានអំពាវនាវដល់ទ្រង់ ដ្បិតទ្រង់នឹងមានបន្ទូលឆ្លើយមកទូលបង្គំ សូមទ្រង់ផ្អៀងព្រះកាណ៌ មកស្តាប់ពាក្យរបស់ទូលបង្គំផង ឱព្រះដ៏ជួយសង្គ្រោះដោយព្រះហស្តស្តាំ ចំពោះអស់អ្នកដែលពឹងទ្រង់ ឲ្យគេបានរួចពីអ្នកតតាំងអើយ សូមទ្រង់សំដែងសេចក្ដីសប្បុរសដ៏ប្រាកដច្បាស់មកផង សូមការពាររក្សាទូលបង្គំ ដូចជាប្រស្រីភ្នែក សូមបាំងទូលបង្គំ នៅក្រោមម្លប់ចំអេងស្លាបរបស់ទ្រង់ ឲ្យទូលបង្គំបានរួចពីមនុស្សអាក្រក់ ដែលសង្កត់សង្កិនទូលបង្គំ ជាពួកសត្រូវយ៉ាងសាហាវ ដែលឡោមព័ទ្ធទូលបង្គំជុំវិញ គេបិទភ្ជិតជុំវិញ ដោយខ្លាញ់របស់គេ ហើយមាត់គេពោលតែពាក្យព្រហើន ឥឡូវនេះគេបានព័ទ្ធយើងខ្ញុំជុំវិញ នៅអស់ទាំងជំហាន របស់យើងខ្ញុំហើយ គេផ្តោតភ្នែកជាប់នឹងយើងខ្ញុំ ដើម្បីផ្តួលដល់ដី គេដូចជាសត្វសិង្ហ ដែលរវះរវាមនឹងហែកស៊ី ហើយដូចជាកូនសិង្ហ ដែលលបចាំនៅទីស្ងាត់កំបាំង ឱព្រះយេហូវ៉ាអើយ សូមទ្រង់ក្រោកឡើងរាំងផ្លូវគេ សូមផ្តួលគេចុះ ហើយជួយព្រលឹងទូលបង្គំឲ្យរួចពីមនុស្សអាក្រក់ ដោយសារដាវនៃទ្រង់ ឲ្យរួចពីមនុស្សដោយព្រះហស្តទ្រង់ ឱព្រះយេហូវ៉ាអើយ គឺឲ្យរួចពីមនុស្សនៅលោកីយនេះ ដែលមានចំណែក របស់គេនៅតែក្នុងជីវិតនេះប៉ុណ្ណោះ ហើយដែលពោះគេបានឆ្អែត ដោយសារទ្រព្យរបស់ទ្រង់ គេបានស្កប់ចិត្តដោយមានកូនច្រើន ហើយក៏ចែកសំណល់នៃសម្បត្តគេដល់កូនង៉ែតរបស់ខ្លួន ឯទូលបង្គំវិញ ទូលបង្គំនឹងរំពឹងមើលព្រះភក្ត្រទ្រង់ ដោយសេចក្ដីសុចរិត កាលណាទូលបង្គំភ្ញាក់ឡើង នោះនឹងបានស្កប់ចិត្ត ដោយឃើញរូបអង្គទ្រង់។