ទំនុកតម្កើង 17:1-15

ទំនុកតម្កើង 17:1-15 គកស១៦

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់ សេចក្ដី​ដែល​ទៀង​ត្រង់ សូម​ប្រុង​ស្តាប់​សម្រែក​របស់​ទូល‌បង្គំ សូម​ផ្ទៀង​ព្រះ‌កាណ៌ ស្តាប់​ពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ ដែល​ចេញ​ពី​បបូរ​មាត់​គ្មាន​ពុត​នេះ​ផង។ សូម​ការ​សម្រេច​ក្ដី​របស់​ទូល‌បង្គំ ចេញ​ពីព្រះ‌អង្គ​មក សូម​ព្រះ‌នេត្រ​ព្រះ‌អង្គ​ទត​មើល សេចក្ដី​ទៀង​ត្រង់។ ព្រះ‌អង្គ​បាន​ល្បង​មើល​ចិត្ត​ទូល‌បង្គំ ព្រះ‌អង្គ​បាន​ពិចារណា​មើល ទូល‌បង្គំ​នៅ​ពេល​យប់ ព្រះ‌អង្គ​បាន​ពិនិត្យ​មើល​ទូល‌បង្គំ ឥត​ឃើញ​មាន​បំណង​អាក្រក់​ឡើយ ទូល‌បង្គំ​បាន​សម្រេច​ចិត្ត​ថា មិន​ឲ្យ​មាត់​ទូល‌បង្គំ​មាន​បាប​ឡើយ។ ចំណែកឯ​ការ​ប្រព្រឹត្ត​របស់​មនុស្ស ទូល‌បង្គំ​បាន​ចៀស​ចេញ ពី​ផ្លូវ​របស់​មនុស្ស​ឃោរ‌ឃៅ ដោយ‌សារ​ព្រះ‌បន្ទូល ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ។ ទូល‌បង្គំ​បោះ​ជំហាន​តាម​ផ្លូវ​ច្រក របស់​ព្រះ‌អង្គ​ជាប់ ជើង​ទូល‌បង្គំ​មិន​បាន​រអិល​ឡើយ។ ឱ​ព្រះ​អើយ ទូល‌បង្គំ​បាន​អំពាវ‌នាវ​រក​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​នឹង​ឆ្លើយ​តប​មក​ទូល‌បង្គំ សូម​ផ្អៀង​ព្រះ‌កាណ៌​ស្តាប់​ទូល‌បង្គំ សូម​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌បង្គំ​ផង! ឱ​ព្រះ‌សង្គ្រោះ​នៃ​អស់​អ្នក ដែល​ស្វែង​រក​ទី​ពឹង​ជ្រក ក្រោម​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ ឲ្យ​រួច​ពី​ពួក​បច្ចា‌មិត្ត​អើយ សូម​សម្ដែង​ព្រះ‌ហឫ‌ទ័យ​សប្បុរស ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ​ផង។ សូម​ការពារ​រក្សា​ទូល‌បង្គំ​ដូច​ប្រស្រី​ភ្នែក សូម​បាំង​ទូល‌បង្គំ​ក្រោម​ម្លប់ នៃ​ចំអេង​ស្លាប​របស់​ព្រះ‌អង្គ ឲ្យ​ទូល‌បង្គំ​បាន​រួច​ពី​មនុស្ស​អាក្រក់ ដែល​សង្កត់‌សង្កិន​ទូល‌បង្គំ ជា​សត្រូវ​យ៉ាង​សាហាវ ដែល​ឡោម‌ព័ទ្ធជុំ​វិញ​ទូល‌បង្គំ។ ចិត្ត​របស់​គេ​គ្មាន​សេចក្ដី​អាណិត​អាសូរ​ទេ មាត់​របស់​គេ​ពោល​ពាក្យ​យ៉ាង​ព្រហើន។ ឥឡូវ​នេះ គេ​ហ៊ុមព័ទ្ធ​ជំហាន​យើង​ខ្ញុំ គេ​សម្លក់​សម្លឹង​ដើម្បី​ផ្ដួល​យើង​ខ្ញុំ​ឲ្យ​រាប​ដល់​ដី។ គេ​ដូច​ជា​សត្វ​សិង្ហ ដែល​ប្រុង​តែ​នឹង​ហែក​ស៊ី ដូច​ជា​កូន​សិង្ហ ដែល​លប​ចាំ​ចាប់​រំពា។ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ក្រោក​ឡើង! សូម​ប្រឈម​មុខ​នឹង​គេ សូម​ផ្ដួល​គេ ហើយ​រំដោះ​ជីវិត​ទូល‌បង្គំ ឲ្យ​រួច​ពី​មនុស្ស​អាក្រក់ ដោយ‌សារ​ដាវ​របស់​ព្រះ‌អង្គ ឲ្យ​រួច​ពី​មនុស្ស​ដោយ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ឱ​ព្រះ‌យេហូវ៉ា​អើយ គឺ​ឲ្យ​រួច​ពី​មនុស្ស​លោកីយ៍​នេះ ដែល​ចំណែក​របស់​គេ មាន​តែ​នៅ​ក្នុង​ជីវិត​នេះ​ប៉ុណ្ណោះ។ ពោះ​គេ​បាន​ឆ្អែត​ដោយ‌សារ​ទ្រព្យ​សម្បត្តិ របស់​ព្រះ‌អង្គ គេ​បាន​ស្កប់​ចិត្ត​ដោយ​មាន​កូន​ច្រើន ហើយ​គេ​ចែក​ទ្រព្យ​សម្បត្តិ ដល់​កូន​ង៉ែត​របស់​គេ​ទៀត​ផង។ ឯ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​នឹង​រំពឹង​មើល​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ ដោយ​សេចក្ដី​សុចរិត កាល​ណា​ទូល‌បង្គំ​ភ្ញាក់​ឡើង ទូល‌បង្គំ​នឹង​បាន​ស្កប់​ចិត្ត ដោយ​ឃើញ​រូប​អង្គ​ទ្រង់។