ទំនុកតម្កើង 17:1-15

ទំនុកតម្កើង 17:1-15 គខប

ឱ​ព្រះ‌អម្ចាស់​អើយ! សូម​ទ្រង់​ព្រះ‌សណ្ដាប់​សំណូម​ពរ ដ៏​ត្រឹម​ត្រូវ​របស់​ទូលបង្គំ សូម​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង សម្រែក​របស់​ទូលបង្គំ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ​ទូល‌អង្វរ​របស់ ទូលបង្គំ​ដែល​ហូរ​ចេញ​ពី​ដួង​ចិត្ត​ដ៏​ស្មោះ​ត្រង់។ សូម​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ​ផង ដ្បិត​ព្រះអង្គ​ទត​ឃើញ​យ៉ាង​ច្បាស់​នូវ​អ្វីៗ ដែល​ត្រឹម​ត្រូវ។ ព្រះអង្គ​ស្គាល់​ចិត្ត​ទូលបង្គំ​ច្បាស់​ហើយ ព្រះអង្គ​បាន​ពិនិត្យ​មើល​ចិត្ត​ទូលបង្គំ​នៅ​ពេល​យប់ ព្រះអង្គ​បាន​ល្បង​ចិត្ត​ទូលបង្គំ តែ​ពុំ​ឃើញ​មាន​បំណង​អាក្រក់​អ្វី​ទេ ទូលបង្គំ​មិន​បាន​ពោល​ពាក្យ​អ្វី​ខុស​ឡើយ ។ ទូលបង្គំ​យក​ចិត្ត​ទុក​ដាក់​នឹង​ព្រះ‌បន្ទូល របស់​ព្រះអង្គ ហើយ​ប្រយ័ត្ន​ខ្លួន​មិន​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ ដូច​មនុស្ស​ឯ​ទៀតៗ​នោះ​ឡើយ។ ទូលបង្គំ​ដើរ​តាម​មាគ៌ា​របស់​ព្រះអង្គ​យ៉ាង​ខ្ជាប់​ខ្ជួន ទូលបង្គំ​បោះ​ជំហាន​តាម​ឥត​លម្អៀង​ទេ។ ឱ​ព្រះ‌ជាម្ចាស់​អើយ ទូលបង្គំ​អង្វរ​រក​ព្រះអង្គ ដ្បិត​ព្រះអង្គ​តែងតែ​ឆ្លើយ​តប​នឹង​ទូលបង្គំ! សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ទូលបង្គំ សូម​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​របស់​ទូលបង្គំ​ផង!។ ព្រះអង្គ​តែងតែ​សង្គ្រោះ​អស់​អ្នក ដែល​មក​ជ្រក​កោន​ក្រោម​ម្លប់​បារមី​របស់​ព្រះអង្គ ឲ្យ​រួច​ពី​ពួក​អ្នក​សង្កត់‌សង្កិន​គេ ដូច្នេះ សូម​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​ផង។ សូម​រក្សា​ទូលបង្គំ​ដូច​រក្សា​ប្រស្រី‌ភ្នែក សូម​ការពារ​ទូលបង្គំ​ដូច​សត្វ​ស្លាប​ក្រុង​កូន​របស់​វា សូម​កុំ​ឲ្យ​មនុស្ស​ពាល​ធ្វើ​ទុក្ខ​បៀត‌បៀន​ទូលបង្គំ កុំ​ឲ្យ​ខ្មាំង​សត្រូវ​មក​ឡោម‌ព័ទ្ធ​ប្រល័យ ជីវិត​ទូលបង្គំ​បាន​ឡើយ។ អ្នក​ទាំង​នោះ​គ្មាន​ចិត្ត​ត្រា‌ប្រណី​ទេ មាត់​គេ​ពោល​ចេញ​មក​នូវ​ពាក្យ​អួត​បំប៉ោង ពួក​គេ​ដេញ​តាម​ទូលបង្គំ​ទាន់ ហើយ​ឡោម‌ព័ទ្ធ​ទូលបង្គំ​ទៀត​ផង គេ​សម្លក់‌សម្លឹង​មក​ទូលបង្គំ បម្រុង​នឹង​ប្រហារ​ជីវិត​ទូលបង្គំ ពួក​គេ​ប្រៀប‌បី​ដូច​ជា​សត្វ​សិង្ហ ដែល​រង់‌ចាំ​តែ​ហែក​ស៊ី និង​ដូច​ជា​សត្វ​សាហាវ ដែល​ពួន​ចាំ​ចាប់​រំពា។ ឱ​ព្រះ‌អម្ចាស់​អើយ សូម​តើន​ឡើង! សូម​យាង​ទៅ​ប្រឈម​មុខ​នឹង​ពួក​គេ ឲ្យ​ពួក​គេ​បរា‌ជ័យ! សូម​យក​ព្រះ‌ខ័ន​របស់​ព្រះអង្គ​មក​រំដោះ ទូលបង្គំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន​ពាល។ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ដេញ​ពួក​គេ​ចេញ​ពី​ចំណោម មនុស្ស​លោក ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះអង្គ សូម​ដាក់​ទោស​ពួក​គេ ឲ្យ​ជីវិត​ពួក​គេ រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង តាំង​ពី​កូន​រហូត​ដល់​ចៅ។ ចំពោះ​ទូលបង្គំ​វិញ ដោយ​ទូលបង្គំ​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត ទូលបង្គំ​នឹង​បាន​ឃើញ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ ពេល​ទូលបង្គំ​ក្រោក​ពី​ដំណេក ទូលបង្គំ​បាន​ស្កប់​ចិត្ត ដោយ​ព្រះអង្គ​គង់​ជា​មួយ។