ទំនុកដំកើង 20
20
ទំនុកនៃស្តេចដាវីឌ ដែលទ្រង់លើកសំរាប់មេភ្លេង។
1សូមឲ្យព្រះយេហូវ៉ាមានបន្ទូលឆ្លើយដល់
ព្រះករុណា នៅថ្ងៃមានចលាចល
សូមឲ្យព្រះនាមនៃព្រះរបស់យ៉ាកុប
បានតាំងទ្រង់ឡើងនៅលើទីខ្ពស់
2ព្រមទាំងចាត់សេចក្ដីជំនួយពីទីបរិសុទ្ធមកជួយទ្រង់
ហើយចំរើនកំឡាំងទ្រង់ពីក្រុងស៊ីយ៉ូនមក
3ទាំងនឹកចាំពីបណ្តាដង្វាយរបស់ទ្រង់
ហើយទទួលយញ្ញបូជារបស់ទ្រង់ផង។ –បង្អង់
4៙ សូមឲ្យព្រះបានប្រោសដល់ទ្រង់តាមបំណងព្រះទ័យ
ហើយធ្វើសំរេចតាមគ្រប់ទាំងគំនិតរបស់ព្រះករុណា
5យើងខ្ញុំនឹងអរសប្បាយដោយទ្រង់មានជ័យជំនះ
ហើយនឹងលើកទង់ជ័យឡើង
ដោយនូវព្រះនាមនៃព្រះរបស់យើងខ្ញុំ
សូមឲ្យព្រះយេហូវ៉ាធ្វើសំរេចតាមអស់ទាំង
សេចក្ដីសំណូមរបស់ព្រះករុណាផង។
6៙ ឥឡូវនេះ ខ្ញុំដឹងហើយ ថាព្រះយេហូវ៉ាទ្រង់ជួយ
សង្គ្រោះដល់អ្នកដែលទ្រង់បានចាក់ប្រេងតាំងឲ្យ
ទ្រង់នឹងមានបន្ទូលឆ្លើយពីស្ថានសួគ៌ដ៏បរិសុទ្ធរបស់ទ្រង់
ដោយផ្សាយកំឡាំងនៃព្រះហស្តស្តាំដែលតែងតែជួយ
7អ្នកខ្លះពឹងនឹងរទេះចំបាំង ខ្លះទៀតពឹងនឹងសេះ តែយើងខ្ញុំនឹងនឹកចាំពីព្រះនាមព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំវិញ
8ឯអ្នកទាំងនោះ គេត្រូវឱន ហើយដួលចុះ
តែយើងខ្ញុំបានក្រោកឈរត្រង់ឡើង
9ឱព្រះយេហូវ៉ាអើយ សូមជួយសង្គ្រោះផង
សូមឲ្យមហាក្សត្របានមានបន្ទូលឆ្លើយ ក្នុងកាលដែល
យើងខ្ញុំអំពាវនាវរកទ្រង់។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 20: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.