ទំនុកដំកើង 25

25
ទំនុក​នៃ​ស្តេច​ដាវីឌ។
1ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​សូម​លើក
ព្រលឹង​ថ្វាយ​ដល់​ទ្រង់
2ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​ទុក​ចិត្ត​នឹង​ទ្រង់
សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​ខ្មាស​ឡើយ
សូម​កុំ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​មាន​សេចក្ដី​អំណរ
ដោយ​ឈ្នះ​ទូលបង្គំ​ឲ្យ​សោះ
3ប៉ុន្តែអស់​អ្នក​ដែល​មាន​ចិត្ត​សង្ឃឹម​ដល់​ទ្រង់
នោះ​មិន​ត្រូវ​ខ្មាស​ឡើយ
គឺ​ពួក​អ្នក​ប្រព្រឹត្ត​ក្បត់ ដោយ​ឥត​ហេតុ
ដែល​ត្រូវ​ខ្មាស​វិញ
4ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​បង្ហាញ​អស់​ទាំង​ផ្លូវ​របស់​ទ្រង់
ដល់​ទូលបង្គំ
សូម​បង្រៀន​ទូលបង្គំ​ក្នុង​ផ្លូវ​ច្រក​របស់​ទ្រង់
5សូម​នាំ ហើយ​បង្រៀន​ទូលបង្គំ
ក្នុង​សេចក្ដី​ពិត​របស់​ទ្រង់​ផង
ដ្បិត​ទ្រង់​ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ទូលបង្គំ
ទូលបង្គំ​សង្ឃឹម​ដល់​ទ្រង់​ដរាប​រាល់​ថ្ងៃ
6ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​នឹក​ចាំ​ពី​សេចក្ដី​មេត្តា
ដ៏​ទន់​សន្តោស នឹង​សេចក្ដី​សប្បុរស​របស់​ទ្រង់
ដ្បិត​សេចក្ដី​ទាំង​នោះ​មាន​នៅ​ពី​បុរាណ​រៀង​មក
7សូម​កុំ​នឹក​ចាំ​ពី​បាប​ដែល​ទូលបង្គំ​ប្រព្រឹត្ត​កាល​នៅ​ក្មេង
ឬ​អំពើ​រំលង​របស់​ទូលបង្គំ​នោះ​ឡើយ
ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​នឹក​ចាំ​ពី​ទូលបង្គំ
ដោយ​សេចក្ដី​សប្បុរស​នៃ​ទ្រង់​វិញ
ដោយ​យល់​ដល់​ព្រះ‌គុណ​របស់​ទ្រង់
8ព្រះ‌យេហូវ៉ា​ទ្រង់​ល្អ ហើយ​ទៀង​ត្រង់
ដូច្នេះ ទ្រង់​នឹង​បង្ហាត់​មនុស្ស​មាន​បាប​ឲ្យ​តាម​ផ្លូវ​ទ្រង់​វិញ
9ទ្រង់​នឹង​នាំ​មនុស្ស​សុភាព​ក្នុង​សេចក្ដី​យុត្តិ‌ធម៌
ហើយ​នឹង​បង្រៀន​មនុស្ស​រាប‌ទាប ឲ្យ​ស្គាល់​ផ្លូវ​ទ្រង់
10អស់​ទាំង​ផ្លូវ​នៃ​ព្រះ‌យេហូវ៉ា សុទ្ធ​តែ​ប្រកប
ដោយ​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ពិត
ចំពោះ​អស់​អ្នក​ដែល​កាន់​តាម​សេចក្ដី​សញ្ញា
នឹង​សេចក្ដី​បន្ទាល់​របស់​ទ្រង់
11ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​អត់​ទោស​ការ​ទុច្ចរិត
ដ៏​មាន​ទំងន់​របស់​ទូលបង្គំ​ផង
ដោយ​យល់​ដល់​ព្រះ‌នាម​ទ្រង់
12តើ​មាន​មនុស្ស​ណា​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា
ទ្រង់​នឹង​បង្ហាញ​ឲ្យ​អ្នក​នោះ​ស្គាល់​ផ្លូវ​ដែល​ត្រូវ​រើស​យក
13ព្រលឹង​អ្នក​នោះ​នឹង​នៅ​ដោយ​សុខ‌សាន្ត
ហើយ​ពូជ‌ពង្ស​របស់​អ្នក​នោះ​នឹង​បាន​ផែនដី​ជា​មរដក
14សេចក្ដី​មេត្រី​មិត្រ​របស់​ព្រះ‌យេហូវ៉ា
នៅ​ជា​មួយ​នឹង​អ្នក​ណា​ដែល​កោត‌ខ្លាច​ដល់​ទ្រង់
ទ្រង់​នឹង​សំដែង​ឲ្យ​គេ​ស្គាល់​សេចក្ដី​សញ្ញា​របស់​ទ្រង់
15ភ្នែក​ទូលបង្គំ​មើល​ទៅ​ឯ​ព្រះ‌យេហូវ៉ា​ជា​ដរាប
ដ្បិត​ទ្រង់​នឹង​ដោះ​ជើង​ទូលបង្គំ​ឲ្យ​រួច​ពី​អន្ទាក់
16សូម​ទ្រង់​បែរ​មក​មាន​សេចក្ដី​មេត្តា​ដល់​ទូលបង្គំ​ផង
ដ្បិត​ទូលបង្គំ​នៅ​តែ​ឯង ហើយ​មាន​សេចក្ដី​វេទនា
17សេចក្ដី​ទុក្ខ​ព្រួយ​ក្នុង​ចិត្ត​ទូលបង្គំ​បាន​កើន​ឡើង​ជា​ខ្លាំង
ឱ​សូម​នាំ​ទូលបង្គំ​ចេញ​ពី​សេចក្ដីទុក្ខ​លំបាក​នៃ​ទូលបង្គំ
18សូម​ពិនិត្យ​មើល​សេចក្ដី​វេទនា
នឹង​សេចក្ដី​នឿយ​ព្រួយ​របស់​ទូលបង្គំ
ហើយ​អត់​ទោស​អស់​ទាំង​បាប​របស់​ទូលបង្គំ​ផង
19សូម​ពិចារណា​មើល​ពួក​ខ្មាំង​ទូលបង្គំ​ដែល​មាន​គ្នា​ច្រើន
ហើយ​មាន​សេចក្ដី​សំអប់ស្អប់​ដល់​ទូលបង្គំ
ដោយ​ចិត្ត​សាហាវ​ណាស់
20ឱ​សូម​រក្សា​ព្រលឹង​នៃ​ទូលបង្គំ ហើយ​ជួយ​ឲ្យ​រួច​ផង
សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវខ្មាស​ឡើយ
ដ្បិត​ទូលបង្គំ​ពឹងដល់​ទ្រង់
21សូម​ឲ្យ​សេចក្ដី​សុចរិត នឹង​សេចក្ដី​ទៀង​ត្រង់
ការ‌ពារ​ទូលបង្គំ​ទុក ដ្បិត​ទូលបង្គំ​សង្ឃឹម​ដល់​ទ្រង់
22ឱ​ព្រះ‌អង្គ​អើយ សូម​លោះ​សាសន៍​អ៊ីស្រាអែល
ឲ្យ​រួច​ពី​គ្រប់​សេចក្ដី​វេទនា​របស់​គេ​ផង។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 25: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល