ទំនុកដំកើង 25
25
ទំនុកនៃស្តេចដាវីឌ។
1ឱព្រះយេហូវ៉ាអើយ ទូលបង្គំសូមលើក
ព្រលឹងថ្វាយដល់ទ្រង់
2ឱព្រះនៃទូលបង្គំអើយ ទូលបង្គំទុកចិត្តនឹងទ្រង់
សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ
សូមកុំឲ្យពួកខ្មាំងសត្រូវមានសេចក្ដីអំណរ
ដោយឈ្នះទូលបង្គំឲ្យសោះ
3ប៉ុន្តែអស់អ្នកដែលមានចិត្តសង្ឃឹមដល់ទ្រង់
នោះមិនត្រូវខ្មាសឡើយ
គឺពួកអ្នកប្រព្រឹត្តក្បត់ ដោយឥតហេតុ
ដែលត្រូវខ្មាសវិញ
4ឱព្រះយេហូវ៉ាអើយ សូមបង្ហាញអស់ទាំងផ្លូវរបស់ទ្រង់
ដល់ទូលបង្គំ
សូមបង្រៀនទូលបង្គំក្នុងផ្លូវច្រករបស់ទ្រង់
5សូមនាំ ហើយបង្រៀនទូលបង្គំ
ក្នុងសេចក្ដីពិតរបស់ទ្រង់ផង
ដ្បិតទ្រង់ជាព្រះដ៏ជួយសង្គ្រោះទូលបង្គំ
ទូលបង្គំសង្ឃឹមដល់ទ្រង់ដរាបរាល់ថ្ងៃ
6ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំពីសេចក្ដីមេត្តា
ដ៏ទន់សន្តោស នឹងសេចក្ដីសប្បុរសរបស់ទ្រង់
ដ្បិតសេចក្ដីទាំងនោះមាននៅពីបុរាណរៀងមក
7សូមកុំនឹកចាំពីបាបដែលទូលបង្គំប្រព្រឹត្តកាលនៅក្មេង
ឬអំពើរំលងរបស់ទូលបង្គំនោះឡើយ
ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំពីទូលបង្គំ
ដោយសេចក្ដីសប្បុរសនៃទ្រង់វិញ
ដោយយល់ដល់ព្រះគុណរបស់ទ្រង់
8ព្រះយេហូវ៉ាទ្រង់ល្អ ហើយទៀងត្រង់
ដូច្នេះ ទ្រង់នឹងបង្ហាត់មនុស្សមានបាបឲ្យតាមផ្លូវទ្រង់វិញ
9ទ្រង់នឹងនាំមនុស្សសុភាពក្នុងសេចក្ដីយុត្តិធម៌
ហើយនឹងបង្រៀនមនុស្សរាបទាប ឲ្យស្គាល់ផ្លូវទ្រង់
10អស់ទាំងផ្លូវនៃព្រះយេហូវ៉ា សុទ្ធតែប្រកប
ដោយសេចក្ដីសប្បុរស នឹងសេចក្ដីពិត
ចំពោះអស់អ្នកដែលកាន់តាមសេចក្ដីសញ្ញា
នឹងសេចក្ដីបន្ទាល់របស់ទ្រង់
11ឱព្រះយេហូវ៉ាអើយ សូមអត់ទោសការទុច្ចរិត
ដ៏មានទំងន់របស់ទូលបង្គំផង
ដោយយល់ដល់ព្រះនាមទ្រង់
12តើមានមនុស្សណាដែលកោតខ្លាចដល់ព្រះយេហូវ៉ា
ទ្រង់នឹងបង្ហាញឲ្យអ្នកនោះស្គាល់ផ្លូវដែលត្រូវរើសយក
13ព្រលឹងអ្នកនោះនឹងនៅដោយសុខសាន្ត
ហើយពូជពង្សរបស់អ្នកនោះនឹងបានផែនដីជាមរដក
14សេចក្ដីមេត្រីមិត្ររបស់ព្រះយេហូវ៉ា
នៅជាមួយនឹងអ្នកណាដែលកោតខ្លាចដល់ទ្រង់
ទ្រង់នឹងសំដែងឲ្យគេស្គាល់សេចក្ដីសញ្ញារបស់ទ្រង់
15ភ្នែកទូលបង្គំមើលទៅឯព្រះយេហូវ៉ាជាដរាប
ដ្បិតទ្រង់នឹងដោះជើងទូលបង្គំឲ្យរួចពីអន្ទាក់
16សូមទ្រង់បែរមកមានសេចក្ដីមេត្តាដល់ទូលបង្គំផង
ដ្បិតទូលបង្គំនៅតែឯង ហើយមានសេចក្ដីវេទនា
17សេចក្ដីទុក្ខព្រួយក្នុងចិត្តទូលបង្គំបានកើនឡើងជាខ្លាំង
ឱសូមនាំទូលបង្គំចេញពីសេចក្ដីទុក្ខលំបាកនៃទូលបង្គំ
18សូមពិនិត្យមើលសេចក្ដីវេទនា
នឹងសេចក្ដីនឿយព្រួយរបស់ទូលបង្គំ
ហើយអត់ទោសអស់ទាំងបាបរបស់ទូលបង្គំផង
19សូមពិចារណាមើលពួកខ្មាំងទូលបង្គំដែលមានគ្នាច្រើន
ហើយមានសេចក្ដីសំអប់ស្អប់ដល់ទូលបង្គំ
ដោយចិត្តសាហាវណាស់
20ឱសូមរក្សាព្រលឹងនៃទូលបង្គំ ហើយជួយឲ្យរួចផង
សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ
ដ្បិតទូលបង្គំពឹងដល់ទ្រង់
21សូមឲ្យសេចក្ដីសុចរិត នឹងសេចក្ដីទៀងត្រង់
ការពារទូលបង្គំទុក ដ្បិតទូលបង្គំសង្ឃឹមដល់ទ្រង់
22ឱព្រះអង្គអើយ សូមលោះសាសន៍អ៊ីស្រាអែល
ឲ្យរួចពីគ្រប់សេចក្ដីវេទនារបស់គេផង។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 25: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.