ទំនុកដំកើង 45

45
ទំនុក​របស់​កូន​ចៅ​កូរេ ដែល​លើក​តាម​បទ «ផ្កា​ឈូក» សំរាប់​មេ​ភ្លេង ជា​ចំរៀង​ពី​សេចក្ដី​ស្រឡាញ់។
1ចិត្ត​របស់​ខ្ញុំ​ពេញ​ហៀរ​ដោយ​សេចក្ដី​ដ៏​ល្អ
គឺ​ខ្ញុំ​និយាយ​ពី​សេចក្ដី​ដែល​ខ្ញុំ​បាន​និពន្ធ
ពី​ដំណើរ​មហា‌ក្សត្រ
អណ្តាត​ខ្ញុំ​ជា​ស្លាប​ប្រកា​នៃ​អ្នក​តែង​រឿង​យ៉ាង​ជំនាញ។
2៙ ទ្រង់​ព្រះ‌ករុណា​ល្អ​វិសេស​ជាង​អស់​ទាំង​ពួក​មនុស្ស
ព្រះ‌រឹម​ទ្រង់​ប្រកប​ដោយ​ព្រះ‌គុណ
ហេតុ​នោះ​បាន​ជា​ព្រះ​បាន​ប្រទាន​ពរ​ដល់​ទ្រង់
ជា​ដរាប​ត​ទៅ
3ឱ​ព្រះ‌ករុណា​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ​អើយ
សូម​ក្រវាត់​ដាវ​ជាប់​នៅ​ត្រគាក​ទ្រង់
ទុក​ជា​គ្រឿង​លំអ នឹង​សក្តិ‌យស​នៃ​ទ្រង់​ផង
4រួច​ជិះ​ទៅ ដោយ​ឥទ្ធឫទ្ធរបស់​ទ្រង់
មាន​ទាំង​ជ័យ‌ជំនះ​ផង
ដើម្បី​ការ‌ពារ​សេចក្ដី​ពិត សេចក្ដី​សុភាព នូវ​សេចក្ដី​សុចរិត
នោះ​ព្រះ‌ហស្ត​ស្តាំ​នៃ​ទ្រង់​នឹង​បង្រៀន​ទ្រង់
ពី​ការ​ដែល​គួរ​កោត‌ខ្លាច
5ព្រួញ​ទ្រង់​មុត​ឆៀប​ដល់​បេះ‌ដូង​របស់​ពួក​ខ្មាំង​សត្រូវ​នៃ
ព្រះ‌ករុណា
សាសន៍​ទាំង​ប៉ុន្មាន​នឹង​ដួល​ចុះ​នៅ​ក្រោម​ទ្រង់។
6៙ ឱ​ព្រះ‌អង្គ​អើយ បល្ល័ង្ក​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប
ជានិច្ច​រៀង‌រាប​ត​ទៅ
ឯ​ព្រះ​ដំបង​ពេជ្រ​របស់​រាជ្យ​ទ្រង់ នោះ​ជា​ដំបង​សុចរិត
7ទ្រង់​បាន​ស្រឡាញ់​សេចក្ដី​សុចរិត ហើយ​ស្អប់​ការ​ទុច្ចរិត
ហេតុ​នោះ​បាន​ជា​ព្រះ គឺ​ជា​ព្រះ​នៃ​ទ្រង់
បាន​ចាក់​ប្រេង​ថ្វាយ​ទ្រង់
ជា​ប្រេង​នៃ​សេចក្ដី​ត្រេក‌អរ​សាទរ
លើស​ជាង​ពួក​សំឡាញ់​នៃ​ទ្រង់
8ព្រះ‌ពស្ត្រ​ទ្រង់​ផ្សាយ​ក្លិន​ក្រអូប ដោយ​ជ័រ​ល្វីង‌ទេស
ក្រឹស្នា នឹង​កំញាន
មាន​ឮ​សូរ​ភ្លេង ចេញ​ពី​ដំណាក់​ភ្លុក
បណ្តាល​ឲ្យ​ទ្រង់​សប្បាយ​ឡើង
9មាន​បុត្រី​ស្តេច នៅ​ក្នុង​ពួក​ស្ត្រី​ជាន់​ខ្ពស់​របស់​ទ្រង់
ឯ​អគ្គ‌មហេសី​ព្រះ‌នាង​គង់​នៅ​ខាង​ស្តាំ​ទ្រង់
ប្រដាប់​ដោយ​គ្រឿង​មាស​ពី​ស្រុក​អូភារ។
10៙ កូន​ស្រី​អើយ ចូរ​ស្តាប់ ហើយ​ពិចារណា
ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ចុះ
ចូរ​ភ្លេច​សាសន៍​ឯង នឹង​ផ្ទះ​ឪពុក​ឯង​ទៅ
11នោះ​ស្តេច​ទ្រង់​នឹង​គ្រាប់​ព្រះ‌ទ័យ
ដោយ​សេចក្ដី​លំអ​របស់​ឯង
ដ្បិត​ទ្រង់​ជា​ចៅហ្វាយ​ឯង ដូច្នេះត្រូវ​កោត‌ខ្លាច​ដល់​ទ្រង់
12ឯ​បុត្រី​ក្រុង​ទីរ៉ុស​នាង​នឹង​នៅ​ទី​នោះ
ទាំង​ថ្វាយ​ដង្វាយ​ផង
ពួក​អ្នក​មាន​ក្នុង​បណ្តាជន
នឹង​មក​រក​ពឹង​គុណ​នៃ​ឯង​ដែរ
13ឯ​បុត្រី​នៃ​ស្តេច ដែល​នៅ​ក្នុង​ដំណាក់
នាង​មាន​សេចក្ដី​រុងរឿង
ព្រះ‌ភូសា​របស់​នាង​ចំរុះ​ដោយ​មាស។
14៙ គេ​នឹង​នាំ​នាង​មក​ថ្វាយ​ព្រះ‌ករុណា
ប្រដាប់​ដោយ​ព្រះ‌ភូសា​ប៉ាក់
ឯ​ពួក​ព្រហ្មចារី ជា​ភឿន​ដែល​ដង្ហែ​នាង​មក
នោះ​នឹង​មក​ឯ​ទ្រង់​ដែរ
15នឹង​មាន​អ្នក​នាំ​គេ​ចូល​មក​ក្នុង​ព្រះ‌រាជ‌ដំណាក់
ដោយ​មាន​សេចក្ដី​រីក‌រាយ​សប្បាយ។
16៙ នោះ​នាង​នឹង​បាន​ព្រះ‌រាជ​បុត្រ​ជំនួស​ឪពុក
ហើយ​នាង​នឹង​តាំង​ព្រះ‌រាជ​បុត្រ​ទាំង​នោះ ឲ្យ​ធ្វើ​ជា​ចៅហ្វាយ​នៅ​គ្រប់​លើ​ផែនដី
17អញ​នឹង​ធ្វើ​ឲ្យ​មាន​សេចក្ដី​រឭក​នឹក​ចាំ​ពី​ឈ្មោះ​ឯង
នៅ​គ្រប់​ទាំង​ដំណ​មនុស្ស​ត​ទៅ
ហេតុ​នោះ អស់​ទាំង​សាសន៍​នឹង​សរសើរ​ដល់​ឯង
នៅ​អស់‌កល្ប‌ជានិច្ច​រៀង​រាប​ត​ទៅ។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 45: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល