ទំនុកដំកើង 48
48
ទំនុកចំរៀងជារបស់កូនចៅកូរេ។
1ព្រះយេហូវ៉ាទ្រង់ធំប្រសើរ
ហើយគួរសរសើរណាស់
ក្នុងទីក្រុងរបស់ព្រះនៃយើងខ្ញុំ
គឺនៅលើភ្នំបរិសុទ្ធនៃទ្រង់
2ឯភ្នំស៊ីយ៉ូននៅទិសខាងជើង នោះមានលំអ
ដោយនៅលើទីខ្ពស់
ជាទីរីករាយចិត្តដល់ផែនដីទាំងមូល
គឺជាទីក្រុងនៃមហាក្សត្រដ៏ធំ
3ព្រះទ្រង់បានសំដែងថា ទ្រង់ជាទីពឹងនៅក្នុង
ព្រះរាជវាំងនៃក្រុងនោះ។
4៙ ដ្បិតមើល ពួកមហាក្សត្រទាំងប៉ុន្មានបានប្រជុំគ្នា
ក៏នាំគ្នាយាងទៅតាមទីនោះ
5គ្រាឃើញទីក្រុង នោះក៏អស្ចារ្យក្នុងចិត្ត
គេមានសេចក្ដីតក់ស្លុត រួចរត់ចេញបាត់ទៅ
6នៅទីនោះគេកើតមានសេចក្ដីភ័យញ័រគ្រប់គ្នា
ក៏ឈឺចាប់ដូចជាស្ត្រីដែលសំរាលកូន
7ទ្រង់បានបំបាក់បំបែកនាវាតើស៊ីស
ដោយខ្យល់ពីទិសខាងកើត
8នៅក្នុងទីក្រុងរបស់ព្រះនៃពួកពលបរិវារ
គឺជាក្រុងរបស់ព្រះនៃយើងខ្ញុំ
នោះយើងខ្ញុំបានឃើញមាន ដូចជាបានឮរៀងមកហើយ
ព្រះទ្រង់នឹងតាំងទីក្រុងនោះ
ឲ្យនៅជាប់ជារៀងរាបដរាបទៅ។
–បង្អង់
9៙ ឱព្រះអង្គអើយ នៅកណ្តាលព្រះវិហារនៃទ្រង់
នោះយើងខ្ញុំបាននឹករំពឹងពីសេចក្ដីសប្បុរសរបស់ទ្រង់
10ឱព្រះអង្គអើយ ដែលល្បីព្រះនាមទ្រង់
បានឮសុសសាយយ៉ាងណា
នោះសេចក្ដីសរសើរនៃទ្រង់ក៏បានដល់ចុងផែនដីបំផុត
យ៉ាងនោះដែរ
ព្រះហស្តស្តាំនៃទ្រង់មានពេញដោយសេចក្ដីសុចរិត
11គួរឲ្យក្រុងស៊ីយ៉ូនមានសេចក្ដីអំណរ
គួរឲ្យពួកកូនស្រីសាសន៍យូដាបានរីករាយឡើង
ដោយព្រោះសេចក្ដីយុត្តិធម៌របស់ទ្រង់
12ចូរដើរសព្វគ្រប់ក្នុងក្រុងស៊ីយ៉ូន ចូរដើរព័ទ្ធជុំវិញផង
ហើយរាប់អស់ទាំងប៉មនៃទីក្រុង
13ចូរសង្កេតមើលកំផែងទាំងប៉ុន្មានឲ្យមែនទែន
ហើយពិចារណាព្រះរាជវាំងនោះផង
ដើម្បីនឹងថ្លែងប្រាប់ដល់កូនចៅតទៅ
14ដ្បិតព្រះនេះ ទ្រង់ជាព្រះនៃយើងខ្ញុំនៅអស់កល្បជានិច្ច
ទ្រង់នឹងធ្វើជាអ្នកនាំមុខយើងខ្ញុំ
ដរាបដល់អស់ជីវិតផង។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 48: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.