ទំនុកដំកើង 91

91
1អ្នក​ណា​ដែល​នៅ​ជាប់​ក្នុង​ទី​កំបាំង
នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត
នោះ​នឹង​បាន​ជ្រក​នៅ​ក្រោម​ម្លប់​នៃ​ព្រះ​ដ៏​មាន​គ្រប់
ព្រះ‌ចេស្តា។
2ឯ​ទូលបង្គំ នឹង​ពោល​ពី​ព្រះ‌យេហូវ៉ា​ថា
ទ្រង់​ជា​ទី​ពឹង​ពំនាក់ ជា​បន្ទាយ​នៃ​ទូលបង្គំ
គឺ​ជា​ព្រះ​នៃ​ទូលបង្គំ​ហើយ ទូលបង្គំ​ទុក​ចិត្ត​នឹង​ទ្រង់។
3៙ ពិត​ប្រាកដ​ជា​ទ្រង់​នឹង​ជួយ​ឲ្យ​ឯង​រួច
ពី​លប់​របស់​នាយ​ព្រាន
ហើយ​ពី​សេចក្ដី​វេទនា​ដែល​នាំ​ឲ្យ​អន្តរាយ
4ទ្រង់​នឹង​ក្រុង​ឯង​ដោយ​ស្លាប​ទ្រង់
ហើយ​ឯង​នឹង​ជ្រក​នៅ​ក្រោម​ចំអេង​ស្លាប​របស់​ទ្រង់
សេចក្ដី​ពិត​របស់​ទ្រង់​ជា​ខែល ហើយ​ជា​អាវ​ក្រោះ
5ឯង​នឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ
ទោះ​ទាំង​សេចក្ដី​ស្ញែង​ខ្លាច​នៅ​ពេល​យប់
ឬ​ព្រួញ​ដែល​ហើរ​នៅ​ពេល​ថ្ងៃ
6ឬ​សេចក្ដី​វេទនា​ដែល​តែង​មាន​នៅ​ក្នុង​ទី​ងងឹត
ឬ​សេចក្ដី​ហិន‌វិនាស​ដែល​បំផ្លាញ​នៅ​ពេល​ថ្ងៃ​ត្រង់​ផង
7នឹង​មាន​មនុស្ស​១​ពាន់​នាក់​ដួល​ស្លាប់​នៅ​ក្បែរ​ឯង
ហើយ​១​ម៉ឺន​នាក់​នៅ​ខាង​ដៃ​ស្តាំ​ឯង​ដែរ
តែ​សេចក្ដី​នោះ​នឹង​មិន​មក​ជិត​ឯង​ឡើយ
8ឯង​នឹង​បាន​ក្រឡេក​ឃើញ​ការ​តប​ស្នង
ដល់​ពួក​មនុស្ស​អាក្រក់ ដោយ​ភ្នែក​តែ​ប៉ុណ្ណោះ​ទេ
9ពី​ព្រោះ​ឯង​បាន​ថា ព្រះ‌យេហូវ៉ា​ជា​ទី​ពឹង​ជ្រក​នៃ​ឯង
គឺ​បាន​យក​ព្រះ​ដ៏​ខ្ពស់​បំផុត​ជា​ទី​លំនៅ​របស់​ឯង
10យ៉ាង​នោះ នឹង​គ្មាន​សេចក្ដី​អាក្រក់​ណា​កើត​ឡើង
ដល់​ឯង​ឡើយ
ក៏​គ្មាន​វេទនា​ណា​មក​ជិត​ទី​លំនៅ​របស់​ឯង​ដែរ
11ដ្បិត​ទ្រង់​នឹង​បង្គាប់​ដល់​ពួក​ទេវតា​របស់​ទ្រង់
ពី​ដំណើរ​ឯង
ឲ្យ​បាន​ថែ​រក្សា​ឯង ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​ឯង
12ទេវតា​ទាំង​នោះ​នឹង​ទ្រ​ឯង​ដោយ​ដៃ
ក្រែង​ជើង​ឯង​ទង្គិច​នឹង​ថ្ម
13ឯង​នឹង​ជាន់​លើ​ទាំង​សត្វ​សិង្ហ នឹង​ពស់​ហនុមាន​ផង
ឯ​សិង្ហ​ស្ទាវ នឹង​នាគ
នោះ​ឯង​នឹង​អាច​ជាន់​ឈ្លី​ដោយ​ជើង​បាន។
14៙ ដោយ​ព្រោះ​វា​បាន​យក​អញ​ជា​ទី​ស្រឡាញ់
នោះ​អញ​នឹង​ជួយ​ឲ្យ​រួច អញ​នឹង​តាំង​ឡើង​យ៉ាង​ខ្ពស់
ពី​ព្រោះ​វា​បាន​ស្គាល់​ឈ្មោះ​អញ
15វា​នឹង​អំពាវ‌នាវ​ដល់​អញ ហើយ​អញ​នឹង​ឆ្លើយ​តប
អញ​នឹង​នៅ​ជា​មួយ​នឹង​វា​ក្នុង​គ្រា​ទុក្ខ​លំបាក
ក៏​នឹង​ដោះ​ឲ្យ​រួច​ចេញ ហើយ​នឹង​លើក​មុខ​ឲ្យ
16អញ​នឹង​ឲ្យ​វា​ស្កប់​ចិត្ត​ដោយ​អាយុ​យឺន​វែង
ហើយ​នឹង​បង្ហាញ​ឲ្យ​ឃើញ​សេចក្ដី​សង្គ្រោះ​របស់​អញ។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 91: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល