រ៉ូម 7
7
1ឱបងប្អូនអើយ តើអ្នករាល់គ្នាមិនដឹងទេឬអី ដ្បិតខ្ញុំនិយាយនឹងអ្នករាល់គ្នា ដែលស្គាល់ក្រិត្យវិន័យហើយ ថាក្រិត្យវិន័យមានអំណាចលើមនុស្ស ដរាបដល់អស់មួយជីវិត 2ពីព្រោះស្ត្រីណាដែលមានប្ដីនៅរស់ នោះជាប់នឹងប្ដីដោយសារក្រិត្យវិន័យ ប៉ុន្តែ បើកាលណាប្ដីស្លាប់ទៅ នោះបានរួចពីច្បាប់របស់ប្ដីហើយ 3ដូច្នេះ កាលប្ដីកំពុងរស់នៅឡើយ បើស្ត្រីនោះទៅយកប្ដី១ទៀត នោះគេសន្មតិហៅថាជាស្រីកំផិត តែបើប្ដីស្លាប់ទៅ នោះនាងបានរួចពីច្បាប់នោះហើយ បានជាទោះបើនាងយកប្ដី១ទៀត ក៏មិនបានហៅថាជាស្រីកំផិតឡើយ 4យ៉ាងដូច្នោះ បងប្អូនអើយ អ្នករាល់គ្នាក៏បានស្លាប់ពីខាងឯក្រិត្យវិន័យដែរ ដោយសាររូបអង្គនៃព្រះគ្រីស្ទ ដើម្បីឲ្យអ្នករាល់គ្នាបានទៅជារបស់ផងអ្នកម្នាក់ទៀត ដែលបានរស់ពីស្លាប់ឡើងវិញ ប្រយោជន៍ឲ្យយើងបានបង្កើតផលថ្វាយព្រះ 5ដ្បិតកាលយើងនៅខាងសាច់ឈាមនៅឡើយ នោះសេចក្ដីរំជួលរបស់អំពើបាប ដែលកើតដោយនូវក្រិត្យវិន័យ បានបណ្តាលឲ្យអស់ទាំងអវយវៈ ក្នុងរូបកាយរបស់យើងរាល់គ្នា បង្កើតផលដល់សេចក្ដីស្លាប់ 6តែឥឡូវនេះ យើងបានរួចពីក្រិត្យវិន័យហើយ ដោយបានស្លាប់ក្នុងសេចក្ដីដែលឃុំឃាំងយើងទុក ប្រយោជន៍ឲ្យយើងបានគោរពប្រតិបត្តិ ដោយវិញ្ញាណដែលបានកែជាថ្មីវិញ មិនមែនតាមតែន័យពាក្យពីបុរាណនោះទៀតឡើយ។
7ដូច្នេះ យើងនឹងថាដូចម្តេច តើក្រិត្យវិន័យជាតួបាបឬអី ទេ មិនមែនឡើយ ខ្ញុំមិនបានទាំងស្គាល់បាបផង លើកតែដោយសារក្រិត្យវិន័យចេញ ដ្បិតបើសិនជាក្រិត្យវិន័យមិនបានថា «កុំឲ្យលោភ» នោះខ្ញុំឥតបានដឹងថាមានសេចក្ដីលោភផងឡើយ 8តែកាលអំពើបាបបានឱកាស ដោយសារបញ្ញត្ត នោះក៏បង្កើតគ្រប់ទាំងសេចក្ដីលោភ នៅក្នុងខ្លួនខ្ញុំវិញ ដ្បិតក្រៅពីក្រិត្យវិន័យ អំពើបាបបានស្លាប់សូន្យ 9តែពីដើម ក្រៅពីក្រិត្យវិន័យ នោះខ្ញុំបានរស់នៅ លុះសេចក្ដីបញ្ញត្តបានកើតមក នោះបាបក៏រស់ឡើង ឯខ្ញុំក៏ត្រូវស្លាប់វិញ 10ហើយខ្ញុំឃើញថា បញ្ញត្តនោះ ដែលសំរាប់ឲ្យមានជីវិត នោះបានឲ្យខ្ញុំត្រូវស្លាប់វិញ 11ដ្បិតដែលបាបបានឱកាស ដោយសារសេចក្ដីបញ្ញត្តនោះក៏មកបញ្ឆោតខ្ញុំ ព្រមទាំងសំឡាប់ខ្ញុំផង ដោយសារបញ្ញត្តនោះឯង 12ដូច្នេះ ក្រិត្យវិន័យជាបរិសុទ្ធទេ ហើយសេចក្ដីបញ្ញត្តក៏បរិសុទ្ធ សុចរិត ល្អដែរ 13ចុះសេចក្ដីល្អនេះ បានប្រែទៅជាឲ្យខ្ញុំស្លាប់ឬអី ទេ មិនមែនឡើយ គឺជាបាបវិញទេតើ ដែលនាំឲ្យខ្ញុំស្លាប់ ដោយសារសេចក្ដីល្អនោះ ដើម្បីឲ្យបាបបានសំដែងចេញមកថាជាបាបមែន ហើយឲ្យបាបបានត្រឡប់ទៅជាធ្ងន់ក្រៃលែង ដោយសារសេចក្ដីបញ្ញត្តនោះផង 14ដ្បិតយើងដឹងថា ក្រិត្យវិន័យត្រូវខាងវិញ្ញាណ តែខ្ញុំនៅខាងសាច់ឈាមវិញ ដោយបានត្រូវលក់ទៅក្នុងអំណាចរបស់បាប 15ពីព្រោះខ្ញុំមិនដឹងការដែលខ្ញុំប្រព្រឹត្តទេ ដ្បិតខ្ញុំមិនធ្វើការដែលខ្ញុំចង់ធ្វើសោះ គឺតែងតែប្រព្រឹត្តការដែលខ្ញុំស្អប់វិញ 16បើសិនជាខ្ញុំតែងតែប្រព្រឹត្តការ ដែលខ្ញុំមិនចង់ធ្វើ នោះខ្ញុំយល់ព្រមថា ក្រិត្យវិន័យល្អមែន 17ដូច្នេះ មិនមែនខ្ញុំដែលធ្វើការនោះទៀតទេ គឺជាបាបទេតើ ដែលនៅក្នុងខ្លួនខ្ញុំវិញ 18ដ្បិតខ្ញុំដឹងថា នៅក្នុងខ្លួនខ្ញុំ គឺក្នុងសាច់ឈាមខ្ញុំ គ្មានអ្វីល្អទេ ព្រោះខ្ញុំមានចិត្តចង់ធ្វើល្អជានិច្ច ប៉ុន្តែ រកធ្វើមិនកើតសោះ 19ខ្ញុំមិនប្រព្រឹត្តការល្អ ដែលខ្ញុំចង់ធ្វើនោះទេ តែការអាក្រក់ដែលខ្ញុំមិនចង់ធ្វើ នោះបែរជាខ្ញុំធ្វើវិញ 20ដូច្នេះ បើខ្ញុំប្រព្រឹត្តការដែលខ្ញុំមិនចង់ធ្វើ នោះមិនមែនខ្ញុំដែលធ្វើការនោះទៀតទេ គឺជាបាបទេតើ ដែលនៅក្នុងខ្លួនខ្ញុំវិញ 21យ៉ាងនោះខ្ញុំឃើញច្បាប់១នេះថា ឯខ្ញុំ ដែលចង់ប្រព្រឹត្តតែសេចក្ដីល្អ នោះចេះតែមានសេចក្ដីអាក្រក់ជាប់នៅនឹងខ្ញុំជានិច្ច 22ដ្បិតតាមប៉ែកខាងក្នុង ខ្ញុំត្រេកអរចំពោះក្រិត្យវិន័យរបស់ព្រះ 23តែខ្ញុំឃើញមានអំណាច១ទៀត ក្នុងអស់ទាំងអវយវៈរបស់រូបកាយខ្ញុំ ដែលច្បាំងនឹងអំណាចនៃគំនិតខ្ញុំ ទាំងចាប់នាំខ្ញុំទៅជាប់ក្រោមអំណាចអំពើបាប ដែលនៅក្នុងអវយវៈនៃខ្លួនខ្ញុំទាំងប៉ុន្មានផង 24វេទនាណាស់ខ្ញុំ តើអ្នកណានឹងជួយឲ្យខ្ញុំរួច ពីតួសេចក្ដីស្លាប់នេះទៅបាន 25អរព្រះគុណដល់ព្រះអង្គ គឺដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដូច្នេះ ខ្លួនខ្ញុំគោរពប្រតិបត្តិតាមក្រិត្យវិន័យរបស់ព្រះ ដោយគំនិតខ្ញុំ តែខាងសាច់ឈាមខ្ញុំ នោះតាមច្បាប់របស់អំពើបាបវិញ។
ទើបបានជ្រើសរើសហើយ៖
រ៉ូម 7: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.