កិច្ចការ 11

11
ពេត្រុស​ធ្វើ​សេចក្ដី​រាយ‌ការណ៍​ជូន​ក្រុម​អ្នក​ជឿ​នៅ​ក្រុង​យេរូ‌សាឡឹម
1ក្រុម​សាវ័ក និង​បង​ប្អូន​នៅ​ស្រុក​យូដា ឮ​ដំណឹង​ថា សាសន៍​ដទៃ​បាន​ទទួល​បន្ទូល​របស់​អុលឡោះ​ដែរ។ 2កាល​ពេត្រុស​ឡើង​ទៅ​ដល់​ក្រុង​យេរូ‌សាឡឹម​វិញ អ្នក​ជឿ​ដែល​ជា​សាសន៍​យូដា នាំ​គ្នា​រិះ​គន់​លោក​ថា៖ 3«លោក​បាន​ចូល​ក្នុង​ផ្ទះ​សាសន៍​ដទៃហើយ​ក៏​បាន​បរិភោគ​ជា​មួយ​ពួក​គេ​ថែម​ទៀត​ផង!»។
4ពេត្រុស​ក៏​រៀប​រាប់​ប្រាប់​គេ​យ៉ាង​ក្បោះ​ក្បាយ​ថា៖ 5«កាល​ខ្ញុំ​នៅ​ក្រុង​យ៉ុប‌ប៉េ ក្នុង​ពេល​ទូរអា​ខ្ញុំ​លង់​ស្មារតី និមិត្ដ​ឃើញ​វត្ថុ​ម្យ៉ាង​ដូច​កំរាល​តុ​មួយ​យ៉ាង​ធំ ដែល​មាន​ចង​ចុង​ជាយ​ទាំង​បួន​ជ្រុង ចុះ​ពី​លើ​មក​ដល់​ខ្ញុំ។ 6ពេល​ខ្ញុំ​ពិនិត្យ​យ៉ាង​ដិត​ដល់​ទៅ ខ្ញុំ​ឃើញ​មាន​សត្វ​ចតុប្បាទ សត្វ​ព្រៃ សត្វ​លូន​វារ និង​បក្សា‌បក្សី។ 7ខ្ញុំ​ក៏​បាន​ឮ​សំឡេង​បញ្ជា​មក​ខ្ញុំ​ថាៈ “ពេត្រុស​អើយ! ចូរ​សម្លាប់​សត្វ​ទាំង​នេះ​បរិភោគ​ទៅ!”។ 8ប៉ុន្ដែ ខ្ញុំ​ឆ្លើយ​ទៅ​វិញ​ថាៈ “ទេ អុលឡោះ‌ជាអម្ចាស់ ខ្ញុំ​ពុំ​ដែល​ទទួល​ទាន​អ្វី​ដែល​ហ៊ូកុំ​ហាម​ឃាត់ ឬ​មិន​ហាឡាល់​ទាល់​តែ​សោះ”។ 9សំឡេង​នោះ​ក៏​បន្លឺ​ចុះ​ពី​លើ​មេឃ​មក ជា​លើក​ទី​ពីរ​ថាៈ “អ្វីៗ​ដែល​អុលឡោះ​បាន​ប្រោស​ឲ្យ​បរិសុទ្ធ​ហើយ ចូរ​កុំ​ចាត់​ទុក​ថា​ហ៊ូកុំ​ហាម​ឃាត់​នោះ​ឡើយ!”។ 10ហេតុ‌ការណ៍​នេះ​បាន​កើត​មាន​ដល់​ទៅ​បី​ដង ទើប​វត្ថុ​នោះ​ឡើង​ទៅ​លើ​មេឃ​វិញ​អស់។ 11ពេល​នោះ ស្រាប់​តែ​មាន​បុរស​បី​នាក់ ដែល​គេ​ចាត់​ពី​ក្រុង​សេសា‌រា​ឲ្យ​មក​រក​ខ្ញុំ បាន​មក​ដល់​ផ្ទះ​ដែល​យើង​ស្នាក់​នៅ។ 12រស‌អុលឡោះ​មាន​បន្ទូល​ប្រាប់​ខ្ញុំ​ឲ្យ​ចេញ​ដំណើរ​ទៅ​ជា​មួយ​គេ​កុំ​រា‌រែក​ឡើយ។ ពេល​នោះ មាន​បង​ប្អូន​ប្រាំ​មួយ​នាក់ បាន​ជូន​ដំណើរ​ខ្ញុំ​ទៅ​ដែរ ហើយ​យើង​បាន​ទៅ​ដល់​ផ្ទះ​លោក​កូនេ‌លាស។ 13គាត់​បាន​រៀប​រាប់​ប្រាប់​យើង​ថា គាត់​បាន​ឃើញ​ម៉ាឡា‌អ៊ីកាត់​មក​ជួប​គាត់​នៅ​ក្នុង​ផ្ទះ ទាំង​ពោល​ថាៈ “សុំ​លោក​ចាត់​មនុស្ស​ឲ្យ​ទៅ​ក្រុង​យ៉ុប‌ប៉េ រក​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​ហៅ​ពេត្រុស 14គាត់​នឹង​ប្រកាស​បន្ទូល​នៃ​អុលឡោះ​ដែល​ផ្ដល់​ការ​សង្គ្រោះ​ឲ្យ​អ្នក និង​ក្រុម​គ្រួសារ​របស់​អ្នក​ទាំង​មូល”។ 15នៅ​ពេល​ខ្ញុំ​ចាប់​ផ្ដើម​និយាយ រស‌អុលឡោះ​ដ៏​វិសុទ្ធ​ក៏​ចុះ​មក​សណ្ឋិត​លើ​ពួក​គេ ដូច​រស‌អុលឡោះ​បាន​ចុះ​មក​សណ្ឋិត​លើ​យើង កាល​ពី​ដើម​ដំបូង​នោះ​ដែរ។ 16ពេល​នោះ ខ្ញុំ​ក៏​នឹក​ឃើញ​ពាក្យ​របស់​អ៊ីសា‌ជាអម្ចាស់​ថា “យ៉ះយ៉ា​បាន​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​គេ​ក្នុង​ទឹក រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នឹង​ទទួល​ពិធី​ជ្រមុជ​ក្នុង​រស‌អុលឡោះ​ដ៏​វិសុទ្ធ”។ 17ប្រសិន​បើ​អុលឡោះ​ប្រទាន​អំណោយ​ទាន​ដល់​គេ ដូច​ទ្រង់​ប្រទាន​មក​យើង ដែល​ជឿ​លើ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជាអម្ចាស់​ដែរ​នោះ តើ​រូប​ខ្ញុំ​នេះ​មាន​អំណាច​អ្វី​នឹង​ឃាត់​ឃាំង​អុលឡោះ​បាន?»។ 18កាល​ពួក​អ្នក​ជឿ​បាន​ឮ​សេចក្ដី​ទាំង​នេះ គេ​ក៏​ធូរ​ចិត្ដ ហើយ​នាំ​គ្នា​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ ទាំង​ពោល​ថា៖ «សូម្បី​តែ​សាសន៍​ដទៃ ក៏​អុលឡោះ​ប្រោស​ប្រទាន​ឲ្យ​គេ​កែ​ប្រែ​ចិត្ដ​គំនិត ដើម្បី​ទទួល​ជីវិត​ដែរ!»។
ក្រុម​អូមាត់‌អ៊ីសា​នៅ​ក្រុង​អន់‌ទី‌យ៉ូក
19ក្រោយ​ពី​ជន‌ជាតិ​យូដា​បាន​សម្លាប់​លោក​ស្ទេផាន​ហើយ ពួក​គេ​ក៏​បៀត‌បៀន​អ្នក​ជឿ ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​ខ្ចាត់​ខ្ចាយ អ្នក​ខ្លះ​ទៅ​ដល់​ស្រុក​ភេនីស អ្នក​ខ្លះ​ទៅ​ដល់​កោះ​គីប្រុស និង​អ្នក​ខ្លះ​ទៀត​ទៅ​ដល់​ក្រុង​អន់‌ទី‌យ៉ូក។ អ្នក​ជឿ​ទាំង​នោះ​ពុំ​បាន​ប្រកាស​បន្ទូល​នៃ​អុលឡោះ​ប្រាប់​នរណា​ផ្សេង​ទៀត ក្រៅ​ពី​សាសន៍​យូដា​ឡើយ។ 20ក៏​ប៉ុន្ដែ មាន​អ្នក​ជឿ​ខ្លះ​ពី​កោះ​គីប្រុស និង​ពី​ស្រុក​គីរេន​មក​ដល់​ក្រុង​អន់‌ទី‌យ៉ូក ហើយ​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​ស្ដី​អំពី​អ៊ីសា‌ជាអម្ចាស់ ប្រាប់​ពួក​អ្នក​ដែល​និយាយ​ភាសា​ក្រិក។ 21អ៊ីសា‌ជាអម្ចាស់​បាន​ជួយ​ជ្រោម​ជ្រែង​គេ ហើយ​មាន​មនុស្ស​ដ៏​ច្រើន​លើស‌លប់​បាន​ជឿ ព្រម​ទាំង​បែរ​ចិត្ដ​គំនិត​មក​រក​អ៊ីសា‌ជាអម្ចាស់​ផង។
22ក្រុម‌ជំអះ​នៅ​ក្រុង​យេរូ‌សាឡឹម​បាន​ឮ​ដំណឹង​នេះ​ក៏​ចាត់​លោក​បារណា‌បាស ឲ្យ​ទៅ​ក្រុង​អន់‌ទី‌យ៉ូក។ 23ពេល​គាត់​ទៅ​ដល់ ហើយ​ឃើញ​ក្តី​មេត្តា​របស់​អុលឡោះ​ដូច្នេះ គាត់​ត្រេក​អរ​សប្បាយ។ គាត់​ទូន្មាន​គេ​ទាំង​អស់​គ្នា​ឲ្យ​ប្ដេជ្ញា​ចិត្ដ​នៅ​ស្មោះ​ត្រង់​នឹង​អ៊ីសា‌ជាអម្ចាស់​ជា‌និច្ច។ 24លោក​បារណា‌បាស​ជា​មនុស្ស​ម្នាក់​មាន​ចិត្ដ​សប្បុរស ពោរ‌ពេញ​ដោយ​រស‌អុលឡោះ​ដ៏​វិសុទ្ធ និង​ដោយ​ជំនឿ។ ពេល​នោះ មាន​បណ្ដា‌ជន​ជា​ច្រើន​បាន​មក​ចូល​រួម​ជា​មួយ​អ៊ីសា‌ជាអម្ចាស់។
25បន្ទាប់​មក​ទៀត លោក​បារណា‌បាស​ចេញ​ដំណើរ​ទៅ​រក​លោក​សូល នៅ​ក្រុង​តើសុស។ 26កាល​បាន​ជួប​ហើយ គាត់​ក៏​នាំ​សូល​មក​ក្រុង​អន់‌ទី‌យ៉ូក។ អ្នក​ទាំង​ពីរ​បាន​រស់​នៅ​ជា​មួយ​ក្រុម‌ជំអះ អស់​រយៈ​ពេល​មួយ​ឆ្នាំ​ហើយ​បង្រៀន​បណ្ដា‌ជន​ជា​ច្រើន​ផង។ នៅ​ក្រុង​អន់‌ទី‌យ៉ូក​នោះ​ហើយ ដែល​គេ​ហៅ​ពួក​សិស្ស ជា​លើក​ទី​មួយ​ថា «អូមាត់‌អ៊ីសា»។
27នៅ​គ្រា​នោះ មាន​ពួក​ណាពី​ធ្វើ​ដំណើរ​ចុះ​ពី​ក្រុង​យេរូ‌សាឡឹម មក​ដល់​ក្រុង​អន់‌ទី‌យ៉ូក។ 28ក្នុង​ចំណោម​ណាពី​ទាំង​នោះ មាន​ម្នាក់​ឈ្មោះ​អកាប៊ូស។ ដោយ​រស‌អុលឡោះ​បាន​បំភ្លឺ គាត់​ក្រោក​ឡើង​ប្រាប់​ពួក​អ្នក​ជឿ​ឲ្យ​ដឹង​ថា បន្ដិច​ទៀត​នឹង​មាន​កើត​ទុរ្ភិក្ស​នៅ​លើ​ផែនដី​ទាំង​មូល (ទុរ្ភិក្ស​នោះ​ក៏​កើត​មាន​មែន គឺ​នៅ​ក្នុង​រជ្ជ‌កាល​ស្តេច​អធិ‌រាជ​ក្លូឌាស)។ 29ពួក​សិស្ស​នាំ​គ្នា​សម្រេច​ចិត្ដ​ផ្ញើ​ជំនួយ តាម​សមត្ថភាព​រៀងៗ​ខ្លួន ទៅ​ជូន​បង​ប្អូន​នៅ​ស្រុក​យូដា។ 30គេ​បាន​ប្រមូល​ប្រាក់ ហើយ​ផ្ញើ​តាម​លោក​បារណា‌បាស និង​លោក​សូល​យក​ទៅ​ជូន​ពួក​អះលី‌ជំអះ។

ទើបបានជ្រើសរើសហើយ៖

កិច្ចការ 11: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល