១ កូរិនថូស 10
10
ត្រូវប្រយ័ត្ននឹងព្រះក្លែងក្លាយ
1បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាមិនដឹងនោះទេថា បុព្វបុរសរបស់យើងបាននៅក្រោមពពកទាំងអស់គ្នា ហើយគ្រប់គ្នាបានដើរឆ្លងសមុទ្រ 2គ្រប់គ្នាបានទទួលពិធីជ្រមុជរួមជាមួយលោកម៉ូសេ នៅក្នុងពពក និងនៅក្នុងសមុទ្រ 3គ្រប់គ្នាបានបរិភោគអាហារខាងវិញ្ញាណតែមួយ 4ហើយគ្រប់គ្នាបានផឹកទឹកខាងវិញ្ញាណតែមួយដូចគ្នា ដ្បិតពួកលោកបានផឹកពីថ្មដាខាងវិញ្ញាណដែលតាមជាប់ជាមួយគេ ហើយថ្មដានោះ គឺព្រះគ្រីស្ទ។ 5ប៉ុន្តែ ព្រះមិនគាប់ព្រះហឫទ័យចំពោះពួកលោកភាគច្រើន ហើយពួកលោកបានដួលស្លាប់រាត់រាយនៅទីរហោស្ថាន។
6ហេតុការណ៍ទាំងនោះបានកើតឡើងជាគំរូដល់យើង ដើម្បីកុំឲ្យយើងប្រាថ្នាចង់បានសេចក្តីអាក្រក់ ដូចជាពួកលោក។ 7កុំថ្វាយបង្គំរូបព្រះ ដូចជាពួកលោកខ្លះឲ្យសោះ ដូចមានសេចក្តីចែងទុកមកថា៖ «ប្រជាជនបានអង្គុយស៊ីផឹក រួចក្រោកឡើងលេងសប្បាយ» 8យើងមិនត្រូវបណ្ដោយខ្លួនឲ្យមានអំពើសហាយស្មន់ ដូចបុព្វបុរសខ្លះបានប្រព្រឹត្ត ហើយមានពីរម៉ឺនបីពាន់នាក់ ត្រូវវិនាសតែក្នុងរយៈពេលមួយថ្ងៃ។ 9យើងមិនត្រូវល្បងលព្រះគ្រីស្ទ ដូចពួកលោកខ្លះបានល្បងល ហើយត្រូវវិនាសដោយពស់ចឹក 10ក៏មិនត្រូវរអ៊ូរទាំ ដូចពួកលោកខ្លះបានរអ៊ូរទាំ ហើយត្រូវវិនាសដោយមេបំផ្លាញនោះឡើយ។ 11ហេតុការណ៍ទាំងនោះបានកើតឡើងដល់ពួកលោកទុកជាគំរូ ហើយបានចែងទុកសម្រាប់ទូន្មានយើង ដែលយើងរស់នៅគ្រាចុងក្រោយបង្អស់នេះ។ 12ដូច្នេះ បើអ្នកណាស្មានថាខ្លួនឈរមាំហើយ នោះត្រូវប្រយ័ត្នក្រែងលោដួល 13គ្មានសេចក្តីល្បួងណាកើតដល់អ្នករាល់គ្នា ក្រៅពីសេចក្តីល្បួងដែលមនុស្សលោកតែងជួបប្រទះនោះឡើយ។ ព្រះទ្រង់ស្មោះត្រង់ ទ្រង់មិនបណ្ដោយឲ្យអ្នករាល់គ្នាត្រូវល្បួង ហួសកម្លាំងអ្នករាល់គ្នាឡើយ គឺនៅវេលាណាដែលត្រូវល្បួង នោះទ្រង់ក៏រៀបផ្លូវឲ្យចៀសរួច ដើម្បីឲ្យអ្នករាល់គ្នាអាចទ្រាំទ្របាន។
14ហេតុនេះ បងប្អូនស្ងួនភ្ងារបស់ខ្ញុំអើយ ចូររត់ពីការថ្វាយបង្គំរូបព្រះចេញ 15ខ្ញុំនិយាយនេះ ដូចជានិយាយទៅកាន់អ្នកមានប្រាជ្ញា ចូរពិចារណាពីសេចក្តីដែលខ្ញុំនិយាយនេះដោយខ្លួនឯងចុះ។ 16ពែងនៃព្រះពរ ដែលយើងអរព្រះគុណ តើមិនមែនជាចំណែកនៅក្នុងលោហិតរបស់ព្រះគ្រីស្ទទេឬ? ហើយនំបុ័ងដែលយើងកាច់ តើមិនមែនជាចំណែកនៅក្នុងព្រះកាយរបស់ព្រះគ្រីស្ទទេឬ? 17ព្រោះមាននំបុ័ងតែមួយប៉ុណ្ណោះ ហើយយើងដែលមានគ្នាច្រើន គឺជារូបកាយតែមួយ ដ្បិតយើងទាំងអស់គ្នាទទួលទានពីដុំនំបុ័ងតែមួយនោះឯង។ 18ចូរពិចារណាពីប្រជាជនអ៊ីស្រាអែលចុះ អស់អ្នកដែលបរិភោគសាច់ដែលគេបានថ្វាយជាយញ្ញបូជាទាំងនោះ តើមិនមានចំណែកនៅក្នុងអាសនាទេឬ? 19តើខ្ញុំនិយាយនេះមានន័យដូចម្ដេច? តើចំណីអាហារដែលគេបានសែនដល់រូបព្រះជាអ្វី ឬរូបព្រះជាអ្វី? 20មិនមែនជាអ្វីទេ! ខ្ញុំចង់និយាយថា អ្វីដែលសាសន៍ដទៃថ្វាយ គេថ្វាយដល់អារក្ស មិនមែនថ្វាយដល់ព្រះទេ។ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាក្លាយជាគូកនរបស់អារក្សឡើយ។ 21អ្នករាល់គ្នាមិនអាចផឹកពីពែងរបស់ព្រះអម្ចាស់ផង ហើយផឹកពីពែងរបស់អារក្សផងបានទេ។ អ្នករាល់គ្នាក៏មិនអាចរួមតុជាមួយព្រះអម្ចាស់ផង ហើយរួមតុជាមួយអារក្សផងបានដែរ។ 22ឬមួយយើងចង់ឲ្យព្រះអម្ចាស់ប្រចណ្ឌ? តើយើងខ្លាំងពូកែជាងព្រះអង្គឬ?
អំពើដែលត្រូវប្រព្រឹត្ដដើម្បីថ្វាយសិរីល្អដល់ព្រះ
23អ្នកនិយាយថា៖ «ខ្ញុំមានច្បាប់នឹងធ្វើគ្រប់ការទាំងអស់បាន» តែមិនមែនគ្រប់ការទាំងអស់សុទ្ធតែមានប្រយោជន៍នោះទេ។ «ខ្ញុំមានច្បាប់នឹងធ្វើគ្រប់ការទាំងអស់» តែមិនមែនគ្រប់ការទាំងអស់សុទ្ធតែស្អាងចិត្តនោះឡើយ។ 24កុំស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនឡើយ តែត្រូវស្វែងរកប្រយោជន៍ដល់អ្នកដទៃវិញ។ 25ចូរបរិភោគអ្វីៗទាំងអស់ដែលគេលក់នៅទីផ្សារចុះ មិនបាច់សួរដេញដោល ព្រោះតែខ្លាចខុសនឹងមនសិការនោះឡើយ 26ដ្បិតផែនដី និងអ្វីៗទាំងអស់នៅលើផែនដី ជារបស់ព្រះអម្ចាស់ 27ប្រសិនបើមានអ្នកមិនជឿអញ្ជើញអ្នកទៅពិសាបាយ ហើយអ្នកចង់ទៅដែរ ចូរបរិភោគអាហារទាំងប៉ុន្មានដែលគេដាក់នៅមុខអ្នកចុះ មិនបាច់សួរដេញដោល ព្រោះតែខ្លាចខុសនឹងមនសិការនោះឡើយ។ 28ប៉ុន្តែ បើមានអ្នកណាប្រាប់អ្នកថា៖ «ម្ហូបនេះជាសំណែន» សូមកុំបរិភោគឡើយ ព្រោះដោយយល់ដល់អ្នកដែលបានប្រាប់ និងដោយយល់ដល់មនសិការ 29ខ្ញុំនិយាយនេះមិនមែនសំដៅលើមនសិការរបស់អ្នកទេ គឺមនសិការរបស់អ្នកដទៃ។ ហេតុអ្វីបានជាមនសិការរបស់អ្នកដទៃកំណត់សេរីភាពរបស់ខ្ញុំដូច្នេះ? 30បើខ្ញុំទទួលទានដោយអរព្រះគុណ ហេតុអ្វីបានជាគេប្រកាន់ទោសខ្ញុំ ដោយព្រោះអ្វីដែលខ្ញុំបានអរព្រះគុណរួចហើយនោះ?
31ដូច្នេះ ទោះបើអ្នកបរិភោគ ឬផឹក ឬធ្វើអ្វីក៏ដោយ ចូរធ្វើអ្វីៗទាំងអស់សម្រាប់ជាសិរីល្អដល់ព្រះចុះ។ 32កុំធ្វើឲ្យជំពប់ចិត្តដល់សាសន៍យូដា ដល់សាសន៍ក្រិក ឬក្រុមជំនុំរបស់ព្រះឡើយ 33ឯខ្ញុំក៏ដូច្នោះដែរ ខ្ញុំខំប្រឹងផ្គាប់ចិត្តមនុស្សគ្រប់គ្នា ក្នុងគ្រប់កិច្ចការទាំងអស់ ខ្ញុំមិនស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនឡើយ គឺស្វែងរកប្រយោជន៍ដល់មនុស្សជាច្រើនវិញ ដើម្បីឲ្យគេបានសង្គ្រោះ។
ទើបបានជ្រើសរើសហើយ៖
១ កូរិនថូស 10: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies