១ កូរិន‌ថូស 5

5
អំ​ពើ​សហាយ​ស្មន់​ធ្វើ​ឲ្យក្រុម​ជំនុំ​ស្មោក​គ្រោក
1មាន​លេច​ឮ​សុស​សាយ​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​អំពើ​សហាយ​ស្មន់​កើត​ឡើង ដែល​សូម្បី​តែ​ក្នុង​ចំណោម​សាសន៍​ដទៃ មិន​ដែល​មាន​ឮ​រឿង​បែប​នេះ​ផង ដ្បិត​មាន​បុរស​ម្នាក់​បាន​យក​ប្រពន្ធ​របស់​ឪពុក​ខ្លួន 2តែ​អ្នក​រាល់​គ្នា​នៅ​តែ​មាន​ឫក​ធំ! តើ​អ្នក​រាល់​គ្នា​មិន​គួរ​កាន់​ទុក្ខ ហើយ​ដក​ជន​ដែល​ប្រព្រឹត្ត​ការ​នោះ ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា​ទេ​ឬ?
3ដ្បិត​ទោះ​ជា​ខ្ញុំ​មិន​នៅ​ជាមួយ​អ្នក​រាល់​គ្នា​ខាង​រូប​កាយ​មែន តែ​វិញ្ញាណ​របស់​ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់​គ្នា ហើយ​ខ្ញុំ​ក៏​បាន​ដាក់​ទោស​ជន​ដែល​ប្រព្រឹត្ត​ដូច្នោះ​រួច​ហើយ គឺ​ដូច​ជា​ខ្ញុំ​នៅ​ជាមួយ​គ្នា​អ្នក​រាល់​គ្នា​ដែរ 4ក្នុង​ព្រះ​នាម​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ។ ពេល​អ្នក​រាល់​គ្នា​ជួប​ប្រជុំ​គ្នា ហើយ​វិញ្ញាណ​ខ្ញុំ​នៅ​ទី​នោះ ទាំង​មាន​ព្រះ‌ចេស្តា​របស់​ព្រះ‌អម្ចាស់​យេស៊ូវ​នៃ​យើង​គង់​ជាមួយ 5អ្នក​រាល់​គ្នា​ត្រូវ​បញ្ជូន​ជន​នោះ ឲ្យ​អារក្ស​សាតាំង​បំផ្លាញ​សាច់​ឈាម ដើម្បី​ឲ្យ​វិញ្ញាណ​របស់​គាត់​បាន​សង្គ្រោះ ក្នុង​ថ្ងៃ​របស់​ព្រះ‌អម្ចាស់។
6អំនួត​របស់​អ្នក​រាល់​គ្នា​មិន​ល្អ​ទេ! តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា ដំបែ​តែ​បន្តិច​អាច​ធ្វើ​ឲ្យ​ម្សៅ​ទាំង‌អស់​ដោរ​ឡើង​បាន​ទេ​ឬ? 7ចូរ​សម្អាត​ដំបែ​ចាស់​ចេញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​ម្សៅ​ថ្មី​វិញ ដ្បិត​អ្នក​រាល់​គ្នា​ជា​ម្សៅ​ឥត​ដំបែ​ហើយ ព្រោះ​ព្រះគ្រីស្ទ ជា​កូន​ចៀម​បុណ្យ​រំលង នោះ​ត្រូវ​បាន​ថ្វាយ​ជា​យញ្ញ​បូជា​ជំនួស​យើង​រួច​ហើយ។ 8ដូច្នេះ យើង​ត្រូវ​ធ្វើ​ពិធី​បុណ្យ​នេះ មិន​មែន​ដោយ​ដំបែ​ចាស់ ឬ​ដំបែ​នៃ​សេចក្តី​អាក្រក់ និង​សេចក្តី​កំណាច​នោះ​ឡើយ គឺ​ដោយ​នំប៉័ង​ឥត​ដំបែ​នៃ​ចិត្ត​បរិសុទ្ធ និង​សេចក្តី​ពិត​វិញ។
អំពើ​សហាយ​ស្មន់​ត្រូវ​តែ​ជំនុំ​ជម្រះ
9ក្នុង​សំបុត្រ​របស់​ខ្ញុំ ខ្ញុំ​បាន​សរសេរ​ប្រាប់​អ្នក​រាល់​គ្នា​កុំ​ឲ្យ​ភប់​ប្រសព្វ​ជាមួយ​មនុស្ស​សហាយ​ស្មន់​ឡើយ 10តែ​ពាក្យ​នេះ​មិន​សំដៅ​លើ​មនុស្ស​សហាយ​ស្មន់​ទួទៅ​ក្នុង​លោក​នេះ មនុស្ស​លោភ​លន់ មនុស្ស​បោក​ប្រាស់ ឬ​មនុស្ស​ថ្វាយ‌បង្គំរូប​ព្រះ​នោះ​ទេ ដ្បិត​បើ​ដូច្នោះ​មែន មាន​តែ​ចេញ​ឲ្យ​ផុត​ពី​លោក​នេះ​ទៅ។ 11ប៉ុន្តែ ពេល​នេះ ខ្ញុំ​សរ‌សេរ​ប្រាប់​អ្នក​រាល់​គ្នា កុំ​ឲ្យ​ភប់​ប្រសព្វ​ជាមួយ​អ្នក​ណា​ដែល​ហៅ​ខ្លួន​ថា​ជា​បង‌ប្អូន តែ​ជា​មនុស្ស​សហាយ​ស្មន់ លោភ​លន់ ថ្វាយ‌បង្គំ​រូប​ព្រះ ជេរ​ប្រមាថ ប្រមឹក ឬ​បោក​បា្រស់​ឡើយ ក៏​មិន​ត្រូវ​ទាំង​បរិ‌ភោគ​ជាមួយ​ជន​ប្រភេទ​នោះ​ផង។ 12ដ្បិត​តើ​ត្រូវ​ឲ្យ​ខ្ញុំ​ជំនុំ‌ជម្រះ​អស់​អ្នក​ដែល​នៅ​ខាង​ក្រៅ​ធ្វើ​អ្វី? តើ​អ្នក​រាល់​គ្នា​មិន​ជំនុំ‌ជម្រះ​អស់​អ្នក​ដែល​នៅ​ខាង​ក្នុង​ទេ​ឬ? 13អស់​អ្នក​ដែល​នៅ​ខាង​ក្រៅ ព្រះ​នឹង​ជំនុំ‌ជម្រះ​គេ។ «ត្រូវ​បណ្តេញ​មនុស្ស​អាក្រក់​នោះ ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា​ទៅ »។

ទើបបានជ្រើសរើសហើយ៖

១ កូរិន‌ថូស 5: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល