១ យ៉ូហាន 3

3
1មើល៍! ព្រះ‌វរ‌បិតា​បាន​ប្រទាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ណា​ដល់​យើង ដែល​យើង​មាន​ឈ្មោះ​ថា​ជា​កូន​របស់​ព្រះ ហើយ​យើង​ពិត​ជា​កូន​របស់​ព្រះ‌អង្គ​មែន។ នេះ​ហើយ​ជា​ហេតុ​ដែល​លោកីយ៍​មិន​ស្គាល់​យើង ព្រោះ​លោកីយ៍​មិន​បាន​ស្គាល់​ព្រះ‌អង្គ​ទេ។ 2ពួក​ស្ងួន‌ភ្ងា​អើយ ឥឡូវ​នេះ យើង​ជា​កូន​ព្រះ ហើយ​ដែល​យើង​នឹង​បាន​ទៅ​ជា​យ៉ាង​ណា នោះ​មិន​ទាន់​បាន​សម្តែង​មក​នៅ​ឡើយ​ទេ ប៉ុន្តែ យើង​ដឹង​ថា នៅ​ពេល​ព្រះ‌អង្គ​លេច​មក នោះ​យើង​នឹង​បាន​ដូច​ព្រះ‌អង្គ ដ្បិត​ដែល​ព្រះ‌អង្គ​យ៉ាង​ណា នោះ​យើង​នឹង​ឃើញ​ព្រះ‌អង្គ​យ៉ាង​នោះ​ឯង។ 3អស់​អ្នក​ណា​ដែល​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​នេះ​ដល់​ព្រះ‌អង្គ អ្នក​នោះ​តែង​ជម្រះ​ខ្លួន​ឲ្យ​បាន​ស្អាត ដូច​ព្រះ‌អង្គ​ដែល​ស្អាត​ដែរ។
4អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បាប អ្នក​នោះ​ក៏​ប្រព្រឹត្ត​រំលង​ក្រឹត្យ‌វិន័យ​ដែរ ដ្បិត​អំពើ​បាប​ជា​ការ​រំលង​ក្រឹត្យ‌វិន័យ។ 5អ្នក​រាល់​គ្នា​ដឹង​ហើយថា ព្រះ‌អង្គ​បាន​លេច​មក ដើម្បី​ដក​បាប​យើង​ចេញ ហើយ​នៅ​ក្នុង​ព្រះ‌អង្គ គ្មាន​បាប​សោះ។ 6អស់​អ្នក​ដែល​នៅ​ជាប់​ក្នុង​ព្រះ‌អង្គ អ្នក​នោះ​មិន​ធ្វើ​បាប​ទេ តែ​អ្នក​ដែល​ធ្វើ​បាប មិន​បាន​ឃើញ​ព្រះ‌អង្គឡើយ ក៏​មិន​ស្គាល់​ព្រះ‌អង្គ​ផង។ 7កូន​តូចៗ​រាល់​គ្នា​អើយ កុំ​ឲ្យ​អ្នក​ណា​បញ្ឆោត​អ្នក​រាល់​គ្នា​ឡើយ។ អ្នក​ណា​ប្រព្រឹត្ត​អំពើ​សុចរិត អ្នក​នោះ​ជា​មនុស្ស​សុចរិត ដូច​ព្រះ‌អង្គ​ដែល​សុចរិត​ដែរ។ 8អ្នក​ណា​ប្រព្រឹត្ត​អំពើ​បាប អ្នក​នោះ​មក​ពី​អារក្ស ដ្បិត​អារក្ស​បាន​ធ្វើ​បាប​ចាប់​តាំង​ពី​ដើម​រៀង​មក។ ដោយ​ហេតុ​នេះហើយ​បាន​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ​បាន​លេច​មក គឺ​ដើម្បី​បំផ្លាញ​កិច្ច‌ការ​របស់​អារក្ស។ 9អស់​អ្នក​ដែល​កើត​ពី​ព្រះ មិន​ប្រព្រឹត្ត​អំពើ​បាប​ទេ ដ្បិត​ពូជ​របស់​ព្រះ​ស្ថិត​នៅ​ជាប់​ក្នុង​អ្នក​នោះ ហើយ​អ្នក​នោះ​ពុំ​អាច​ធ្វើ​បាប​បាន​ឡើយ ព្រោះ​គេ​បាន​កើត​មក​ពី​ព្រះ។ 10អ្នក​ណា​ជា​កូន​របស់​ព្រះ ហើយ​អ្នក​ណា​ជា​កូន​របស់​អារក្ស ត្រូវ​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ដោយ​សារ​សេចក្ដី​នេះ គឺ​អ្នក​ណា​ដែល​មិន​ប្រព្រឹត្ត​អំពើ​សុចរិត អ្នក​នោះ​មិន​មែន​មក​ពី​ព្រះ​ទេ ហើយអ្នក​ណា​មិន​ស្រឡាញ់​បង‌ប្អូន​របស់​ខ្លួន ក៏​មិន​មែន​មក​ពី​ព្រះ​ដែរ។
ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក
11ដ្បិត​នេះ​ជា​ដំណឹង​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ពី​ដើម​រៀង​មក គឺ​យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ 12មិន​ត្រូវ​ឲ្យ​យើង​ដូច​ជា​កាអ៊ីន ដែល​មក​ពី​មេ​កំណាច ហើយ​បាន​សម្លាប់​ប្អូន​របស់​ខ្លួន​នោះ​ឡើយ។ ហេតុ​អ្វី​បាន​ជា​គាត់​សម្លាប់​ប្អូន​របស់​ខ្លួន​ដូច្នេះ? ព្រោះ​អំពើ​ដែល​គាត់​ប្រព្រឹត្ត​សុទ្ធ​តែ​អាក្រក់ ហើយ​អំពើ​ដែល​ប្អូន​របស់​គាត់​ប្រព្រឹត្ត​សុទ្ធ​តែ​សុច​រិត។ 13បង‌ប្អូន​អើយ ប្រសិន‌បើ​លោកីយ៍​ស្អប់​អ្នក​រាល់​គ្នា នោះ​កុំ​ឲ្យ​ឆ្ងល់​ឡើយ។ 14យើង​ដឹង​ហើយ​ថា យើង​បាន​កន្លង​ផុត​ពី​សេចក្ដី​ស្លាប់ ទៅ​ដល់​ជីវិត​ហើយ ព្រោះ​យើង​ស្រឡាញ់​ពួក​បង‌ប្អូន ឯ​អ្នក​ណា​ដែល​មិន​ចេះ​ស្រឡាញ់ អ្នក​នោះ​នៅ​ជាប់​ក្នុង​សេចក្ដី​ស្លាប់​នៅ​ឡើយ។ 15អ្នក​ណា​ដែល​ស្អប់​បង‌ប្អូន​របស់​ខ្លួន អ្នក​នោះ​ជា​ឃាតក ហើយ​អ្នក​រាល់​គ្នា​ដឹង​ហើយថា គ្មាន​ឃាតកណា​មួយ​មាន​ជីវិត​រស់​អស់​កល្ប​ជា‌និច្ច​នៅ​ក្នុង​ខ្លួន​ឡើយ។ 16យើង​ស្គាល់​សេចក្ដី​ស្រឡាញ់ដោយ​សារ​សេចក្ដី​នេះ គឺ​ព្រះ‌អង្គ​បាន​ស៊ូ​ប្តូរ​ព្រះ‌ជន្ម​របស់​ព្រះ‌អង្គ​សម្រាប់​យើង ដូច្នេះ យើង​ក៏ត្រូវ​ប្តូរ​ជីវិត​របស់​យើង​សម្រាប់​បង‌ប្អូន​ដែរ។ 17ប្រសិន‌បើ​អ្នក​ណា​មាន​សម្បត្តិ​លោកីយ៍ ហើយ​ឃើញ​បង‌ប្អូន​ណា​ដែល​ខ្វះ​ខាត តែ​មិន​ចេះ​អាណិត​អាសូរ​សោះ ធ្វើ​ដូច​ម្តេចឲ្យ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ស្ថិត​នៅ​ក្នុង​អ្នក​នោះ​បាន?
18ពួក​កូន​តូចៗ​អើយ យើង​មិន​ត្រូវ​ស្រឡាញ់​ដោយ​ពាក្យ​សម្ដី ឬ​ដោយ​បបូរ​មាត់​ប៉ុណ្ណោះ​ឡើយ គឺ​ដោយ​ការ​ប្រព្រឹត្ត និង​សេចក្ដី​ពិត​វិញ។ 19យើង​នឹង​ដឹង​ដោយ​សារ​សេចក្ដី​នេះ​ឯង​ថា យើង​កើត​មក​ពី​សេចក្ដី​ពិត ហើយ​ធ្វើ​ឲ្យ​យើងមានទំនុក​ចិត្តនៅ​ចំពោះ​ព្រះ‌អង្គ 20ដ្បិត​ពេល​ណា​ចិត្ត​របស់​យើង​ដាក់​ទោស​យើង នោះ​ព្រះ‌ទ្រង់​ធំ​ជាង​ចិត្ត​របស់​យើង​ទៅ​ទៀត ហើយ​ទ្រង់​ជ្រាប​គ្រប់​ទាំង​អស់។ 21ពួក​ស្ងួន‌ភ្ងា​អើយ ប្រសិន‌បើ​ចិត្ត​របស់​យើង​មិន​ដាក់​ទោស​យើង​ទេ នោះ​យើង​មាន​សេចក្ដី​ក្លា‌ហាននៅ​ចំពោះ​ព្រះ 22ហើយ​អ្វី​ក៏​ដោយ​ដែល​យើង​ទូល​សូម​ពី​ព្រះ‌អង្គ នោះ​យើង​នឹង​ទទួលពីព្រះ‌អង្គមិន​ខាន ព្រោះ​យើង​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ ហើយ​ប្រព្រឹត្ត​អំពើណា​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ។
23រី​ឯ​បទ‌បញ្ជា​របស់​ព្រះ‌អង្គ គឺយើង​ត្រូវ​ជឿ​ដល់​ព្រះ‌នាម​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ ហើយ​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ព្រះ‌អង្គ​បាន​បង្គាប់​មក​យើង។ 24អ្នក​ណា​ដែល​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ អ្នក​នោះ​ស្ថិត​នៅ​ជាប់​ក្នុង​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​ស្ថិត​នៅជាប់​ក្នុង​គេ​ដែរ។ យើង​ដឹង​ដោយ​សារ​សេចក្ដី​នេះ​ថា ព្រះ‌អង្គ​ស្ថិត​នៅជាប់​ក្នុង​យើង ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដែល​ព្រះ‌អង្គ​ប្រទាន​មក​យើង។

ទើបបានជ្រើសរើសហើយ៖

១ យ៉ូហាន 3: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល