១ យ៉ូហាន 5:1-12

១ យ៉ូហាន 5:1-12 គកស១៦

អស់​អ្នក​ណា​ដែល​ជឿ​ថា ព្រះ‌យេ‌ស៊ូវ​ជា​ព្រះ‌គ្រីស្ទ អ្នក​នោះ​បាន​កើត​មក​ពី​ព្រះ ហើយ​អស់​អ្នក​ណា​ដែល​ស្រឡាញ់​ព្រះ​វរបិតា អ្នក​នោះ​ក៏​ស្រឡាញ់​អស់​អ្នក​ដែល​កើត​មក​ពី​ព្រះ‌អង្គ​ដែរ។ កាល​ណា​យើង​ស្រឡាញ់​ព្រះ ហើយ​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ នោះ​យើង​ដឹងថា យើង​ស្រឡាញ់​ពួក​កូន​របស់​ព្រះ។ ដ្បិត​នេះ​ហើយ​ជា​សេចក្ដី​ស្រឡាញ់​របស់​ព្រះ គឺ​ឲ្យ​យើង​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ ឯ​បទ‌បញ្ជា​របស់​ព្រះ‌អង្គ មិន​មែន​ជា​បន្ទុក​ធ្ងន់​ទេ។ ព្រោះ​អស់​អ្នក​ដែល​កើត​មក​ពី​ព្រះ សុទ្ធ​តែ​ឈ្នះ​លោកីយ៍​នេះ ឯ​ជ័យ​ជម្នះ​ដែលបាន​ឈ្នះ​លោកីយ៍ នោះគឺ​ជំនឿ​របស់​យើង។ តើ​អ្នក​ណា​ដែល​ឈ្នះ​លោកីយ៍​នេះ? គឺ​មាន​តែ​អ្នក​ដែល​ជឿ​ថា ព្រះ‌យេ‌ស៊ូវជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ​ប៉ុណ្ណោះ។ ព្រះ‌យេស៊ូវ‌គ្រីស្ទ​នេះ​ហើយ ដែលបាន​យាង​មក​ដោយ​ទឹក និង​ឈាម មិន​មែន​ដោយ​ទឹក​តែ​ប៉ុណ្ណោះទេ គឺ​ដោយ​ទឹក និង​ឈាម​ផង។ ព្រះ‌វិញ្ញាណ​ជា​អ្នក​ធ្វើ​បន្ទាល់ ព្រោះ​ព្រះ‌វិញ្ញាណ​ជា​សេចក្ដី​ពិត។ ដ្បិត​មាន​បី​ដែល​ធ្វើ​បន្ទាល់[នៅ​ស្ថាន‌សួគ៌ គឺ​ព្រះ‌វរ‌បិតា ព្រះ‌បន្ទូល និង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ហើយ​ទាំង​បី​នេះ​រួម​មក​តែ​មួយ។ ក៏​មាន​បី​ទៀត ដែល​ធ្វើ​បន្ទាល់​នៅ​ផែនដី] គឺ​ព្រះ‌វិញ្ញាណ ទឹក និង​ឈាម ហើយ​ទាំង​បី​នេះ​ស្រប​គ្នា។ ប្រសិន‌បើ​យើង​បាន​ទទួល​ទី​បន្ទាល់​របស់​មនុស្ស នោះ​ទី​បន្ទាល់​របស់​ព្រះ រឹត​តែ​ធំ​ជាង​នោះ​ទៅ​ទៀត ដ្បិត​ទីបន្ទាល់​របស់​ព្រះ គឺព្រះ‌អង្គ​ធ្វើ​បន្ទាល់​អំពី​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ។ អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ អ្នក​នោះ​មាន​ទី​បន្ទាល់​នៅ​ក្នុង​ខ្លួន​ហើយ។ អ្នក​ណា​ដែល​មិន​ជឿ​ព្រះ អ្នក​នោះ​បាន​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ត្រឡប់​ជា​អ្នក​កុហក​វិញ ព្រោះ​គេ​មិន​បាន​ជឿ​ដល់​ទី​បន្ទាល់​ដែល​ព្រះ​បាន​ធ្វើ អំពី​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ។ ឯ​ទី​បន្ទាល់​នោះ​គឺ​ថា ព្រះ​បាន​ប្រទានជីវិត​អស់​កល្ប​ជា‌និច្ច​មក​យើង ហើយ​ជីវិតនេះ គឺ​នៅ​ក្នុង​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ។ អ្នក​ណា​ដែល​មាន​ព្រះ‌រាជ‌បុត្រា អ្នក​នោះ​មាន​ជីវិត អ្នក​ណា​ដែល​គ្មាន​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ អ្នក​នោះ​គ្មាន​ជីវិត​ឡើយ។

អាន ១ យ៉ូហាន 5