១ សាំ‌យូ‌អែល 14

14
1ថ្ងៃ​មួយ យ៉ូណា‌ថាន ជា​បុត្រា​របស់​ស្ដេច​សូល ប្រាប់​យុវជន​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​ថា៖ «ចូរ​យើង​ឆ្លង​ទៅ​បន្ទាយ​របស់​ពួក​ភីលី‌ស្ទីន ដែល​នៅ​ខាង​នាយ​នោះ»។ ប៉ុន្តែ លោក​មិន​បាន​ទូល​ដល់​បិតា​ឲ្យ​ជ្រាប​ទេ។ 2ឯ​ស្ដេច​សូល​នៅ​ត្រង់​ចុង​ក្រុង​គី‌បៀរ ក្រោម​ដើម​ទទឹម​ដែល​នៅ​មីក‌រ៉ូន មាន​ទាំង​ពួក​ទ័ព​នៅ​ជា‌មួយ ប្រហែល​ជា​ប្រាំមួយ‌រយ​នាក់​ផង 3ព្រម​ទាំង​អ័‌ហ៊ីយ៉ា​ជា​កូន​អ័‌ហ៊ីទូប បង​របស់​អ៊ី‌កាបូឌ ដែល​ជា​កូន​ភី‌នេ‌ហាស ភី‌នេ‌ហាស ជា​កូន​អេលី ជា​សង្ឃ​របស់​ព្រះ‌យេហូវ៉ា នៅ​ត្រង់​ស៊ីឡូរ ដែល​លោក​ពាក់​អេផូឌ​ដែរ គេ​ឥត​បាន​ដឹង​ជា​យ៉ូណា‌ថាន​ទៅ​ទេ។ 4នៅ​កណ្ដាល​ច្រក​ភ្នំ​ដែល​យ៉ូណា‌ថាន​ចង់​ឆ្លង​ទៅ​ឯ​បន្ទាយ​របស់​ពួក​ភីលី‌ស្ទីន នោះ​មាន​ថ្មដា​ស្រួច​អម​ទាំង​សង​ខាង​ផ្លូវ មួយ​ឈ្មោះ​បូសេស ហើយ​មួយ​ទៀត​ឈ្មោះ​សេនេ។ 5មួយ​នៅ​ខាង​ជើង​ទល់​មុខ​នឹង​មីក‌ម៉ាស ហើយ​មួយ​នៅ​ខាង​ត្បូង​ទល់​មុខ​នឹង​កេបា។
6យ៉ូណា‌ថាន​ក៏​ប្រាប់​យុវជន​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​ថា៖ «ចូរ​យើង​ឆ្លង​ទៅ​ឯ​បន្ទាយ​នៃ​ពួក​មិន​កាត់​ស្បែក​នោះ ប្រហែល​ជា​ព្រះ‌យេហូវ៉ា​នឹង​ជួយ​យើង​ទេ​ដឹង ដ្បិត​គ្មាន​អ្វី​ឃាត់​ឃាំង​ដល់​ព្រះ‌យេហូវ៉ា​ដែល​ព្រះ‌អង្គ​នឹង​ជួយ​សង្គ្រោះ ដោយ‌សារ​មនុស្ស​ច្រើន ឬ​តិច​នោះ​ទេ»។ 7ឯ​អ្នក​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​ក៏​ឆ្លើយ​ថា៖ «សូម​សម្រេច​តាម​តែគំនិត​របស់​លោក ហើយ​ធ្វើ​តាម​តែ​ចិត្ត​ប្រាថ្នា​ចុះ មើល៍ ខ្ញុំ​នៅ​ជា‌មួយ​លោក​ស្រាប់​ហើយ»។ 8ដូច្នេះ យ៉ូណា‌ថាន​ប្រាប់​ថា៖ «ឥឡូវ យើង​នឹង​ឆ្លង​ទៅ​រក​អ្នក​ទាំង​នោះ រួច​បង្ហាញ​ខ្លួន​យើង​ឲ្យ​គេ​ឃើញ 9ប្រសិន‌បើ​គេ​ប្រាប់​យើង​ថា "ចូរ​រង់​ចាំ​រហូត​ដល់​យើង​មក​រក​អ្នក" នោះ​យើង​នឹង​ឈរ​នៅ​នឹង​កន្លែង យើង​នឹង​មិន​ឡើង​ទៅ​រក​គេ​ឡើយ។ 10ប៉ុន្តែ ប្រសិន‌បើ​គេ​ប្រាប់​ថា "ចូរ​ឡើង​មក​រក​យើង" នោះ​យើង​នឹង​ឡើង​ទៅ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​យើង​ហើយ នេះ​នឹង​បាន​ជា​ទី​សម្គាល់​ដល់​យើង»។ 11ដូច្នេះ អ្នក​ទាំង​ពីរ​ក៏​បង្ហាញ​ខ្លួន​ឲ្យ​ពួក​បន្ទាយ​នៃ​សាសន៍​ភីលី‌ស្ទីន​ឃើញ រួច​គេ​និយាយ​ថា៖ «មើល៍! ពួក​ហេព្រើរ​ចេញ​ពី​រូង​ដែល​គេ​ពួន​នោះ​ហើយ» 12គេ​ក៏​និយាយ​ទៅ​យ៉ូណា‌ថាន និង​អ្នក​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​ថា៖ «ចូរ​ឡើង​មក​រក​យើង​ចុះ យើង​នឹង​បង្ហាញ​ឲ្យ​អ្នក​ដឹង» នោះ​យ៉ូណា‌ថាន​ប្រាប់​ដល់​អ្នក​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​ថា៖ «ចូរ​អ្នក​ឡើង​មក​តាម​ក្រោយ​យើង​មក ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​គេ មក​ក្នុង​កណ្ដាប់​ដៃ​នៃ​អ៊ីស្រា‌អែល​ហើយ»។ 13រួច​យ៉ូណា‌ថាន​ក៏​ប្រតោង​ឡើង ហើយ​អ្នក​ដែល​កាន់​គ្រឿង​របស់​លោក​ក៏​ឡើង​តាម​ក្រោយ​ទៅ។ ពួក​ភីលីស្ទីន​ក៏​ដួល​នៅ​មុខ​យ៉ូណា‌ថាន ហើយ​អ្នក​ដែល​កាន់​គ្រឿង​របស់​លោក​ក៏​សម្លាប់​គេ​ជា​ក្រោយ។ 14នៅ​ពេល​ដែល​យ៉ូណា‌ថាន និង​អ្នក​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​បាន​សម្លាប់​គេ​មុន​ដំបូង នោះ​បាន​ស្លាប់​អស់​ប្រហែល​ជា​ម្ភៃ​នាក់ នៅ​លើ​ដី​ចំនួន​មួយ​ងារ។ 15នោះ​ក៏​មាន​ការ​ញាប់‌ញ័រ​កើត​ឡើង ក្នុង​ទី​បោះ​ទ័ព​ដែល​នៅ​វាល និង​នៅ​ក្នុង​ពួក​បណ្ដា​ទ័ព​ទាំង​ប៉ុន្មាន ឯ​ពួក​អ្នក​នៅ​ក្នុង​បន្ទាយ និង​ពួក​ទ័ព​បំផ្លាញ គេ​ក៏​ញ័រ​រន្ធត់​ដែរ ហើយ​ផែនដី​ក៏​កក្រើក​ឡើង ដូច្នេះ គេ​មាន​សេចក្ដី​ញ័រ​រន្ធត់​ជា​ខ្លាំង​ក្រៃ‌លែង។
16ពួក​យាម‌ល្បាត​របស់​សូល​នៅ​ក្រុង​គី‌បៀរ ស្រុក​បេនយ៉ាមីន មើល​ទៅ​ឃើញ​ពល​ទ័ព​បែក‌ខ្ញែក​គ្នា ខ្លះ​ទៅ​ខាង​នេះ ខ្លះ​ទៅ​ខាង​នោះ 17ដូច្នេះ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ទៅ​ពួក​អ្នក​ដែល​នៅ​ជា‌មួយ​ថា៖ «ចូរ​រាប់​មើល​អ្នក​ណា​ខ្លះ​ដែល​បាន​ចេញ​ពី​យើង»។ ពេល​គេ​បាន​រាប់ ឃើញ​បាត់​យ៉ូណា‌ថាន និង​អ្នក​ដែល​កាន់​គ្រឿង​របស់​លោក។ 18ព្រះ​បាទ​សូល​បញ្ជាលោក​អ័‌ហ៊ី‌យ៉ា​ថា៖ «ចូរ​យក​ហិប​របស់​ព្រះ​មក​ទី​នេះ»។ ដ្បិត​គ្រា​នោះ ហិប​របស់​ព្រះ​នៅ​ជា‌មួយ​ប្រជា​ជន​អ៊ីស្រា‌អែល។ 19កាល​ស្ដេច​សូល​កំពុង​មាន​រាជ‌ឱង្ការ​ទៅ​កាន់​សង្ឃ​នៅ​ឡើយ សូរ​អឺង‌កង​ដែល​ឮ​ពី​ជំរំ​ពួក​ភីលី‌ស្ទីន​ក៏​កាន់​តែ​ខ្លាំង​ឡើងៗ។ ដូច្នេះ ស្ដេច​សូល​ប្រាប់​សង្ឃ​ថា៖ «ចូរ​ដក​ដៃ​អ្នក​ចេញ »។ 20ពេល​នោះ ស្ដេច​សូល និង​ពួក​អ្នក​ដែល​នៅ​ជា‌មួយ​ទាំង​ប៉ុន្មាន​ក៏​ប្រមូល​គ្នា​ទៅ​សមរភូមិ ហើយមើល៍ មាន​ការ​ច្របូក‌ច្របល់​យ៉ាង​សម្បើម ដោយពួកភីលីស្ទីន​កំពុង​តែ​កាប់​ចាក់​គ្នា​ឯង។ 21រី​ឯ​ពួក​ហេព្រើរ​ដែល​នៅ​ជា‌មួយ​ពួក​ភីលី‌ស្ទីន ហើយ​បាន​ឡើង​មក​ក្នុង​ពួក​ទ័ព​ជា‌មួយ​គេ នោះ​ក៏​បែរ​មក​ខាង​ពួក​អ៊ីស្រា‌អែល ដែល​នៅ​ជា‌មួយ​សូល និង​យ៉ូណា‌ថាន​វិញ។ 22កាល​ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ដែល​ពួន​នៅ​ស្រុក​ភ្នំ​អេប្រាអិម​បាន​ឮ​ថា ពួក​ភីលី‌ស្ទីន​រត់​ដូច្នោះ នោះ​គេ​ក៏​ដេញ​តាម​ច្បាំង​យ៉ាង​ប្រកិត​ដែរ។ 23ដូច្នេះ ព្រះ‌យេហូវ៉ា​បាន​ជួយ​សង្គ្រោះ​អ៊ីស្រា‌អែល នៅ​ថ្ងៃ​នោះ ហើយ​ចម្បាំង​នោះ​ក៏​ឆ្លង​ទៅ រហូត​ដល់​បេត-អា‌វេន​វិញ។
សម្បថ​របស់​ស្ដេច​សូល
24នៅ​ថ្ងៃ​នោះ ពួក​អ៊ីស្រា‌អែល​មាន​សេចក្ដី​វេទនា​ណាស់ ដ្បិត​សូល​បាន​ឲ្យ​គេ​ស្បថ​ថា៖ «អ្នក​ណា​ដែល​បរិ‌ភោគ​អ្វី​មុន​ពេល​ល្ងាច គឺ​ដល់​កាល​ណា​យើង​បាន​សង‌សឹក​នឹង​ខ្មាំង​សត្រូវ​ហើយ នោះ​នឹង​ត្រូវ​បណ្ដាសា» ហេតុ​នោះ​បាន​ជា​ក្នុង​ពួក​គេ គ្មាន​អ្នក​ណា​មួយ​ហ៊ាន​បរិ‌ភោគ​អ្វី​ឡើយ។ 25កាល​ប្រជា​ជន​ទាំង​ប៉ុន្មាន​បាន​ចូលមកដល់​ក្នុង​ព្រៃ នោះ​ឃើញ​មាន​សំណុំ​ទឹក​ឃ្មុំ​នៅ​លើ​ដី។ 26ដ្បិត​កាល​គេ​ចូល​ទៅ នោះ​ឃើញ​សំណុំ​ទឹក​ឃ្មុំ​ធ្លាក់​ចុះ​មក តែ​គ្មាន​អ្នក​ណា​ហ៊ាន​លូក​ដៃ​ចាប់​ដាក់​ដល់​មាត់​ឡើយ ព្រោះ​គេ​ខ្លាច​ពាក្យ​សម្បថ​នោះ។ 27តែ​យ៉ូណា‌ថាន​ឥត​បាន​ឮ ក្នុង​កាល​បិតា​បង្គាប់​គេ​ដោយ​ពាក្យ​សម្បថ​ទេ បាន​ជា​លោក​លូក​ចុង​ដំបង ដែល​កាន់​នៅ​ដៃ​ទៅ​ចាក់​សំណុំ​ឃ្មុំ យក​មក​បរិ‌ភោគ​ទៅ ស្រាប់​តែ​ភ្នែក​លោក​ក៏​ស្វាង​ឡើង។ 28នោះ​មាន​ម្នាក់​ជម្រាប​ថា៖ «បិតា​លោក​បាន​ហាម​យើង​ខ្ញុំ​ដោយ​ពាក្យ​សម្បថ​ថា "អ្នក​ណា​បរិ‌ភោគ​អ្វី​នៅ​ថ្ងៃ​នេះ នោះ​នឹង​ត្រូវ​បណ្ដាសា" ពួក​បណ្ដា‌ទ័ព​ទាំង​ប៉ុន្មាន​គេ​ហេវ​ខ្លាំង​ណាស់»។ 29ដូច្នេះ យ៉ូណា‌ថាន​មាន​វាចា​ថា៖ «បិតា​របស់​យើង​បាន​នាំ​ឲ្យ​ស្រុក​យើង​មាន​វេទនា​ហើយ មើល៍ យើង​បាន​ស្វាង​ភ្នែក​ឡើង​ដោយ‌សារ​តែ​ភ្លក់​ទឹក​ឃ្មុំ​បន្តិច​នេះ។ 30ចុះ​ចំណង់​បើ​ពួក​ទ័ព​បាន​បរិ‌ភោគ​របឹប​របស់​ពួក​ខ្មាំង​សត្រូវ តាម​ចិត្ត​នៅ​ថ្ងៃ​នេះ នោះ​តើ​នឹង​វិសេស​ជា​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត យ៉ាង​នោះ​នឹង​បាន​ប្រហារ​ជីវិត​ពួក​ភីលី‌ស្ទីន រឹត​តែ​ច្រើន​លើស​ទៅ​ទៀត»។
31នៅ​ថ្ងៃ​នោះ គេ​ក៏​វាយ​ពួក​ភីលី‌ស្ទីន ចាប់​តាំង​ពី​មីក‌ម៉ាស​រហូត​ដល់​អាយ៉ា‌ឡូន និង​ពួក​បណ្ដា‌ទ័ព​ល្វើយ​ខ្លាំង​ណាស់ 32ដូច្នោះ គេ​ក៏​ស្ទុះ​ទៅ​លើ​របឹប ចាប់​យក​ចៀម គោ និង​កូន​គោ ទៅ​សម្លាប់​នៅ​លើ​ដី ហើយ​បរិ‌ភោគ​សាច់​ទាំង​ជាប់​មាន​ឈាម​ផង 33ពេល​នោះ គេ​ទូល​ស្ដេច​សូល​ថា៖ «មើល៍! ឥឡូវ​ពួក​ទ័ព​គេ​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​ហើយ ដោយ​បរិ‌ភោគ​សាច់​ដែល​ជាប់​ទាំង​ឈាម​ផង»។ នោះ​ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ល្មើស​ហើយ ដូច្នេះ ចូរ​ប្រមៀល​ថ្ម​មួយ​យ៉ាង​ធំ មក​ឲ្យ​ខ្ញុំ​នៅ​ទី​នេះ»។ 34ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ទៅ​ក្នុង​ពួក​ទ័ព​ប្រាប់​គេ​ឲ្យ​ដឹក​យក​គោ និង​ចៀម​មក​ឲ្យ​យើង ដើម្បី​សម្លាប់​បរិ‌ភោគ​នៅ​ទី​នេះ កុំ​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា ដោយ​បរិ‌ភោគ​សាច់​ដែល​ជាប់​ទាំង​ឈាម​ដូច្នេះ​ឡើយ»។ ដូច្នេះ នៅ​យប់​នោះ គ្រប់​គ្នា​ក៏​ដឹក‌នាំ​គោ​របស់​ខ្លួន​ទៅ​សម្លាប់​នៅ​ទី​នោះ។ 35ស្ដេច​សូល​ក៏​ស្អាង​អាសនា​មួយ​ថ្វាយ​ព្រះ‌យេហូវ៉ា នោះ​ហើយ​ជា​អាសនា​មុន​ដំបូង ដែល​ទ្រង់​បាន​ស្អាង​ថ្វាយ​ព្រះ‌យេហូវ៉ា។
36លំដាប់​នោះ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​យើង​ចុះ​ទៅ​ទាំង​យប់​តាម​ពួក​ភីលី‌ស្ទីន ដើម្បី​វាយ​គេ​រហូត​ដល់​ភ្លឺ កុំ​ឲ្យ​យើង​ទុក​គេ​ឲ្យ​សល់​ដល់​ម្នាក់​ឡើយ» គេ​និយាយ​ថា៖ «សូម​ទ្រង់​សម្រេច​តាម​ដែល​យល់​ថា​ស្រួល​ចុះ» នោះ​សង្ឃ​មាន​វាចា​ថា៖ «ចូរ​យើង​ប្រមូល​គ្នា​មក​រក​ព្រះ​នៅ​ទី​នេះ​សិន»។ 37ស្ដេច​សូល​ក៏​ទូល​សួរ​ដល់​ព្រះ​ថា៖ «តើ​ទូល‌បង្គំ​ត្រូវ​ចុះ​ទៅ​តាម​ពួក​ភីលី‌ស្ទីន​ឬ? តើ​ព្រះ‌អង្គ​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​ពួក​អ៊ីស្រា‌អែល​ឬ​ទេ?»។ ប៉ុន្តែ នៅ​ថ្ងៃ​នោះ ព្រះ​មិន​បាន​ឆ្លើយ​តប​មក​សោះ។ 38ដូច្នេះ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​មក​ទី​នេះ អស់​លោក​ដែល​ជា​មេ​ដឹក​នាំ​ប្រជា‌រាស្ត្រ​អើយ ដើម្បី​នឹង​ពិចារ‌ណា​មើល ឲ្យ​ដឹង​ជា​កើត​មាន​បាប​យ៉ាង​ណា​នៅ​ថ្ងៃ​នេះ 39ដ្បិត​យើង​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់ ដែល​ព្រះ‌អង្គ​បាន​សង្គ្រោះ​ពួក​អ៊ីស្រា‌អែល​ថា ទោះ​បើ​បាប​នោះ នៅ​លើ​រូប​យ៉ូណា‌ថាន​ជា​កូន​យើង​ក៏​ដោយ គង់​តែ​វា​នឹង​ត្រូវ​ស្លាប់​ទៅ​ជា​ប្រាកដ»។ ក្នុង​ពួក​ពល​ទ័ព​គ្មាន​អ្នក​ណា​មួយ​ឆ្លើយ​ឡើង​សោះ។ 40ពេល​នោះ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ទៅ​ពួក​អ៊ីស្រា‌អែល​ថា៖ «ចូរ​អ្នក​រាល់​គ្នា​នៅ​ជា​ម្ខាង ហើយ​យើង និង​យ៉ូណា‌ថាន ជា​កូន​យើង​នៅ​ម្ខាង» ពួក​ពល​ទ័ព​ទូល​ឆ្លើយ​ថា៖ «សូម​ព្រះ‌អង្គ​សម្រេច​តាម​ព្រះ‌ហឫ‌ទ័យ​ចុះ»។ 41ដូច្នេះ ស្ដេច​សូល​ក៏​ទូល​ថា៖ «ឱព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ [ហេតុអ្វី​បាន​ជា​ព្រះ‌អង្គ​មិន​ឆ្លើយ​មក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​នៅ​ថ្ងៃ​នេះ? ប្រសិន‌បើ​នេះ​ជា​កំហុស​របស់​ទូលបង្គំ ឬ​កំហុស​របស់​យ៉ូណាថាន​កូន​ទូល​បង្គំ ឱព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ] សូម​ព្រះ‌អង្គ​បង្ហាញ​តាម​អ៊ូរីម ចុះ។ ប៉ុន្តែ ប្រសិន‌បើ​នេះ​ជា​កំហុស​របស់​ប្រជា​ជន​អ៊ីស្រា‌អែល សូម​បង្ហាញ​តាម​ធូមីម »។ ពេល​នោះ ឆ្នោត​បង្ហាញ​ចំ​លើ​យ៉ូណា‌ថាន និង​ស្ដេច​សូល តែ​ប្រជា​ជន​រួច​ខ្លួន។ 42ពេល​នោះ ព្រះ​បាទ​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ចាប់​ឆ្នោត​រវាង​ខ្ញុំ​នឹង​យ៉ូណា‌ថាន កូន​របស់​ខ្ញុំ​ទៀត​មើល៍» ហើយ​ឆ្នោត​ក៏​បង្ហាញ​ចំ​លើ​យ៉ូណា‌ថាន។
43ពេល​នោះ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ទៅ​យ៉ូណា‌ថាន​ថា៖ «ចូរ​ប្រាប់​បិតា តើ​បុត្រ​បាន​ធ្វើ​អ្វី?» យ៉ូណា‌ថាន​ទូល​ថា៖ «ទូល‌បង្គំ​បាន​គ្រាន់​តែ​ភ្លក់​ទឹក​ឃ្មុំ​បន្តិច ដោយ​ចុង​ដំបង​ដែល​ទូល‌បង្គំ​កាន់​នៅ​ដៃ​ប៉ុណ្ណោះ មើល៍ ទូល‌បង្គំ​មុខ​ជា​ស្លាប់​ហើយ»។ 44ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ឱ​យ៉ូណា‌ថាន​អើយ បើ​បុត្រ​មិន​ត្រូវ​ស្លាប់​ពិត​ប្រាកដ នោះ​សូម​ឲ្យ​ព្រះ​ធ្វើ​ដល់​បិតា​ដូច្នោះ ហើយ​លើស​ទៅ​ទៀត​ផង»។ 45ពួក​បណ្ដា​ទ័ព​ទូល​សួរ​ដល់​ស្ដេច​សូល​ថា៖ «យ៉ូណា‌ថាន​ដែល​បាន​នាំ​ឲ្យ​មាន​សេចក្ដី​សង្គ្រោះ​ក្នុង​ពួក​អ៊ីស្រា‌អែល​យ៉ាង​ធំ​ដល់​ម៉្លេះ តើ​លោក​ត្រូវ​ស្លាប់​ឬ? មិន​ត្រូវ​ទៅ​ជា​ដូច្នោះ​ឡើយ យើង​ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​ថា មិន​ត្រូវ​ឲ្យ​មាន​សក់​មួយ​សរសៃ​ជ្រុះ​ពី​ក្បាល​របស់​លោក​ទេ ដ្បិត​ការ​ដែល​លោក​បាន​ធ្វើ​នៅ​ថ្ងៃ​នេះ នោះ​គឺ​បាន​ធ្វើ​ជា‌មួយ​ព្រះ​ហើយ» ដូច្នេះ ពួក​បណ្ដា​ទ័ព​បាន​ជួយ​ដោះ​យ៉ូណា‌ថាន​មិន​ឲ្យ​ស្លាប់​ឡើយ។ 46នោះ​សូល​ក៏​លែង​ដេញ​តាម​ពួក​ភីលី‌ស្ទីន ហើយ​ពួក​ភីលី‌ស្ទីន គេ​ក៏​វិល​ទៅ​កន្លែង​គេ​រៀង​ខ្លួន​ទៅ។
ស្ដេច​សូល​បន្ត​ធ្វើ​សង្គ្រាម
47ក្រោយ​ដែល​ស្ដេច​សូល​បាន​ទទួល​គ្រង‌រាជ្យ​លើ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​ក៏​ច្បាំង​នឹង​ខ្មាំង​សត្រូវ​នៅ​គ្រប់​ទី​កន្លែង​ជុំ​វិញ គឺ​ច្បាំង​នឹង​សាសន៍​ម៉ូអាប់ និង​ពួក​កូន​ចៅ អាំម៉ូន និង​សាសន៍​អេដុម និង​ស្តេច​ទាំង​ប៉ុន្មាន​នៃ​ស្រុក​សូបា និង​ពួក​ភីលី‌ស្ទីន​ផង ឯ​ទិស​ទី​ណា​ដែល​ទ្រង់​បែរ​ទៅ នោះ​ក៏​ចេះ​តែ​បាន​ឈ្នះ​ជា‌និច្ច។ 48ទ្រង់​ក៏​ប្រព្រឹត្ត​ដោយ​ក្លាហាន បាន​ទាំង​វាយ​ពួក​អាម៉ាឡេក ហើយ​ជួយ​ដោះ​ពួក​អ៊ីស្រា‌អែល ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​បំផ្លាញ​គេ។
49រី​ឯ​បុត្រា​របស់​ស្ដេច​សូល នោះ​គឺ​យ៉ូណា‌ថាន​មួយ យីសវី​មួយ និង​ម៉ាលគី-ស៊ូអា​មួយ ឯ​បុត្រី​ទាំង​ពីរ​អង្គ នោះ​គឺ​នាង​បង​ព្រះ‌នាម​ថា​ម៉្រាប ហើយ​ប្អូន​ព្រះ‌នាម​ថា​មីកាល។ 50ឯ​ជាយា​របស់​ព្រះ‌អង្គ​ព្រះ‌នាម​ថា​អ័ហ៊ី‌ណោម ជា​កូន​អ័ហ៊ីម៉ាស ហើយ​មេ‌ទ័ព​របស់​ព្រះ‌អង្គ​ឈ្មោះ​អ័ប៊ី‌នើរ ជា​កូន​នើរ ដែល​ជា​មា​របស់​សូល។ 51ដ្បិត​គីស ដែល​ជា​បិតា​របស់​សូល ហើយ​នើរ​ដែល​ជា​ឪពុក​អ័‌ប៊ីរ‌នើរ នោះ​ទាំង​ពីរ​នាក់​ជា​កូន​អ័‌បៀល។
52នៅ​អស់​មួយ​ជីវិត​របស់​សូល នោះ​ចេះ​តែ​មាន​ចម្បាំង​ច្បាំង​នឹង​ពួក​ភីលី‌ស្ទីន​ជា​ខ្លាំង ហើយ​កាល​ណា​ស្ដេច​សូល​ឃើញ​មនុស្ស​ណា​ខ្លាំង​ពូកែ ឬ​ក្លាហាន ស្ដេច​ក៏​យក​អ្នក​នោះ​មក​ក្នុង​ពល​ទ័ព​របស់​ព្រះ‌អង្គ។

ទើបបានជ្រើសរើសហើយ៖

១ សាំ‌យូ‌អែល 14: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល