១ សាំ‌យូ‌អែល 7

7
1នោះ​ពួក​គារយ៉ាត់-យារីម​ក៏​មក​នាំ​យក​ហិប​នៃ​ព្រះ‌យេហូវ៉ា ឡើង​ទៅ​ដាក់​នៅ​ក្នុង​ផ្ទះ​របស់​អ័ប៊ី‌ណាដាប់ ដែល​នៅ​លើ​ភ្នំ ក៏​ញែក​អេលា‌សារ​ជា​កូន​ចេញ សម្រាប់​ថែ‌រក្សា​ហិប​នៃ​ព្រះ‌យេហូវ៉ា។
2ចាប់​តាំង​ពី​ថ្ងៃ​ដែល​ហិប​បាន​តាំង​នៅ​ត្រង់​គារយ៉ាត់-យារីម នោះ​បាន​យូរ​ណាស់ គឺ​អស់​កំណត់​ម្ភៃ​ឆ្នាំ ហើយ​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​នឹក​ស្រណោះ​រក​ព្រះ‌យេហូវ៉ា។
លោកសាំយូ‌អែល​ធ្វើ​ជា​ចៅក្រម
3នៅ​វេលា​នោះ លោកសាំយូ‌អែល​ប្រាប់​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​អស់​ថា៖ «បើ​អ្នក​រាល់​គ្នា​វិល​ត្រឡប់​មក​ឯ​ព្រះ‌យេហូវ៉ា​វិញ​ដោយ​អស់​ពី​ចិត្ត នោះ​ត្រូវ​យក​អស់​ទាំង​ព្រះ​ដទៃ និង​រូប​ព្រះ​ទាំង​ប៉ុន្មាន​ពី​ពួក​អ្នក​រាល់​គ្នា​ចេញ ហើយ​បាញ់​ចិត្ត​តម្រង់​ចំពោះ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌អង្គ​តែ​មួយ ព្រះ‌អង្គ​នឹង​ជួយ​ដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ចេញ​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ភីលី‌ស្ទីន»។ 4ដូច្នេះ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​យក​ព្រះ​បាល និង​រូប​ព្រះ​ទាំង​ប៉ុន្មាន​ចោល​ចេញ វិល​មក​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​តែ​មួយ​វិញ។
5លោកសាំយូ‌អែល​ក៏​ប្រាប់​ថា៖ «ចូរ​ឲ្យ​ប្រមូល​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​មក​ឯ​មីស‌ប៉ា​ចុះ ខ្ញុំ​នឹង​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​សម្រាប់​អ្នក​រាល់​គ្នា»។ 6គេ​ក៏​ប្រជុំ​គ្នា​នៅ​ត្រង់​មីស‌ប៉ា រួច​ដង​ទឹក​យក​ទៅ​ចាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​តម​នៅ​ថ្ងៃ​នោះ ដោយ​និយាយ​ថា៖ «យើង​រាល់​គ្នា​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​ហើយ» នោះ​លោកសាំយូ‌អែល​ក៏​វិនិច្ឆ័យ​រឿង​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ត្រង់​មីស‌ប៉ា។
7ពេល​ពួក​ភីលី‌ស្ទីន​ឮ​ថា ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ប្រជុំ​គ្នា​នៅ​មីស‌ប៉ា​ដូច្នោះ នោះ​ពួក​មេ​នៃ​សាសន៍​ភីលី‌ស្ទីន​ក៏​ឡើង​មក​ទាស់​នឹង​គេ កាល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ដឹង នោះ​គេ​ភ័យ​ខ្លាច​នឹង​ពួក​ភីលី‌ស្ទីន។ 8ហើយ​ក៏​អង្វរ​លោកសាំយូ‌អែល​ថា៖ «សូម​លោក​កុំ​ឈប់​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា​ឡើយ ដើម្បី​ឲ្យ​ព្រះ‌អង្គ​សង្គ្រោះ​យើង​រាល់​គ្នា ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ភីលី‌ស្ទីន»។ 9ដូច្នេះ លោកសាំយូ‌អែល​ក៏​យក​កូន​ចៀម​ដែល​នៅ​បៅ មក​ដុត​ទាំង​មូល​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ហើយ​អំពាវ‌នាវ​ដល់​ទ្រង់​ឲ្យ​ពួក​អ៊ីស្រា‌អែល នោះ​ព្រះ‌យេហូវ៉ា​ក៏​យល់​ព្រម​តាម។ 10កាល​លោកសាំយូ‌អែល​កំពុង​តែ​ថ្វាយ​តង្វាយ​ដុត នោះ​ពួក​ភីលី‌ស្ទីន​ចូល​មក​ដល់​ជិត ដើម្បី​ច្បាំង​នឹង​ពួក​អ៊ីស្រា‌អែល​ហើយ តែ​នៅ​ថ្ងៃ​នោះ ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​មាន​ផ្គរ‌លាន់ ជា​យ៉ាង​ខ្លាំង​ត្រង់​ពី​លើ​ពួក​ភីលី‌ស្ទីន ឲ្យ​គេ​បាក់​ទ័ព​ខ្ចាត់‌ខ្ចាយ​ចេញ ហើយ​គេ​ត្រូវ​ពួក​អ៊ីស្រា‌អែល​កាប់​សម្លាប់។ 11ពួក​អ៊ីស្រា‌អែល​ក៏​ចេញ​ពី​មីស‌ប៉ា ដេញ​តាម​ពួក​ភីលី‌ស្ទីន​ទៅ ទាំង​ប្រហារ​ជីវិត​គេ​រហូត​ដល់​បេត-ការ។
12ពេល​នោះ លោក​សាំយូ‌អែល​យក​ថ្ម​ដាក់​នៅ​កណ្ដាល​មីស‌ប៉ា និង​សេន ហើយ​ក៏​ហៅ​ថ្ម​នោះ​ថា អេបេន-អេស៊ើរ ដោយ​ពោល​ថា៖ «ព្រះ‌យេហូវ៉ា​បាន​ជួយ​យើង​ខ្ញុំ​រហូត​ដល់​ឥឡូវ​នេះ»។ 13ដូច្នេះ ពួក​ភីលី‌ស្ទីន​ត្រូវ​ទទួល​ចុះ​ចាញ់ គេ​មិន​បាន​ទន្ទ្រាន​ចូល​មក​ក្នុង​ដែន​ស្រុក​អ៊ីស្រា‌អែល​ទៀត ហើយ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ក៏​ទាស់​នឹង​ពួក​ភីលី‌ស្ទីន នៅ​គ្រប់​មួយ​ជីវិត​លោកសាំយូ‌អែល។ 14ឯ​អស់​ទាំង​ទី​ក្រុង​ណា​ដែល​ពួក​ភីលី‌ស្ទីន​បាន​ចាប់​យក​ពី​ពួក​អ៊ីស្រា‌អែល​ទៅ នោះ​ក៏​បាន​ប្រគល់​មក​អ៊ីស្រា‌អែល​វិញ ចាប់​តាំង​ពី​ក្រុង​អេក្រុន​រហូត​ដល់​ក្រុង​កាថ ហើយ​គ្រប់​ដែន​ស្រុក​នោះ ពួក​អ៊ីស្រា‌អែល​ក៏​បាន​ដោះ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ភីលី‌ស្ទីន​ដែរ នៅ​ជាន់​នោះ សាសន៍​អ៊ីស្រា‌អែល និង​សាសន៍​អាម៉ូរី មាន​សេចក្ដី​មេត្រី​នឹង​គ្នា។
15ឯ​លោកសាំយូ‌អែល លោក​គ្រប់‌គ្រង​លើ​សាសន៍​អ៊ីស្រា‌អែល​អស់​មួយ​ជីវិត។ 16លោក​តែង​ដើរ​វង់ ពី​បេត-អែល​ទៅ​ដល់​គីល‌កាល និង​មីសប៉ា រាល់​តែ​ឆ្នាំ ក៏​វិនិច្ឆ័យ​រឿង​របស់​ពួក​អ៊ីស្រា‌អែល​នៅ​កន្លែង​ទាំង​នោះ។ 17រួច​ត្រឡប់​មក​រ៉ាម៉ា​វិញ ដ្បិត​ផ្ទះ​លោក​នៅ​ត្រង់​រ៉ាម៉ា​នោះ គឺ​នៅ​ទី​នោះ ដែល​លោក​តែង​វិនិច្ឆ័យ​រឿង​របស់​ពួក​អ៊ីស្រា‌អែល​ជា‌និច្ច ហើយ​លោក​ក៏​ស្អាង​អាសនា​មួយ ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ​ដែរ។

ទើបបានជ្រើសរើសហើយ៖

១ សាំ‌យូ‌អែល 7: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល