១ សាំយូអែល 7
7
1នោះពួកគារយ៉ាត់-យារីមក៏មកនាំយកហិបនៃព្រះយេហូវ៉ា ឡើងទៅដាក់នៅក្នុងផ្ទះរបស់អ័ប៊ីណាដាប់ ដែលនៅលើភ្នំ ក៏ញែកអេលាសារជាកូនចេញ សម្រាប់ថែរក្សាហិបនៃព្រះយេហូវ៉ា។
2ចាប់តាំងពីថ្ងៃដែលហិបបានតាំងនៅត្រង់គារយ៉ាត់-យារីម នោះបានយូរណាស់ គឺអស់កំណត់ម្ភៃឆ្នាំ ហើយពូជពង្សអ៊ីស្រាអែលទាំងអស់គ្នា ក៏នឹកស្រណោះរកព្រះយេហូវ៉ា។
លោកសាំយូអែលធ្វើជាចៅក្រម
3នៅវេលានោះ លោកសាំយូអែលប្រាប់ដល់ពួកវង្សអ៊ីស្រាអែលទាំងអស់ថា៖ «បើអ្នករាល់គ្នាវិលត្រឡប់មកឯព្រះយេហូវ៉ាវិញដោយអស់ពីចិត្ត នោះត្រូវយកអស់ទាំងព្រះដទៃ និងរូបព្រះទាំងប៉ុន្មានពីពួកអ្នករាល់គ្នាចេញ ហើយបាញ់ចិត្តតម្រង់ចំពោះព្រះយេហូវ៉ា ព្រមទាំងគោរពប្រតិបត្តិដល់ព្រះអង្គតែមួយ ព្រះអង្គនឹងជួយដោះអ្នករាល់គ្នា ឲ្យរួចចេញពីកណ្ដាប់ដៃនៃពួកភីលីស្ទីន»។ 4ដូច្នេះ ពួកកូនចៅអ៊ីស្រាអែលក៏យកព្រះបាល និងរូបព្រះទាំងប៉ុន្មានចោលចេញ វិលមកគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាតែមួយវិញ។
5លោកសាំយូអែលក៏ប្រាប់ថា៖ «ចូរឲ្យប្រមូលពួកអ៊ីស្រាអែលទាំងអស់មកឯមីសប៉ាចុះ ខ្ញុំនឹងអធិស្ឋានដល់ព្រះយេហូវ៉ាសម្រាប់អ្នករាល់គ្នា»។ 6គេក៏ប្រជុំគ្នានៅត្រង់មីសប៉ា រួចដងទឹកយកទៅចាក់នៅចំពោះព្រះយេហូវ៉ា ហើយតមនៅថ្ងៃនោះ ដោយនិយាយថា៖ «យើងរាល់គ្នាបានធ្វើបាបនឹងព្រះយេហូវ៉ាហើយ» នោះលោកសាំយូអែលក៏វិនិច្ឆ័យរឿងរបស់ពួកកូនចៅអ៊ីស្រាអែលនៅត្រង់មីសប៉ា។
7ពេលពួកភីលីស្ទីនឮថា ពួកកូនចៅអ៊ីស្រាអែលបានប្រជុំគ្នានៅមីសប៉ាដូច្នោះ នោះពួកមេនៃសាសន៍ភីលីស្ទីនក៏ឡើងមកទាស់នឹងគេ កាលពួកកូនចៅអ៊ីស្រាអែលបានដឹង នោះគេភ័យខ្លាចនឹងពួកភីលីស្ទីន។ 8ហើយក៏អង្វរលោកសាំយូអែលថា៖ «សូមលោកកុំឈប់អំពាវនាវដល់ព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នាឡើយ ដើម្បីឲ្យព្រះអង្គសង្គ្រោះយើងរាល់គ្នា ឲ្យរួចពីកណ្ដាប់ដៃនៃពួកភីលីស្ទីន»។ 9ដូច្នេះ លោកសាំយូអែលក៏យកកូនចៀមដែលនៅបៅ មកដុតទាំងមូលថ្វាយដល់ព្រះយេហូវ៉ា ហើយអំពាវនាវដល់ទ្រង់ឲ្យពួកអ៊ីស្រាអែល នោះព្រះយេហូវ៉ាក៏យល់ព្រមតាម។ 10កាលលោកសាំយូអែលកំពុងតែថ្វាយតង្វាយដុត នោះពួកភីលីស្ទីនចូលមកដល់ជិត ដើម្បីច្បាំងនឹងពួកអ៊ីស្រាអែលហើយ តែនៅថ្ងៃនោះ ព្រះយេហូវ៉ាធ្វើឲ្យមានផ្គរលាន់ ជាយ៉ាងខ្លាំងត្រង់ពីលើពួកភីលីស្ទីន ឲ្យគេបាក់ទ័ពខ្ចាត់ខ្ចាយចេញ ហើយគេត្រូវពួកអ៊ីស្រាអែលកាប់សម្លាប់។ 11ពួកអ៊ីស្រាអែលក៏ចេញពីមីសប៉ា ដេញតាមពួកភីលីស្ទីនទៅ ទាំងប្រហារជីវិតគេរហូតដល់បេត-ការ។
12ពេលនោះ លោកសាំយូអែលយកថ្មដាក់នៅកណ្ដាលមីសប៉ា និងសេន ហើយក៏ហៅថ្មនោះថា អេបេន-អេស៊ើរ ដោយពោលថា៖ «ព្រះយេហូវ៉ាបានជួយយើងខ្ញុំរហូតដល់ឥឡូវនេះ»។ 13ដូច្នេះ ពួកភីលីស្ទីនត្រូវទទួលចុះចាញ់ គេមិនបានទន្ទ្រានចូលមកក្នុងដែនស្រុកអ៊ីស្រាអែលទៀត ហើយព្រះហស្តនៃព្រះយេហូវ៉ាក៏ទាស់នឹងពួកភីលីស្ទីន នៅគ្រប់មួយជីវិតលោកសាំយូអែល។ 14ឯអស់ទាំងទីក្រុងណាដែលពួកភីលីស្ទីនបានចាប់យកពីពួកអ៊ីស្រាអែលទៅ នោះក៏បានប្រគល់មកអ៊ីស្រាអែលវិញ ចាប់តាំងពីក្រុងអេក្រុនរហូតដល់ក្រុងកាថ ហើយគ្រប់ដែនស្រុកនោះ ពួកអ៊ីស្រាអែលក៏បានដោះឲ្យរួចពីកណ្ដាប់ដៃនៃពួកភីលីស្ទីនដែរ នៅជាន់នោះ សាសន៍អ៊ីស្រាអែល និងសាសន៍អាម៉ូរី មានសេចក្ដីមេត្រីនឹងគ្នា។
15ឯលោកសាំយូអែល លោកគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលអស់មួយជីវិត។ 16លោកតែងដើរវង់ ពីបេត-អែលទៅដល់គីលកាល និងមីសប៉ា រាល់តែឆ្នាំ ក៏វិនិច្ឆ័យរឿងរបស់ពួកអ៊ីស្រាអែលនៅកន្លែងទាំងនោះ។ 17រួចត្រឡប់មករ៉ាម៉ាវិញ ដ្បិតផ្ទះលោកនៅត្រង់រ៉ាម៉ានោះ គឺនៅទីនោះ ដែលលោកតែងវិនិច្ឆ័យរឿងរបស់ពួកអ៊ីស្រាអែលជានិច្ច ហើយលោកក៏ស្អាងអាសនាមួយ ថ្វាយព្រះយេហូវ៉ានៅទីនោះដែរ។
ទើបបានជ្រើសរើសហើយ៖
១ សាំយូអែល 7: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies