១ សាំយូអែល 8
8
ប្រជាជនអ៊ីស្រាអែលទាមទារចង់បានស្តេចមួយអង្គ
1ពេលលោកសាំយូអែលចាស់ហើយ នោះលោកតាំងកូនឡើង ឲ្យធ្វើជាអ្នកគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលតទៅ 2រីឯកូនច្បងរបស់លោកឈ្មោះយ៉ូអែល ហើយកូនបន្ទាប់ឈ្មោះអ័ប៊ីយ៉ា អ្នកទាំងពីរនោះ ជាអ្នកវិនិច្ឆ័យការណ៍ នៅត្រង់បៀរ-សេបា 3តែគេមិនបានដើរតាមគន្លងរបស់ឪពុកទេ គឺបានងាកបែរទៅរកកម្រៃវិញ ទាំងស៊ីសំណូក ហើយបង្វែរសេចក្ដីយុត្តិធម៌ចេញផង។
4នៅគ្រានោះ ពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ក៏ប្រជុំគ្នាមកឯលោកសាំយូអែលទៅត្រង់រ៉ាម៉ា 5គេជម្រាបថា៖ «មើល៍ ឥឡូវលោកចាស់ហើយ ពួកកូនលោក គេមិនប្រព្រឹត្តតាមគន្លងរបស់លោកទេ ដូច្នេះ សូមលោកតាំងឲ្យមានស្តេចមួយអង្គ សម្រាប់នឹងគ្រប់គ្រងលើយើងរាល់គ្នា ដូចជាសាសន៍ឯទៀតដែរ»។ 6តែដំណើរដែលគេសូមឲ្យតាំងស្តេចឡើងសម្រាប់គ្រប់គ្រងលើគេ នោះមិនគាប់ចិត្តដល់សាំយូអែលទេ ហើយលោកក៏អធិស្ឋានដល់ព្រះយេហូវ៉ា 7ព្រះយេហូវ៉ាមានព្រះបន្ទូលនឹងលោកថា៖ «ចូរស្តាប់តាមគ្រប់ទាំងសេចក្ដីដែលពួកប្រជាជនសូមដល់អ្នកចុះ ដ្បិតគេមិនបានបោះបង់ចោលអ្នកទេ គឺបោះបង់ចោលយើងហើយ មិនឲ្យយើងធ្វើជាស្តេចលើគេទៀត។ 8គេប្រព្រឹត្តនឹងអ្នក ដូចជាបានប្រព្រឹត្តនឹងយើង ចាប់តាំងពីថ្ងៃដែលយើងបាននាំគេឡើងចេញពីស្រុកអេស៊ីព្ទមក រហូតដល់ថ្ងៃនេះដែរ គឺគេបានបោះបង់ចោលយើង បែរទៅគោរពប្រតិបត្តិដល់ព្រះដទៃវិញ។ 9ដូច្នេះ ចូរឯងស្តាប់តាមគេឥឡូវនេះចុះ ប៉ុន្តែ អ្នកត្រូវប្រកែកនឹងគេយ៉ាងម៉ឺងម៉ាត់ដែរ ដោយពន្យល់បង្ហាញដល់គេ ពីសណ្ឋានដែលមានស្តេចសោយរាជ្យលើគេនោះជាយ៉ាងណា»។
10លោកសាំយូអែលក៏ប្រាប់គ្រប់ទាំងព្រះបន្ទូលរបស់ព្រះយេហូវ៉ា ដល់ប្រជាជនដែលបានសូមឲ្យលោកតាំងស្តេចឡើងឲ្យគេនោះ 11ដោយពាក្យថា៖ «ឯសណ្ឋានរបស់ស្តេចដែលសោយរាជ្យលើអ្នករាល់គ្នា នោះនឹងបានដូច្នេះ គឺស្តេចនោះនឹងយកកូនប្រុសៗរបស់អ្នករាល់គ្នា តម្រូវទុកសម្រាប់ទ្រង់ ឲ្យនៅនឹងរាជរថ និងពលសេះរបស់ទ្រង់ គេនឹងត្រូវរត់នៅមុខរាជរថរបស់ទ្រង់ 12ទ្រង់នឹងតម្រូវខ្លះឲ្យធ្វើជាមេលើមួយពាន់នាក់ និងជាមេលើហាសិបនាក់ ហើយខ្លះឲ្យភ្ជួរស្រែច្រូតចម្រូត ខ្លះទៀតឲ្យធ្វើគ្រឿងសស្ត្រាវុធ និងប្រដាប់សម្រាប់រាជរថទ្រង់ 13ទ្រង់នឹងយកកូនស្រីៗរបស់អ្នករាល់គ្នា ឲ្យធ្វើជាអ្នកអប់គ្រឿងក្រអូប ជាអ្នកដាំបាយ ហើយដុតនំ។ 14ទ្រង់នឹងយកស្រែចម្ការ និងដំណាំអូលីវរបស់អ្នករាល់គ្នា គឺរបស់ណាដែលល្អបំផុតផង ចែកឲ្យដល់ពួកមហាតលិកទ្រង់ 15ក៏នឹងយកមួយភាគក្នុងដប់ពីស្រូវ ហើយពីទំពាំងបាយជូររបស់អ្នករាល់គ្នា ចែកឲ្យដល់ពួកនាម៉ឺន និងអ្នកបម្រើផង។ 16ស្ដេចនឹងយកអ្នកបម្រើប្រុសស្រីរបស់អ្នករាល់គ្នា ព្រមទាំងពួកយុវជន ដែលល្អបំផុត និងសត្វលារបស់អ្នករាល់គ្នា ទៅប្រើឲ្យធ្វើការរបស់ស្ដេច។ 17ទ្រង់នឹងយកមួយភាគក្នុងដប់ពីហ្វូងសត្វអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើជាខ្ញុំកំដររបស់ព្រះអង្គ។ 18នៅថ្ងៃនោះ អ្នករាល់គ្នានឹងអំពាវនាវដល់ព្រះយេហូវ៉ា ដោយព្រោះស្តេចដែលអ្នករាល់គ្នានឹងរើសនោះ តែព្រះអង្គមិនព្រមស្តាប់តាមអ្នករាល់គ្នានៅថ្ងៃនោះទេ»។
ព្រះយល់ព្រមតាមសំណូមពររបស់ពួកអ៊ីស្រាអែលឲ្យមានស្ដេចមួយអង្គ
19ប៉ុន្តែ ពួកប្រជាជនមិនព្រមស្តាប់តាមលោកសាំយូអែលឡើយ ដោយប្រកែកថា៖ «ទេ ត្រូវតែមានស្តេចលើយើងរាល់គ្នាវិញ 20ដើម្បីឲ្យយើងបានដូចសាសន៍ឯទៀតដែរ ហើយឲ្យស្តេចនៃយើងបានគ្រប់គ្រងលើយើង ព្រមទាំងនាំមុខយើងចេញទៅច្បាំងក្នុងចម្បាំងយើងផង»។ 21លោកសាំយូអែលក៏ស្តាប់អស់ទាំងពាក្យរបស់ពួកប្រជាជន រួចទៅទូលដល់ព្រះយេហូវ៉ាវិញ។ 22ព្រះយេហូវ៉ាមានព្រះបន្ទូលនឹងលោកសាំយូអែលថា៖ «ចូរស្តាប់តាមពាក្យគេចុះ ហើយតាំងឲ្យមានស្តេចសោយរាជ្យឡើងលើគេទៅ» នោះលោកសាំយូអែលក៏ប្រាប់ដល់ពួកអ៊ីស្រាអែលថា៖ «ចូរអ្នករាល់គ្នាត្រឡប់ទៅទីក្រុងរបស់អ្នករាល់គ្នារៀងខ្លួនទៅ»។
ទើបបានជ្រើសរើសហើយ៖
១ សាំយូអែល 8: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies