១ ធីម៉ូថេ 2

2
ពាក្យ​ទូន្មាន​ក្នុង​ការ​ទូល​អង្វរ​ព្រះ
1ដូច្នេះ ជា​ដំបូង​ខ្ញុំ​សូម​ដាស់​តឿន​ថា ចូរ​ទូល​សូម អធិស្ឋាន ទូល​អង្វរ ហើយ​ពោល​ពាក្យ​អរ​ព្រះ​គុណ​សម្រាប់​មនុស្ស​ទាំង​អស់ 2សម្រាប់​ស្តេច និង​អ្នក​កាន់​អំណាច​ទាំង​ប៉ុន្មាន​ផង ដើម្បី​ឲ្យ​យើង​បាន​រស់​នៅ​ដោយ​សុខ​សាន្ត និងស្ងប់​ស្ងាត់ ទាំង​គោរព​ប្រតិបត្តិ​ដល់​ព្រះ ហើយ​មាន​ជីវិត​ថ្លៃ​ថ្នូរគ្រប់​ជំពូក។ 3ដ្បិត​នេះ​ជា​ការ​ល្អ ហើយ​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ ជា​ព្រះ‌សង្គ្រោះ​នៃ​យើង 4ដែលទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​មនុស្ស​ទាំង​អស់​បាន​សង្គ្រោះ ហើយ​បាន​ស្គាល់​សេចក្ដី​ពិត។ 5ដ្បិត​មាន​ព្រះ​តែ​មួយ ហើយ​មាន​អ្នក​កណ្ដាល​តែ​មួយ រវាង​ព្រះ​នឹង​មនុស្ស គឺ​ព្រះ‌គ្រីស្ទ‌យេស៊ូវ ដែល​ជា​មនុស្ស 6ព្រះ‌អង្គ​បាន​ថ្វាយ​ព្រះ‌អង្គ​ទ្រង់ ជា​ថ្លៃ​លោះ​មនុស្ស​ទាំង​អស់ ជា​ទី​បន្ទាល់ដែល​បាន​ប្រទាន​មក​នៅ​ពេល​កំណត់។ 7ដ្បិត​ព្រះ‌អង្គ​បាន​តែង​តាំង​ខ្ញុំ​ឲ្យ​ធ្វើ​ជា​អ្នក​ប្រកាស និង​ជា​សាវក​សម្រាប់​ការ​នេះ​ឯង គឺ​ជា​គ្រូ​បង្រៀន​ពួក​សាសន៍​ដទៃ ដោយ​ជំនឿ និង​សេចក្ដី​ពិត (ខ្ញុំ​និយាយ​ពិត មិន​កុហក​ទេ)។
8ដូច្នេះ ខ្ញុំ​ចង់​ឲ្យបុរសៗ​លើក​ដៃ​បរិសុទ្ធ​ឡើង ហើយ​អធិស្ឋាន​នៅ​គ្រប់​ទី​កន្លែង ដោយ​ឥត​មាន​កំហឹង ឬ​ឈ្លោះ​ប្រកែក​ឡើយ។ 9ឯស្ត្រីៗក៏​ដូច្នោះ​ដែរ ត្រូវ​តែង​ខ្លួន​តាម​បែប​សមរម្យ មិន​ឆើយ​ឆាយ ហើយ​ចេះ​ប្រមាណ​ខ្លួន មិន​មែនដោយ​ក្រង​សក់ ពាក់​មាស កែវ​មុក្តា ឬ​អលង្ការ​ថ្លៃៗ​ឡើយ 10តែ​ធ្វើ​ឲ្យ​សម​ជា​ស្ត្រី ដែល​ប្រកាស​ខ្លួន​ថា​ជា​អ្នក​គោរព​ប្រតិបត្តិ​ដល់​ព្រះ គឺ​ដោយ​ការ​ប្រព្រឹត្ត​អំពើ​ល្អ​វិញ។ 11ត្រូវ​ឲ្យ​ស្ត្រីៗ​រៀន​ដោយ​ស្ងាត់​ស្ងៀម ទាំង​ចុះ​ចូល​គ្រប់​ជំពូក។ 12ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​ស្ត្រី​ណា​បង្រៀន ឬ​ប្រើ​អំណាច​លើ​បុរស​ឡើយ ត្រូវ​ឲ្យនាង​នៅស្ងាត់​ស្ងៀម​វិញ។ 13ដ្បិត​ព្រះ​បាន​បង្កើត​លោក​អ័ដាម​ជា​មុន រួច​បង្កើត​នាង​អេវ៉ា​តាម​ក្រោយ។ 14មិន​មែន​លោក​អ័ដាម​ទេ​ដែល​ចាញ់​បញ្ឆោត គឺ​ស្ត្រី​ទេ​តើ​ដែល​ចាញ់​បញ្ឆោត ហើយ​បាន​ត្រឡប់​ជា​អ្នក​ប្រព្រឹត្ត​រំលង។ 15ក៏​ប៉ុន្ដែ ប្រសិន‌បើ​នាង​នៅ​ជាប់​ក្នុង​ជំនឿ សេចក្ដី​ស្រឡាញ់ និង​កិរិយា​បរិសុទ្ធ ទាំង​មាន​គំនិត​មារយាទ​ត្រឹម​ត្រូវ នាង​នឹង​បាន​សង្គ្រោះ​តាម​រយៈ​ការ​បង្កើត​កូន។

ទើបបានជ្រើសរើសហើយ៖

១ ធីម៉ូថេ 2: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល