២ របា‌ក្សត្រ 10

10
ការ​បះបោរ​ប្រឆាំង​នឹង​ស្ដេច​រេហូ‌បោម
1រេហូ‌បោម​បាន​យាង​ទៅ​ដល់​ក្រុង​ស៊ីគែម ដ្បិត​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​បាន​មក​ក្រុង​ស៊ីគែម ដើម្បី​នឹង​អភិសេក​ទ្រង់​ឡើង​ជា​ស្តេច។ 2ពេល​យេរ៉ូ‌បោម ជា​កូន​នេបាត (ដ្បិត​ទ្រង់​នៅ​ស្រុក​អេស៊ីព្ទ ជា​កន្លែង​ដែល​បាន​រត់​ចេញ​ពី​ព្រះបាទ​សាឡូម៉ូន) បាន​ឮ​ដំណឹង​នោះ លោក​ក៏​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​វិញ។ 3គេ​បាន​ចាត់​មនុស្ស​ឲ្យ​ទៅ​ហៅ​លោក​មក រួច​យេរ៉ូ‌បោម និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ក៏​មក​គាល់​រេហូ‌បោម ទូល​ថា៖ 4«បិតា​របស់​ព្រះ‌ករុណា​បាន​ដាក់​នឹម​ធ្ងន់​ណាស់​លើ​យើង​ខ្ញុំ។ ដូច្នេះ សូម​ទ្រង់​មេត្តា​សម្រាល​នឹម​យ៉ាង​ធ្ងន់ ដែល​បិតា​ព្រះ‌ករុណា​បាន​ដាក់​លើ​យើង​ខ្ញុំ​ផង នោះ​យើង​ខ្ញុំ​នឹង​ប្រតិ‌បត្តិ​តាម​ទ្រង់»។ 5ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «ចាំ​បី​ថ្ងៃ​ទៀត សូម​ត្រឡប់​មក​ជួប​យើង​វិញ» ប្រជាជន​ទាំង‌ឡាយ​ក៏​នាំ​គ្នា​ចេញ​ទៅ។
6បន្ទាប់​មក ស្តេច​រេហូ‌បោម​បាន​ប្រឹក្សា​នឹង​ពួក​ចាស់ៗ ជា​ពួក​ជំនិត​របស់​ព្រះបាទ​សាឡូម៉ូន ជា​បិតា ក្នុង​គ្រា​ដែល​ស្ដេច​នៅ​មាន​ព្រះ‌ជន្ម​នៅ​ឡើយ ដោយ​និយាយ​ថា៖ «តាម​គំនិត​របស់​អ្នក​រាល់​គ្នា តើ​ត្រូវ​ឆ្លើយ​នឹង​ពួក​ប្រជា‌រាស្ត្រ​នេះ​យ៉ាង​ដូច​ម្តេច?» 7គេ​ទូល​ឆ្លើយ​ថា៖ «ប្រសិន‌បើ​ទ្រង់​ប្រព្រឹត្ត​នឹង​បណ្ដា‌ជន​នេះ ដោយ​សប្បុរស ហើយ​ផ្គាប់​ចិត្ត​គេ ព្រម​ទាំង​មាន​រាជ‌ឱង្ការ​នឹង​គេ ដោយ​ពាក្យ​ផ្អែម​ល្ហែម នោះ​គេ​នឹង​នៅ​ជា​អ្នក​បម្រើ​របស់​ទ្រង់​ជា​ដរាប​ទៅ»។ 8ប៉ុន្តែ ទ្រង់​មិន​ព្រម​តាម​គំនិត​របស់​ពួក​ចាស់ៗ​ទាំង​នោះ​ទេ គឺ​ទ្រង់​ទៅ​ប្រឹក្សា​ជា‌មួយ​ពួក​ក្មេងៗ​ស្រករ​នឹង​ទ្រង់ ជា​ពួក​ជំនិត​របស់​ទ្រង់​វិញ។ 9ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «តើ​អ្នក​រាល់​គ្នា​មាន​យោបល់​យ៉ាង​ណា ដែល​យើង​ឆ្លើយ​នឹង​ប្រជា‌រាស្ត្រ ដែល​គេ​បាន​សូម​យើង​ថា "សូម​ទ្រង់​មេត្តា​សម្រាល​នឹម​យ៉ាង​ធ្ងន់ ដែល​បិតា​ព្រះ‌ករុណា​បាន​ដាក់​លើ​យើង​ខ្ញុំ​ផង"?» 10បន្ទាប់​មក ពួក​ក្មេងៗ​ដែល​ស្រករ​នឹង​ទ្រង់ គេ​ទូល​ថា៖ «ឯ​ប្រជា‌រាស្ត្រ​នេះ​ដែល​មក​ទូល​សូម​ទ្រង់​ថា "បិតា​របស់​ព្រះ‌ករុណា​បាន​ដាក់​នឹម​ធ្ងន់​ណាស់​លើ​យើង​ខ្ញុំ។ ដូច្នេះ សូម​ទ្រង់​មេត្តា​សម្រាល​នឹម​យ៉ាង​ធ្ងន់ ដែល​បិតា​ព្រះ‌ករុណា​បាន​ដាក់​លើ​យើង​ខ្ញុំ​ផង" ទ្រង់​ត្រូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​គេ​យ៉ាង​នេះ​វិញ​ថា "កូន​ដៃ​យើង​នឹង​បាន​ធំ​ជាង​ភ្លៅ​របស់​បិតា​យើង 11ឯ​បិតា​យើង ទ្រង់​បាន​ដាក់​នឹម​យ៉ាង​ធ្ងន់​លើ​អ្នក​រាល់​គ្នា តែ​ឥឡូវ​នេះ យើង​នឹង​បន្ថែម​ឲ្យ​នឹម​អ្នក​រាល់​គ្នា​បាន​ធ្ងន់​ជាង​ទៅ​ទៀត បិតា​យើង​បាន​វាយ​ផ្ចាល​អ្នក​រាល់​គ្នា​ដោយ​រំពាត់ តែ​យើង​នឹង​វាយ​ផ្ចាល​អ្នក​រាល់​គ្នា​ដោយ​ខ្យាដំរី​វិញ"»។
12លុះ​ដល់​ថ្ងៃ​ទី​បី យេរ៉ូ‌បោម និង​បណ្ដា‌ជន​ទាំង‌ឡាយ ក៏​មក​គាល់​ព្រះបាទ​រេហូ‌បោម ដូច​ជា​ទ្រង់​បាន​បង្គាប់​ថា៖ «ដល់​ថ្ងៃ​ទី​បី ចូរ​អ្នក​រាល់​គ្នា​ត្រឡប់​មក​ឯ​យើង​វិ​ញ»។ 13ស្ដេច​មាន​រាជ‌ឱង្ការ​ឆ្លើយ​ដល់​គេ ជា​ពាក្យ​គំរោះ‌គំរើយ ឥត​តាម​គំនិត​របស់​ពួក​ចាស់ៗ​ឡើយ 14គឺ​ទ្រង់​មាន​រាជ‌ឱង្ការ​ទៅ​គេ តាម​គំនិត​របស់​ពួក​ក្មេងៗ​នោះ​វិញ​ថា៖ «បិតា​យើង​បាន​ធ្វើ​ឲ្យ​នឹម​អ្នក​រាល់​គ្នា​មាន​ទម្ងន់ តែ​យើង​នឹង​បន្ថែម​ឲ្យ​នឹម​អ្នក​រាល់​គ្នា បាន​ធ្ងន់​ជាង​ទៅ​ទៀត បិតា​យើង​បាន​វាយ​ផ្ចាល​អ្នក​រាល់​គ្នា​ដោយ​រំពាត់ តែ​យើង​នឹង​វាយ​ផ្ចាល​អ្នក​រាល់​គ្នា ដោយ​ខ្យា​ដំរី​វិញ»។ 15ស្ដេច​មិន​ព្រម​ស្តាប់​តាម​បណ្ដា‌ជន​ទេ ដ្បិត​ការ​នោះ​កើត​មក​អំពី​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​សម្រេច​តាម​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​នឹង​យេរ៉ូ‌បោម ជា​កូន​នេបាត ដោយ‌សារ​អ័ហ៊ី‌យ៉ា ជា​អ្នក​ស្រុក​ស៊ីឡូរ។
16ពេល​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​អស់​បាន​ឃើញ​ថា ស្តេច​មិន​ព្រម​ស្តាប់​តាម​គេ​ដូច្នោះ គេ​ទូល​តប​ថា៖
«តើ​យើង​រាល់​គ្នា​មាន​ចំណែក​អ្វី​ខាង​ដាវីឌ?
យើង​ក៏​គ្មាន​មត៌ក​ជា‌មួយ​កូន​ចៅ​អ៊ីសាយ​ដែរ
ឱ​ពួក​អ៊ីស្រា‌អែល​អើយ
ចូរ​យើង​វិល​ទៅ​ផ្ទះ​រៀង​ខ្លួន​វិញ​ទៅ
ឥឡូវ​នេះ ដាវីឌ​អើយ ចូរ​មើល​ព្រះ‌វង្ស​របស់​ខ្លួន​ឯង​ចុះ»។
ដូច្នេះ ពួក​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​ត្រឡប់​ទៅ​ទី​លំនៅ​គេ​វិញ។ 17ប៉ុន្តែ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​នៅ​តាម​ទី​ក្រុង​នានា​របស់​ពួក​យូដា​នោះ រេហូ‌បោម​បាន​សោយ‌រាជ្យ​លើ​គេ​វិញ។ 18ពេល​ស្តេច​រេហូ‌បោម​បាន​ចាត់​អ័ដូរ៉ាម ដែល​ត្រួត​លើ​ពួក​កំណែន​ឲ្យ​ទៅ តែ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា បាន​គប់​ដុំ​ថ្ម​សម្លាប់​លោក​ចោល​ទៅ។ ដូច្នេះ ស្តេច​រេហូ‌បោម​បាន​ប្រញាប់‌ប្រញាល់​ឡើង​រាជ‌រថ រត់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម។ 19គឺ​យ៉ាង​នេះ​ហើយ ដែល​ប្រជាជន​អ៊ីស្រា‌អែល​បាន​បះ‌បោរ​នឹង​រាជ​វង្ស​របស់​ព្រះបាទ​ដាវីឌ​ដរាប​ដល់​សព្វ​ថ្ងៃ។

ទើបបានជ្រើសរើសហើយ៖

២ របា‌ក្សត្រ 10: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល