២ របា‌ក្សត្រ 9

9
ព្រះ‌មហា‌ក្សត្រិ‌យានី​ស្រុក​សេបា​ចូល​គាល់​ព្រះបាទ​សាឡូម៉ូន
1ពេល​មហា‌ក្សត្រិយ៍​នៃ​ស្រុក​សេបា​បាន​ឮ​ពី​កិត្តិ‌នាម​របស់​ព្រះបាទ​សាឡូម៉ូន ព្រះ‌នាង​ក៏​យាង​មក​ដល់​ក្រុង​យេរូ‌សាឡិម ដើម្បី​ល្បង​ប្រាជ្ញា​ព្រះបាទ​សាឡូម៉ូន ដោយ​ពាក្យ​ប្រស្នា មាន​មនុស្ស​ដង្ហែ​មក​យ៉ាង​សន្ធឹក មាន​សត្វ​អូដ្ឋ​ជា​ច្រើន ផ្ទុក​ដោយ​គ្រឿង​ក្រអូប និង​មាស​ជា​បរិបូរ ហើយ​ត្បូង​មាន​តម្លៃ​ផង។ ពេល​ព្រះ‌នាង​ចូល​មក​គាល់​ព្រះបាទ​សាឡូម៉ូន​ហើយ ក៏​មាន​សវនីយ៍​សន្ទនា​នឹង​ទ្រង់ ពី​គ្រប់​ទាំង​សេចក្ដី​ដែល​មាន​នៅ​ក្នុង​ព្រះ‌ហឫ‌ទ័យ។ 2ព្រះបាទ​សាឡូម៉ូន​ក៏​ឆ្លើយ​ស្រាយ​ន័យ​គ្រប់​អស់​ទាំង​សេចក្ដី​ដែល​ព្រះ‌នាង​សួរ ឥត​មាន​អ្វី​លាក់​កំបាំង ដែល​ទ្រង់​មិន​បាន​ស្រាយ​ន័យ​ថ្វាយ​ព្រះ‌នាង​នោះ​ឡើយ។ 3ពេល​មហា‌ក្សត្រិយ៍​ស្រុក​សេបា​ឃើញ​ប្រាជ្ញា​របស់​ព្រះបាទ​សាឡូម៉ូន និង​ដំណាក់​ដែល​ស្ដេច​បាន​ធ្វើ 4ឃើញ​ព្រះ‌ស្ងោយ​នៅ​លើ​តុ​របស់​ស្ដេច កន្លែង​អង្គុយ​របស់​ពួក​នាម៉ឺន​មន្ត្រី របៀបរបប​របស់​ពួក​រាជ​បម្រើ និងឯក​សណ្ឋាន​របស់​ពួក​គេ ព្រម​ទាំង​ឃើញ​ពួក​អ្នក​ថ្វាយ​ពែង​របស់​ស្ដេច និង​សម្លៀក‌បំពាក់​របស់​គេ និង​តង្វាយ​ដុត​ដែលស្ដេច​ថ្វាយ​ក្នុង ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា នោះ​ព្រះ‌នាង​ក៏​ភាំង​ស្មារតី។
5ព្រះនាង​មាន​សវនីយ៍​ទៅ​ស្តេច​ថា៖ «ពាក្យ​ដែល​ខ្ញុំ​ម្ចាស់​បាន​ឮ​និយាយ នៅ​ស្រុក​ខ្ញុំ​ម្ចាស់ ពី​រាជ‌កិច្ច និង​ប្រាជ្ញា​របស់​ព្រះ‌ករុណា នោះ​គឺ​ពិត​ប្រាកដ​មែន 6ប៉ុន្តែ ខ្ញុំ​ម្ចាស់​មិន​បាន​ជឿ​ដំណឹង នោះ​ទេ រហូត​ទាល់​តែ​ខ្ញុំ​ម្ចាស់​បាន​មក​ឃើញ​ផ្ទាល់​នឹង​ភ្នែក ហើយ​មើល៍ ដំណឹង​ដែល​ខ្ញុំ​ម្ចាស់​បាន​ឮ​ពី​ប្រាជ្ញា​ដ៏​អស្ចារ្យ​របស់​ព្រះ‌ករុណា​នោះ គេ​ថ្លែង​ប្រាប់​មិន​ដល់​ត្រឹម​ទាំង​ពាក់​កណ្ដាល​ផង ព្រះ​ករុណា​លើស​ពី​សេចក្ដី​ដែល​ខ្ញុំ​ម្ចាស់​បាន​ឮ​ទៅ​ទៀត។ 7ពួក​ប្រជា‌រាស្រ្ត​របស់​ទ្រង់ និង​ពួក​អ្នក​បម្រើ​របស់​ទ្រង់​មាន​ពរ​ហើយ ដែល​ឈរ​នៅ​ចំពោះ​ទ្រង់​ជា‌និច្ច ទាំង​ស្តាប់​ប្រាជ្ញា​របស់​ទ្រង់ 8សូម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​ព្រះ‌ករុណា​បាន​ព្រះ‌ពរ ដែល​ព្រះ‌អង្គ​បាន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ព្រះ‌ករុណា ដើម្បី​នឹង​លើក​ព្រះ‌ករុណា​ឡើង ឲ្យ​គង់​លើ​បល្ល័ង្ក‌រាជ្យ ធ្វើ​ជា​ស្តេច​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ទ្រង់ គឺ​ដោយ​ព្រោះ​ព្រះ​ស្រឡាញ់​សាសន៍​អ៊ីស្រា‌អែល ដោយ​ប្រាថ្នា​នឹង​តាំង​គេ​ឲ្យ​ខ្ជាប់‌ខ្ជួន​អស់​កល្ប​ជា‌និច្ច បាន​ជា​តាំង​ទ្រង់​ឡើង​ជា​ស្តេច​លើ​គេ ដើម្បី​នឹង​សម្រេច​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត»។ 9រួច​ព្រះ‌នាង​ក៏​ថ្វាយ​មាស​មួយរយ​ម្ភៃ​ហាប ហើយ​គ្រឿង​ក្រអូប​យ៉ាង​សន្ធឹក ព្រម​ទាំង​ត្បូង​មាន​តម្លៃ ដល់​ស្តេច មិន​ដែល​មាន​គ្រឿង​ក្រអូប​ណា​ដូច​គ្រឿង​ក្រអូប​ដែល​មហា‌ក្សត្រិយ៍​ស្រុក​សេបា បាន​ថ្វាយ​ដល់​ព្រះបាទ​សាឡូម៉ូន​នោះ​ឡើយ។
10រីឯ​ពួក​អ្នក​បម្រើ​របស់​ព្រះបាទ​ហ៊ីរ៉ាម និង​ពួក​រាជ​បម្រើ​របស់​ព្រះបាទ​សាឡូម៉ូន ដែល​នាំ​យក​មាស​ពី​ស្រុក​អូភារ​មក គេ​ក៏​យក​ឈើ​ចន្ទន៍ និង​ត្បូង​មាន​តម្លៃ​មក​ជាមួយ​ដែរ។ 11ស្ដេច​យក​ឈើ​ចន្ទន៍​នោះ មក​ធ្វើ​ជា​ជណ្ដើរ​សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា ហើយ​សម្រាប់​ដំណាក់​របស់​ស្តេច ព្រម​ទាំង​ស៊ុង និង​ពិណ សម្រាប់​ពួក​ចម្រៀង​ផង ពី​ដើម​មិន​ដែល​ឃើញ​មាន​យ៉ាង​ដូច្នោះ នៅ​ក្នុង​ស្រុក​យូដា​ឡើយ។
12ព្រះបាទ​សាឡូម៉ូន​បាន​ប្រទាន​ដល់​មហា‌ក្សត្រិយ៍​ស្រុក​សេបា តាម​បំណង​ព្រះ‌ហឫ‌ទ័យ​ព្រះ‌នាង គឺ​របស់​អ្វីៗ​ដែល​ព្រះ‌នាង​សូម លើស​អំពី​របស់​ទាំង​ប៉ុន្មាន ដែល​ព្រះ‌នាង​បាន​ថ្វាយ​ដល់​ស្តេច​ទៅ​ទៀត។ ដូច្នេះ ព្រះ‌នាង ព្រម​ទាំង​ពួក​បរិវារ ក៏​វិល​ត្រឡប់​ទៅ​ឯ​ស្រុក​របស់​ខ្លួន​វិញ។
រាជ​ទ្រព្យ​របស់​ព្រះបាទ​សាឡូម៉ូន
13ក្នុង​មួយ​ឆ្នាំៗ ព្រះបាទ​សាឡូម៉ូន​ទទួល​បាន​មាស​ទម្ងន់​ប្រាំមួយ​រយ​ហុកសិប​ប្រាំមួយ​ហាប។ 14ក្រៅ​ពី​នោះ មាន​មាស​ដែល​មក​តាម​រយៈ​ពួក​អ្នក​លក់​ដូរ​ថែម​ទៀត ហើយ​អស់​ទាំង​ស្តេច​ស្រុក​អារ៉ាប់ និង​ពួក​ចៅ‌ហ្វាយ​ស្រុក ក៏​យក​មាស និង​ប្រាក់​មក​ថ្វាយ​ព្រះបាទ​សាឡូម៉ូន​ដែរ។ 15ព្រះបាទ​សាឡូម៉ូន​បាន​ផែ​មាស​ធ្វើ​ជា​ខែល​យ៉ាង​ធំៗ​ចំនួន​ពីររយ បាន​យក​មាស​ប្រាំមួយ​រយ​តម្លឹង ដើម្បី​ធ្វើ​ខែល​មួយៗ។ 16ទ្រង់​ក៏​ផែ​មាស​ធ្វើ​ខែល​តូច​បីរយ ខែល​មួយៗ​មាន​មាស​បីរយ​តម្លឹង រួច​តម្កល់​ទុក​ក្នុង​ដំណាក់​ល្បាណូ។ 17ស្ដេច​ក៏​ធ្វើ​បល្ល័ង្ក​ភ្លុក​មួយ​យ៉ាង​ធំ ស្រោប​ដោយ​មាស​សុទ្ធ។ 18មាន​ជណ្តើរ​ប្រាំមួយ​ថ្នាក់​ឡើង​ទៅ​ឯ​បល្ល័ង្ក និង​កំណល់​កល់​ជើង​ធ្វើ​ពី​មាស ដែល​ជាប់​នឹង​បល្ល័ង្ក ក៏​មាន​កំណល់​ដៃ​ទាំង​សង​ខាង​ទី​អង្គុយ ហើយ​មាន​រូប​សិង្ហ​ពីរ​ឈរ​នៅ​ក្បែរ​កំណល់​ដៃ​នោះ 19និង​រូប​សិង្ហ​ដប់ពីរ ឈរ​នៅ​ទាំង​សង​ខាង​ថ្នាក់​ជណ្តើរ​ទាំង​ប្រាំមួយ​នោះ​ដែរ មិន​ដែល​បាន​ធ្វើ​បល្ល័ង្ក នៅ​ក្នុង​នគរ​ណា​ឲ្យ​ដូច​ឡើយ។ 20អស់​ទាំង​ប្រដាប់​ដែល​សម្រាប់​ឲ្យ​ព្រះបាទ​សាឡូម៉ូន​សោយ​គ្រឿង​ទឹក នោះ​សុទ្ធ​តែ​ធ្វើ​ពី​មាស​ទាំង​អស់ ហើយ​អស់​ទាំង​ប្រដាប់‌ប្រដា​នៅ​ដំណាក់​ល្បាណូន ក៏​ធ្វើ​ពី​មាស​សុទ្ធ​ដែរ នៅ​ក្នុង​រាជ្យ​ព្រះបាទ​សាឡូម៉ូន ប្រាក់​មិន​សូវ​មាន​តម្លៃ​ប៉ុន្មាន​ទេ។ 21ដ្បិត​ស្តេច​មាន​ក្រុម​នាវា ដែល​ទៅ​ឯ​ស្រុក​តើស៊ីស ជា‌មួយ​ពួក​រាជម្រើ​របស់​ព្រះ​បាទ​ហ៊ីរ៉ាម ដោយ​‌នាំ​យក​មាស ប្រាក់ ភ្លុក ទោច និង​ក្ងោក ត្រឡប់​មក​វិញ​រាល់​បី​ឆ្នាំ​ម្តង។
22ដូច្នេះ ព្រះបាទ​សាឡូម៉ូន​មាន​ព្រះ‌រាជ‌ទ្រព្យ និង​ប្រាជ្ញា​លើស​ជាង​អស់​ទាំង​ស្តេច​នៅ​ផែនដី។ 23អស់​ទាំង​ស្តេច​នៅ​ផែនដី តែង​ចង់​ចូល​ទៅ​គាល់​ព្រះបាទ​សាឡូម៉ូន ដើម្បី​ស្តាប់​ប្រាជ្ញា ដែល​ព្រះ​បាន​ប្រទាន​មក​ក្នុង​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ។ 24គ្រប់​គ្នា​ក៏​យក​សួយ‌អាករ​មក​ថ្វាយ គឺ​ជា​គ្រឿង​ប្រាក់ គ្រឿង​មាស សម្លៀក‌បំពាក់ គ្រឿង​សស្ត្រា‌វុធ គ្រឿង​ក្រអូប សេះ និង​លា‌កាត់ តាម​កំណត់​រាល់​ឆ្នាំ។ 25ព្រះបាទ​សាឡូម៉ូន​មាន​រោង​សម្រាប់​សេះ និង​រទេះ​ចម្បាំង បួន​ពាន់​បន្ទប់ ក៏​មាន​ពល​សេះ​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ទ្រង់​ញែក​ដាក់​ឲ្យ​នៅ​ក្នុង​ទី​ក្រុង ដែល​សម្រាប់​រទេះ​ចម្បាំង​ទាំង​ប៉ុន្មាន ហើយ​នៅ​ជា‌មួយ​ទ្រង់​ក្នុង​ក្រុង​យេរូ‌សាឡិម​ដែរ។ 26ទ្រង់​មាន​អំណាច​លើ​អស់​ទាំង​ស្តេច ចាប់​តាំង​ពី​ទន្លេ​រហូត​ដល់​ស្រុក​ភីលី‌ស្ទីន ហើយ​ដល់​ព្រំ​ប្រទល់​ស្រុក​អេស៊ីព្ទ​ផង។ 27ស្ដេច​ធ្វើ​ឲ្យ​មាន​ប្រាក់​សម្បូរ នៅ​ក្រុង​យេរូ‌សាឡិម​ដូច​ជា​ថ្ម ហើយ​ឲ្យ​មាន​ដើម​តា‌ត្រៅ​ជា​បរិបូរ ដូច​ជា​ដើម​ឧទុម្ពរ​ដែល​ដុះ​នៅ​ស្រុក​ទំនាប។ 28គេ​ក៏​នាំ​យក​សេះ​ពី​ស្រុក​អេស៊ីព្ទ និង​ពី​ស្រុក​ទាំង​អស់​មក​ថ្វាយ​ទ្រង់​ដែរ។
ព្រះបាទ​សាឡូម៉ូន​សោយ​ទិវង្គត
29រីឯ​រាជ‌កិច្ច​ផ្សេង​ទៀត​ស្ដីពី​ព្រះបាទ​សាឡូម៉ូន តាំង​ពី​ដើម​រហូត​ដល់​ចប់ បាន​កត់​ទុក​នៅ​ក្នុង​ពង្សាវ‌តារ​របស់​ហោរា​ណាថាន់ ក្នុង​សេចក្ដី​ទំនាយ​របស់​អ័ហ៊ី‌យ៉ា ជា​អ្នក​ស្រុក​ស៊ីឡូរ និង​ក្នុង​សៀវភៅ​និមិត្ត​របស់​អ៊ីដោ ជា​ហោរា ដែល​លោក​ឃើញ​ពី​ដំណើរ​យេរ៉ូ‌បោម​ជា​កូន​នេបាត​ហើយ។ 30ព្រះបាទ​សាឡូម៉ូន​បាន​សោយ‌រាជ្យ​លើ​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល នៅ​ក្រុង​យេរូ‌សាឡិម​បាន​សែសិប​ឆ្នាំ។ 31កាល​ព្រះបាទ​សាឡូម៉ូន​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ គេ​បាន​បញ្ចុះ​សព​ទ្រង់ នៅ​ក្នុង​ក្រុង​របស់​ដាវីឌ ជា​បិតា ហើយ​ព្រះបាទ​រេហូ‌បោម ជា​បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស។

ទើបបានជ្រើសរើសហើយ៖

២ របា‌ក្សត្រ 9: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល