២ របា‌ក្សត្រ 8

8
ស្នាដៃ​ផ្សេងៗ​ទៀត​របស់​ព្រះបាទ​សាឡូម៉ូន
1អស់​រយៈ​ពេល​ម្ភៃ​ឆ្នាំ ដែល​ព្រះបាទ​សាឡូម៉ូន​ស្អាង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា និង​ដំណាក់​របស់​ទ្រង់ 2ព្រះបាទ​សាឡូម៉ូន​បាន​សង់​អស់​ទាំង​ទី​ក្រុង ដែល​ស្ដេច​ហ៊ីរ៉ាម​បាន​ប្រគល់​ឲ្យ​ឡើង​វិញ ហើយ​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​រស់​នៅ​ក្នុង​ទី​ក្រុង​ទាំង​នោះ។
3ព្រះបាទ​សាឡូម៉ូន​បាន​ចេញ​ទៅ​ច្បាំង ហើយ​យក​បាន​ក្រុង​ហាម៉ាត-សូបា 4ក៏​សង់​ក្រុង​ថាត់ម៉ោរ នៅ​ទី​រហោ‌ស្ថាន និង​អស់​ទាំង​ទី​ក្រុង​សម្រាប់​ជា​ឃ្លាំង ដែល​ទ្រង់​បាន​ធ្វើ​នៅ​ស្រុក​ហាម៉ាត​នោះ​ដែរ។ 5ទ្រង់​ក៏​សង់​ក្រុង​បេត-ហូរ៉ុន​ខាង​លើ និង​ខាង​ក្រោម ជា​ទី​ក្រុង​មាន​បន្ទាយ មាន​កំផែង មាន​ទ្វារ និង​រនុក​ផង 6ព្រម​ទាំង​ក្រុង​ប្អាឡាត និង​អស់​ទាំង​ទី​ក្រុង សម្រាប់​ជា​ឃ្លាំង​របស់​ព្រះបាទ​សាឡូម៉ូន ហើយ​ទី​ក្រុង​សម្រាប់​រទេះ​ចម្បាំង និង​ទី​ក្រុង​សម្រាប់​ពល​សេះ​របស់​ទ្រង់ ព្រម​ទាំង​អ្វីៗ​ដែល​ស្តេច​ប្រាថ្នា​ចង់​ធ្វើ សម្រាប់​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ នៅ​ក្រុង​យេរូ‌សាឡិម នៅ​ភ្នំ​ល្បាណូន និង​នៅ​គ្រប់​ក្នុង​ស្រុក​ដែល​នៅ​ក្រោម​អំណាច​ព្រះ‌អង្គ​ផង។ 7ឯ​ប្រជាជន​ទាំង​អស់​ដែល​សល់​ពី​ពួក​សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស ដែល​មិន​មែន​ជា​កូន​ចៅ​អ៊ីស្រា‌អែល 8ព្រម​ទាំង​ពួក​កូន​ចៅ​គេ​ដែល​សល់​នៅ​ក្នុង​ស្រុក ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​មិន​បាន​បំផ្លាញ នោះ​ព្រះបាទ​សាឡូម៉ូន​បាន​កេណ្ឌ​ទុក​ជា​បាវ​បម្រើ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។ 9ប៉ុន្តែ ព្រះបាទ​សាឡូម៉ូន​មិន​បាន​យក​អ្នក​ណា​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ឲ្យ​ធ្វើ​ជា​អ្នក​បម្រើ​សម្រាប់​ការងារ​របស់​ព្រះ‌អង្គ​ទេ គេ​សុទ្ធ​តែ​ជា​អ្នក​ចម្បាំង និង​ជា​មេ​លើ​ពួក​មេ‌ទ័ព ជា​នាយ​ត្រួត​លើ​រទេះ​ចម្បាំង និង​ពួក​ពល​សេះ​របស់​ព្រះ‌អង្គ​វិញ។ 10ពួក​មេ‌ទ័ព​ធំ​របស់​ព្រះបាទ​សាឡូម៉ូន ទាំង​អស់​មាន​ពីរ​រយ​ហាសិប​នាក់ ដែល​ត្រួត‌ត្រា​លើ​ពួក​ទ័ព។
11ព្រះបាទ​សាឡូម៉ូន​បាន​នាំ​បុត្រី​ផារ៉ោន​ចេញ​ពី​ក្រុង​ដាវីឌ ឡើង​មក​ដំណាក់​ដែល​ទ្រង់​បាន​សង់​សម្រាប់​ព្រះ‌នាង ដ្បិត​ទ្រង់​នឹក​ថា «មហេសី​របស់​យើង​មិន​ត្រូវ​នៅ​ក្នុង​ដំណាក់​របស់​ព្រះបាទ​ដាវីឌ ជា​ស្តេច​សាសន៍​អ៊ីស្រា‌អែល​ឡើយ ព្រោះ​ទី​កន្លែង​ដែល​ដាក់​ហឹប​នៃ​ព្រះ‌យេហូវ៉ា​នោះ ជា​កន្លែង​បរិសុទ្ធ»។
12គ្រា​នោះ ព្រះបាទ​សាឡូម៉ូន​បាន​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា នៅ​លើ​អាស‌នា​ដែល​ទ្រង់​បាន​ស្អាង នៅ​មុខ​ថែវ 13តាម​កំណត់​ដែល​ត្រូវ​ការ​រាល់​តែ​ថ្ងៃ គឺ​ថ្វាយ​ឲ្យ​ត្រូវ​នឹង​ក្រឹត្យ‌ក្រម​របស់​លោក​ម៉ូសេ ទាំង​ថ្ងៃ​ឈប់​សម្រាក ថ្ងៃ​ចូល​ខែ និង​ថ្ងៃ​បុណ្យ​មាន​កំណត់ បី​ដង​ក្នុង​មួយ​ឆ្នាំ ជា​បុណ្យ​នំបុ័ង​ឥត​ដំបែ បុណ្យ​អាទិត្យ​ទី​ប្រាំពីរ និង​នៅ​បុណ្យ​បារាំ។ 14ទ្រង់​បាន​តម្រូវ​ពួក​សង្ឃ​ឲ្យ​ធ្វើ​ការ‌ងារ​តាម​វេន ដូច​ព្រះបាទ​ដាវីឌ​ជា​បិតា​បាន​កំណត់​ទុក ទ្រង់​ឲ្យ​ពួក​លេវី​មាន​ដំណែង​របស់​គេ​សម្រាប់​ពោល​សរសើរ ហើយ​ធ្វើ​ជា​ជំនួយ​ដល់​ពួក​សង្ឃ​ជា​ប្រចាំ​រាល់​តែ​ថ្ងៃ ឯ​ពួក​ឆ្មាំ​ទ្វារ​ក៏​ធ្វើ​តាម​វេន​របស់​គេ​នៅ​គ្រប់​ទ្វារ​ដែរ។ ដ្បិត​ព្រះបាទ​ដាវីឌ​ជា​អ្នក​សំណព្វ​របស់​ព្រះ បាន​បង្គាប់​យ៉ាង​ដូច្នោះ។ 15គេ​មិន​បាន​ធ្វើ​ខុស​ពី​ច្បាប់​របស់​ស្តេច ដែល​ទ្រង់​បាន​បង្គាប់​ដល់​ពួក​សង្ឃ និង​ពួក​លេវី ចំពោះ​ការ​អ្វី ឬ​ខាង​ឯ​ទ្រព្យ​វិសេស​ណា​ឡើយ។
16កិច្ច‌ការ​ទាំង​អស់​ដែល​ព្រះបាទ​សាឡូម៉ូន​បាន​ធ្វើ នោះ​បាន​ធ្វើ​ទុក​ជា​ស្រេច ចាប់​ពី ថ្ងៃ​ដែល​គេ​ចាក់គ្រឹះ​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា រហូត​ដល់​បាន​ធ្វើ​ហើយ ដូច្នេះ ព្រះ‌ដំណាក់​របស់​‌យេហូវ៉ា​បាន​ស្អាង​រួច​ជា​ស្រេច។
17បន្ទាប់​មក ព្រះបាទ​សាឡូម៉ូន​បាន​យាង​ទៅ​ក្រុង​អេស៊ាន-គេប៊ើរ និង​ក្រុង​អេឡុត នៅ​មាត់​សមុទ្រ ក្នុង​ស្រុក​អេដុម។ 18ចំណែក​ឯ​ព្រះបាទ​ហ៊ីរ៉ាម​បាន​ផ្ញើ​សំពៅ​មក តាម​ពួក​អ្នក​បម្រើ និង​អ្នក​ដែល​ស្ទាត់​ខាង​ផ្លូវ​សមុទ្រ ថ្វាយ​ដល់​ព្រះបាទ​សាឡូម៉ូន អ្នក​ទាំង​នោះ​ក៏​ទៅ​ជា‌មួយ​អ្នក​បម្រើ​របស់​ព្រះបាទ​សាឡូម៉ូន ទៅ​ដល់​ស្រុក​អូភារ គេ​យក​បាន​មាស​បួន​រយ​ហាសិប​ហាប ពី​ស្រុក​នោះ​មក​ថ្វាយ​ដល់​ព្រះបាទ​សាឡូម៉ូន។

ទើបបានជ្រើសរើសហើយ៖

២ របា‌ក្សត្រ 8: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល