២ របា‌ក្សត្រ 21

21
រជ្ជកាល​របស់​ព្រះបាទយេហូរ៉ាម
1ព្រះបាទ​យេ‌ហូសា‌ផាត​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ គេ​បញ្ចុះ​សព នៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ នៅ​ក្នុង​ក្រុង​ដាវីឌ រួច​យេ‌ហូរ៉ាម ជា​បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា 2ព្រះបាទ​យេ‌ហូរ៉ាម​មាន​អនុជ​ដែល​ជា​បុត្រ​របស់​ព្រះបាទ​យេ‌ហូសា‌ផាត គឺ​អ័សារា យេហ៊ី‌អែល សាកា‌រី អ័សារា មីកែល និង​សេផា‌ធា នេះ​សុទ្ធ​តែ​ជា​បុត្រា​របស់​ព្រះបាទ​យេ‌ហូសា‌ផាត ស្តេច​ស្រុក​យូដា 3បិតា​ទ្រង់​ក៏​ចែក​របស់​ទ្រព្យ​ជា​ច្រើន​ដល់​បុត្រ​ទាំង​នោះ គឺ​ប្រាក់ មាស និង​របស់​មាន​តម្លៃ ព្រម​ទាំង​ទី​ក្រុង​មាន​បន្ទាយ នៅ​ស្រុក​យូដា​ផង តែ​ត្រង់​ឯ​រាជ្យ នោះ​បាន​ប្រទាន​ដល់​យេ‌ហូរ៉ាម​វិញ ព្រោះ​ទ្រង់​ជា​ព្រះ‌រាជ‌បុត្រ​ច្បង 4កាល​ព្រះបាទ​យេ‌ហូរ៉ាម​បាន​ឡើង​គ្រប់‌គ្រង​រាជ្យ​របស់​បិតា ហើយ​មាន​អំណាច​ចម្រើន​ឡើង ទ្រង់​ក៏​សម្លាប់​កនិដ្ឋា​ទាំង​ប៉ុន្មាន​ដោយ​ដាវ​ទៅ ព្រម​ទាំង​ពួក​ដែល​ជា​ប្រធាន​ក្នុង​សាសន៍​អ៊ីស្រា‌អែល​ជា​ច្រើន​ដែរ 5កាល​ព្រះបាទ​យេ‌ហូរ៉ាម​ឡើង​សោយ‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្ម​សាម​សិប​ពីរ​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ប្រាំបី​ឆ្នាំ 6ទ្រង់​បាន​ដើរ​តាម​ផ្លូវ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល គឺ​បាន​ប្រព្រឹត្ត​ដូច​ជា​វង្សា​របស់​ព្រះបាទ​អ័ហាប់​ដែរ ដ្បិត​ទ្រង់​បាន​យក​បុត្រី​របស់​អ័ហាប់​ធ្វើ​ជា​ភរិយា ទ្រង់​ក៏​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា 7ប៉ុន្តែ ព្រះ‌យេហូវ៉ា​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​បំផ្លាញ​ពួក​វង្ស​របស់​ដាវីឌ​ទេ ដោយ​ព្រោះ​សេចក្ដី​សញ្ញា​ដែល​ព្រះ‌អង្គ​បាន​តាំង​នឹង​ដាវីឌ ហើយ ដោយ​ព្រោះ​បាន​សន្យា​នឹង​ទ្រង់​ថា នឹង​ប្រោស​ប្រទាន​ចង្កៀង​មួយ​ដល់​ទ្រង់ និង​ពួក​កូន​ចៅ​ទ្រង់​ជា​ដរាប​ទៅ ។
ការបះបោរ​របស់​ពួក​អេដុម
8នៅ​ក្នុង​រាជ្យ​ស្ដេច​យេ‌ហូរ៉ាម សាសន៍​អេដុម​បាន​បះ‌បោរ​ដក​ខ្លួន​ចេញ​ពី​អំណាច​សាសន៍​យូដា ហើយ​គេ​ក៏​តាំង​ឲ្យ​មាន​ស្តេច​គ្រប់‌គ្រង​លើ​ខ្លួន​វិញ។ 9ទ្រង់​យាង​ឆ្លង​ទៅ​រក​គេ មាន​ទាំង​ពួក​មេ‌ទ័ព និង​រទេះ​ចម្បាំង​ទាំង​ប៉ុន្មាន​របស់​ទ្រង់​ផង ទ្រង់​ក្រោក​ទៅ​ទាំង​យប់ ទៅ​វាយ​ពល‌ទ័ព និង​ពួក​មេ​រទេះ​ចម្បាំង​របស់​សាសន៍​អេដុម ដែល​បាន​មក​ឡោម‌ព័ទ្ធ​ទ្រង់​នោះ។ 10ប៉ុន្តែ សាសន៍​អេដុម​បាន​បះ‌បោរ ដក​ខ្លួន​ពី​អំណាច​សាសន៍​យូដា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។ គ្រា​នោះ ពួក​ក្រុង​លិប‌ណា​ក៏​បះ‌បោរ ដក​ខ្លួន​ពី​ក្រោម​អំណាច​ទ្រង់​ដែរ ព្រោះ​ទ្រង់​បាន​បោះ‌បង់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​ទ្រង់។
សំបុត្រអេលីយ៉ា
11មួយ​ទៀត ទ្រង់​ក៏​ធ្វើ​ទី​ខ្ពស់​នៅ​ភ្នំ​ស្រុក​យូដា​ទាំង​ប៉ុន្មាន ក៏​បាន​បណ្ដាល​ឲ្យ​ពួក​ក្រុង​យេរូ‌សាឡិម​ផិត​ព្រះ ព្រម​ទាំង​ប្រទាញ​នាំ​ពួក​យូដា​ឲ្យ​វង្វេង​ដែរ។ 12មាន​សំបុត្រ​មួយ​មក​ពី​ហោរា​អេលីយ៉ា​ដល់​ទ្រង់​ថា៖ «ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ដាវីឌ បិតា​ទ្រង់ បាន​មាន​ព្រះ‌បន្ទូល​ថា ដោយ​ព្រោះ​ទ្រង់​មិន​បាន​ដើរ​តាម​ផ្លូវ​របស់​ព្រះបាទ​យេ‌ហូសា‌ផាត ជា​បិតា​ទ្រង់ និង​ផ្លូវ​របស់​ព្រះបាទ​អេសា ជា​ស្តេច​យូដា 13គឺ​បាន​ដើរ​តាម​ផ្លូវ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​វិញ ព្រម​ទាំង​បណ្ដាល​ឲ្យ​ពួក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ផិត​ព្រះ ដូច​ជា​ពួក​វង្ស​របស់​ព្រះបាទ​អ័ហាប់​ដែរ ហើយ​ដោយ​ព្រោះ​ទ្រង់​បាន​សម្លាប់​កនិដ្ឋា​ទាំង​ប៉ុន្មាន ជា​ព្រះ‌វង្ស​របស់​បិតា​ទ្រង់ ដែល​សុទ្ធ​តែ​ល្អ​ជាង​ទ្រង់​ផង 14នោះ​មើល៍ ព្រះ‌យេហូវ៉ា​នឹង​វាយ​ប្រជា‌រាស្ត្រ​ទ្រង់ ដោយ​សេចក្ដី​វេទនា​ជា​ខ្លាំង ព្រម​ទាំង​ពួក​បុត្រ និង​ភរិយា​ទ្រង់​ទាំង​ប៉ុន្មាន ហើយ​របស់​ទ្រព្យ​ទ្រង់​ផង 15រីឯ​ព្រះករុណា​វិញ នឹង​កើត​មាន​ជំងឺ​ក្នុង​ពោះ‌វៀន​ជា​ទម្ងន់ ឈឺ​រាល់​ថ្ងៃ រហូត​ដល់​ពោះ‌វៀន​ធ្លាក់​ចេញ​មក​ដោយ‌សារ​ជំងឺ​នោះ»។
16ព្រះ‌យេហូវ៉ា​ក៏​បណ្ដាល​ចិត្ត​ពួក​ភីលី‌ស្ទីន និង​ពួក​អារ៉ាប់ ដែល​នៅ​ជិត​សាសន៍​អេធី‌អូពី ឲ្យ​គេ​កម្រើក​ឡើង​ទាស់​នឹង​ព្រះបាទ​យេ‌ហូរ៉ាម​ដែរ។ 17គេ​ឡើង​សង្ខុញ​ចូល​មក​ក្នុង​ស្រុក​យូដា ប្លន់​យក​អស់​ទាំង​របស់​ទ្រព្យ​ដែល​ឃើញ​មាន​ក្នុង​ព្រះ​រាជ​ដំណាក់ ព្រម​ទាំង​នាំ​យក​ពួក​បុត្រ និង​ភរិយា​របស់​ទ្រង់​ទាំង​ប៉ុន្មាន​ផង បាន​ជា​គ្មាន​បុត្រ​ណា​នៅ​សល់​ឡើយ មាន​តែ​អ័ហា‌ស៊ីយ៉ា ជា​បុត្រ​ពៅ​ប៉ុណ្ណោះ។
ព្រះបាទយេហូរ៉ាមប្រឈួន ហើយ​ត្រូវ​សុគត
18ក្រោយ​ការ​ទាំង​នោះ​មក ព្រះ‌យេហូវ៉ា​ប្រហារ​ស្តេច​ឲ្យ​មាន​ជំងឺ​ក្នុង​ពោះ‌វៀន ដែល​មើល​មិន​ជា​ឡើយ។ 19លុះ​កន្លង​មក​បាន​ពីរ​ឆ្នាំ ពោះ​វៀន​ទ្រង់​ក៏​ធ្លាក់​ចេញ​មក ហើយ​ទ្រង់​សុគត​ទៅ ដោយ​រោគ​យ៉ាង​អាក្រក់​ណាស់ ឯ​ពួក​ប្រជា‌រាស្ត្រ​ទ្រង់​មិន​បាន​ថ្វាយ​ព្រះ​ភ្លើង​ដល់​ទ្រង់ ដូច​បាន​ថ្វាយ​ដល់​បុព្វ‌បុរស​របស់​ទ្រង់​ទេ។ 20ពេល​ទ្រង់​ឡើង​សោយ‌រាជ្យ មាន​ព្រះ‌ជន្ម​សាមសិប​ពីរ​ព្រះវស្សា​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ប្រាំបី​ឆ្នាំ រួច​ទ្រង់​លា​ចាក​លោក​ទៅ ឥត​មាន​អ្នក​ណា​ស្តាយ​ឡើយ គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ តែ​មិន​មែន​ក្នុង​ផ្នូរ​របស់​ពួក​ស្តេច​ទេ។

ទើបបានជ្រើសរើសហើយ៖

២ របា‌ក្សត្រ 21: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល