២ របា‌ក្សត្រ 30

30
ពិធី​បុណ្យ​រំលង
1ព្រះ‌បាទ​ហេ‌សេ‌គា​ក៏​ចាត់​គេ​ឲ្យ​ទៅ​ពួក​អ៊ីស្រា‌អែល ហើយ​ពួក​យូដា​ទាំង​អស់​ក៏​ផ្ញើ​ព្រះ‌រាជ‌សាសន៍​ដល់​ពួក​អេប្រាអិម និង​ពួក​ម៉ាណា‌សេ ឲ្យ​មាន​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា នៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​ធ្វើ​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល។ 2ដ្បិត​ស្តេច និង​ពួក​អ្នក​ជា​ប្រធាន ហើយ​ក្រុម​ជំនុំ​ទាំង​អស់​គ្នា ដែល​នៅ​ក្រុង​យេរូ‌សាឡិម បាន​ប្រឹក្សា​សម្រេច​នឹង​ធ្វើ​បុណ្យ​រំលង​នៅ​ខែ​ទី​ពីរ 3(ព្រោះ​គេ​ធ្វើ​នៅ​វេលា​នោះ​ពុំ​បាន ដោយ​ពួក​សង្ឃ​មិន​ទាន់​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ ឲ្យ​បាន​គ្នា​ល្មម​នៅ​ឡើយ ហើយ​ពួក​បណ្ដា‌ជន​ក៏​មិន​ទាន់​បាន​មូល​គ្នា​នៅ​ក្រុង​យេរូ‌សាឡិម​ផង)។ 4ប៉ុន្តែ ដំណើរ​នោះ ស្តេច ព្រម​ទាំង​ក្រុម​ជំនុំ​ទាំង​អស់​គ្នា ក៏​យល់​ឃើញ​ថា​ត្រឹម‌ត្រូវ​ដែរ។ 5ដូច្នេះ ក៏​ចេញ​ច្បាប់​ឲ្យ​ប្រកាស​ប្រាប់ នៅ​ពេញ​ក្នុង​ស្រុក​អ៊ីស្រា‌អែល ចាប់​តាំង​ពី​ក្រុង​បៀរ-សេបា​រហូត​ដល់​ក្រុង​ដាន់ ឲ្យ​មក​ធ្វើ​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល នៅ​ក្រុង​យេរូ‌សាឡិម ដ្បិត​ជា​យូរ‌យារ​មក​ហើយ គេ​មិន​បាន​ធ្វើ​បុណ្យ​នោះ ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​មក​នោះ​ទេ។ 6ដូច្នេះ ពួក​រត់​សំបុត្រ​ក៏​ទទួល​យក​សំបុត្រ​ពី​ព្រះ‌ហស្ត​ស្តេច និង​ពី​ពួក​អ្នក​ជា​ប្រធាន ចេញ​ទៅ​ពេញ​ក្នុង​ស្រុក​អ៊ីស្រា‌អែល និង​ស្រុក​យូដា តាម​បង្គាប់​ស្តេច​ដោយ​ពាក្យ​ថា៖ «ពួក​កូន​ចៅ​អ៊ីស្រា‌អែល​អើយ ចូរ​ត្រឡប់​មក​ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​លោក​អ័ប្រា‌ហាំ លោក​អ៊ីសាក និង​លោក​អ៊ីស្រា‌អែល​វិញ ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​វិល​មក​សំណល់​ពួក​អ្នក​រាល់​គ្នា ដែល​បាន​រួច​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ស្តេច​ស្រុក​អាស‌ស៊ើរ។ 7អ្នក​រាល់​គ្នា​កុំ​ធ្វើ​ដូច​ជា​ពួក​ឪពុក និង​ពួក​បង‌ប្អូន​អ្នក​រាល់​គ្នា ដែល​រំលង​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​គេ បាន​ជា​ព្រះ‌អង្គ​បោះ‌បង់​គេ​ឲ្យ​ត្រូវ​វិង‌ស៊ុង ដូច​ជា​អ្នក​រាល់​គ្នា​បាន​ឃើញ​ស្រាប់​នោះ​ឡើយ។ 8ឥឡូវ​នេះ អ្នក​រាល់​គ្នា​កុំ​មាន​ចិត្ត​រឹង‌រូស ដូច​ជា​ដូន​តា​របស់​អ្នក​រាល់​គ្នា​ឡើយ គឺ​ត្រូវ​ប្រគល់​ខ្លួន​ដល់​ព្រះ‌យេហូវ៉ា​វិញ ហើយ​ចូល​មក​ក្នុង​ទី​បរិសុទ្ធ​របស់​ព្រះ‌អង្គ ដែល​ព្រះ‌អង្គ​បាន​ញែក​ជា​បរិសុទ្ធ​ទុក​ជា​ដរាប​ទៅ ហើយ​ត្រូវ​គោរព​បម្រើ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​បាន​បែរ​ពី​អ្នក​រាល់​គ្នា។ 9ប្រសិន​បើ​អ្នក​រាល់​គ្នា​វិល​មក​ឯ​ព្រះ‌យេហូវ៉ា​វិញ នោះ​ទាំង​បង‌ប្អូន និង​កូន​ចៅ​អ្នក​រាល់​គ្នា នឹង​បាន​សេចក្ដី​មេត្តា‌ករុណា នៅ​ចំពោះ​ពួក​អ្នក​ដែល​បាន​នាំ​អ្នក​ទៅ​ជា​ឈ្លើយ ហើយ​ត្រឡប់​វិល​មក​ស្រុក​នេះ​វិញ ព្រោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​ទន់​សន្តោស ហើយ​មេត្តា‌ករុណា។ ប្រសិន‌បើ​អ្នក​រាល់​គ្នា​វិល​មក​រក​ព្រះ‌អង្គ​វិញ ព្រះ‌អង្គ​នឹង​មិន​បែរ​ព្រះ‌ភក្ត្រ​ចេញ​ពី​អ្នក​រាល់​គ្នា​ឡើយ»។
10ដូច្នេះ ពួក​រត់​សំបុត្រ​ក៏​ទៅ​ពី​ក្រុង​មួយ​ដល់​ក្រុង​មួយ​កាត់ ទាំង​ស្រុក​អេប្រាអិម និង​ស្រុក​ម៉ាណា‌សេ​ផង រហូត​ដល់​ស្រុក​សាប់‌យូឡូន តែ​អ្នក​ស្រុក​ទាំង​នោះ គេ​សើច​ឡក​ឲ្យ ហើយ​មើល‌ងាយ​ផង។ 11ប៉ុន្តែ មាន​មនុស្ស​ខ្លះ​ក្នុង​ពួក​អេស៊ើរ ពួក​ម៉ាណា‌សេ និង​ពួក​សាប់‌យូឡូន ដែល​បន្ទាប​ខ្លួន​ក៏​មក​ក្រុង​យេរូ‌សាឡិម​ដែរ។ 12ព្រះ‌ហស្ត​នៃ​ព្រះ​ក៏​បណ្ដាល​ឲ្យ​ពួក​យូដា​មាន​ចិត្ត​ព្រម‌ព្រៀង​គ្នា ធ្វើ​តាម​បង្គាប់​នៃ​ស្តេច និង​ពួក​អ្នក​ជា​ប្រធាន តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។
13ដូច្នេះ មាន​មនុស្ស​ជា​ច្រើន​មក​ប្រជុំ​គ្នា នៅ​ក្រុង​យេរូ‌សាឡិម ជា​ជំនុំ​យ៉ាង​ធំ ដើម្បី​ធ្វើ​បុណ្យ​នំបុ័ង​ឥត​ដំបែ​នៅ​ខែ​ទី​ពីរ​នោះ។ 14គេ​ក៏​ប្រុង‌ប្រៀប​នាំ​គ្នា​ទៅ​យក​អស់​ទាំង​អាស‌នា ដែល​នៅ​ក្រុង​យេរូ‌សាឡិម និង​អាស‌នា​ទាំង​ប៉ុន្មាន ដែល​សម្រាប់​ដុត​កំញាន បោះ​ចោល​ទៅ​ក្នុង​ជ្រោះ​កេដ្រុន 15រួច​សម្លាប់​ចៀម​ធ្វើ​បុណ្យ​រំលង នៅ​ថ្ងៃ​ទី​ដប់​បួន ក្នុង​ខែ​ទី​ពីរ ពួក​សង្ឃ និង​ពួក​លេវី​នឹក​ខ្មាស ក៏​មក​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ រួច​យក​តង្វាយ​ដុត​មក​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា។ 16គេ​ក៏​ឈរ​នៅ​កន្លែង​របស់​គេ​រៀង​ៗខ្លួន តាម​របៀប តាម​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ជា​អ្នក​សំណព្វ​របស់​ព្រះ គឺ​ពួក​សង្ឃ​បាន​ទទួល​ឈាម​ពី​ដៃ​របស់​ពួក​លេវី យក​ទៅ​ប្រោះ។ 17ដ្បិត​មាន​គ្នា​ច្រើន​ក្នុង​ជំនុំ​នោះ​ដែល​មិន​ទាន់​ញែក​ខ្លួន​ជា​បរិសុទ្ធ​នៅ​ឡើយ ដូច្នេះ ពួក​លេវី​ត្រូវ​ត្រួត​លើការ​សម្លាប់​ចៀម​ធ្វើ​បុណ្យ​រំលង ឲ្យ​អស់​អ្នក​ណា​ដែល​មិន​ស្អាត ដើម្បី​នឹង​ញែក​គេ​ចេញ​ជា​បរិសុទ្ធ​ថ្វាយ​ព្រះ‌យេហូវ៉ា។ 18មាន​បណ្ដា‌ជន​យ៉ាង​សន្ធឹក​ក្នុង​ពួក​អេប្រាអិម ពួក​ម៉ាណា‌សេ ពួក​អ៊ីសា‌ខារ និង​ពួក​សាប់‌យូឡូន ដែល​មិន​បាន​សម្អាត​ខ្លួន​ទេ ប៉ុន្តែ គេ​បាន​បរិ‌ភោគ​បុណ្យ​រំលង​នោះ​ដែរ ខុស​នឹង​របៀប​ដែល​ចែង​ទុក​មក ប៉ុន្តែ ព្រះបាទ​ហេ‌សេ‌គា​អធិ‌ស្ឋាន​ឲ្យ​គេ​ថា៖ 19«សូម​ព្រះ‌យេហូវ៉ា​ប្រកប​ដោយ​ព្រះ​គុណ ទ្រង់​អត់​ទោស​ដល់​អស់​អ្នក​ណា​ដែល​តាំង​ចិត្ត​ស្វែង​រក​ព្រះ គឺ​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​គេ ទោះ​បើ​មិន​បាន​សម្អាត​ខ្លួន តាម​របៀប​នៃ​ទី​បរិសុទ្ធ​ក៏​ដោយ»។ 20ព្រះ‌យេហូវ៉ា​ក៏​ស្តាប់​តាម​ព្រះ‌បាទ​ហេ‌សេ‌គា ព្រះ‌អង្គ​ប្រោស​ឲ្យ​គេ​បាន​ជា។ 21ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​បាន​មក​ក្រុង​យេរូ‌សាឡិម គេ​ធ្វើ​បុណ្យ​នំបុ័ង​ឥត​ដំបែ​នោះ​អស់​ប្រាំពីរ​ថ្ងៃ ដោយ​សេចក្ដី​រីក‌រាយ​ជា​ខ្លាំង ហើយ​ពួក​លេវី និង​ពួក​សង្ឃ ក៏​ច្រៀង​សរសើរ​ថ្វាយ​ព្រះ‌យេហូវ៉ា​រាល់​ថ្ងៃ ផ្សំ​ដោយ​ភ្លេង​មាន​សូរ​យ៉ាង​ខ្លាំង ថ្វាយ​ព្រះ‌យេហូវ៉ា។ 22ឯ​ព្រះ‌បាទ​ហេ‌សេ‌គា​ក៏​មាន​រាជ‌ឱង្ការ​លួង​លោម​ចិត្ត​ពួក​លេវី​ទាំង​ប៉ុន្មាន ដែល​មាន​ចំណេះ​ចេះ​ស្ទាត់​ក្នុង​ការ‌ងារ​នៃ​ព្រះ‌យេហូវ៉ា យ៉ាង​នោះ​គេ​បាន​បរិ‌ភោគ​គ្រប់​ទាំង​ប្រាំពីរ​ថ្ងៃ​នៃ​បុណ្យ​នោះ ហើយ​បាន​ថ្វាយ​យញ្ញ‌បូជា​ទុក​ជា​តង្វាយ​មេត្រី ព្រម​ទាំង​លន់‌តួ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​គេ។
23ក្រុម​ជំនុំ​ទាំង​អស់​គ្នា​ក៏​ប្រឹក្សា សម្រេច​នឹង​ធ្វើ​បុណ្យ​នោះ​ប្រាំពីរ​ថ្ងៃ​ទៀត ដូច្នេះ គេ​ក៏​ធ្វើ​ប្រាំពីរ​ថ្ងៃ​ទៀត ដោយ​រីក‌រាយ​សប្បាយ។ 24ដ្បិត​ព្រះ‌បាទ​ហេ‌សេ‌គា​ជា​ស្តេច​យូដា ទ្រង់​បាន​ប្រទាន​គោ​មួយ​ពាន់ និង​ចៀម​ប្រាំពីរ​ពាន់ ដល់​ក្រុម​ជំនុំ​សម្រាប់​ជា​តង្វាយ ហើយ​ពួក​អ្នក​ជា​ប្រធាន​ក៏​ឲ្យ​គោ​មួយ​ពាន់ និង​ចៀម​មួយ​ម៉ឺន​ដល់​គេ​ដែរ ក៏​មាន​ពួក​សង្ឃ​ជា​ច្រើន​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ 25នោះ​ជំនុំ​ទាំង​មូល​នៃ​ពួក​យូដា ព្រម​ទាំង​ពួក​សង្ឃ និង​ពួក​លេវី ហើយ​ក្រុម​ជំនុំ​ទាំង​ប៉ុន្មាន ដែល​មក​ពី​ស្រុក​អ៊ីស្រា‌អែល និង​ពួក​អ្នក​ដែល​បាន​ចេញ​ពី​ស្រុក​អ៊ីស្រា‌អែល មក​តាំង​ទី​លំនៅ​ក្នុង​ស្រុក​យូដា គេ​ក៏​នាំ​គ្នា​អរ​សប្បាយ​ឡើង 26ដូច្នេះ មាន​អំណរ​ជា​ខ្លាំង នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម ដ្បិត​ចាប់​តាំង​ពី​គ្រា​ព្រះបាទ​សាឡូម៉ូន បុត្រ​ដាវីឌ ជា​ស្តេច​អ៊ីស្រា‌អែល​មក នោះ​មិន​ដែល​មាន​ការ​យ៉ាង​នោះ នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​ឡើយ។ 27រួច​មក​ពួក​សង្ឃ និង​ពួក​លេវី ក៏​ក្រោក​ឡើង​ឲ្យ​ពរ​ដល់​ជន​ទាំង‌ឡាយ ឯ​សេចក្ដី​អធិ‌ស្ឋាន​របស់​គេ ក៏​ឡើង​ទៅ​ដល់​ទី​លំនៅ​បរិសុទ្ធ​របស់​ព្រះ គឺ​ដល់​ស្ថាន​សួគ៌​តែ​ម្តង ហើយ​ព្រះ‌អង្គ​ក៏​ទទួល​ស្តាប់​តាម។

ទើបបានជ្រើសរើសហើយ៖

២ របា‌ក្សត្រ 30: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល