២ របា‌ក្សត្រ 32

32
ការ​ឈ្លាន‌ពាន​របស់​ព្រះបាទ​សាន‌ហេរីប
1ក្រោយ​គ្រប់​ទាំង​ការ ជា​អំពើ​ស្មោះ‌ត្រង់​ទាំង​នោះ​មក នោះ​ព្រះ‌បាទ​សាន‌ហេរីប ជា​ស្តេច​ស្រុក​អាស‌ស៊ើរ ទ្រង់​ទន្ទ្រាន​ចូល​មក​ក្នុង​ស្រុក​យូដា បោះ​ទ័ព​ច្បាំង​នឹង​អស់​ទាំង​ទី​ក្រុង​មាន​បន្ទាយ ដោយ​ប្រាថ្នា​ចង់​ចាប់​យក​ទី​ក្រុង​ទាំង​នោះ 2កាល​ព្រះ‌បាទ​ហេ‌សេ‌គា​ឃើញ​ថា ព្រះ‌បាទ​សាន‌ហេរីប​បាន​មក​ដូច្នោះ ហើយ​មុខ​ជា​គិត​មក​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម​ដែរ 3ទ្រង់​ក៏​ប្រឹក្សា​នឹង​ពួក​អ្នក​ជា​ប្រធាន ហើយ​នឹង​ពួក​មនុស្ស​ខ្លាំង​ពូកែ​របស់​ទ្រង់ សម្រេច​នឹង​ទប់​ប្រឡាយ​ទឹក​ទាំង​ប៉ុន្មាន ដែល​នៅ​ខាង​ក្រៅ​ទី​ក្រុង ហើយ​ពួក​អ្នក​ទាំង​នោះ​ក៏​ជួយ 4គេ​ប្រមូល​មនុស្ស​ជា​ច្រើន​មក​ទប់​អស់​ទាំង​ប្រឡាយ​ទឹក និង​ជ្រោះ​ទឹក​ដែល​ហូរ​កាត់​ស្រុក​នោះ ដោយ​និយាយ​គ្នា​ថា៖ «នឹង​ទុក​ឲ្យ​ពួក​ស្តេច​អាស‌ស៊ើរ​មក​ដល់​ទី​នេះ ឃើញ​មាន​ទឹក​ជា​ច្រើន​ធ្វើ​អី?»។ 5ព្រះបាទ​ហេសេគា​បាន​តាំង​ព្រះ‌ហឫ‌ទ័យយ៉ាង​ម៉ឺងម៉ាត់ ក្នុង​ការ​សង់​កំផែង​ដែល​បាក់​បែក​ទាំង​ប៉ុន្មាន​ឡើង​វិញ ហើយ​សង់​ប៉ម​នៅ​លើកំផែង​នោះ ព្រម​ទាំង​សង់​កំផែង​មួយ​ទៀត​នៅ​ខាង​ក្រៅ ហើយ​ក៏​ជួស​ជុល​ប៉ម​មីឡូរ​នៅ​ក្នុង​ក្រុង​ដាវីឌ​ឲ្យ​បាន​មាំ‌មួន។ ស្ដេច​ធ្វើ​គ្រឿង​សស្ត្រា‌វុធ និង​ខែល​ជា​បរិបូរ។ 6ទ្រង់​តាំង​ឲ្យ​មាន​មេ​ក្រសួង​សឹក​ត្រួត​លើ​បណ្ដា‌ជន ក៏​ប្រមូល​ជន​ទាំង‌ឡាយ​មក​ឯ​ទ្រង់ នៅ​ទី‌ធ្លា​ត្រង់​មាត់​ទ្វារ​ទី​ក្រុង មាន​រាជ‌ឱង្ការ​កម្សាន្ត​ចិត្ត​គេ​ថា៖ 7«ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង កុំ​ភ័យ​ខ្លាច ឬ​ស្រយុត​ចិត្ត ដោយ​ព្រោះ​ស្តេច​អាស‌ស៊ើរ និង​ពួក​ពល​ទាំង​ហ្វូង​ដែល​មក​ជា‌មួយ​នោះ​ឡើយ ដ្បិត​នៅ​ខាង​យើង មាន​មួយ​អង្គ​ដែល​ពូកែ​ជាង​ពួក​គេ​ទៅ​ទៀត។ 8ចំណែក​គេ មាន​តែ​ដៃ​ខាង​សាច់​ឈាម​ប៉ុណ្ណោះ តែ​ខាង​យើង​វិញ មាន​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា សម្រាប់​នឹង​ជួយ ហើយ​ធ្វើ​ចម្បាំង​ជំនួស​យើង»។ ពួក​បណ្ដា‌ជន​ក៏​ផ្អែក​ចិត្ត​ទៅ​លើ​រាជ‌ឱង្ការ​នៃ​ព្រះ‌បាទ​ហេ‌សេ‌គា ជា​ស្តេច​យូដា។
9ក្រោយ​នោះ​មក ព្រះ‌បាទ​សាន‌ហេរីប ជា​ស្តេច​អាស‌ស៊ើរ ទ្រង់​ចាត់​រាជ‌ទូត​ទៅ​ក្រុង​យេរូ‌សាឡិម (ចំណែក​ឯ​ទ្រង់ និង​ពល‌ទ័ព​ទាំង​អស់​របស់​ទ្រង់ ក៏​នៅ​មុខ​ក្រុង​ឡាគីស) រាជ‌ទូត​នោះ​ក៏​មក​ជួប​ព្រះ‌បាទ​ហេ‌សេ‌គា ជា​ស្តេច​យូដា និង​ពួក​យូដា​ទាំង​ប៉ុន្មាន ជា​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម និយាយ​ថា៖ 10«ព្រះ‌បាទ​សាន‌ហេរីប ជា​ស្តេច​អាស‌ស៊ើរ មាន​រាជ‌ឱង្ការ​ដូច្នេះ​ថា តើ​អ្នក​រាល់​គ្នា​ទុក​ចិត្ត​អាង​ដល់​អ្វី បាន​ជា​ចេះ​តែ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​នេះ ចង់​ឲ្យ​យើង​មក​ឡោម‌ព័ទ្ធ​ដូច្នេះ? 11តើ​ព្រះ‌បាទ​ហេ‌សេ‌គា​មិន​បញ្ចុះ‌បញ្ចូល​អ្នក​រាល់​គ្នា ដើម្បី​ប្រគល់​អ្នក​ឲ្យ​ត្រូវ​ស្លាប់ ដោយ​អត់​បាយ អត់​ទឹក ដោយ​និយាយ​ថា "ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​យើង​រាល់​គ្នា​នឹង​ប្រោស​យើង​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​ស្តេច​អាស‌ស៊ើរទេ​ឬ?"។ 12តើ​មិន​មែន​ព្រះ‌បាទ​ហេ‌សេ‌គា ដែល​បាន​បំបាត់​អស់​ទាំង​ទី​ខ្ពស់ និង​អាស‌នា​របស់​ព្រះ​នោះ​ទេ​ឬ? ហើយ​ក៏​បាន​បង្គាប់​ពួក​យូដា និង​ពួក​ក្រុង​យេរូ‌សាឡិម​ថា "អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​បង្គំ​នៅ​មុខ​អាស‌នា​មួយ​នេះ​តែ​ប៉ុណ្ណោះ ព្រម​ទាំង​ដុត​កំញាន​នៅ​លើ​នោះ?"។ 13អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ ពី​ការ​ដែល​យើង និង​បិតា​យើង​បាន​ធ្វើ​ដល់​អស់​ទាំង​សាសន៍ ដែល​នៅ​ស្រុក​ឯ​ទៀត​ទាំង​ប៉ុន្មាន ឯ​ព្រះ​ទាំង​ប៉ុន្មាន​របស់​សាសន៍​ដទៃ ដែល​នៅ​គ្រប់​ស្រុក​ទាំង​នោះ តើ​អាច​ជួយ​ស្រុក​គេ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​បាន​ទេ? 14តើ​មាន​ព្រះ​ណា​មួយ​ក្នុង​ពួក​ព្រះ​របស់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ដែល​បិតា​យើង​បាន​បំផ្លាញ​អស់​រលីង​នោះ អាច​ជួយ​សាសន៍​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​យើង​បាន​ទេ ដែល​ព្រះ​របស់​អ្នក​រាល់​គ្នា​អាច​ជួយ​ឲ្យ​រួច​ពី​កណ្ដាប់​យើង​បាន? 15ដូច្នេះ កុំ​ឲ្យ​ព្រះ‌បាទ​ហេ‌សេ‌គា​ល្បួង​បញ្ឆោត​អ្នក​រាល់​គ្នា ឬ​បញ្ចុះ​បញ្ចូល​អ្នក​បែប​យ៉ាង​នេះ​ទៀត​ឡើយ កុំ​ជឿ​ឲ្យ​សោះ ដ្បិត​គ្មាន​ព្រះ​ណា​មួយ​របស់​សាសន៍ ឬ​នគរ​ណា ដែល​អាច​នឹង​ជួយ​ប្រជា‌រាស្ត្រ​គេ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​យើង ឬ​ពី​កណ្ដាប់​ដៃ​នៃ​បិតា​យើង​បាន​ឡើយ ចំណង់​បើ​ព្រះ​របស់​អ្នក​រាល់​គ្នា តើ​នឹង​ជួយ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​យើង​ឯ​ណា​បាន»។
16ពួក​រាជ‌ទូត​របស់​ស្តេច​នោះ ក៏​ប្រមាថ​មើល‌ងាយ​ដល់​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ និង​ព្រះ‌បាទ​ហេ‌សេ‌គា ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ជា​ច្រើន​ត​ទៅ​ទៀត។ 17ក៏​ធ្វើ​សំបុត្រ​មួល​បង្កាច់​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រម​ទាំង​ពោល​ទាស់​នឹង​ព្រះ ដោយ​ថា៖ «ព្រះ​របស់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន នៅ​ស្រុក​ផ្សេងៗ មិន​បាន​ជួយ​ប្រជា‌រាស្ត្រ​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​យើង​យ៉ាង​ណា នោះ​ព្រះ​របស់​ហេ‌សេ‌គា ក៏​មិន​អាច​នឹង​ជួយ​ប្រជា‌រាស្ត្រ​ខ្លួន ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​យើង​បាន​ដូច្នោះ​ដែរ»។ 18ពួក​ទូត​នោះ​ក៏​ស្រែក​យ៉ាង​ខ្លាំង ជា​ភាសា​របស់​ពួក​យូដា ដល់​ពួក​ក្រុង​យេរូ‌សាឡិម ដែល​នៅ​លើ​កំផែង ដើម្បី​គំរាម​បំភ័យ​ឲ្យ​គេ​វល់​គំនិត ឲ្យ​អាច​នឹង​យក​ទី​ក្រុង​បាន។ 19គេ​បាន​និយាយ​ពី​ព្រះ​នៃ​ក្រុង​យេរូ‌សាឡិម ទុក​ដូច​ជា​ព្រះ​របស់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​នៅ​ផែនដី ជា​ព្រះ​ដែល​ជា​ស្នាដៃ​របស់​មនុស្ស​លោក។
ព្រះ‌បាទ​សាន‌ហេរីប​សុគត
20ដូច្នេះ ព្រះ‌បាទ​ហេ‌សេ‌គា និង​ហោរា​អេសាយ ជា​កូន​អ័ម៉ូស ក៏​អធិស្ឋាន​ពី​ដំណើរ​នោះ ហើយ​អំពាវ‌នាវ​ដល់​ស្ថាន​សួគ៌ 21រួច​ព្រះ‌យេហូវ៉ា​ចាត់​ទេវតា​ឲ្យ​មក​បំផ្លាញ​មនុស្ស​ខ្លាំង​ពូកែ ដែល​មាន​ចិត្ត​ក្លាហាន​ក្នុង​ទី​បោះ​ទ័ព​របស់​ស្តេច​អាស‌ស៊ើរ ព្រម​ទាំង​ពួក​អ្នក​នាំ​មុខ និង​ពួក​មេ‌ទ័ព​ទាំង​អស់។ ស្ដេច​ក៏​វិល​ទៅ​ឯ​នគរ​របស់​ទ្រង់​វិញ ដោយ​សេចក្ដី​អៀន​ខ្មាស ហើយ​ពេល​ទ្រង់​បាន​ចូល​ទៅ​ក្នុង​វិហារ​នៃ​ព្រះ​របស់​ទ្រង់ នោះ​បុត្រ​បង្កើត​របស់​ទ្រង់​ក៏​ធ្វើ​គុត​ទ្រង់ ដោយ​ដាវ​នៅ​ទី​នោះ។ 22គឺ​យ៉ាង​នោះ​ដែល​ព្រះ‌យេហូវ៉ា​បាន​សង្គ្រោះ​ព្រះបាទ​ហេ‌សេ‌គា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​ព្រះបាទ​សាន‌ហេរីប ជា​ស្តេច​ស្រុក​អាស‌ស៊ើរ និង​ពី​កណ្ដាប់​ដៃ​សត្រូវ​ទាំង​ប៉ុន្មាន​របស់​ស្ដេច ហើយ​ព្រះ‌អង្គ​ការពារ​គេ​គ្រប់​ទិស​ទី។ 23ក៏​មាន​មនុស្ស​ជា​ច្រើន​នាំ​យក​តង្វាយ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា នៅ​ក្រុង​យេរូ‌សាឡិម និង​របស់​មាន​តម្លៃ​ផ្សេងៗ ថ្វាយ​ដល់​ព្រះ‌បាទ​ហេ‌សេ‌គា​ជា​ស្តេច​យូដា​ដែរ បាន​ជា​ទ្រង់​បាន​ថ្កុំ‌ថ្កើង​ឡើង នៅ​ចំពោះ​អស់​ទាំង​សាសន៍​ដទៃ​ត​រៀង​ទៅ។
ព្រះបាទ​ហេ‌សេ‌គា​ប្រឈួន
24នៅ​គ្រា​នោះ ព្រះបាទ​ហេ‌សេ‌គា​ចាប់​ប្រឈួន​ជា​ធ្ងន់ ហៀប​នឹង​សុគត តែ​ទ្រង់​អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក ព្រម​ទាំង​ប្រាប់​ទី​សម្គាល់​ដល់​ស្តេច 25ប៉ុន្តែ ព្រះ‌បាទ​ហេ‌សេ‌គា​មិន​បាន​សង​ព្រះ‌គុណ​តាម​ដែល​ព្រះ​បាន​ប្រោស​ដល់​ទ្រង់​នោះ​ទេ ដ្បិត​ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យអំនួត បាន​ជា​មាន​សេចក្ដី​ក្រោធ​មក​គ្រប​លើ​ទ្រង់ និង​ពួក​យូដា ហើយ​ពួក​ក្រុង​យេរូ‌សាឡិម​វិញ។ 26ប៉ុន្តែ ព្រះបាទ​ហេ‌សេ‌គា​បាន​បន្ទាប​ព្រះ‌ហឫ‌ទ័យ​ចុះ ពី​ការ​ដែល​មាន​ចិត្ត​ធំ​នោះ ព្រម​ទាំង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ដែរ បាន​ជា​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​មិន​បាន​ធ្លាក់​មក​លើ​គេ នៅ​ក្នុង​គ្រា​ព្រះ‌បាទ​ហេ‌សេ‌គា​ឡើយ។
ការ​ចម្រុង​ចម្រើន និងសមិទ្ធផល​របស់​ព្រះបាទហេសេគា
27ព្រះបាទ​ហេ‌សេ‌គា​មាន​‌ទ្រព្យ​សម្បត្តិ និង​កិត្តិ​យស​យ៉ាង​ល្បីល្បាញ ស្ដេច​បាន​ធ្វើ​ឃ្លាំង​សម្រាប់​ដាក់​ប្រាក់ មាស ត្បូង​មាន​តម្លៃ គ្រឿង​ក្រអូប និង​ខែល ហើយ​គ្រឿង​ប្រដាប់​ល្អ​គ្រប់​មុខ 28ក៏​ធ្វើ​ឃ្លាំង​ដាក់​ស្រូវ ស្រា​ទំពាំង‌បាយ‌ជូរ និង​ប្រេង ព្រម​ទាំង​រោង​សម្រាប់​ដាក់​សត្វ​គ្រប់​មុខ និង​ក្រោល​សម្រាប់​ហ្វូង​ចៀម 29ក៏​សង់​ទី​ក្រុង​ផ្សេងៗ​សម្រាប់​ទ្រង់ ហើយ​មាន​ហ្វូង​គោ ហ្វូង​ចៀម​ជា​បរិបូរ ដ្បិត​ព្រះ​បាន​ប្រោស​ប្រទាន​ឲ្យ​ទ្រង់​មាន​ទ្រព្យ‌សម្បត្តិ​ជា​ច្រើន​ណាស់។ 30គឺ​ព្រះបាទ​ហេ‌សេ‌គា ដែល​បាន​ទប់​រន្ធ​ទឹក​ខាង​លើ​នៃ​ជ្រោះ​គីហុន បង្ហូរ​តម្រង់​ចុះ​មក ដល់​ខាង​លិច​ទី​ក្រុង​ដាវីឌ ទ្រង់​ចេះ​តែ​បាន​ចម្រើន​ឡើង ក្នុង​គ្រប់​ការ​ទាំង​អស់។ 31ប៉ុន្តែ ក្នុង​ការ​ដែល​រាជ‌ទូត​នៃ​ស្តេច​បាប៊ី‌ឡូន បាន​មក​ស៊ើប‌សួរ​ទ្រង់ ពី​ការ​អស្ចារ្យ​ដែល​កើត​ឡើង​ក្នុង​ស្រុក ព្រះ​បាន​ទុក​ទ្រង់​ចោល ដើម្បី​នឹង​ល្បង‌ល​ទ្រង់ ឲ្យ​បាន​ជ្រាប​គ្រប់​ទាំង​គំនិត ដែល​មាន​នៅ​ក្នុង​ព្រះ‌ហឫ‌ទ័យ​ទ្រង់។
32កិច្ច‌ការ​ផ្សេង​ទៀត​ពី​ព្រះ‌បាទ​ហេ‌សេ‌គា និង​ការ​ល្អ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពី​ពួក​ស្តេច​យូដា និង​អ៊ីស្រា‌អែល ជា​និមិត្ត​របស់​ហោរា​អេសាយ ជា​កូន​អ័ម៉ូស។ 33ព្រះ‌បាទ​ហេ‌សេ‌គា​ក៏​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ ហើយ​គេ​បញ្ចុះ​សព​ទ្រង់​នៅ​ទី​ខ្ពស់ តាម​ផ្លូវ​ឡើង​ទៅ​ផ្នូរ​របស់​ពួក​វង្ស​នៃ​ដាវីឌ ឯ​ពួក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​គ្នា ក៏​តម្កើង​ទ្រង់​ឡើង ក្នុង​ខណៈ​ដែល​សុគត​នោះ រួច​ម៉ាណា‌សេ ជា​បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

ទើបបានជ្រើសរើសហើយ៖

២ របា‌ក្សត្រ 32: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល