២ របា‌ក្សត្រ 33

33
រាជ្យ​របស់​ព្រះ‌បាទ​ម៉ាណា‌សេ
1ពេល​ព្រះ‌បាទ​ម៉ាណា‌សេ​ឡើង​សោយ‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្ម​ដប់ពីរ​ព្រះវស្សា​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ហាសិប​ប្រាំ​ឆ្នាំ។ 2ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តាម​អស់​ទាំង​ការ​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​បណ្តេញ​ចេញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល។ 3ដ្បិត​ទ្រង់​បាន​ធ្វើ​អស់​ទាំង​ទី​ខ្ពស់​ឡើង​វិញ ដែល​ព្រះ‌បាទ​ហេ‌សេ‌គា ជា​បិតា​បាន​រំលំ​ទៅ​នោះ ហើយ​ក៏​ស្អាង​អាស‌នា​ថ្វាយ​ព្រះ‌បាល ព្រម​ទាំង​ធ្វើ​បង្គោល​សក្ការៈ ហើយ​ថ្វាយ​បង្គំ​គោរព​ដល់​អស់​ទាំង​ពួក​ពល​បរិវារ​នៅ​លើ​មេឃ​ផង។ 4ទ្រង់​ក៏​ស្អាង​អាស‌នា​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ពី​ទី​នោះ​ថា: "ឈ្មោះ​យើង​នឹង​នៅ​ក្រុង​យេរូ‌សាឡិម​ជា​ដរាបត​ទៅ"។ 5ទ្រង់​ធ្វើ​អាស‌នា​សម្រាប់​គោរព​ដល់​ពួក​ពល​បរិវារ​នៅ​លើ​មេឃ ត្រង់​ទី‌លាន​ទាំង​ពីរ​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា 6ក៏​ធ្វើ​ឲ្យ​បុត្រ​ទ្រង់​ឆ្លង​កាត់​ភ្លើង នៅ​ក្នុង​ច្រក​ភ្នំ​របស់​កូន​ហ៊ីន‌ណម ក៏​ប្រព្រឹត្ត​នក្ខត្ត‌ឫក្ស អង្គុយ​ធម៌ អាប​ធ្មប់ ហើយ​រក​គ្រូ​ខាប និង​គ្រូ​គាថា។ ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​ជា​ច្រើន​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ហេតុ​ដែល​បណ្ដាល​ឲ្យ​ព្រះ​មាន​សេចក្ដី​ក្រោធ។ 7ទ្រង់​យក​រូប​ឆ្លាក់​ដែល​ទ្រង់​បាន​ធ្វើ ទៅ​តម្កល់​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ ជា​ទី​ដែល​ព្រះ​បាន​មាន​ព្រះ‌បន្ទូល​នឹង​ដាវីឌ ហើយ​ព្រះបាទ​សាឡូម៉ូន​ជា​បុត្រា​ទ្រង់​ថា: "យើង​នឹង​តាំង​ឈ្មោះ​យើង​នៅ​ក្នុង​ព្រះ‌វិហារ​នេះ នៅ​ក្រុង​យេរូ‌សាឡិម ជា​ទី​ដែល​យើង​បាន​រើស​ក្នុង​គ្រប់​ទាំង​កុល‌សម្ព័ន្ធ​សាសន៍​អ៊ីស្រា‌អែល​ឲ្យ​នៅ​ជា​ដរាប​ត​ទៅ។ 8យើង​ក៏​មិន​ដែល​ដក​ជើង​ពួក​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​ដែល​យើង​បាន​ឲ្យ​ដល់​បុព្វ‌បុរស​អ្នក​រាល់​គ្នា​ទៀត​ឡើយ ឲ្យ​តែ​គេ​រក្សា ហើយ​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​យើង​បាន​បង្គាប់​ដល់​គេ គឺ​ជា​ក្រឹត្យ‌វិន័យ​ទាំង​មូល និង​បញ្ញត្តិ ហើយ​ច្បាប់​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ឲ្យ​តាម​រយៈ​លោក​ម៉ូសេ​ប៉ុណ្ណោះ"។ 9ប៉ុន្តែ ព្រះ‌បាទ​ម៉ាណា‌សេ​លួងលោម​ពួក​យូដា និង​ពួក​អ្នក​ក្រុង​យេរូ‌សាឡិម ឲ្យ​ធ្វើ​ការ​អាក្រក់​លើស​ជាង​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ទៅ​ទៀត ជា​សាសន៍​ដែល​ព្រះ‌យេហូវ៉ា​បាន​បំផ្លាញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល។
ព្រះបាទ​ម៉ាណា‌សេ​ត្រូវ​បាន​គ្រងរាជ្យ​ឡើង​វិញ ក្រោយ​ពី​ការ​ប្រែចិត្ត
10ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះបាទ​ម៉ាណា‌សេ និង​ប្រជា‌រាស្ត្រ​ទ្រង់​ដែរ តែ​គេ​មិន​ព្រម​ស្តាប់​តាម​សោះ។ 11ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​បណ្ដាល​ឲ្យ​ពួក​មេ‌ទ័ព​របស់​ស្តេច​អាស‌ស៊ើរ លើក​គ្នា​មក​ច្បាំង​នឹង​គេ ពួក​នោះ​ចាប់​ព្រះបាទ​ម៉ាណា‌សេ​ដាក់​ខ្នោះ ដាក់​ច្រវាក់ នាំ​ទៅ​ក្រុង​បាប៊ី‌ឡូន។ 12ពេល​ទ្រង់​មាន​សេចក្ដី​វេទនា ក៏​ទូល​អង្វរ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​បន្ទាប​ព្រះ‌ហឫ‌ទ័យ​ជា​ខ្លាំង នៅ​ចំពោះ​ព្រះ​នៃ​បុព្វ‌បុរស​របស់​ទ្រង់​វិញ។ 13ស្ដេច​ក៏​អធិ‌ស្ឋាន ហើយ​ព្រះ​ក៏​ទន់​ព្រះ‌ហឫ‌ទ័យ ស្តាប់​តាម​សេចក្ដី​ដែល​ទ្រង់​ទូល​អង្វរ ប្រោស​នាំ​ទ្រង់​មក​គ្រង​រាជ្យ​ក្នុង​ក្រុង​យេរូ‌សាឡិម​វិញ។ ដូច្នេះ ទើប​ម៉ាណា‌សេ​បាន​ជ្រាប​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​ពិត។
14ក្រោយ​មក ទ្រង់​សង់​កំផែង​នៅ​ខាង​ក្រៅ​កំផែង​ក្រុង​ដាវីឌ​ទៀត គឺ​ត្រង់​ច្រក​ភ្នំ​ខាង​លិច​ជ្រោះ​គីហុន រហូត​ដល់​មាត់​ទ្វារ​ផ្សារ​ត្រី ក៏​ធ្វើ​ព័ទ្ធ​ជុំ‌វិញ​ប៉ម​អូផែល​ដែរ ហើយ​បាន​ធ្វើ​ឲ្យ​មាន​កម្ពស់​ឡើង​ជា​ច្រើន រួច​ទ្រង់​តម្រូវ​ឲ្យ​មាន​មេ‌ទ័ព​នៅ​តាម​ទី​ក្រុង​មាន​បន្ទាយ​នៅ​ស្រុក​យូដា។ 15ទ្រង់​យក​អស់​ទាំង​ព្រះ​នៃ​សាសន៍​ដទៃ និង​រូប​ព្រះ​នោះ​ចេញ​ពី​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​អាស‌នា​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ស្អាង នៅ​លើ​ភ្នំ​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា និង​នៅ​ក្រុង​យេរូ‌សាឡិម​ទៅ​បោះ​ចោល​នៅ​ខាង​ក្រៅ​ទី​ក្រុង។ 16រួច​ទ្រង់​ស្អាង​អាស‌នា​ព្រះ‌យេហូវ៉ា​ឡើង​វិញ ហើយ​ថ្វាយ​យញ្ញ‌បូជា ជា​តង្វាយ​មេត្រី និង​តង្វាយ​អរ​ព្រះ‌គុណ នៅ​លើ​អាស‌នា​នោះ ក៏​បង្គាប់​ឲ្យ​ពួក​យូដា​គោរព​បម្រើ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល។ 17ប៉ុន្តែ ពួក​បណ្ដា‌ជន​នៅ​តែ​ថ្វាយ​យញ្ញ‌បូជា​នៅ​លើ​អស់​ទាំង​ទី​ខ្ពស់​នៅ​ឡើយ តែ​គេ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​គេ​វិញ។
ព្រះបាទ​ម៉ាណា‌សេ​សុគត
18កិច្ច‌ការ​ផ្សេង​ទៀត​ពី​ព្រះបាទ​ម៉ាណា‌សេ និង​សេចក្ដី​ដែល​ទ្រង់​អធិ‌ស្ឋាន​ដល់​ព្រះ ព្រម​ទាំង​ពាក្យ​ដែល​ពួក​អ្នក​មើល​ឆុត​បាន​ទូល​ទ្រង់ ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ​កិច្ច‌ការ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ។ 19ឯ​សេចក្ដី​អធិ‌ស្ឋាន​របស់​ស្ដេច ការ​ដែល​ព្រះ​បាន​ទន់​ព្រះ‌ហឫ‌ទ័យ​ទទួល​ទ្រង់ ព្រម​ទាំង​អំពើ​បាប និង​អំពើ​រំលង​របស់​ស្ដេច​ទាំង​ប៉ុន្មាន កន្លែង​នានា​ដែល​ស្ដេច​បាន​ធ្វើ​ទី​ខ្ពស់ ហើយ​តម្កល់បង្គោល​សក្ការៈ និង​រូប​ឆ្លាក់ មុន​ពេល​ទ្រង់​បាន​បន្ទាបអង្គទ្រង់ នោះ​បាន​កត់​ទុក​ក្នុង​ពង្សាវ‌តារ ដែល​ពួក​អ្នក​មើល​ឆុត​បាន​ចារឹក​ទុក។ 20ព្រះបាទ​ម៉ាណា‌សេ​ក៏​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ ហើយ​គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្នុង​ដំណាក់​ទ្រង់ រួច​អាំម៉ូន​ជា​‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​‌បិតា។
រាជ្យ​របស់​ស្តេច​អាំម៉ូន និងការ​សុគត
21កាល​អាំម៉ូន​ឡើង​សោយ‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្ម​ម្ភៃពីរ​ឆ្នាំ ទ្រង់​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ពីរ​ឆ្នាំ។ 22ទ្រង់​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដូច​ជា​ម៉ាណា‌សេ ជា​‌បិតា​បាន​ប្រព្រឹត្ត​ដែរ។ អាំម៉ូន​ក៏​ថ្វាយ​យញ្ញ‌បូជា ហើយ​គោរព​ដល់​អស់​ទាំង​រូប​ឆ្លាក់ ដែល​ម៉ាណា‌សេ ជា​បិតា បាន​ធ្វើ។ 23ឥត​បន្ទាប​ព្រះ‌ហឫ‌ទ័យ​ចុះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដូច​ជា​ម៉ាណា‌សេ ជា​បិតា​ទ្រង់​បាន​បន្ទាប​នោះ​ឡើយ គឺ​អាំម៉ូន​បាន​ប្រព្រឹត្ត​រំលង​កាន់​តែ​ច្រើន​ឡើង។ 24ឯ​ពួក​អ្នក​បម្រើ​របស់​ទ្រង់ គេ​លើក​គ្នា​ធ្វើ​គុត​ទ្រង់ នៅ​ក្នុង​ព្រះ‌រាជ‌ដំណាក់​ទៅ។ 25តែ​ពួក​អ្នក​ស្រុក​បាន​សម្លាប់​អស់​អ្នក​ដែល​បាន​លើក​គ្នា​ក្បត់​នឹង​ស្តេច​អាំម៉ូន​នោះ​វិញ គេ​លើក​ព្រះបាទ​យ៉ូសៀស​ជា​‌បុត្រា តាំង​ឡើង​ជា​ស្តេច​ជំនួស​បិតា។

ទើបបានជ្រើសរើសហើយ៖

២ របា‌ក្សត្រ 33: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល