២ របា‌ក្សត្រ 34

34
រាជ្យ​របស់​ព្រះបាទ​យ៉ូសៀស
1កាល​ព្រះបាទ​យ៉ូសៀស​ឡើង​សោយ‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្ម​ប្រាំបី​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​សាមសិប​មួយ​ឆ្នាំ 2ទ្រង់​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ដើរ​តាម​អស់​ទាំង​ផ្លូវ​របស់​ដាវីឌ ជា​បុព្វ‌បុរស​របស់​ទ្រង់​ផង ឥត​ងាក​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ឡើយ 3ដ្បិត​នៅ​ឆ្នាំ​ទី​ប្រាំបី​ក្នុង​រាជ្យ​ទ្រង់ ពេល​ទ្រង់​នៅ​ក្មេង​នៅ​ឡើយ ទ្រង់​ចាប់​តាំង​ស្វែង​រក​តាម​ព្រះ​នៃ​ដាវីឌ ជា​បុព្វ‌បុរស​របស់​ទ្រង់ លុះ​ដល់​ឆ្នាំ​ទី​ដប់ពីរ ទ្រង់​ផ្តើម​ជម្រះ​សម្អាត​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម ឲ្យ​រួច​ពី​អស់​ទាំង​ទី​ខ្ពស់ បង្គោល​សក្ការៈ រូប​ឆ្លាក់ និង​រូប​សិត​ទាំង​ប៉ុន្មាន​ចេញ 4គេ​ក៏​បំបាក់​បំបែក​អាស‌នា​ព្រះ‌បាល​នៅ​ចំពោះ​ទ្រង់ ក៏​កាប់​រំលំ​រូប​ព្រះ‌អាទិត្យ​ដែល​នៅ​ខ្ពស់​ពី​លើ​គេ ព្រម​ទាំង​បង្គោល​សក្ការៈ រូប​ឆ្លាក់ និង​រូប​សិត​ទាំង​ប៉ុន្មាន​ផង ហើយ​កិន​កម្ទេច​ជា​ផង់​ធូលី រួច​រោយ​រុះ​លើ​ផ្នូរ​ខ្មោច​របស់​ពួក​អ្នក​ដែល​បាន​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​ទាំង​នោះ 5ទ្រង់​យក​ឆ្អឹង​ពួក​សង្ឃ​ទាំង​នោះ ទៅ​ដុត​លើ​អាស‌នា​របស់​គេ ដូច្នេះ ទ្រង់​បាន​ជម្រះ​សម្អាត​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម​រួច​ហើយ 6ស្ដេច​ក៏​ធ្វើ​យ៉ាង​នោះ​នៅ​អស់​ទាំង​ទី​ក្រុង​របស់​ពួក​ម៉ាណា‌សេ ពួក​អេប្រាអិម និង​ពួក​ស៊ីម្មាន រហូត​ដល់​ស្រុក​របស់​ពួក​ណែប‌ថា‌លី នៅ​កន្លែង​បាក់​បែក​ជុំ‌វិញ​ទាំង​ប៉ុន្មាន​របស់​គេ​ដែរ 7ក៏​រំលំ​អាស‌នា បំបាក់​បំបែក​បង្គោល​សក្ការៈ និង​រូប​ឆ្លាក់​ឲ្យ​ទៅ​ជា​ផង់​ធូលី កាប់​រំលំ​អស់​ទាំង​រូប​ព្រះ‌អាទិត្យ​នៅ​គ្រប់​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ចេញ រួច​ទ្រង់​វិល​ត្រឡប់​មក​ឯ​ក្រុង​យេរូ‌សាឡិម​វិញ។
ការ​រក​ឃើញ​គម្ពីរ​ក្រឹត្យវិន័យ
8លុះ​ដល់​ឆ្នាំ​ទី​ដប់​ប្រាំ​បី ក្នុង​រាជ្យ​ទ្រង់ កាល​គេ​បាន​ជម្រះ​សម្អាត​ស្រុក និង​ព្រះ‌វិហារ​រួច​ជា​ស្រេច​ហើយ ទ្រង់​ចាត់​សាផាន ជា​កូន​អ័សា‌លា ម្អា‌សេ‌យ៉ា ជា​ចៅ‌ហ្វាយ​ទី​ក្រុង និង​យ៉ូអា កូន​យ៉ូអា‌ហាស ជា​អ្នក​តែង​ពង្សាវ‌តារ ឲ្យ​ទៅ​ជួស‌ជុល​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ 9គេ​ក៏​ទៅ​ឯ​ហ៊ីល‌គីយ៉ា ជា​សម្ដេច​សង្ឃ ប្រគល់​ប្រាក់​ដែល​គេ​បាន​នាំ​យក​មក​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ ជា​ប្រាក់​ដែល​ពួក​លេវី​ជា​អ្នក​ឆ្មាំ​ទ្វារ បាន​ប្រមូល​ពី​ពួក​ម៉ាណា‌សេ ពួក​អេប្រាអិម និង​សំណល់​ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ហើយ​ពី​ពួក​យូដា ពួក​បេនយ៉ាមីន និង​ពួក​អ្នក​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​ផង 10គេ​ប្រគល់​ប្រាក់​នោះ ទៅ​ក្នុង​អំណាច​នៃ​ពួក​មេ​ជាង ជា​អ្នក​ដែល​ត្រួត​លើការ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ហើយ​ពួក​អ្នក​ទាំង​នោះ​ក៏​ប្រគល់​ដល់​ពួក​ជាង​ដែល​ធ្វើ​ការ ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា សម្រាប់​នឹង​ជួស‌ជុល ហើយ​រៀបចំ​ព្រះ‌វិហារ​ជា​ថ្មី​ឡើង​វិញ 11គឺ​ប្រគល់​ដល់​ពួក​ជាង​ឈើ និង​ពួក​ជាង​រៀប​ថ្ម ឲ្យ​គេ​ទិញ​ថ្ម​ដាប់​ស្រាប់ និង​ឈើ​សម្រាប់​ជា​ធ្នឹម និង​ផ្លាន ធ្វើ​មន្ទីរ​ទាំង​ប៉ុន្មាន​ដែល​ពួក​ស្តេច​យូដា​បាន​បំផ្លាញ​ទៅ 12ពួក​ជាង​ទាំង​នោះ​គេ​ធ្វើ​ការ​ដោយ​ស្មោះ‌ត្រង់ ឯ​អ្នក​ដែល​ត្រួត​លើ​គេ គឺ​យ៉ាហាត និង​អូបា‌ឌា ជា​ពួក​លេវី​ខាង​ពួក​កូន​ចៅ​ម្រ៉ារី ហើយ​សាកា‌រី និង​មស៊ូ‌ឡាម​ខាង​ពួក​កូន​ចៅ​កេហាត់ ដើម្បី​នឹង​ត្រួត​ការ​នោះ ហើយ​មាន​ពួក​លេវី ដែល​ប៉ិន​ប្រសប់​នឹង​លេង​ភ្លេង​ដែរ 13គេ​ក៏​ត្រួត​លើ​ពួក​អ្នក​ដែល​លី​សែង ហើយ​លើ​អស់​អ្នក​ដែល​ធ្វើ​ការ​គ្រប់​មុខ​ផង ឯ​ក្នុង​ពួក​លេវី​ទាំង​នោះ​មាន​ស្មៀន និង​នាយ ហើយ​នឹង​អ្នក​ឆ្មាំ​ទ្វារ​ដែរ។
14កាល​កំពុង​តែ​យក​ប្រាក់ ដែល​គេ​បាន​យក​មក​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​ចេញ​ទៅ នោះ​សង្ឃ​ហ៊ីល‌គីយ៉ា​រក​ឃើញ​គម្ពីរ​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា​ដែល​បាន​ប្រទាន​មក​តាម​រយៈ​លោក​ម៉ូសេ។ 15លោក​ក៏​ប្រាប់​ដល់​ស្មៀន​សាផាន​ថា ខ្ញុំ​បាន​ប្រទះ​ឃើញ​គម្ពីរ​ក្រឹត្យ‌វិន័យ នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា រួច​លោក​ប្រគល់​គម្ពីរ​នោះ​ទៅ​សាផាន 16ហើយ​សាផាន​នាំ​យក​ទៅ​ថ្វាយ​ដល់​ស្តេច ទូល​ថា ឯ​ការ​ទាំង​អស់​ដែល​ទ្រង់​បាន​ប្រគល់​ដល់​ពួក​អ្នក​បម្រើ​របស់​ទ្រង់ នោះ​គេ​កំពុង​តែ​ធ្វើ​ហើយ 17គេ​បាន​ចាក់​ប្រាក់ ដែល​ឃើញ​មាន​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​ចេញ ប្រគល់​ទៅ​ក្នុង​អំណាច​នៃ​ពួក​មេ​ជាង និង​ពួក​ជាង​ធ្វើ​ការ 18រួច​ស្មៀន​សាផាន​ទូល​ទៀត​ថា៖ «សង្ឃ​ហ៊ីល‌គីយ៉ា​បាន​ប្រគល់​គម្ពីរ​នេះ​មក​ទូល‌បង្គំ» ហើយ​សាផាន​ក៏​អាន​មើល​ក្នុង​គម្ពីរ​នោះ​ថ្វាយ​ស្តេច។ 19កាល​ស្ដេច​ឮ​ពាក្យ​របស់​ក្រឹត្យ‌វិន័យ​ហើយ ទ្រង់​ក៏​ហែក​ព្រះ‌ពស្ត្រ 20ហើយ​បង្គាប់​ដល់​ហ៊ីល‌គីយ៉ា អ័ហ៊ី‌កាម ជា​កូន​សាផាន អាបដូន ជា​កូន​មីកា‌យ៉ា ស្មៀន​សាផាន និង​អ័សា‌យ៉ា ជា​អ្នក​ជំនិត​ទ្រង់​ថា៖ 21«ចូរ​ទៅ​សួរ​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​យើង និង​ពួក​អ្នក​ដែល​សល់​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល ហើយ​នឹង​ពួក​យូដា ឲ្យ​យើង​បាន​ដឹង​ពី​ដំណើរ​ពាក្យ​នៃ​គម្ពីរ ដែល​ប្រទះ​ឃើញ​នេះ ដ្បិត​សេចក្ដី​ក្រេវ‌ក្រោធ​របស់​ព្រះ‌យេហូវ៉ា​ដែល​បាន​ចាក់​មក​លើ​យើង​រាល់​គ្នា នោះ​សម្បើម​ណាស់ ព្រោះ​បុព្វ‌បុរស​យើង​រាល់​គ្នា មិន​បាន​កាន់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​កត់​ទុក​ក្នុង​គម្ពីរ​នេះ​ទេ»។
គេ​ប្រឹក្សា​ជា​មួយ​ហោរាហ៊ុល​ដា
22ដូច្នេះ ហ៊ីល‌គីយ៉ា និង​ពួក​អ្នក​ដែល​ស្តេច​បាន​ចាត់​ប្រើ​នោះ ក៏​ទៅ​ឯ​នាង​ហ៊ុលដា ជា​ហោរា ប្រពន្ធ​សាលូម កូន​ធីកវ៉ា ដែល​ជា​កូន​ហារ‌ហាស អ្នក​រក្សា​ព្រះ‌ពស្ត្រ‌រាជ្យ (នាង​នោះ​អាស្រ័យ​នៅ​ឃុំ​លេខ​ពីរ ក្នុង​ក្រុង​យេរូ‌សាឡិម) និយាយ​នឹង​នាង​តាម​ដំណើរ​រឿង​នោះ 23រួច​នាង​តប​ទៅ​គេ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ទៅ​ប្រាប់​ដល់​អ្នក​ដែល​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​មក​ឯ​យើង​ថា 24ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល​យើង​នឹង​ធ្វើ​ឲ្យ​មាន​សេចក្ដី​អាក្រក់​មក​លើ​ទី​នេះ ហើយ​លើ​ពួក​អ្នក​ដែល​នៅ​ទី​នេះ​ផង គឺ​គ្រប់​ទាំង​បណ្ដាសា​កត់​ទុក​ក្នុង​គម្ពីរ ដែល​គេ​បាន​អាន​មើល​ថ្វាយ​ស្តេច​ពួក​យូដា 25ដោយ​ព្រោះ​គេ​បាន​បោះ‌បង់​ចោលយើង ហើយ​បាន​ដុត​កំញាន​ថ្វាយ​ព្រះ​ដទៃ ដើម្បី​នឹង​បណ្ដាល​ឲ្យ​យើង​ខឹង ដោយ​អស់​ទាំង​ការ​ដែល​ដៃ​គេ​ធ្វើ​ទាំង​ប៉ុន្មាន ហេតុ​នោះ​បាន​ជា​សេចក្ដី​កំហឹង​របស់​យើង​បាន​ចាក់​មក​លើ​ទី​នេះ ហើយ​នឹង​ពន្លត់​មិន​បាន។ 26ប៉ុន្តែ ស្តេច​យូដា​ដែល​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​មក​សួរ​ដល់​ព្រះ‌យេហូវ៉ា ត្រូវ​ទូល​ទ្រង់​ថា៖ «ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​ពាក្យ​ដែល​ទ្រង់​បាន​ឮ​នោះ​ថា 27ដោយ​ព្រោះ​ឯង​មាន​ចិត្ត​ទន់ ហើយ​បាន​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ ដោយ​ឮ​ព្រះ‌បន្ទូល​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ទាស់​នឹង​ទី​នេះ ហើយ​នឹង​ពួក​អ្នក​នៅ​ទី​នេះ​ផង ព្រម​ទាំង​បន្ទ្រោម​ខ្លួន​ចុះ​នៅ​មុខ​យើង​ក៏​ហែក​អាវ ហើយ​យំ​នៅ​មុខ​យើង​ដូច្នេះ នោះ​យើង​បាន​ទទួល​ស្តាប់​តាម​ឯង​ហើយ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។ 28មើល៍! យើង​នឹង​ប្រមូល​ឯង​ទៅ​ជា‌មួយ​បុព្វ‌បុរស​ឯង ឯង​នឹង​ទៅ​មូល​គ្នា​នៅ​ក្នុង​ផ្នូរ​ដោយ​សុខ‌សាន្ត ភ្នែក​ឯង​នឹង​មិន​ឃើញ​អស់​ទាំង​សេចក្ដី​អាក្រក់​ដែល​យើង​នឹង​នាំ​មក​លើ​ទី​នេះ និង​លើ​ពួក​អ្នក​នៅ​ទី​នេះ​ឡើយ»។ ដូច្នេះ គេ​ក៏​នាំ​យក​ពាក្យ​នោះ​ទៅ​ទូល​ដល់​ស្តេច​វិញ។
ការ​តាំង​សេចក្ដី​សញ្ញា​ជា​ថ្មី
29ពេល​នោះ ស្ដេច​ចាត់​គេ​ឲ្យ​ទៅ​ប្រមូល​ពួក​ចាស់​ទុំ​នៃ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម​មក​ជួប​ជុំ​គ្នា។ 30ស្ដេច​យាង​ឡើង​ទៅ​ឯ​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា មាន​ទាំង​ពួក​ស្រុក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​គ្នា ហើយ​ពួក​សង្ឃ ពួក​លេវី និង​បណ្ដា‌ជន​ទាំង‌ឡាយ ទាំង​ធំ ទាំង​តូច​ផង ទ្រង់​ក៏​អាន​មើល ឲ្យ​គេ​ស្តាប់​អស់​ទាំង​ពាក្យ​នៅ​ក្នុង​គម្ពីរ​នៃ​សេចក្ដី​សញ្ញា ដែល​បាន​ប្រទះ​ឃើញ​ក្នុង​ព្រះ​ដំណាក់​របស់​ព្រះ‌យេហូវ៉ា 31ឯ​ស្ដេច​ឈរ​នៅ​កន្លែង​ទ្រង់ ក៏​ចុះ​សញ្ញា​នឹង​ព្រះ‌យេហូវ៉ា ឲ្យ​បាន​ដើរ​តាម​ព្រះ‌យេហូវ៉ា ព្រម​ទាំង​កាន់​តាម​ក្រឹត្យ‌ក្រម​សេចក្ដី​បន្ទាល់ និង​បញ្ញត្តិ​របស់​ព្រះ‌អង្គ​ទាំង​ប៉ុន្មាន អស់​ពី​ចិត្ត អស់​ពី​ព្រលឹង ដើម្បី​នឹង​សម្រេច​តាម​អស់​ទាំង​ពាក្យ​នៃ​សេចក្ដី​សញ្ញា​ដែល​បាន​កត់​ទុក​ក្នុង​គម្ពីរ​នេះ។ 32ទ្រង់​ក៏​បង្គាប់​ដល់​អស់​អ្នក​ដែល​មាន​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម ហើយ​ស្រុក​បេនយ៉ាមីន ឲ្យ​កាន់​តាម​សេចក្ដី​សញ្ញា​នោះ ដូច្នេះ ពួក​ក្រុង​យេរូ‌សាឡិម​ក៏​ធ្វើ​តាម​សេចក្ដី​សញ្ញា​របស់​ព្រះ ជា​ព្រះ​នៃ​បុព្វ‌បុរស​គេ 33រួច​ព្រះបាទ​យ៉ូសៀស ទ្រង់​ដក​យក​អស់​ទាំង​របស់​គួរ​ស្អប់​ខ្ពើម​ចេញ​ពី​ស្រុក​ទាំង​ប៉ុន្មាន ដែល​ជា​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ក៏​បង្គាប់​ឲ្យ​អស់​អ្នក​ដែល​នៅ​ស្រុក​អ៊ីស្រា‌អែល គោរព​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គេ ដូច្នេះ នៅ​អស់​រវាង​ព្រះ‌ជន្ម​ទ្រង់ នោះ​គេ​មិន​បាន​បែរ​ចេញ​ពី​ការ​គោរព​តាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​គេ​ឡើយ។

ទើបបានជ្រើសរើសហើយ៖

២ របា‌ក្សត្រ 34: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល