២ របាក្សត្រ 34
34
រាជ្យរបស់ព្រះបាទយ៉ូសៀស
1កាលព្រះបាទយ៉ូសៀសឡើងសោយរាជ្យ ទ្រង់មានព្រះជន្មប្រាំបីឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានសាមសិបមួយឆ្នាំ 2ទ្រង់ប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា ព្រមទាំងដើរតាមអស់ទាំងផ្លូវរបស់ដាវីឌ ជាបុព្វបុរសរបស់ទ្រង់ផង ឥតងាកបែរទៅខាងស្តាំ ឬខាងឆ្វេងឡើយ 3ដ្បិតនៅឆ្នាំទីប្រាំបីក្នុងរាជ្យទ្រង់ ពេលទ្រង់នៅក្មេងនៅឡើយ ទ្រង់ចាប់តាំងស្វែងរកតាមព្រះនៃដាវីឌ ជាបុព្វបុរសរបស់ទ្រង់ លុះដល់ឆ្នាំទីដប់ពីរ ទ្រង់ផ្តើមជម្រះសម្អាតស្រុកយូដា និងក្រុងយេរូសាឡិម ឲ្យរួចពីអស់ទាំងទីខ្ពស់ បង្គោលសក្ការៈ រូបឆ្លាក់ និងរូបសិតទាំងប៉ុន្មានចេញ 4គេក៏បំបាក់បំបែកអាសនាព្រះបាលនៅចំពោះទ្រង់ ក៏កាប់រំលំរូបព្រះអាទិត្យដែលនៅខ្ពស់ពីលើគេ ព្រមទាំងបង្គោលសក្ការៈ រូបឆ្លាក់ និងរូបសិតទាំងប៉ុន្មានផង ហើយកិនកម្ទេចជាផង់ធូលី រួចរោយរុះលើផ្នូរខ្មោចរបស់ពួកអ្នកដែលបានថ្វាយយញ្ញបូជាដល់ព្រះទាំងនោះ 5ទ្រង់យកឆ្អឹងពួកសង្ឃទាំងនោះ ទៅដុតលើអាសនារបស់គេ ដូច្នេះ ទ្រង់បានជម្រះសម្អាតស្រុកយូដា និងក្រុងយេរូសាឡិមរួចហើយ 6ស្ដេចក៏ធ្វើយ៉ាងនោះនៅអស់ទាំងទីក្រុងរបស់ពួកម៉ាណាសេ ពួកអេប្រាអិម និងពួកស៊ីម្មាន រហូតដល់ស្រុករបស់ពួកណែបថាលី នៅកន្លែងបាក់បែកជុំវិញទាំងប៉ុន្មានរបស់គេដែរ 7ក៏រំលំអាសនា បំបាក់បំបែកបង្គោលសក្ការៈ និងរូបឆ្លាក់ឲ្យទៅជាផង់ធូលី កាប់រំលំអស់ទាំងរូបព្រះអាទិត្យនៅគ្រប់ក្នុងស្រុកអ៊ីស្រាអែលចេញ រួចទ្រង់វិលត្រឡប់មកឯក្រុងយេរូសាឡិមវិញ។
ការរកឃើញគម្ពីរក្រឹត្យវិន័យ
8លុះដល់ឆ្នាំទីដប់ប្រាំបី ក្នុងរាជ្យទ្រង់ កាលគេបានជម្រះសម្អាតស្រុក និងព្រះវិហាររួចជាស្រេចហើយ ទ្រង់ចាត់សាផាន ជាកូនអ័សាលា ម្អាសេយ៉ា ជាចៅហ្វាយទីក្រុង និងយ៉ូអា កូនយ៉ូអាហាស ជាអ្នកតែងពង្សាវតារ ឲ្យទៅជួសជុលព្រះវិហាររបស់ព្រះយេហូវ៉ា ជាព្រះនៃទ្រង់ 9គេក៏ទៅឯហ៊ីលគីយ៉ា ជាសម្ដេចសង្ឃ ប្រគល់ប្រាក់ដែលគេបាននាំយកមកក្នុងព្រះដំណាក់របស់ព្រះ ជាប្រាក់ដែលពួកលេវីជាអ្នកឆ្មាំទ្វារ បានប្រមូលពីពួកម៉ាណាសេ ពួកអេប្រាអិម និងសំណល់ពួកអ៊ីស្រាអែលទាំងប៉ុន្មាន ហើយពីពួកយូដា ពួកបេនយ៉ាមីន និងពួកអ្នកនៅក្នុងក្រុងយេរូសាឡិមផង 10គេប្រគល់ប្រាក់នោះ ទៅក្នុងអំណាចនៃពួកមេជាង ជាអ្នកដែលត្រួតលើការក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ហើយពួកអ្នកទាំងនោះក៏ប្រគល់ដល់ពួកជាងដែលធ្វើការ ក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា សម្រាប់នឹងជួសជុល ហើយរៀបចំព្រះវិហារជាថ្មីឡើងវិញ 11គឺប្រគល់ដល់ពួកជាងឈើ និងពួកជាងរៀបថ្ម ឲ្យគេទិញថ្មដាប់ស្រាប់ និងឈើសម្រាប់ជាធ្នឹម និងផ្លាន ធ្វើមន្ទីរទាំងប៉ុន្មានដែលពួកស្តេចយូដាបានបំផ្លាញទៅ 12ពួកជាងទាំងនោះគេធ្វើការដោយស្មោះត្រង់ ឯអ្នកដែលត្រួតលើគេ គឺយ៉ាហាត និងអូបាឌា ជាពួកលេវីខាងពួកកូនចៅម្រ៉ារី ហើយសាការី និងមស៊ូឡាមខាងពួកកូនចៅកេហាត់ ដើម្បីនឹងត្រួតការនោះ ហើយមានពួកលេវី ដែលប៉ិនប្រសប់នឹងលេងភ្លេងដែរ 13គេក៏ត្រួតលើពួកអ្នកដែលលីសែង ហើយលើអស់អ្នកដែលធ្វើការគ្រប់មុខផង ឯក្នុងពួកលេវីទាំងនោះមានស្មៀន និងនាយ ហើយនឹងអ្នកឆ្មាំទ្វារដែរ។
14កាលកំពុងតែយកប្រាក់ ដែលគេបានយកមកក្នុងព្រះវិហាររបស់ព្រះយេហូវ៉ាចេញទៅ នោះសង្ឃហ៊ីលគីយ៉ារកឃើញគម្ពីរក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាដែលបានប្រទានមកតាមរយៈលោកម៉ូសេ។ 15លោកក៏ប្រាប់ដល់ស្មៀនសាផានថា ខ្ញុំបានប្រទះឃើញគម្ពីរក្រឹត្យវិន័យ នៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា រួចលោកប្រគល់គម្ពីរនោះទៅសាផាន 16ហើយសាផាននាំយកទៅថ្វាយដល់ស្តេច ទូលថា ឯការទាំងអស់ដែលទ្រង់បានប្រគល់ដល់ពួកអ្នកបម្រើរបស់ទ្រង់ នោះគេកំពុងតែធ្វើហើយ 17គេបានចាក់ប្រាក់ ដែលឃើញមាននៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ាចេញ ប្រគល់ទៅក្នុងអំណាចនៃពួកមេជាង និងពួកជាងធ្វើការ 18រួចស្មៀនសាផានទូលទៀតថា៖ «សង្ឃហ៊ីលគីយ៉ាបានប្រគល់គម្ពីរនេះមកទូលបង្គំ» ហើយសាផានក៏អានមើលក្នុងគម្ពីរនោះថ្វាយស្តេច។ 19កាលស្ដេចឮពាក្យរបស់ក្រឹត្យវិន័យហើយ ទ្រង់ក៏ហែកព្រះពស្ត្រ 20ហើយបង្គាប់ដល់ហ៊ីលគីយ៉ា អ័ហ៊ីកាម ជាកូនសាផាន អាបដូន ជាកូនមីកាយ៉ា ស្មៀនសាផាន និងអ័សាយ៉ា ជាអ្នកជំនិតទ្រង់ថា៖ 21«ចូរទៅសួរដល់ព្រះយេហូវ៉ាឲ្យយើង និងពួកអ្នកដែលសល់នៅក្នុងពួកអ៊ីស្រាអែល ហើយនឹងពួកយូដា ឲ្យយើងបានដឹងពីដំណើរពាក្យនៃគម្ពីរ ដែលប្រទះឃើញនេះ ដ្បិតសេចក្ដីក្រេវក្រោធរបស់ព្រះយេហូវ៉ាដែលបានចាក់មកលើយើងរាល់គ្នា នោះសម្បើមណាស់ ព្រោះបុព្វបុរសយើងរាល់គ្នា មិនបានកាន់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដើម្បីនឹងប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដីដែលកត់ទុកក្នុងគម្ពីរនេះទេ»។
គេប្រឹក្សាជាមួយហោរាហ៊ុលដា
22ដូច្នេះ ហ៊ីលគីយ៉ា និងពួកអ្នកដែលស្តេចបានចាត់ប្រើនោះ ក៏ទៅឯនាងហ៊ុលដា ជាហោរា ប្រពន្ធសាលូម កូនធីកវ៉ា ដែលជាកូនហារហាស អ្នករក្សាព្រះពស្ត្ររាជ្យ (នាងនោះអាស្រ័យនៅឃុំលេខពីរ ក្នុងក្រុងយេរូសាឡិម) និយាយនឹងនាងតាមដំណើររឿងនោះ 23រួចនាងតបទៅគេថា ព្រះយេហូវ៉ា ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះ ចូរទៅប្រាប់ដល់អ្នកដែលចាត់អ្នករាល់គ្នាឲ្យមកឯយើងថា 24ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ មើលយើងនឹងធ្វើឲ្យមានសេចក្ដីអាក្រក់មកលើទីនេះ ហើយលើពួកអ្នកដែលនៅទីនេះផង គឺគ្រប់ទាំងបណ្ដាសាកត់ទុកក្នុងគម្ពីរ ដែលគេបានអានមើលថ្វាយស្តេចពួកយូដា 25ដោយព្រោះគេបានបោះបង់ចោលយើង ហើយបានដុតកំញានថ្វាយព្រះដទៃ ដើម្បីនឹងបណ្ដាលឲ្យយើងខឹង ដោយអស់ទាំងការដែលដៃគេធ្វើទាំងប៉ុន្មាន ហេតុនោះបានជាសេចក្ដីកំហឹងរបស់យើងបានចាក់មកលើទីនេះ ហើយនឹងពន្លត់មិនបាន។ 26ប៉ុន្តែ ស្តេចយូដាដែលចាត់អ្នករាល់គ្នាឲ្យមកសួរដល់ព្រះយេហូវ៉ា ត្រូវទូលទ្រង់ថា៖ «ព្រះយេហូវ៉ា ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលពីដំណើរពាក្យដែលទ្រង់បានឮនោះថា 27ដោយព្រោះឯងមានចិត្តទន់ ហើយបានបន្ទាបខ្លួននៅចំពោះព្រះ ដោយឮព្រះបន្ទូលដែលទ្រង់មានព្រះបន្ទូលទាស់នឹងទីនេះ ហើយនឹងពួកអ្នកនៅទីនេះផង ព្រមទាំងបន្ទ្រោមខ្លួនចុះនៅមុខយើងក៏ហែកអាវ ហើយយំនៅមុខយើងដូច្នេះ នោះយើងបានទទួលស្តាប់តាមឯងហើយ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ 28មើល៍! យើងនឹងប្រមូលឯងទៅជាមួយបុព្វបុរសឯង ឯងនឹងទៅមូលគ្នានៅក្នុងផ្នូរដោយសុខសាន្ត ភ្នែកឯងនឹងមិនឃើញអស់ទាំងសេចក្ដីអាក្រក់ដែលយើងនឹងនាំមកលើទីនេះ និងលើពួកអ្នកនៅទីនេះឡើយ»។ ដូច្នេះ គេក៏នាំយកពាក្យនោះទៅទូលដល់ស្តេចវិញ។
ការតាំងសេចក្ដីសញ្ញាជាថ្មី
29ពេលនោះ ស្ដេចចាត់គេឲ្យទៅប្រមូលពួកចាស់ទុំនៃស្រុកយូដា និងក្រុងយេរូសាឡិមមកជួបជុំគ្នា។ 30ស្ដេចយាងឡើងទៅឯព្រះដំណាក់របស់ព្រះយេហូវ៉ា មានទាំងពួកស្រុកយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់គ្នា ហើយពួកសង្ឃ ពួកលេវី និងបណ្ដាជនទាំងឡាយ ទាំងធំ ទាំងតូចផង ទ្រង់ក៏អានមើល ឲ្យគេស្តាប់អស់ទាំងពាក្យនៅក្នុងគម្ពីរនៃសេចក្ដីសញ្ញា ដែលបានប្រទះឃើញក្នុងព្រះដំណាក់របស់ព្រះយេហូវ៉ា 31ឯស្ដេចឈរនៅកន្លែងទ្រង់ ក៏ចុះសញ្ញានឹងព្រះយេហូវ៉ា ឲ្យបានដើរតាមព្រះយេហូវ៉ា ព្រមទាំងកាន់តាមក្រឹត្យក្រមសេចក្ដីបន្ទាល់ និងបញ្ញត្តិរបស់ព្រះអង្គទាំងប៉ុន្មាន អស់ពីចិត្ត អស់ពីព្រលឹង ដើម្បីនឹងសម្រេចតាមអស់ទាំងពាក្យនៃសេចក្ដីសញ្ញាដែលបានកត់ទុកក្នុងគម្ពីរនេះ។ 32ទ្រង់ក៏បង្គាប់ដល់អស់អ្នកដែលមាននៅក្នុងក្រុងយេរូសាឡិម ហើយស្រុកបេនយ៉ាមីន ឲ្យកាន់តាមសេចក្ដីសញ្ញានោះ ដូច្នេះ ពួកក្រុងយេរូសាឡិមក៏ធ្វើតាមសេចក្ដីសញ្ញារបស់ព្រះ ជាព្រះនៃបុព្វបុរសគេ 33រួចព្រះបាទយ៉ូសៀស ទ្រង់ដកយកអស់ទាំងរបស់គួរស្អប់ខ្ពើមចេញពីស្រុកទាំងប៉ុន្មាន ដែលជារបស់ពួកកូនចៅអ៊ីស្រាអែល ហើយក៏បង្គាប់ឲ្យអស់អ្នកដែលនៅស្រុកអ៊ីស្រាអែល គោរពដល់ព្រះយេហូវ៉ា ជាព្រះនៃគេ ដូច្នេះ នៅអស់រវាងព្រះជន្មទ្រង់ នោះគេមិនបានបែរចេញពីការគោរពតាមព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសគេឡើយ។
ទើបបានជ្រើសរើសហើយ៖
២ របាក្សត្រ 34: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies