២ កូរិនថូស 5
5
1យើងដឹងថា បើជម្រកដែលជាទីលំនៅរបស់យើងនៅផែនដីនេះ ត្រូវខូចបង់ទៅ នោះយើងមានវិមានមួយដែលមកពីព្រះ ជាលំនៅសិ្ថតស្ថេរអស់កល្បជានិច្ចនៅស្ថានសួគ៌ មិនមែនធ្វើឡើងដោយដៃមនុស្សឡើយ។ 2ដ្បិតនៅក្នុងជម្រកនេះ យើងតែងតែថ្ងូរ ដោយសង្វាតចង់បានលំនៅរបស់យើងដែលមកពីស្ថានសួគ៌ មកស្លៀកពាក់ 3ដ្បិតពេលយើងបានស្លៀកពាក់ នោះឃើញថា យើងនឹងមិនអាក្រាតឡើយ។ 4ពេលយើងនៅក្នុងជម្រកនេះនៅឡើយ យើងថ្ងូរដោយមានបន្ទុកយ៉ាងធ្ងន់ ព្រោះយើងមិនចង់ដោះសម្លៀកបំពាក់នេះចេញទេ គឺចង់តែស្លៀកពាក់តទៅទៀត ដើម្បីឲ្យជីវិតលេបបំបាត់នូវអ្វីដែលតែងតែស្លាប់នេះវិញ។ 5អ្នកដែលបានរៀបចំយើងសម្រាប់ការនេះ គឺជាព្រះ ដែលទ្រង់បានប្រទានព្រះវិញ្ញាណមកយើង ទុកជារបស់បញ្ចាំចិត្ត។
6ដូច្នេះ យើងមានចិត្តជឿជាក់ជានិច្ច ហើយដឹងថា ដរាបណាយើងជ្រកកោនក្នុងរូបកាយនេះនៅឡើយ នោះយើងនៅឃ្លាតពីព្រះអម្ចាស់ 7ដ្បិតយើងដើរដោយជំនឿ មិនមែនដោយមើលឃើញទេ។ 8យើងមានចិត្តជឿជាក់ ហើយយើងសុខចិត្តឃ្លាតពីរូបកាយនេះ ទៅនៅជាមួយព្រះអម្ចាស់ជាជាង។ 9ដូច្នេះ ទោះជាយើងនៅជ្រកកោន ឬឃ្លាតពីរូបកាយនេះក្តី យើងមានបំណងចង់ឲ្យបានគាប់ព្រះហឫទ័យព្រះអង្គ។ 10ដ្បិតយើងទាំងអស់គ្នាត្រូវឈរនៅមុខទីជំនុំជម្រះរបស់ព្រះគ្រីស្ទ ដើម្បីឲ្យគ្រប់គ្នាបានទទួលផល តាមអំពើដែលខ្លួនបានប្រព្រឹត្ត កាលនៅក្នុងរូបកាយនេះនៅឡើយ ទោះល្អ ឬអាក្រក់ក្តី។
ការផ្សះផ្សាមនុស្សលោកឲ្យជានានឹងព្រះ
11ដូច្នេះ ដោយស្គាល់ការកោតខ្លាចព្រះអម្ចាស់ នោះយើងខំប្រឹងបញ្ចុះបញ្ចូលមនុស្សឲ្យជឿ តែខ្លួនយើងបានបង្ហាញឲ្យឃើញច្បាស់នៅចំពោះព្រះ ហើយខ្ញុំសង្ឃឹមថា យើងក៏បានបង្ហាញឲ្យឃើញច្បាស់ដល់មនសិការរបស់អ្នករាល់គ្នាដែរ។ 12យើងមិនសរសើរខ្លួនឯងនៅចំពោះអ្នករាល់គ្នាទៀតទេ គឺយើងទុកឱកាសឲ្យអ្នករាល់គ្នាអួតពីយើងវិញ ដើម្បីឲ្យអ្នករាល់គ្នាអាចតបឆ្លើយនឹងអស់អ្នកដែលអួតពីសម្បកក្រៅ មិនមែនពីក្នុងចិត្ត។ 13ដ្បិតប្រសិនបើយើងវង្វេងស្មារតី នោះយើងវង្វេងសម្រាប់ព្រះ ហើយប្រសិនបើយើងមានគំនិតត្រឹមត្រូវ នោះគឺសម្រាប់អ្នករាល់គ្នា។ 14ដ្បិតសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទបង្ខំយើង ព្រោះយើងជឿច្បាស់ថា បើមនុស្សម្នាក់បានស្លាប់ជំនួសមនុស្សទាំងអស់ នោះឈ្មោះថា មនុស្សទាំងអស់បានស្លាប់ហើយ។ 15ព្រះអង្គបានសុគតជំនួសមនុស្សទាំងអស់ ដើម្បីឲ្យអស់អ្នកដែលរស់នៅ លែងរស់សម្រាប់តែខ្លួនឯងទៀត គឺរស់សម្រាប់ព្រះអង្គដែលបានសុគត ហើយមានព្រះជន្មរស់ឡើងវិញសម្រាប់គេ។
16ដូច្នេះ ពីពេលនេះតទៅ យើងឈប់ស្គាល់អ្នកណាម្នាក់តាមបែបសាច់ឈាមទៀតហើយ ទោះជាយើងធ្លាប់ស្គាល់ព្រះគ្រីស្ទតាមបែបសាច់ឈាមក៏ដោយ ក៏ឥឡូវនេះ យើងមិនស្គាល់ព្រះអង្គតាមបែបនោះទៀតទេ។ 17ដូច្នេះ បើអ្នកណានៅក្នុងព្រះគ្រីស្ទ អ្នកនោះកើតជាថ្មីហើយ អ្វីៗដែលចាស់បានកន្លងផុតទៅ មើល៍ អ្វីៗទាំងអស់បានត្រឡប់ជាថ្មីវិញ! 18គ្រប់ទាំងអស់មកពីព្រះ ដែលទ្រង់បានផ្សះផ្សាយើងឲ្យជានានឹងព្រះអង្គវិញ តាមរយៈព្រះគ្រីស្ទ ហើយបានប្រទានការងារផ្សះផ្សានោះមកយើង 19គឺនៅក្នុងព្រះគ្រីស្ទ ព្រះកំពុងផ្សះផ្សាមនុស្សលោកឲ្យជានានឹងព្រះអង្គ ដោយមិនប្រកាន់ទោសគេទៀត ហើយព្រះអង្គបានប្រគល់ព្រះបន្ទូលនៃការផ្សះផ្សានោះមកយើង។ 20ដូច្នេះ យើងជាទូតរបស់ព្រះគ្រីស្ទ ហាក់ដូចជាព្រះកំពុងអង្វរតាមរយៈយើង គឺយើងអង្វរអ្នករាល់គ្នាជំនួសព្រះគ្រីស្ទថា ចូរជានានឹងព្រះវិញទៅ។ 21ដ្បិតព្រះគ្រីស្ទដែលមិនបានស្គាល់បាបសោះ តែព្រះបានធ្វើឲ្យព្រះអង្គត្រឡប់ជាតួបាបជំនួសយើង ដើម្បីឲ្យយើងបានត្រឡប់ជាសេចក្តីសុចរិតរបស់ព្រះ នៅក្នុងព្រះអង្គ។
ទើបបានជ្រើសរើសហើយ៖
២ កូរិនថូស 5: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies