២ កូរិនថូស 6

6
1ដោយ​យើង​ធ្វើ​ការ​ជា​មួយ​ព្រះ យើង​សូម​ទូន្មាន​អ្នក​រាល់​គ្នា​ថា កុំ​ទទួល​ព្រះ‌គុណ​របស់​ព្រះ ជា​អសា​ឥត​ការ​ឡើយ។ 2ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ថា៖ «យើង​បាន​ស្តាប់​អ្នក នៅ​វេលា​ដែល​យើង​គាប់​ចិត្ត ហើយ​យើង​បាន​ជួយ​អ្នក នៅ​ថ្ងៃ​ដែល​យើង​សង្គ្រោះ »។ មើល៍ វេលា​ដែល​ព្រះ​គាប់​ព្រះ‌ហឫ‌ទ័យ គឺ​ឥឡូវ​នេះ​ហើយ! មើល៍ ថ្ងៃ​ដែល​ព្រះ‌សង្គ្រោះ គឺ​ឥឡូវ​នេះ​ហើយ! 3យើង​មិន​បង្អាក់​បង្អន់​ចិត្ត​អ្នក​ណា​ម្នាក់​ក្នុង​កិច្ច‌ការ​អ្វី​ឡើយ ក្រែង​មាន​អ្នក​ណា​ចាប់​កំហុសមុខងារ​បម្រើ​របស់​យើង 4ផ្ទុយ​ទៅ​វិញ ក្នុង​គ្រប់​ការ​ទាំង​អស់ យើង​បង្ហាញ​ខ្លួន​ជា​អ្នក​បម្រើ​របស់​ព្រះ ដោយការ​ទ្រាំ‌ទ្រ​ជា​ច្រើន ក្នុង​សេចក្ដី​ទុក្ខ​លំបាក ការ​ខ្វះ​ខាត ការ​ចង្អៀត​ចង្អល់ 5ការ​វាយ​ដំ ដាក់​គុក កើត​វឹក‌វរ ធ្វើ​ការ​ធ្ងន់ អត់​ងងុយ អត់​អាហារ 6ដោយ​ចិត្ត​ស្អាត ដោយ​ចេះ​ដឹង ដោយ​អត់​ធ្មត់ ដោយ​សប្បុរស ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដោយ​សេចក្តី​ស្រឡាញ់​ឥត​ពុត​មា​យា 7ដោយ​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ពិត និង​ព្រះ‌ចេស្តា​របស់​ព្រះ ព្រម​ទាំង​កាន់​អាវុធ​នៃ​សេចក្ដី​សុចរិត​ជាប់​នឹង​ដៃ ទាំង​ស្តាំ​ទាំង​ឆ្វេង 8ទាំង​មាន​គេ​គោរព មាន​គេ​បន្ទាប​បន្ថោក ទាំង​មាន​គេ​និយាយ​អាក្រក់ មាន​គេ​និយាយ​ល្អ។ គេ​ចាត់​ទុក​យើង​ដូច​ជា​មនុស្ស​បោក​ប្រាស់ តែ​យើង​ទៀង​ត្រង់។ 9ដូច​ជា​គ្មាន​អ្នក​ណា​ស្គាល់ តែ​មនុស្ស​ទាំង​អស់​បាន​ស្គាល់​យ៉ាង​ច្បាស់ ដូច​ជា​ហៀប​នឹង​ស្លាប់ តែ​មើល៍ យើង​មាន​ជីវិត ដូច​ជា​ត្រូវ​គេ​ធ្វើ​ទោស តែ​មិន​ដល់​ស្លាប់​ទេ។ 10ដូច​ជា​មាន​ទុក្ខ​ព្រួយ តែ​សប្បាយ​ជា‌និច្ច ដូច​ជា​ទ័ល‌ក្រ តែ​កំពុង​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ទៅ​ជា​មាន ដូច​ជា​គ្មាន​អ្វី​សោះ តែ​មាន​គ្រប់​ទាំង​អស់​វិញ។
11បង‌ប្អូន​អ្នក​ក្រុង​កូរិន‌ថូស​អើយ យើង​បាន​និយាយ​មក​កាន់​អ្នក​រាល់​គ្នា ដោយ​ស្មោះ​អស់​ពី​ចិត្ត ឥត​លាក់​លៀម​អ្វី​ឡើយ។ 12យើង​មិន​ចង្អៀត​ចង្អល់​នឹង​អ្នក​រាល់​គ្នា​ទេ គឺ​អ្នក​រាល់​គ្នា​វិញ​ទេ​តើ​ដែល​ចង្អៀត​ចង្អល់។ 13ឥឡូវ​នេះ ខ្ញុំ​និយាយ​មក​អ្នក​រាល់​គ្នា ដូច​ជា​និយាយ​ទៅ​កាន់​កូន ដូច្នេះ ជា​ការ​តប​ស្នង ចូរ​អ្នក​រាល់​គ្នា​មាន​ចិត្ត​ទូលាយ​ឡើង។
ព្រះ​វិហារ​របស់​ព្រះ​ដ៏​មាន​ព្រះ​ជន្មរស់
14មិន​ត្រូវ​ទឹម​នឹម​ស្រៀក​ជាមួយ​អ្នក​មិន​ជឿ​ឡើយ ដ្បិត​តើ​សេចក្តី​សុចរិត និង​សេចក្ដី​ទទឹង​ច្បាប់ មាន​អ្វី​ប្រកប​នឹង​គ្នា? ឬ​ពន្លឺ និង​សេចក្ដី​ងងឹត លាយ​ឡំ​គ្នា​ដូច​ម្តេច​បាន? 15តើ​ព្រះ‌គ្រីស្ទ និង​អារក្ស​បេ‌លាល​ត្រូវ​គ្នា​ដូច​ម្ដេច​បាន? ឬ​មួយ​អ្នក​ជឿ​មាន​ចំណែក​អ្វី​ជាមួយ​អ្នក​មិន​ជឿ? 16តើ​ព្រះ​វិហារ​របស់​ព្រះ និង​រូប​ព្រះ ត្រូវ​គ្នា​បាន​ឬ? ដ្បិត​យើង​ជា​វិហារ​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ដូច​ព្រះ‌ទ្រង់​មាន​ព្រះ​បន្ទូល​ថា «យើង​នឹង​នៅ​ក្នុង​គេ ហើយ​ដើរ​ជា​មួយ​គេ យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​គេ ហើយ​គេ​នឹង​ធ្វើ​ជា​ប្រជា​រាស្ត្រ​របស់​យើង» ។ 17ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​មាន​ព្រះ​បន្ទូល​ថា៖ «ចូរ​ចេញ​ពី​កណ្តាល​ពួក​គេ​ទៅ ហើយ​ញែក​ខ្លួន​ដោយ​ឡែក​ចេញ​ពី​ពួកគេ កុំ​ប៉ះ​ពាល់​របស់​ស្មោក​គ្រោក​ឡើយ នោះ​យើង​នឹង​ទទួល​អ្នក​រាល់​គ្នា 18យើង​នឹង​ធ្វើ​ជា​ឪពុក​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​កូន​ប្រុស​កូន​ស្រី​របស់​យើង នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត» ។

ទើបបានជ្រើសរើសហើយ៖

២ កូរិនថូស 6: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល