២ ពង្សាវតារក្សត្រ 24
24
ពួកសត្រូវលុកលុយស្រុកយូដា
1នៅក្នុងរាជ្យព្រះបាទយេហូយ៉ាគីម ព្រះបាទនេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូនឡើងមក ព្រះបាទយេហូយ៉ាគីមបានចុះចូលជាអ្នកបម្រើរបស់នេប៊ូក្នេសាអស់រយៈពេលបីឆ្នាំ ក្រោយមកបែរជាបះបោរនឹងទ្រង់វិញ។ 2គ្រានោះ ព្រះយេហូវ៉ាចាត់ពួកកងសាសន៍ខាល់ដេ សាសន៍ស៊ីរី សាសន៍ម៉ូអាប់ និងពួកកូនចៅអាំម៉ូនឲ្យមកទាស់នឹងទ្រង់ ដើម្បីបំផ្លាញស្រុកយូដា តាមសេចក្ដីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូល តាមរយៈពួកហោរា ជាអ្នកបម្រើរបស់ព្រះអង្គ។ 3ពិតប្រាកដជាសេចក្ដីទាំងនោះកើតមកដល់ស្រុកយូដា ដោយបង្គាប់នៃព្រះយេហូវ៉ា ដើម្បីនឹងដកគេចេញ ដោយព្រោះអំពើបាបរបស់ម៉ាណាសេ ដែលទ្រង់បានប្រព្រឹត្តទាំងប៉ុន្មាន 4ហើយដោយព្រោះឈាមឥតទោស ដែលទ្រង់បានកម្ចាយ ដ្បិតទ្រង់បានធ្វើឲ្យក្រុងយេរូសាឡិមពេញដោយឈាមដែលឥតទោសនោះ ព្រះយេហូវ៉ាមិនព្រមអត់ទោសឲ្យទេ។ 5ឯរាជកិច្ចផ្សេងទៀតរបស់ព្រះបាទយេហូយ៉ាគីម និងកិច្ចការទាំងប៉ុន្មានដែលទ្រង់បានធ្វើ សុទ្ធតែបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្តេចយូដាហើយ។ 6ព្រះបាទយេហូយ៉ាគីមបានផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ រួចព្រះបាទយ៉ូយ៉ាគីន ជាបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។ 7ស្តេចស្រុកអេស៊ីព្ទមិនបានចេញពីស្រុករបស់ទ្រង់ទៀតទេ ដ្បិតស្តេចស្រុកបាប៊ីឡូនបានវាយយកស្រុករបស់ស្តេចអេស៊ីព្ទទាំងប៉ុន្មាន ចាប់តាំងពីជ្រោះស្រុកអេស៊ីព្ទ រហូតដល់ទន្លេអ៊ើប្រាតហើយ។
ការសោយរាជ្យ និងការដាក់ទោសព្រះបាទយ៉ូយ៉ាគីន
8ពេលព្រះបាទយ៉ូយ៉ាគីនឡើងសោយរាជ្យ ទ្រង់មានព្រះជន្មដប់ប្រាំបីឆ្នាំ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានបីខែ មាតារបស់ទ្រង់ព្រះនាមថានេហ៊ូសថា បុត្រីអែលណាថាន ជាអ្នកក្រុងយេរូសាឡិម។ 9ទ្រង់ប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងអំពើដែលបិតារបស់ទ្រង់បានប្រព្រឹត្តដែរ។
10នៅគ្រានោះ ពួកពលទ័ពរបស់ព្រះបាទនេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូន ក៏ឡើងមកឡោមព័ទ្ធច្បាំងនឹងក្រុងយេរូសាឡិម។ 11ព្រះបាទនេប៊ូក្នេសាជាស្តេចបាប៊ីឡូនឡើងមកដល់ទីក្រុង កំពុងដែលពួកពលទ័ពទ្រង់ឡោមព័ទ្ធនោះ 12ព្រះបាទយ៉ូយ៉ាគីន ជាស្តេចយូដា ព្រមទាំងមាតា ពួកជំនិត និងពួកមេទ័ពរបស់ទ្រង់ផង ចេញទៅគាល់ស្តេចបាប៊ីឡូន គឺនៅឆ្នាំទីប្រាំបីក្នុងរាជ្យទ្រង់ ដែលស្តេចបាប៊ីឡូនចាប់យកបាន។
ការចាប់យកក្រុងយេរូសាឡិម
13ព្រះបាទនេប៊ូក្នេសាបានយកទ្រព្យវិសេសទាំងអស់ ពីព្រះវិហាររបស់ព្រះយេហូវ៉ា និងពីព្រះរាជវាំង យកទាំងគ្រឿងមាសកាត់ជាដុំៗ ដែលព្រះបាទសាឡូម៉ូន ជាស្តេចអ៊ីស្រាអែលបានធ្វើនៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូល។ 14ទ្រង់ក៏នាំពួកក្រុងយេរូសាឡិមទាំងអស់ទៅ ព្រមទាំងពួកអ្នកធំ និងពួកខ្លាំងពូកែ ដែលមានចិត្តក្លាហានទៅដែរ ឯពួកឈ្លើយទាំងអស់មានចំនួនមួយម៉ឺននាក់ រួមទាំងពួករចនា និងពួកជាងទាំងអស់ សល់តែមនុស្សទាល់ក្រនៅក្នុងស្រុកប៉ុណ្ណោះ។ 15ទ្រង់បាននាំព្រះបាទយ៉ូយ៉ាគីន មាតា ភរិយា ពួកមេទ័ព និងពួកអ្នកធំក្នុងស្រុកនោះទៅស្រុកបាប៊ីឡូន គឺទ្រង់នាំគេចេញពីក្រុងយេរូសាឡិមជាឈ្លើយទៅស្រុកបាប៊ីឡូន។ 16ស្តេចបាប៊ីឡូនបាននាំពួកឈ្លើយទៅស្រុកបាប៊ីឡូន មនុស្សខ្លាំងពូកែទាំងអស់មានចំនួនប្រាំពីរពាន់នាក់ និងពួករចនា ពួកជាងចំនួនមួយពាន់នាក់ ដែលសុទ្ធតែជាមនុស្សពេញកម្លាំងល្មមច្បាំងបាន។ 17ស្តេចបាប៊ីឡូនបានលើកម៉ាថានា ជាមារបស់ព្រះបាទយ៉ូយ៉ាគីនឲ្យសោយរាជ្យជំនួស ដោយផ្លាស់ព្រះនាមទៅជាសេដេគា។
ព្រះបាទសេដេគាសោយរាជ្យលើស្រុកយូដា
18ពេលសេដេគាឡើងសោយរាជ្យ ទ្រង់មានព្រះជន្មម្ភៃមួយឆ្នាំ ទ្រង់សោយរាជ្យនៅក្រុងយេរូសាឡិមបានដប់មួយឆ្នាំ មាតារបស់ទ្រង់ព្រះនាមថា ហាមូថាល បុត្រីយេរេមី ជាអ្នកស្រុកលិបណា។ 19ទ្រង់ប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងអំពើដែលព្រះបាទយេហូយ៉ាគីមបានប្រព្រឹត្តដែរ។ 20គឺយ៉ាងនោះដែលសេចក្ដីក្រោធរបស់ព្រះយេហូវ៉ាបានទាស់នឹងក្រុងយេរូសាឡិម និងស្រុកយូដា រហូតដល់ព្រះអង្គបោះបង់គេចោលឆ្ងាយពីព្រះអង្គ។
ទើបបានជ្រើសរើសហើយ៖
២ ពង្សាវតារក្សត្រ 24: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies