២ ពង្សាវតារក្សត្រ 25
25
1បន្ទាប់មក ព្រះបាទសេដេគាបានបះបោរនឹងស្តេចស្រុកបាប៊ីឡូន ហើយដល់ឆ្នាំទីប្រាំបួន ក្នុងរាជ្យស្ដេច នៅថ្ងៃទីដប់ ខែទីដប់ ព្រះបាទនេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូន បាននាំទាំងពួកពលទ័ពរបស់ទ្រង់ទាំងប៉ុន្មាន មកបោះទ័ពច្បាំងនឹងក្រុងយេរូសាឡិម ដោយបានធ្វើបន្ទាយនៅព័ទ្ធជុំវិញ។ 2ដូច្នេះ ទីក្រុងមានគេឡោមព័ទ្ធច្បាំងរហូតដល់ឆ្នាំទីដប់មួយ ក្នុងរាជ្យស្តេចសេដេគា 3ហើយដល់ថ្ងៃប្រាំបួន ខែទីបួន នោះអំណត់បានខ្លាំងណាស់ នៅក្នុងទីក្រុង ដល់ម៉្លេះបានជាគ្មាននំបុ័ងសម្រាប់ប្រជាជនបរិភោគឡើយ។ 4វេលានោះ ពួកខ្មាំងបានបំបាក់ទម្លាយកំផែងក្រុង មួយដុំ រួចស្ដេច និងពួកទាហានទាំងអស់រត់ចេញ តាមផ្លូវទ្វារដែលនៅកណ្ដាលកំផែងទាំងពីរ ជិតច្បាររបស់ស្តេច ទៅតាមផ្លូវស្រុកវាល ឯពួកខាល់ដេបានឡោមព័ទ្ធទីក្រុង។ 5ប៉ុន្តែ ពួកទ័ពខាល់ដេដេញតាមស្តេចទាន់ នៅត្រង់វាលក្រុងយេរីខូរ ហើយពួកពលរបស់ទ្រង់ទាំងប៉ុន្មាន ក៏បែកខ្ចាត់ខ្ចាយទៅឆ្ងាយអស់រលីង។ 6គេចាប់ស្តេចនាំឡើងទៅគាល់ស្តេចបាប៊ីឡូន នៅត្រង់រីបឡា រួចគេកាត់ទោសទ្រង់ 7ក៏សម្លាប់ពួកបុត្រារបស់ព្រះបាទសេដេគានៅចំពោះទ្រង់ រួចចាក់បង្ខូចព្រះនេត្ររបស់ទ្រង់ ហើយដាក់ច្រវាក់លង្ហិន នាំទ្រង់ទៅក្រុងបាប៊ីឡូន។
8ដល់ថ្ងៃទីប្រាំពីរ ខែទីប្រាំ គឺនៅឆ្នាំទីដប់ប្រាំបួន ក្នុងរាជ្យព្រះបាទនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន នោះនេប៊ូសារ៉ាដាន ជាមេទ័ពអង្គរក្ស ជាអ្នកបម្រើរបស់ស្តេចបាប៊ីឡូន បានមកដល់ក្រុងយេរូសាឡិម។ 9លោកដុតព្រះវិហាររបស់ព្រះយេហូវ៉ា ព្រះរាជវាំង និងផ្ទះទាំងអស់នៅក្រុងយេរូសាឡិម លោកដុតចោលអស់ទាំងផ្ទះធំៗ។ 10រួចពួកទ័ពខាល់ដេទាំងអស់ដែលនៅជាមួយមេទ័ពធំ ក៏រំលំកំផែងក្រុងយេរូសាឡិមគ្រប់ជុំវិញ 11ហើយប្រជាជនដែលនៅសល់ក្នុងទីក្រុង និងពួកអ្នកដែលបានរត់ទៅពឹងស្តេចបាប៊ីឡូន និងអ្នកឯទៀតដែលនៅសល់ នេប៊ូសារ៉ាដាននាំទៅជាឈ្លើយទាំងអស់។ 12ប៉ុន្តែ បានទុកពួកទាល់ក្រនៅក្នុងស្រុក ឲ្យគេរក្សាចម្ការទំពាំងបាយជូរ ហើយធ្វើស្រែចម្ការ។
13រីឯសសរលង្ហិន និងជើងកំណល់ ហើយសមុទ្រលង្ហិន ដែលនៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា នោះពួកខាល់ដេក៏បំបែកជាដុំៗ ដឹកយកលង្ហិនទាំងនោះទៅដល់ស្រុកបាប៊ីឡូន 14ហើយឆ្នាំង ចបចូក ដង្កៀប កូនចាន និងគ្រឿងប្រដាប់លង្ហិនទាំងប៉ុន្មាន ដែលសម្រាប់ការងារនោះក៏យកទៅដែរ។ 15ឯជើងក្រាន និងចានក្លាំ គឺរបស់ដែលធ្វើពីមាស និងរបស់ដែលធ្វើពីប្រាក់ នោះមេទ័ពធំក៏យកទៅទាំងអស់។ 16ចំណែកសសរទាំងពីរ និងអាងមួយ ហើយជើងកំណល់ទាំងប៉ុន្មានដែលព្រះបាទសាឡូម៉ូនធ្វើសម្រាប់ព្រះវិហាររបស់ព្រះយេហូវ៉ា នោះបានធ្វើពីលង្ហិន មានទម្ងន់ថ្លឹងមិនបានឡើយ។ 17សសរមួយកម្ពស់ដប់ប្រាំបីហត្ថ ហើយក្បាលសសរលង្ហិន នៅពីលើនោះក៏កម្ពស់បីហត្ថទៀត មានទាំងក្បាច់ក្រឡាអួន និងផ្លែទទឹមនៅជុំវិញ ធ្វើសុទ្ធតែពីលង្ហិន ឯសសរទីពីរក៏ដូចគ្នា មានទាំងក្បាច់ក្រឡាអួនដែរ។
18ឯមេទ័ពធំ លោកចាប់យកសេរ៉ាយ៉ា ជាសម្ដេចសង្ឃ និងសេផានា ជាសង្ឃបន្ទាប់ ហើយពួកឆ្មាំទ្វារទាំងបីនាក់ 19ក៏ចាប់យកមេទ័ពម្នាក់ពីទីក្រុង ជាមេបញ្ជាការលើពលទ័ព និងមនុស្សប្រាំនាក់ ជាអ្នកធ្លាប់ឃើញព្រះភក្ត្រស្តេច ដែលឃើញមាននៅក្នុងក្រុង ហើយស្មៀនរបស់មេទ័ព ជាអ្នកធ្វើបញ្ជីកត់ពួកអ្នកស្រុក ព្រមទាំងពួកអ្នកស្រុកហុកសិបនាក់ ដែលឃើញមានក្នុងក្រុងដែរ។ 20លោកនាំទៅគាល់ស្តេចបាប៊ីឡូន នៅត្រង់រីបឡា 21ស្តេចបាប៊ីឡូនក៏សម្លាប់អ្នកទាំងនោះ នៅត្រង់រីបឡា ក្នុងស្រុកហាម៉ាតទៅ ដូច្នេះ ពួកយូដាត្រូវដឹកនាំទៅជាឈ្លើយ ក្រៅពីស្រុករបស់ខ្លួន។
លោកកេដាលាធ្វើជាចៅហ្វាយលើស្រុកយូដា
22ព្រះបាទនេប៊ូក្នេសាជាស្តេចបាប៊ីឡូន បានតាំងកេដាលាជាកូនអ័ហ៊ីកាម ដែលជាកូនសាផាន ឲ្យធ្វើជាចៅហ្វាយលើអ្នកដែលសល់នៅក្នុងស្រុកយូដា។ 23រីឯពួកមេទ័ពទាំងប៉ុន្មាន និងពួកទាហានរបស់គេ កាលបានឮថា ស្តេចបាប៊ីឡូនបានតាំងកេដាលាឲ្យធ្វើជាចៅហ្វាយដូច្នោះ នោះគេក៏មកឯកេដាលានៅក្រុងមីសប៉ា គឺអ៊ីសម៉ាអែល ជាកូននេថានាមួយ យ៉ូហាណានជាកូនការាមួយ សេរ៉ាយ៉ាជាកូនថានហ៊ូមែត ជាអ្នកស្រុកនថូផាមួយ និងយ្អាសានា ជាកូនរបស់អ្នកស្រុកម៉ាកាធីមួយ ព្រមទាំងពួកទាហានរបស់គេផង។ 24កេដាលាក៏ស្បថនឹងគេ ដោយពាក្យថា៖ «កុំខ្លាច ដោយព្រោះពួកអ្នកដែលចុះចូលខាងពួកខាល់ដេឡើយ ចូរនៅក្នុងស្រុក ហើយចុះចូលចំពោះស្តេចបាប៊ីឡូនចុះ នោះអ្នករាល់គ្នានឹងបានសេចក្ដីសុខ»។ 25ប៉ុន្តែ ដល់ខែទីប្រាំពីរ នោះអ៊ីសម៉ាអែល កូននេថានា ដែលជាកូនអេលីសាម៉ា ជាពូជស្តេច បាននាំមនុស្សដប់នាក់មកជាមួយ ប្រហារជីវិតកេដាលាទៅ ព្រមទាំងពួកយូដា និងពួកខាល់ដេ ដែលនៅជាមួយលោក នៅក្រុងមីសប៉ាផង 26នោះពួកបណ្ដាជនទាំងឡាយ ទាំងតូច ទាំងធំ និងពួកមេទ័ព ក៏នាំគ្នាទៅឯស្រុកអេស៊ីព្ទទៅ ព្រោះគេខ្លាចពួកខាល់ដេ។
ព្រះបាទយេហូយ៉ាគីនត្រូវដោះលែងចេញពីគុក
27នៅឆ្នាំទីសាមសិបប្រាំពីរ ដែលយេហូយ៉ាគីន ជាស្តេចយូដានៅជាប់ជាឈ្លើយនៅឡើយ ក្នុងថ្ងៃម្ភៃប្រាំពីរ ខែទីដប់ពីរ អេវីល-មេរូដាកជាស្តេចស្រុកបាប៊ីឡូនឡើងសោយរាជ្យ ហើយក៏ប្រោសមេត្តាដល់យេហូយ៉ាគីនជាស្តេចយូដា ដោយដោះចេញពីគុកនៅឆ្នាំនោះ 28ក៏មានរាជឱង្ការយ៉ាងផ្អែមពីរោះ ព្រមទាំងតាំងបល័ង្កទ្រង់ឲ្យខ្ពស់ជាងពួកស្តេច ដែលនៅជាមួយនៅក្រុងបាប៊ីឡូនផង។ 29ដូច្នេះ យេហូយ៉ាគីនក៏ផ្លាស់សម្លៀកបំពាក់គុកចេញ។ យេហូយ៉ាគីនក៏សោយព្រះស្ងោយនៅចំពោះស្ដេចជានិច្ច ដរាបដល់អស់ព្រះជន្ម។ 30ស្តេចបាប៊ីឡូនបានផ្គត់ផ្គង់ថ្វាយរាល់ថ្ងៃជានិច្ច ដរាបដល់ទ្រង់អស់ព្រះជន្ម។:៚
ទើបបានជ្រើសរើសហើយ៖
២ ពង្សាវតារក្សត្រ 25: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies