២ សាំយូអែល 1
1
ព្រះបាទដាវីឌកាន់ទុក្ខចំពោះស្តេចសូល និងយ៉ូណាថាន
1ក្រោយពីស្តេចសូលបានសុគតទៅ ពេលដាវីឌបានត្រឡប់មកពីវាយពួកអាម៉ាឡេកវិញ ហើយបាននៅក្រុងស៊ីកឡាក់អស់ពីរថ្ងៃ 2នៅថ្ងៃទីបី មានបុរសម្នាក់មកពីជំរំរបស់ស្ដេចសូល ទាំងមានសម្លៀកបំពាក់រហែក ហើយមានដីនៅលើក្បាល។ ពេលបានជួបដាវីឌ គាត់ក៏ក្រាបចុះដល់ដីដោយគោរព។ 3ដាវីឌសួរថា៖ «តើអ្នកមកពីណា?» គាត់ជម្រាបថា៖ «ខ្ញុំបានរត់ចេញពីជំរំអ៊ីស្រាអែល»។ 4ដាវីឌសួរទៀតថា៖ «តើយ៉ាងម៉េចទៅហើយ? សូមប្រាប់ខ្ញុំមើល៍!» គាត់ជម្រាបថា៖ «កងទ័ពបានរត់ចេញពីសមរភូមិ ហើយមានមនុស្សជាច្រើនបានដួលស្លាប់ដែរ ឯស្តេចសូល និងយ៉ូណាថានជាបុត្រាទ្រង់ បានសុគតហើយ»។ 5រួចដាវីឌសួរយុវជនដែលនាំដំណឹងមកជម្រាបនោះថា៖ «ម្តេចបានជាអ្នកដឹងថា ស្តេចសូល និងយ៉ូណាថានជាបុត្រាទ្រង់ បានសុគត?» 6យុវជននោះជម្រាបថា៖ «ហេតុការណ៍នោះកើតឡើង ពេលខ្ញុំកំពុងនៅលើភ្នំគីលបោ បានឃើញស្ដេចសូលច្រត់លើលំពែងរបស់ទ្រង់ ឯពលរទេះ និងពលសេះរបស់គេក៏តាមទ្រង់យ៉ាងប្រកិត។ 7ពេលទ្រង់បែរទតមកក្រោយឃើញខ្ញុំ នោះទ្រង់ក៏ហៅខ្ញុំ ហើយខ្ញុំទូលថា "ព្រះករុណាវិសេសព្រះអម្ចាស់"។ 8រួចស្ដេចមានរាជឱង្ការសួរថា "ឯងជាអ្នកណា?" ខ្ញុំទូលឆ្លើយថា "ទូលបង្គំជាសាសន៍អាម៉ាឡេក"។ 9ទ្រង់បង្គាប់មកខ្ញុំថា "ចូរមកជិតនេះ សម្លាប់យើងទៅ ដ្បិតយើងរស់នៅវេទនាខ្លាំងណាស់ ក៏កាន់តែល្វើយណាស់ហើយ"។ 10ដូច្នេះ ខ្ញុំក៏ចូលទៅជិត ធ្វើគុតទ្រង់ទៅ ព្រោះខ្ញុំដឹងច្បាស់ថា ដែលទ្រង់ដួលដូច្នេះ នោះនឹងគង់ព្រះជន្មនៅមិនបានឡើយ ឯមកុដដែលនៅលើព្រះសិរ និងកងដែលនៅព្រះហស្តរបស់ទ្រង់ ក៏ខ្ញុំបានយកមកជូនលោកជាម្ចាស់ខ្ញុំ»។
11ពេលនោះ ដាវីឌបានហែកសម្លៀកបំពាក់របស់ខ្លួន ហើយពួកអ្នកដែលនៅជាមួយក៏ធ្វើដូច្នោះដែរ។ 12គេនាំគ្នាកាន់ទុក្ខ ព្រមទាំងយំ តមអាហាររហូតដល់ល្ងាច ដោយព្រោះស្តេចសូល យ៉ូណាថានបុត្រាទ្រង់ និងពួកទ័ពរបស់ព្រះយេហូវ៉ា ព្រមទាំងពួកវង្សអ៊ីស្រាអែលទាំងប៉ុន្មាន ដែលបានដួលស្លាប់ដោយដាវ។ 13បន្ទាប់មក ដាវីឌសួរយុវជនដែលនាំដំណឹងមកនោះថា៖ «តើអ្នកជាសាសន៍អ្វី?» គាត់ជម្រាបថា៖ «ខ្ញុំជាកូនរបស់សាសន៍ដទៃម្នាក់ គឺសាសន៍អាម៉ាឡេក»។ 14ដាវីឌសួរគាត់ថា៖ «ម្តេចក៏អ្នកមិនខ្លាចដែលលូកដៃទៅសម្លាប់អ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំង?» 15ពេលនោះ ដាវីឌបានហៅយុវជនម្នាក់មកប្រាប់ថា៖ «ចូលមក សម្លាប់អ្នកនេះចោលទៅ» ដូច្នេះ គាត់ក៏ប្រហារជីវិតអ្នកនោះឲ្យស្លាប់ទៅ។ 16ដាវីឌមានប្រសាសន៍ថា៖ «សូមឲ្យឈាមរបស់អ្នកធ្លាក់លើក្បាលអ្នកវិញចុះ ដ្បិតមាត់អ្នកបានធ្វើបន្ទាល់ទាស់នឹងខ្លួនឯងថា "ខ្ញុំបានសម្លាប់មនុស្សដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំង"»។
17ដាវីឌបានលើកបទទំនួញមួយអំពីស្តេចសូល និងយ៉ូណាថានជាបុត្រាទ្រង់ 18(លោកបានបង្គាប់ឲ្យគេបង្រៀនបទចម្រៀងអំពីធ្នូ នេះដល់ពួកកូនចៅយូដា បទនេះសឹងមានកត់ទុកនៅក្នុងសៀវភៅរបស់យ៉ាស៊ើរ) ថា៖
19ឱសាសន៍អ៊ីស្រាអែលអើយ
សិរីល្អរបស់ឯងត្រូវគេសម្លាប់
នៅលើទីខ្ពស់របស់ឯង
ម្តេចបានជាពួកខ្លាំងពូកែដួលស្លាប់ដូច្នេះ?
20កុំថ្លែងប្រាប់នៅក្រុងកាថ
កុំប្រកាសប្រាប់តាមផ្លូវ
នៅក្នុងក្រុងអាសកាឡូនឡើយ
ក្រែងពួកកូនស្រីរបស់សាសន៍ភីលីស្ទីន
បានរីករាយសប្បាយ
ហើយក្រែងកូនស្រីរបស់ពួកមិនកាត់ស្បែកនោះ
បានអរសាទរ។
21ឱភ្នំគីលបោអើយ
កុំឲ្យមានសន្សើម
ឬភ្លៀងធ្លាក់មកលើឯងឡើយ
ក៏កុំឲ្យមានភោគផលទៀតដែរ
ដ្បិតនៅទីនោះ ខែលរបស់ពួកខ្លាំងពូកែ
ត្រូវគេបន្ទាបបន្ថោក គឺខែលរបស់ស្តេចសូល
ដែលមិនបានចាក់ប្រេងតាំង
តទៅទៀតឡើយ។
22ធ្នូរបស់យ៉ូណាថានមិនរាថយឡើយ
បើមិនបានបង្ហូរឈាម
ឬខ្លាញ់របស់មនុស្សខ្លាំងពូកែ
ហើយដាវរបស់ស្ដេចសូលក៏មិនដែលត្រឡប់មកវិញ
ដោយទទេដែរ។
23ស្ដេចសូល និងយ៉ូណាថានគួរឲ្យស្រឡាញ់
និងគួររាប់អានណាស់កាលនៅរស់
ហើយពេលទ្រង់សុគតទៅក៏មិនឃ្លាតពីគ្នាដែរ
ទ្រង់រហ័សជាងសត្វឥន្ទ្រី
ហើយខ្លាំងជាងសត្វសិង្ហ។
24ឱពួកកូនស្រីសាសន៍អ៊ីស្រាអែលអើយ
ចូរយំសោកនឹងស្ដេចសូល
ដែលទ្រង់បានចាត់ចែងឲ្យឯងស្លៀកពាក់
សំពត់ក្រហមយ៉ាងរុងរឿង
ហើយតែងសម្លៀកបំពាក់ឲ្យឯង
ដោយគ្រឿងមាស។
25ម្តេចក៏អ្នកខ្លាំងពូកែត្រូវដួលស្លាប់
នៅក្នុងចម្បាំងដូច្នេះ
យ៉ូណាថានត្រូវគេសម្លាប់
នៅលើទីខ្ពស់របស់ឯង។
26ឱយ៉ូណាថាន បងអើយ ខ្ញុំឈឺចាប់ណាស់
បងជាទីពេញចិត្តរបស់ខ្ញុំ
បងស្រឡាញ់ដល់ខ្ញុំខ្លាំងណាស់
លើសជាងសេចក្ដីស្រឡាញ់
របស់ស្រីៗទៅទៀត។
27ម្តេចក៏ពួកខ្លាំងពូកែត្រូវដួលស្លាប់
និងអស់ទាំងគ្រឿងសស្ត្រាវុធ
ត្រូវវិនាសដូច្នេះ?
ទើបបានជ្រើសរើសហើយ៖
២ សាំយូអែល 1: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies