២ សាំយូអែល 2
2
ដាវីឌត្រូវអភិសេកធ្វើជាស្តេចនៅស្រុកយូដា
1ក្រោយមក ដាវីឌបានទូលសួរដល់ព្រះយេហូវ៉ាថា៖ «តើទូលបង្គំត្រូវឡើងទៅទីក្រុងរបស់ស្រុកយូដាណាមួយឬ?»។ ព្រះយេហូវ៉ាមានព្រះបន្ទូលឆ្លើយថា៖ «ចូរឡើងទៅចុះ» រួចដាវីឌទូលសួរថា៖ «តើឲ្យទូលបង្គំឡើងទៅឯណា?» ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរទៅហេប្រុន»។ 2ដូច្នេះ ដាវីឌក៏ឡើងទៅដល់ទីនោះ នាំប្រពន្ធរបស់គាត់ទាំងពីរនាក់ទៅជាមួយដែរ គឺអ័ហ៊ីណោមជាអ្នកស្រុកយេសរាល និងអ័ប៊ីកែលជាអ្នកស្រុកកើមែល ដែលជាប្រពន្ធរបស់ខ្មោចណាបាល ។ 3ដាវីឌបាននាំពួកអ្នកដែលនៅជាមួយ ព្រមទាំងគ្រួសាររបស់គេរៀងខ្លួនឡើងទៅដែរ គេបានតាំងទីលំនៅក្នុងតំបន់នៃក្រុងហេប្រុន។
4ពេលនោះ អ្នកស្រុកនាំគ្នាមក ហើយចាក់ប្រេងតាំងដាវីឌឲ្យធ្វើជាស្តេចលើពួកយូដា។ មានគេទូលដល់ដាវីឌថា៖ «ពួកដែលបញ្ចុះអដ្ឋិរបស់ស្ដេចសូល នោះគឺជាពួកអ្នកនៅក្រុងយ៉ាបេស-កាឡាត »។ 5ដាវីឌបានបញ្ជូនសារទៅពួកក្រុងយ៉ាបេស-កាឡាត ប្រាប់ថា៖ «សូមឲ្យព្រះយេហូវ៉ាប្រទានពរដល់អ្នករាល់គ្នាចុះ ព្រោះអ្នករាល់គ្នាបានសម្ដែងសេចក្ដីសប្បុរសដល់ស្ដេចសូល ជាចៅហ្វាយរបស់អ្នក ដោយបញ្ចុះអដ្ឋិទ្រង់ 6ឥឡូវនេះ សូមឲ្យព្រះយេហូវ៉ាសម្ដែងសេចក្ដីសប្បុរស និងសេចក្ដីទៀងត្រង់ដល់អ្នករាល់គ្នាចុះ ខ្ញុំក៏នឹងសងដល់អ្នករាល់គ្នាដោយសប្បុរសនោះដែរ។ 7ដូច្នេះ សូមអ្នករាល់គ្នាមានកម្លាំងដៃឡើង ហើយមានចិត្តក្លាហានចុះ ដ្បិតស្តេចសូល ជាចៅហ្វាយរបស់អ្នករាល់គ្នា ទ្រង់អស់ព្រះជន្មហើយ មួយទៀត ពួកជនជាតិយូដា បានចាក់ប្រេងតាំងខ្ញុំឲ្យធ្វើជាស្តេចលើគេវិញ»។
អ័ប៊ីនើរតែងតាំងអ៊ីស-បូសែតជាស្តេចស្រុកអ៊ីស្រាអែល
8ឯអ័ប៊ីនើរ កូននើរ ជាមេទ័ពរបស់ស្តេចសូល បាននាំយកអ៊ីស-បូសែត ជាបុត្រារបស់ស្ដេចសូល ទៅក្រុងម៉ាហាណែម 9ហើយបានតាំងឡើងជាស្តេចលើពួកកាឡាត ពួកអេស៊ើរ ពួកយេសរាល ពួកអេប្រាអិម និងពួកបេនយ៉ាមីន និងលើពួកអ៊ីស្រាអែលទាំងអស់ 10ឯអ៊ីស-បូសែត ជាបុត្រារបស់ស្ដេចសូលនេះ ទ្រង់មានព្រះជន្មសែសិបឆ្នាំហើយ ក្នុងកាលដែលចាប់សោយរាជ្យលើពួកអ៊ីស្រាអែល ទ្រង់ក៏សោយរាជ្យបានពីរឆ្នាំ តែពួកជនជាតិយូដាបានប្រតិបត្តិតាមដាវីឌវិញ។ 11ហើយគ្រាដែលដាវីឌសោយរាជ្យលើជនជាតិយូដា នៅក្រុងហេប្រុន នោះទាំងអស់បានប្រាំពីរឆ្នាំប្រាំមួយខែ។
សង្គ្រាមរវាងយូដានឹងអ៊ីស្រាអែលនៅគីបៀន
12ឯអ័ប៊ីនើរ ជាកូននើរ និងពួកខាងអ៊ីស-បូសែតជាបុត្រារបស់ស្ដេចសូល គេក៏ចេញពីម៉ាហាណែម ទៅឯគីបៀន 13ហើយយ៉ូអាប់ជាកូនសេរូយ៉ា និងពួកខាងដាវីឌក៏ចេញទៅប្រទះគ្នានៅត្រង់ស្រះគីបៀន គេអង្គុយនៅទាំងសងខាងស្រះ គឺម្ខាងមួយពួក ម្ខាងមួយពួក។ 14នោះអ័ប៊ីនើរនិយាយទៅយ៉ូអាប់ថា៖ «ចូរឲ្យពួកកំលោះៗក្រោកឡើងល្បងគ្នានៅមុខយើងទៅ» យ៉ូអាប់ក៏ឆ្លើយថា៖ «ចូរឲ្យគេក្រោកឡើងចុះ»។ 15នោះគេក៏ក្រោកឡើងទៅតាមចំនួនដែលបានកំណត់ គឺមានដប់ពីរនាក់ដំណាងខាងពួកបេនយ៉ាមីន និងអ៊ីស-បូសែតជាបុត្រារបស់ស្ដេចសូល ហើយដប់ពីរនាក់ដំណាងខាងពួកដាវីឌ។ 16គ្រប់គ្នាក៏ចាប់ក្បាលគូគេរៀងខ្លួន ហើយចាក់គ្នាត្រង់ចំហៀងដោយដាវ ដួលស្លាប់ទាំងអស់គ្នាទៅ ដូច្នេះ គេហៅទីនោះថា ហេលកាត-ហាស៊ូរីម ដែលនៅត្រង់គីបៀន។ 17នៅថ្ងៃនោះ ចម្បាំងសាហាវណាស់ ហើយអ័ប៊ីនើរ និងពួកខាងអ៊ីស្រាអែល ត្រូវចាញ់ដៃពួកខាងដាវីឌ។
18កូនប្រុសទាំងបីនាក់របស់អ្នកស្រីសេរូយ៉ា គឺយ៉ូអាប់ អ័ប៊ីសាយ និងអេសាអែល ក៏នៅទីនោះដែរ។ រីឯអេសាអែលមានជើងលឿនណាស់ ដូចជាប្រើសព្រៃ។ 19គាត់ក៏ដេញតាមអ័ប៊ីនើរទៅ ឥតបង្អង់ដោយងាកបែរទៅខាងស្តាំ ឬខាងឆ្វេងឡើយ 20នោះអ័ប៊ីនើរក៏ក្រឡេកមើលមកក្រោយ សួរថា៖ «តើឯងជាអេសាអែលឬ?» គាត់ឆ្លើយថា៖ «ខ្ញុំនេះហើយ!»។ 21ដូច្នេះ អ័ប៊ីនើរប្រាប់គាត់ថា៖ «ចូរបែរទៅខាងស្តាំ ឬខាងឆ្វេង ដើម្បីចាប់យុវជនណាម្នាក់ ហើយយកគ្រឿងសស្ត្រាវុធរបស់គេវិញ» តែអេសាអែលចេះតែដេញតាមលោកទៅ មិនព្រមបែរចេញឡើយ។ 22អ័ប៊ីនើរក៏ប្រាប់ទៅអេសាអែលម្តងទៀតថា៖ «ចូរឯងបែរចេញលែងតាមខ្ញុំទៅ ត្រូវឲ្យខ្ញុំវាយឯងឲ្យដួលដល់ដីធ្វើអី បើដូច្នោះ ធ្វើដូចម្តេចឲ្យខ្ញុំបានងើបមុខនៅចំពោះយ៉ូអាប់ជាបងឯងបាន?» 23ប៉ុន្តែ គាត់មិនព្រមបែរចេញសោះឡើយ បានជាអ័ប៊ីនើរកាន់លំពែងបុះទៅក្រោយ ត្រូវត្រង់ពោះគាត់ ដោយចុងដងលំពែង ធ្លុះចេញមកក្រោយ ហើយគាត់ដួលស្លាប់នៅទីនោះឯង ឯអស់អ្នកដែលមកតាមក្រោយ ដល់កន្លែងអេសាអែលដួលស្លាប់នោះ គេក៏ឈប់នៅ។
24យ៉ូអាប់ និងអ័ប៊ីសាយចេះតែដេញតាមអ័ប៊ីនើរទៅ កាលគេមកដល់ភ្នំអាំម៉ា ដែលនៅប្រទល់មុខនឹងគីយ៉ា តាមផ្លូវកាត់ទីរហោស្ថានគីបៀន នោះថ្ងៃក៏លិច។ 25ចំណែកពួកខាងបេនយ៉ាមីនបានមូលផ្តុំគ្នាជាពួកមួយអ័ប៊ីនើរ ក៏ឈរនៅលើកំពូលកូនភ្នំមួយ។ 26នោះអ័ប៊ីនើរបានស្រែកហៅទៅយ៉ូអាប់ថា៖ «តើត្រូវឲ្យដាវស៊ីបំផ្លាញជារៀងរហូតឬ? តើមិនដឹងទេថា ដល់ចុងបំផុតនឹងមានសេចក្ដីជូរចត់? ដូច្នេះ តើចាំដល់កាលណាទៀត ទើបប្រាប់ដល់ពួកពលឲ្យត្រឡប់វិលទៅវិញ លែងដេញតាមបងប្អូនគេនោះ?» 27យ៉ូអាប់ឆ្លើយថា៖ «ខ្ញុំស្បថដោយនូវព្រះដ៏មានព្រះជន្មរស់ថា បើឯងមិនបាននិយាយទេ ដល់ព្រឹកឡើង គង់តែពួកពលទាំងប៉ុន្មានចេញទៅ លែងដេញតាមបងប្អូនគេរៀងខ្លួនហើយ»។ 28ដូច្នេះ យ៉ូអាប់ក៏ផ្លុំត្រែឡើង ហើយពួកពលឈប់នៅស្ងៀម គេលែងដេញតាមពួកអ៊ីស្រាអែលតទៅ ក៏មិនបានច្បាំងគ្នាទៀតឡើយ។ 29ឯអ័ប៊ីនើរ ព្រមទាំងពួកពលទ័ពរបស់លោក គេដើរកាត់ស្រុកវាល ពេញមួយយប់នោះ រួចគេឆ្លងទន្លេយ័រដាន់ ហើយក៏ដើរកាត់ស្រុកប៊ីត្រោនទៅដល់ម៉ាហាណែមវិញ។
30យ៉ូអាប់ក៏វិលត្រឡប់មកពីដេញតាមអ័ប៊ីនើរដែរ ហើយកាលលោកបានប្រមូលពួកពលខាងដាវីឌទាំងអស់មក នោះឃើញបាត់តែដប់ប្រាំបួននាក់ និងអេសាអែលប៉ុណ្ណោះ។ 31តែពួកពលរបស់ដាវីឌ បានវាយសម្លាប់ខាងពួកបេនយ៉ាមីន និងពួកអ័ប៊ីនើរអស់បីរយហុកសិបនាក់។ 32រួចគេនាំយកសពរបស់អេសាអែល ទៅបញ្ចុះក្នុងផ្នូររបស់ឪពុកគាត់ ដែលនៅបេថ្លេហិមទៅ នោះយ៉ូអាប់ ព្រមទាំងពួកលោកក៏ដើរពេញមួយយប់ ទៅដល់ក្រុងហេប្រុននៅពេលថ្ងៃទើបនឹងភ្លឺ។
ទើបបានជ្រើសរើសហើយ៖
២ សាំយូអែល 2: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies