២ សាំយូអែល ពាក្យលំនាំ
ពាក្យលំនាំ
កណ្ឌគម្ពីរសាំយូអែលទី ២ រៀបរាប់អំពីរាជ្យរបស់ព្រះបាទដាវីឌ។ ព្រះបាទដាវីឌជាស្តេចទីមួយ ដែលបានគ្រងរាជ្យលើកុលសម្ព័ន្ធទាំងដប់ពីរនៃកូនចៅអ៊ីស្រាអែល។ កណ្ឌគម្ពីរនេះបង្ហាញអំពីវីរភាព និងឫទ្ធិអំណាចរបស់ព្រះបាទដាវីឌ ដែលធ្វើឲ្យស្តេចពង្រឹងរាជសម្បត្តិ ហើយពង្រីកទឹកដីអ៊ីស្រាអែលទៅជានគរមួយយ៉ាងធំ។
ផ្នែកដំបូងនៃកណ្ឌគម្ពីរនេះ មានថ្លែងអំពីការសោយសោករបស់ព្រះបាទដាវីឌ នៅពេលបានទទួលដំណឹងថា ស្តេចសូល និងយ៉ូណាថាន ជាបុត្រ សុគតក្នុងសមរភូមិ នៅពេលធ្វើសឹកជាមួយជនជាតិភីលីស្ទីន។ បន្ទាប់មក មានថ្លែងអំពីព្រះបាទដាវីឌគ្រងរាជ្យលើកុលសម្ព័ន្ធយូដា ដែលនៅប៉ែកខាងត្បូង (ជំពូក ១-៤)។ ក្រោយមកទៀត កុលសម្ព័ន្ធនានានៃអ៊ីស្រាអែលដែលរស់នៅប៉ែកខាងជើង បានយាងព្រះបាទដាវីឌឲ្យគ្រងរាជ្យលើពួកគេដែរ (ជំពូក ៥-២០)។ ជំពូក ២១ ដល់ ២៤ មានរៀបរាប់អំពីព្រឹត្តិការណ៍ផ្សេងៗ កើតមានក្នុងរជ្ជកាលរបស់ព្រះបាទដាវីឌ ដែលជំពូកមុនៗមិនបានលើកយកមកបរិយាយ។
កណ្ឌគម្ពីរសាំយូអែលទី ២ បង្ហាញឲ្យឃើញពីភាពថ្កុំថ្កើងរុងរឿង និងឫទ្ធិអំណាចរបស់ព្រះបាទដាវីឌ ហើយក៏បង្ហាញឲ្យយើងឃើញពីភាពទន់ខ្សោយ និងបញ្ហាលំបាកផ្សេងៗ ដែលកើតមានក្នុងព្រះញាតិវង្សរបស់ស្តេចអង្គនេះដែរ។ ពេលមានបញ្ហា ព្រះបាទដាវីឌទុកចិត្តដល់ព្រះ ហើយពេលប្រព្រឹត្តខុស ស្តេចដាក់ខ្លួនលន់តួកំហុសនៅចំពោះព្រះភក្ត្រព្រះអង្គ។
ក្រោយមក ជាពិសេស នៅក្នុងពេលមានខ្មាំងសត្រូវមកយាយីបៀតបៀន កូនចៅអ៊ីស្រាអែលចាត់ទុកព្រះបាទដាវីឌជាព្រះមហាក្សត្រគំរូមួយ ដែលព្រះប្រទានមក ដើម្បីសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គ។ កូនចៅអ៊ីស្រាអែលចងចាំជានិច្ចនូវព្រះបន្ទូល ដែលព្រះបានសន្យាជាមួយព្រះបាទដាវីឌ តាមរយៈហោរាណាថានថា នឹងមានស្តេចមួយអង្គដែលជាពូជពង្សរបស់ព្រះបាទដាវីឌ គ្រងរាជ្យលើកូនចៅអ៊ីស្រាអែលរហូតតរៀងទៅ។ ហេតុនេះហើយបានជានៅក្នុងគម្ពីរសញ្ញាថ្មី ពេលខ្លះ ប្រជាជនហៅព្រះយេស៊ូវថា «ព្រះរាជវង្ស» ឬ «ព្រះរាជបុត្រា» របស់ព្រះបាទដាវីឌ (មថ. ២០.២៩-៤០, ២១.៩)។
ទើបបានជ្រើសរើសហើយ៖
២ សាំយូអែល ពាក្យលំនាំ: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies